អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គួរ​យក​ចិត្ត​ទុក​ដាក់ លើ​ការងារ​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ជំរុញ​ការ​គាំទ្រ​សេវា​រថយន្ត​ក្រុង​សាធារណៈ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តួលេខ​នៃ​អ្នកឡើងជិះរត់រថយន្ត​ក្រុងសាធារណៈ​បាន​កើនឡើង​ជារៀងរាល់ថ្ងៃនៅ​ក្នុង​សប្តាហ៍​​ដំបូង។ ក្រោយមក​ចំនួន​ក៏​ធ្លាក់ចុះ​មក​វិញ​បន្តិច។ ទោះយ៉ាងណាក៏ដោយ រហូត​ដល់​ពេលនេះ បើយោងតាម​ការ​បញ្ជាក់របស់​មន្ត្រី ជាន់ខ្ពស់របស់​សាលារាជធានី​ភ្នំពេញ ជា​មធ្យម​​មាន​អតិថិជន​ប្រមាណ​ ១៧០០​នាក់​ដែល​ប្រើប្រាស់​សេវា​រថយន្ត​ក្រុង​សាធារណៈ។ សាលារាជធានី​ភ្នំពេញ​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA នៅ​ចង់ឃើញ​ ការគាំទ្រ​ច្រើន​ជាង​នេះ​ទៀត។ ប៉ុន្តែ​ គេសង្កេតឃើញ​ថា មាន​ចំនុច​ចំបងៗ​មួយ​ចំនួន​ ដែល​អាច​ជាការ​ទាក់ទាញ​អតិថិជន​ ដូចជា​ គន្លងផ្លូវ​សម្រាប់រថយន្ត​ក្រុង ការ​ផ្សព្វផ្សាយបន្ថែម មិន​ត្រូវបាន​អនុវត្ត​ពី​ដំបូងទីឡើយ។

រថយន្តក្រុង ដែល​ឲ្យ​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ។
រថយន្តក្រុង ដែល​ឲ្យ​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ថ្ងៃ​ទី​៥​កុម្ភៈ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ផ្តើម​សាកល្បងរថយន្តក្រុង​សាធារណៈនោះ ចំនួន​អ្នកប្រើប្រាស់​សេវានេះ បាន​បន្ត​ការឡើង​រហូត នៅ​ក្នុង​សប្តាហ៍​ទីមួយ។ នៅ​ក្នុង​ថ្ងៃ​ដំបូង រថយន្ត​ក្រុង​ចំនួន​១០ បាន​ទទួល​អតិថិជន​ចំនួន​១០២៩​នាក់។ នៅ​ក្នុង​ថ្ងៃ​បន្តបន្ទាប់មក​ទៀត​នោះ ចំនួន​អ្នកគាំទ្រ​សេវា​ដឹកជញ្ជូន​សាធារណៈ​ក្នុង​ក្រុង​នេះ​បាន​បន្តកើនឡើង​​រហូត​​ដល់​​ចំនួនជិត​​២០០០នាក់​ក្នុង​មួយ​ថ្ងៃ។

ប៉ុន្តែ បើតាម​ការ​អះអាង​របស់មន្ត្រី​ជាន់ខ្ពស់​របស់​សាលារាជធានីភ្នំពេញ ចំនួន​អ្នកជិះរថយន្ត​ក្រុង​សាធារណៈ​បាន​ធ្លាក់ចុះ​មកវិញ មកនៅត្រឹម​១៧០០​នាក់​ជាមធ្យម​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​បើគេ​ គេគណនា​លេខ​ រក​ចំណូល​ប្រចាំ​ថ្ងៃ​ពីសេវារថយន្ត​ក្រុង​សាធារណៈ​នៅពេល​នេះ គេ​ក៏អាចទទួល​ចំនួន​ជាង​៦០០ដុល្លារ​​ដែរ ក្នុង​មួយថ្ងៃ បាន​ន័យថា ៦០០០ដុល្លារ​ក្នុង​រយៈពេល​១០​ថ្ងៃ និង​១៨០០០ដុល្លារ​ក្នុង​រយៈពេល​១ខែ។

បើគេ​ពិនិត្យ​ចំនួន​អ្នកប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈនេះ ថ្វីដ្បិត​អ្នកជំនាញ​របស់​សាលារាជធានីភ្នំពេញ​អះអាងថា​ វា​ជា​សញ្ញា​ដ៏ល្អ​នៃ​ការ​ចាប់ផ្តើម​គម្រោង​សាកល្បង​មែន​ក៏ដោយនោះ ប៉ុន្តែ​អាជ្ញាធររាជធានី​ នៅចង់ឃើញ​ការ​គាំទ្រ​ធំធេង និងគគ្រឹកគគ្រេង​ជា​ង​នេះទៀត។

មានមតិសាធារណៈ​ជាច្រើន ដែល​ស្វាគមន៍​វត្តមាន​រថយន្ត​ក្រុង​សាធារណៈ​នៅ​ក្នុង​រាជធានីភ្នំពេញ។ ប៉ុន្តែ​គេ​ក៏​មិនទាន់ឃើញ​ការ​ស្វាគមន៍​ទាំងនោះបានក្លាយជា​សកម្មភាព តាម​រយៈ​ការ​ប្រើប្រាស់​សេវាដឹកជញ្ជូន​សាធារណៈ​នេះ​នោះឡើយ។

ដើម្បី​ជំរុញ​អោយ​ពលរដ្ឋ​គាំទ្រ និង​ប្រើប្រាស់សេវា​នេះ​អោយ​បាន​កាន់តែ​ច្រើន​ ចាប់ពី ដំណាក់កាល​សាកល្បង​មែននោះ​ មាន​កត្តា​មួយ​ចំនួន​ដែល​គេ​គួរ​អនុវត្ត តាំងពី​ការ​ចាប់ផ្តើម​នេះតែម្តង​ ដើម្បី​ទាក់ទាញ​អតិថិជន។

ទីមួយ​ គឺការអនុវត្ត​ការ​សាកល្បង នៅ​លើ​ខ្សែ​ផ្លូវ​ច្រើន ដែល​មិនមែន​មាន​តែ​មួយ​ខ្សែ​នៅលើ​ផ្លូវ​មុនីវង្ស​ដូច​ពេល​នេះឡើយ។ តាម​រយៈ​ការ​ចុះផ្សាយ​នៃ​សារព័ត៌មាន​មួយ​ចំនួន​ដែល​សម្ភាសន៍​ពលរដ្ឋ​ទូទៅនោះ មាន​និស្សិត និងអ្នក​ធ្វើការ​មិនតិចឡើយដែល​ចង់​បាន​វត្តមាន​រថយន្ត​ក្រុង​នៅ​លើ​មហាវិថី​ផ្សេងៗទៀត ដែល​ស្ថិត​នៅ​តំបន់​ដែល​ពួកគេ​ធ្វើចរាចរណ៍។

ប្រសិន​បើគេ​អនុវត្ត​គម្រោង​សាកល្បង​តែ​មួយ​ផ្លូវ​យ៉ាង​ដូច្នេះ តើ​សាលារាជធានី ឬ​អ្នកអនុវត្តគម្រោង​ជាក់ច្បាស់​ក្នុង​ចិត្ត​ទេថា ពួកគេ​បាន​ជ្រើសរើស ជម្រើស​ត្រឹមត្រូវនោះ? បាន​ន័យថា ជួនកាល​ខ្សែរត់ នៃ​រថយន្ត​ក្រុង​សាធារណៈ​ប្រហែល​​ជា​ដំណើរការ​ល្អជាង នៅ​លើ​មហាវិថី​ម៉ៅ សេងទុង ឬ​មហាវិថី​កម្ពុជា​ក្រោម​ក៏អាច​ថាបាន។ ដូច្នេះ​ប្រសិន​សាលារាជធានី​​អនុវត្តការ​សាកល្បង នៅលើផ្លូវ​យ៉ាង​ហោចណាស់​ចំនួន​២ ឬ៣​នោះ សាលារាជធានី​ក៏អាច​ទទួល​បាន​ព័ត៌មានជាមូលដ្ឋាន​​ អំពី​ការ​គាំទ្រ ឬ​មិនគាំទ្រ ឬ​អកប្បកិរិយា​ របស់​អ្នកប្រើប្រាស់បាន​ច្រើនដែរ។

កត្តាទី២។ អ្នកដែលគាំទ្រ​គម្រោង​រថយន្តក្រុង​ជា​ស្មារតី​ហើយនោះ ពួកគេមិន​ហ៊ាន​ប្រថុយ​ប្រថាន​​នឹង​ពេលវេលា​នៃ​ចរាចរណ៍របស់​រថយន្តក្រុង​នោះឡើយ ពីព្រោះ​រថយន្តក្រុង​សាធារណៈនេះមិន​​មាន​គន្លងផ្លូវ​ជា​អាទិភាព ដែល​ធានាភាព​ទៀងពេលវេលា​សម្រាប់​អតិថិជន​​នោះទេ។ បាន​ន័យថា ប្រសិន​បើមាន​ការ​កកស្ទះ រថយន្ត​ក្រុង​នេះនឹង​ត្រូវជាប់គាំង​ជាមួយ​នឹងការ​កកស្ទះតែ​ម្តង។

ទី៣ គឺ​​ជាកត្តាដ៏សំខាន់មួយដែរ។ នោះគឺ​ការ​ឃោសនាផ្សព្វផ្សាយ។​ កន្លងមកនេះ ក្រៅ​ការ​ដាក់សម្ពោធ​បើក​អោយដំណើរការ​សាកល្បង​ដែល​គេឃើញ​មាន​វត្តមាន​លោកអភិបាល​រាជធានី​ភ្នំពេញ ហើយដែលត្រូវបាន​ប្រព័ន្ធ​សារព័ត៌មាន​ចុះផ្សាយនោះ គេ​មិនបាន​ឃើញ​មាន​សកម្មភាព​ផ្សព្វផ្សាយ​ផុលផុសឡើយ។ មាន​ដែរ​ការផ្សាយ​ស្ពត​បន្តិចបន្តួច។ មានដែរ​ការ​ដាក់ចង​បដា​ទទឹងផ្លូវ​នៅ​តាម​មហាវិថីព្រះមុនីវង្ស។

ប៉ុន្តែ​គ្មាន​ឡើយ​ការ​បង្កើត​ព្រឹត្តិការណ៍ និង​ផ្តល់ព័ត៌មាន​ពី​សាលារាជធានី ជា​បន្តបន្ទាប់​ដើម្បី​និយាយអំពី​ដំណើរការ​រថយន្តក្រុង​ និងយកឱកាសនេះ​ដើម្បី​​អំពាវនាវ​បន្ថែម​ ដើម្បី​បង្កើន​អ្នកគាំទ្រ​សេវា​រថយន្ត​ក្រុង​នោះឡើយ។ សាលារាជធានី​មិនគួរ​រង់ចាំ​ទម្លាក់ការ​ទទួល​ខុសត្រូវ ឬ​កំហុស​ទៅ​លើ​ពលរដ្ឋ​ថា ជាអ្នកមិនគាំទ្រសេវាដឹកជញ្ជូនសាធារណៈនេះ ខណៈ​សាលារាជធានី​​មិនទាន់បាន​ប្រឹងប្រឹង​អស់លទ្ធភាព​នោះនៅឡើយនោះទេ។ ការ​បង្កើត​ព្រឹត្តិការណ៍ បន្ត​ផ្សព្វផ្សាយព័ត៌មាន​ស្តីអំពី​សេវារថយន្ត​ក្រុង​ និង​អំពាវនាវរកគាំទ្របន្ថែម​នោះ តិច​ ឬច្រើន​វា​នឹងអាច​ជំរុញកំណើន​អ្នកគាំទ្រដែរ។

ទី៤ បើទោះជា​ក្នុង​ដំណាក់កាលសាកល្បង​ក៏​ពិត​មែន ប៉ុន្តែ​គោលនយោបាយ​មួយចំនួន ដូចជាការ​ផ្តល់អាទិភាព​ដល់ក្រុម​សិស្ស និស្សិត ដូចជា​ការ​យក​តម្លៃ​ទាប​ជា​ង​ធម្មតា នោះ ក៏ជា​ព្រឹត្តិការណ៍​មួយ និងជា​ការ​ទាក់ទាញ​មួយ​ដែរ។

កត្តាទាំងឡាយ​ដែល​ត្រូវបាន​រៀបរាប់​ខាងលើនេះ វា​ក៏​មិនមែនជា​កំលាំង​ចលករ​ស្នូល​នៃ​ដំណើរការ​រថយន្ត​ក្រុង​សាធារណៈនោះទេ។ ប៉ុន្តែ​ការ​រួមផ្សំ​នៃ​ចំនុច​ទាំងអស់ សុទ្ធតែ​ការ​រួមចំណែក​ក្នុង​ការ​ជំរុញ​អោយ​សេវាដឹកជញ្ជូន​សាធារណៈ​បានទទួល​ការ​គាំទ្រ​កាន់ច្រើន។ ហើយ​ប្រសិន​បើ ពេលនេះវា​ជា​រយៈពេល​នៃ​ការ​សាកល្បងទៀតនោះ ការ​អនុវត្ត​យុទ្ធសាស្ត្រ​ច្រើន វារឹតតែ​មាន​ភាព​ចាំបាច់ ដើម្បី​គេអាច​វាយតម្លៃ​អំពី​ភាព​ជោគជ័យ ឬ​បរាជ័យ​នៃ​គម្រោង​មួយ​នេះ។

ទោះយ៉ាងណាក៏ដោយ គេ​នៅ​រង់ចាំ​មើល​លទ្ធផល​នៅពេល​បញ្ចប់​រយៈពេលសាកល្បង​នៅ​ថ្ងៃទី​៤​មិនា​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ