អានតួអត្ថបទ
កម្ពុជា

លោក​ ហ៊ុន ​សែន ​ត្រៀម​ស្វាគមន៍​កីឡាការិនី​ ស៊ន ​សៀវ​ម៉ី​ ម្ចាស់​មេដាយ​មាស ​Asian​ Games ​នៅ​យប់​នេះ

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​ នឹង​ទទួល​ស្វាគមន៍​នៃ​ការ​មក​ដល់​របស់​កីឡាការិនី ​ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយ​មាស ​Asian Games​ នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ។ ​ពិធី​ស្វាគមន៍​នឹង​រៀប​ចំ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ ខណៈ​ដែល​កីឡា​រិនី ​ស៊ន សៀវ​ម៉ី​ និង​គណៈ​ប្រតិភូ​កីឡា​កម្ពុជា ​នឹង​ធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​វិញ ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​អាទិត្យ​នេះ។

រថយន្ត​ដែល​ត្រូ​វ​បាន​រៀប​ចំ​ដាក់​ទុង​ជាតិ​សំរាប់​ទទួល​កីឡា​ការិនី​ ស៊ន​ សៀវ​ម៉ីត្រឡប់​ពី​ប្រទេស​កូរ៉េ​វិញ​។
រថយន្ត​ដែល​ត្រូ​វ​បាន​រៀប​ចំ​ដាក់​ទុង​ជាតិ​សំរាប់​ទទួល​កីឡា​ការិនី​ ស៊ន​ សៀវ​ម៉ីត្រឡប់​ពី​ប្រទេស​កូរ៉េ​វិញ​។ @NOCC
ផ្សាយពាណិជ្ជកម្ម

ក្បួន​រថយន្ត​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី នឹងត្រូវ​ជិះ​អមដោយ​ម៉ូតូ​ស​របស់​ប៉ូលីស​ចំនួន​៦​គ្រឿង ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ច្រកទ្វារ VIP។ នេះ​បើតាម​ការប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អោយ​ដឹង​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅក្រោយ​កិច្ចប្រជុំ​ថ្ងៃអាទិត្យ​នេះ​ថា កីឡាការិនី​តេ​ក្វាន់​ដូ ម្ចាស់​មេដាយមាស ស៊ន សៀវ​ម៉ី នឹង​ទទួលបាន​ការផ្តល់​កិត្តិយស​យ៉ាង​ធំធេង តាម​រយ:បាន​ការទទួល​ដោយផ្ទាល់​នៅ​មាត់ទ្វារ​យន្តហោះ​ច្រក VIP ពី​សំណាក់ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោង ខុន និង លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ហង់ ជួនណា​រ៉ុ​ន​។ ស៊ន សៀវ​ម៉ី នឹង​ជិះ​លើ​រថយន្ត​មួយគ្រឿង​គ្មាន​ដំបូល ដែល​នៅលើ​រថយន្ត​នោះ មានតែ​មនុស្ស​បីនាក់​ប៉ុណ្ណោះ ម្នាក់​គឺ​កញ្ញា ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស Asian Game ម្នាក់ទៀត​គឺជា​គ្រូ​ប​ង្វិ​ក​ជនជាតិ​កូរ៉េខាងត្បូង និង​ម្នាក់ទៀត​គឺ​លោក ញ៉ា​ន សុខ​វិសាល នាយ​បេស​ក​កម្ម​។ ក្បួន​រថយន្ត​របស់​ពួកគេ នឹងត្រូវ​ដង្ហែរ​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​មក​កាន់​វិមាន​សន្តិភាព ជាទី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទទួល​ស្វាគមន៍​នៅវេលា​ម៉ោង១១និង៣០នាទី និង​ក្រៅពីនេះ ស៊ន សៀវ​ម៉ី ក៍​នឹង​ទទួលបាន​គ្រឿង​ឥស្ស​យ​យស​ថ្នាក់​ជាតិ​មួយ​ផងដែរ។ នេះ​បើតាម​ការប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

សូមបញ្ជាក់​ជូន​ថា កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី និង​គណៈប្រតិភូ​កីឡា​កម្ពុជា នឹងធ្វើ​ដំណើរ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង១០និង៣០នាទី​យប់ ថ្ងៃ​អាទិត្យ​ទី៥តុលា​នេះ។ ក្រៅពី​ការរៀបចំ​ទទួល​ស្វាគមន៍​ដោយ​រដ្ឋាភិបាល​យ៉ាង​អ​ធឹ​ក​អធម​ហើយ​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ផ្សេងទៀត ក៍​កំពុង​ត្រៀមខ្លួន​ចូលរួម​ដង្ហែរ​ក្បួន ម្ចាស់​ជ័យលាភី​មេដាយមាស​រូបនេះ អោយ​ពេញទី​ក្រុងភ្នំពេញ​ផងដែរ។ ស៊ន សៀវ​ម៉ី បាន​យក​ឈ្នះ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការប្រកួត​កីឡា​អាស៊ី​លើក​ទី១៧នៅ​ទីក្រុង​អ៊ី​ន​ឆ័ន​ប្រទេស​កូរ៉េ​ខាងត្បូង លើ​កីឡាការិនី អ៊ីរ៉ង់ លើ​វិញ្ញាសារ​តេ​ក្វាន់​ដូ​ក្នុង​ប្រភេទ​ទម្ងន់៧៣គីឡូក្រាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ