អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​អូបាម៉ា​ទៅ​តំបន់​គ្មាន​កងទ័ព​នៅ​ព្រំដែន​កូរ៉េ មុននឹង​ចូលរួម​ក្នុង​ជំនួបកំពូល​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​អូបាម៉ា​បាន​ទៅដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅថ្ងៃ​អាទិត្យ​នេះ ដើម្បី​ចូលរួម​ក្នុង​ជំនួបកំពូល​នុយក្លេអ៊ែរ ដែល​នឹង​បើកធ្វើ​នៅថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ នៅ​ទីក្រុង​សេអ៊ូល។ មុននឹង​ជួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក​អូបាម៉ា​បាន​ធ្វើ​ដំណើរទៅ​ដល់​តំបន់​គ្មាន​កងទ័ព​តាម​បណ្តោយ​ព្រំដែន​កូរ៉េ​ទាំងពីរ។ នេះ​គឺ​ជា​លើកទីមួយ​ហើយ ដែល​លោក​អូបាម៉ា​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​តំបន់​គ្មាន​កងទ័ព។

លោក​អូបាម៉ា នៅ​តំបន់​គ្មាន​កងទ័ព​តាម​បណ្តោយ​ព្រំដែន​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង
លោក​អូបាម៉ា នៅ​តំបន់​គ្មាន​កងទ័ព​តាម​បណ្តោយ​ព្រំដែន​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

 

លោក​អូបាម៉ា​បាន​ចំណាយពេល​ប្រមាណ ១០នាទី នៅលើ​ប៉មយាម ដែល​នៅ​ក្បែរ​ខ្សែបន្ទាត់ព្រំដែន​ជាមួយ​កូរ៉េ​ខាង​ជើង។ ឈរ​នៅ​ពីក្រោយ​កញ្ចក់​ការពារ​គ្រាប់ ប្រធានាធិបតី​អាមេរិក​បាន​ប្រើ​កែវយឹត​ឆ្លុះមើលទៅខាង​ទឹកដី​កូរ៉េ​ខាង​ជើង។ ក្នុង​អំឡុង​ពេលនោះ លោក​អូបាម៉ា​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ទាហាន​អាមេរិក​ផងដែរ។ គួរបញ្ជាក់ថា ទាហាន​អាមេរិក​ចំនួន ២៨ ៥០០នាក់ កំពុង​ឈរជើង​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូង។

កន្លងមក លោក​អូបាម៉ា​ធ្លាប់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង ចំនួន ២លើក​រួចមកហើយ ក៏ប៉ុន្តែ ទើប​តែលើកនេះ​ទេ ដែល​លោក​ធ្វើ​ដំណើរទៅដល់​តំបន់​គ្មាន​ព្រំដែន។ ប៉ុន្តែ លោក​អូបាម៉ា​ក៏​​មិនមែន​ជា​ប្រធានាធិបតី​អាមេរិក​លើកទីមួយ​ដែរ ដែល​បាន​ធ្វើ​ដំណើរ​ទៅដល់​តំបន់​គ្មាន​កងទ័ព។ លោក​ Ronald Reagan បាន​ទៅមើល​តំបន់​គ្មាន​កងទ័ព នៅ​ឆ្នាំ​១៩៨៣ លោក​ Bill Clinton នៅ​ឆ្នាំ​១៩៩៣ និង​លោក​ George W Bush នៅ​ឆ្នាំ​២០០២។

ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក ទៅកាន់​តំបន់​គ្មាន​ព្រំដែន គឺ​ជា​និមិត្ត​រូបមួយ​ នៃ​សម្ព័ន្ធភាព​យោធា​អាមេរិក-កូរ៉េ​ខាង​ត្បូង។ វាជា​សារមួយ​ទៅកាន់​រដ្ឋាភិបាល​ និង​ប្រជាជន​កូរ៉េ​ខាង​ត្បូង ដើម្បី​បញ្ជាក់​អំពី​ភាព​ប្តូរផ្តាច់​របស់​កងទ័ព​អាមេរិក ក្នុង​ការ​ការការពារ​កូរ៉េ​ខាង​ត្បូង ពី​ការ​វាយប្រហារ​ណាមួយ​របស់​កូរ៉េ​ខាង​ជើង។ បើ​តាម​មន្រ្តី​រដ្ឋាភិបាល​អាមេរិក ដំណើរទស្សនកិច្ច​របស់​លោក​អូបាម៉ា ទៅ​កាន់​តំបន់​គ្មាន​ព្រំដែន នៅថ្ងៃ​អាទិត្យ​នេះ ក៏​ជា​សារមួយ​ដែរ ទៅកាន់​មេដឹកនាំ​កូរ៉េ​ខាង​ជើង។

បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​គ្មាន​កងទ័ព លោក​អូបាម៉ា​បាន​ជួប​ជាមួយ​លោក​លី ម្យ៉ុងបាក់ នៅ​ទីក្រុង​សេអ៊ូល។ ក្នុង​ជំនួបនេះ លោក​អូបាម៉ា​បាន​ឆ្លៀត​ព្រមាន​កូរ៉េ​ខាង​ជើង អំពី​គម្រោង​បាញ់​សាកល្បង​រ៉ុកកែត ដែល​ក្រុងព្យុងយ៉ាង​អះអាង​ថា ជា​រ៉ុកកែត​ផ្ទុក​ផ្កាយរណប ក៏ប៉ុន្តែ អាមេរិក​ និង​សម្ព័ន្ធមិត្ត​សង្ស័យ​ថាជា​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប។

យោងតាម​សេចក្តីរាយការណ៍​​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន និង​យោងតាម​មន្រ្តី​កូរ៉េ​ខាង​ត្បូង កូរ៉េ​ខាងជើង​បាន​ដឹក​តួរ៉ុកកែត ទៅដល់​កន្លែង​បាញ់​ហើយ​នៅថ្ងៃ​អាទិត្យនេះ។

រ៉ុកកែត​បង្ហោះ​ផ្កាយរណប គឺ​ជា​រ៉ុកកែត​ដែល​ប្រើបច្ចេកវិទ្យា​ដូចគ្នា​សុទ្ធសាធ​ទៅនឹង​មីស៊ីល​អន្តរទ្វីប។ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ធ្លាប់​បាន​ចេញ​សេចក្តីសម្រេច​មួយ កាល​ពី​ឆ្នាំ​២០០៩ ហាមឃាត់​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​ធ្វើការ​បាញ់​សាកល្បង​អ្វី​ក៏ដោយ ដែល​ប្រើ​បច្ចេកវិទ្យា​មីស៊ីល​អន្តរទ្វីប។

នៅថ្ងៃ​ចន្ទ​ស្អែក លោក​អូបាម៉ា ព្រមទាំង​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ផ្សេងទៀត មក​ពី​ប្រទេស​​ជាង ៥០ និង​ប្រមុខ​អង្គការ​​ធំៗ​មួយចំនួនទៀត (អ.ស.ប. ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ សហភាព​អឺរ៉ុប និង​ Interpol) នឹង​ចូលរួម​ក្នុង​ជំនួបកំពូល​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ ដែល​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។

មេដឹកនាំ​ប្រទេសដែល​មាន​អាវុធ​នុយក្លេអ៊ែរ (អាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន និង​អ៊ីស្រាអែល) សុទ្ធតែ​គ្រោង​មកចូលរួម​ក្នុង​ជំនួបកំពូល​​​ថ្ងៃ​ស្អែក​នេះ ដែល​​ជា​ជំនួបកំពូល​​សន្តិសុខ​នុយក្លេអ៊ែរ​លើកទី២។ ជំនួបកំពូល​លើកទី១ ត្រូវបាន​រៀបចំ​ធ្វើ នៅ​ទីក្រុង​វ៉ាស៊ីងតោន កាល​ពី​ឆ្នាំ​២០១០។

ជំនួបកំពូល​​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ គឺ​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​ការពារ​សារធាតុ​នុយក្លេអ៊ែរ (អ៊ុយរ៉ាញ៉ូម និង​ភ្លុយតូញ៉ូម) កុំ​ឲ្យ​ធ្លាក់​ក្នុង​ដៃ​ពួក​ភេរវជន។ វាជា​ជំនួបកំពូល ដែលកើតចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​លោក​អូបាម៉ា​ ក្រោយ​ពី​សុន្ទរកថា​​ នៅ​សាធារណរដ្ឋ​ឆែក ឆ្នាំ​២០០៩ ដែល​លោក​លើកឡើង​អំពី​បំណង​ចង់​ឲ្យ​ពិភពលោក​ឈប់មាន​អាវុធ​នុយក្លេអ៊ែរ។

សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​អាច​ជា​ប្រធាន​បទ​ដ៏ក្តៅ​គគុក​មួយ នៅក្នុង​ជំនួបកំពូល​​នៅ​សេអ៊ល បើទោះជា​វា​​​​មិន​ស្ថិត​ក្នុង​របៀបវារៈ​ផ្លូវការ​ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ