អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជាង ២ឆ្នំា មុន​ចាកចេញ​ពី​សេតវិមាន លោកអូបាម៉ា​ពិនិត្យមើល​ឡើងវិញ​នូវ​នយោបាយ​ការបរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី២៨ ឧសភា​នេះ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ប្រកាស​អំពី​នយោបាយ​ការបរទេស​របស់​លោក​សម្រាប់​ថ្ងៃ​ខាង​មុខ ពិសេស​មុន​នឹង​អាណត្តិ​របស់​លោក​ត្រូវ​ចប់​ជា​ស្ថាពរ​ក្នុង​រយៈពេល​ជាង ២ឆ្នំា​ទៀត។ ការ​ដែល​លោក​អូបាម៉ា​បាន​ពិនិត្យមើល​ឡើង​វិញ​នូវ​នយោបាយ​ការបរទេស​របស់​ខ្លួន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អាមេរិក​ហាក់​ដូច​ជា​លែង​មាន​ទឹកមាត់​ប្រៃ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ពិភពលោក​មួយ​ចំនួន​ដែល​បាន និង​កំពុង​បន្ត​កើត​មាន​យ៉ាង​ក្តៅគគុក​នា​ពេល​សព្វថ្ងៃ។ ដោយឡែក​នៅ​ថ្ងៃ​អង្គារ ទី២៧ ឧសភា​ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​ពី​ការ​ដកទ័ព​អាមេរិក​ទំាង​អស់​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​នៅ​ដំណាច់​ឆ្នំា ២០១៦។

លោក​​​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក
លោក​​​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​សាលា​នាយទាហានជាន់ខ្ពស់​អាមេរិក West Point ដែល​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ត្រូវ​ធ្វើ​សេចក្តីថ្លែងការណ៍​អំពី​នយោបាយ​ការបរទេស​របស់​លោក។ យូរៗ​ម្តង លោក​អូបាម៉ា​តែងតែ​បាន​ប្រកាស​ឲ្យ​ដឹង​នូវ​នយោបាយការបរទេស​របស់​លោក។ លោក​ធ្លាប់​បាន​ធ្វើ​ជា​ហូរហែ​តំាង​ពី​លោក​បាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ដំបូង​ក្នុង​ឆ្នំា ២០០៩។ កាល​ណោះ លោក​បាន​ប្រកាស​ពី​ការ​បិទបញ្ចប់​ទំព័រ​សង្រ្គាម​ដ៏​រុំារ៉ៃ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ ក៏​ប៉ុន្តែ និង​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​បន្តិច​ពេល​នេះ​គឺ​ថា សេចក្តីថ្លែងការណ៍​អំពី​នយោបាយការបរទេស​របស់​លោក​អូបាម៉ា​ពេល​នេះ​បាន​ធ្វើ​ឡើង ជាង ២ឆ្នំា មុន​នឹង​អាណត្តិទី២ របស់​លោក​ត្រូវ​ចប់​ជា​ស្ថាពរ និង​នៅ​ក្នុង​បរិបទពិភពលោក​មួយ​ដែល​ខុស​គ្នា​ស្រឡះ។

គឺ​ជា​បរិបទ​ពិភពលោក​មួយ​ដែល​អាមេរិក​ហាក់​ដូច​ជា​មិន​សូវ​មាន​ឥទ្ធិពល និង​មាន​គេ​ខ្លាច​ញញើត​ដូច​មុន​ទៀត​ទេ។ វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី នៅ​អ៊ុយក្រែន វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​ជម្លោះ​ដែនដី​នៅ​សមុទ្រចិន វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ចម្រូងចម្រាស ទំនាក់ទំនង​តានតឹង​រវាង​អាមេរិក ចិន និង​រវាង​អាមេរិក រុស្ស៊ី និង​កិច្ចចរចា​សន្តិភាព​មិន​បាន​សម្រេច​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ទំាង​នេះ​សុទ្ធសឹង​ជា​សំណុំរឿង​បច្ចុប្បន្នភាព​នៅ​ក្នុង​ពិភពលោក​ដែល​អាមេរិក​របស់​លោក​អូបាម៉ា​នៅ​មិន​អាច​ធ្វើ​អ្វី​កើត​ទំាង​អស់។

អាមេរិកសព្វថ្ងៃលែងជាមហាអំណាចផ្តាច់មុខនៅក្នុងពិភពលោក !

តំាង​តែ​ពី​ដើម​មក គ្រប់​គ្នា​តែងតែ​និយាយ​ថា អាមេរិក​ជា​អាណាព្យាបាល​ពិភពលោក ហើយ​អាមេរិក​ខ្លួន​ឯង​ក៏​នៅ​តែ​បាន​តំាង​ខ្លួន​យ៉ាង​ដូច​នេះ​ដែរ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ទេ​ថា ពី​ជំនាន់​ប្រធានាធិបតី​អាមេរិក​ម្នាក់ ទៅ​ជំនាន់​ប្រធានាធិបតី​អាមេរិក​ម្នាក់ គឺ​មិន​ដូច​គ្នា​ទេ ហើយ​បរិបទ​ពិភពលោក​របស់​ប្រធានាធិបតី​ម្នាក់ៗ​ក៏​ខុស​គ្នា​ទៀត។ ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ប៊ូស (Bush) គ្រប់​គ្នា​បាន​ចាត់​ទុក​លោក​ជា​ប្រធានាធិបតី​និយម​សង្រ្គាម ព្រោះ​លោក​ប៊ូស​ជា​អ្នក​បញ្ឆេះ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ រីឯ​ជំនាន់​លោក​ប្រធានាធិបតី​អូបាម៉ា​សព្វថ្ងៃ​ត្រូវ​បាន​គ្រប់​គ្នា​ចាត់​ទុក​ថា ជា​ប្រធានាធិបតី​ដែល​និយម​សន្តិភាព។

គេ​ប្រហែល​ជា​មិន​អាច​និយាយ​ពី​អសមត្ថភាព​របស់​លោក​អូបាម៉ា​នៅ​ក្នុង​នយោបាយ​ការបរទេស​បាន​ឡើយ តែ​គេ​អាច​លើក​ឡើង​នូវ​ហេតុផល​ចំនួន​ពីរ ទី១ គឺ​សន្តិភាពនិយម​របស់​បុគ្គល​អូបាម៉ា​ដែល​បាន​ធ្វើ​ឲ្យ​លោក​រារែក អល់អែក​ក្នុង​ការ​ប្រើ​កម្លំាងបាយ​នៅ​ក្នុង​វិបត្តិ​អន្តរជាតិ​មួយ​ចំនួន ពិសេស​អន្តរាគមន៍​យោធា​នៅ​ក្នុង​ប្រទេស​ស៊ីរី។ នយោបាយ​ការរទេស​ស្រទន់​របស់​លោក​អូបាម៉ា​បាន​ធ្វើ​ឲ្យ​ប្រទេស​រុស្ស៊ី​ច្បាម​យក​តំបន់​គ្រីមេ​របស់​ប្រទេស​អ៊ុយក្រែន​ដោយ​មិន​បាច់​ចំណាយ​ឈាម​មួយ​ដំណាក់ នយោបាយ​ការបរទេស​ទន់ភ្លន់​របស់​លោក​អូបាម៉ា​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​កាន់​តែ​អាងចាង​ឡើងៗ​ក្នុង​ការ​ក្រសោប​យក​ដែនដី​នៅ​ក្នុង​សមុទ្រ​ចិន និង​នយោបាយ​ការបរទេស​ស្លូតបូត​របស់​លោក​អូបាម៉ា​បាន​ធ្វើ​ឲ្យ​រដ្ឋបាល​អាមេរិក​ទទួល​ស្គាល់​ពី​ភាព​បរាជ័យ​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​សន្តិភាព​នៅ​តំបន់​ដើមបូព៌ា ពិសេស​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ហេតុផល​ទី២ គឺ​ការ​ដែល​បរិបទ​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ។ ពេល​វេលា​កាន់​តែ​ខិត​ទៅ​មុខ អាមេរិក​ហាក់​ដូច​ជា​លែង​ជា​ប្រទេស​មហាអំណាច​ផ្តាច់​មុខ​នៅ​ក្នុង​ពិភពលោក​ទៀត​ឡើយ។ អំណាច​ផ្តាច់មុខ​មួយ​នេះ​ហាក់​ដូច​ជា​បាន​នឹង​កំពុង​ចែក​រំលែក​ទៅ​ឲ្យ​ប្រទេស​ផ្សេង មាន​ដូច​ជា​ចិន និង​ប្រទេស​រុស្ស៊ី​ជា​ដើម។ នៅ​ម្ខាង គឺ​ក្រុមប្រទេស​ដែល​គំាទ្រ និង​អាង​ចិន និង​រុស្ស៊ី​នៅ​ពី​ក្រោយ។ នៅ​ម្ខាង​ទៀត គឺ​ក្រុមប្រទេស​ដែល​គំាទ្រ និង​ពឹង​អាមេរិក​ឲ្យ​ជួយ។ ពិភពលោក​សព្វថ្ងៃ​មិនមែន​​ជា​ពិភពលោក​ដែល​បែងចែក​រវាង​ប្លុក​កុម្មុយនិស្ត និង​ប្លុកសេរី​ដូច​មុន​ទេ តែ​ជា​​ពិភពលោក​មួយ​ដែល​អ្នក​ខ្លំាង​មាន​ច្រើន និង​កំពុង​ដណ្តើម​គ្នា​ធ្វើ​ស្តេច។ គឺ​ពិភពលោក​របៀប​នេះ​ហើយ​ដែល​លោក​អូបាម៉ា​ចំា​បាច់​ត្រូវ​តែ​សើរើ ពិនិត្យ​ឡើង​វិញ​នូវ​នយោបាយការបរទេស​របស់​ខ្លួន​ថ្ងៃ​នេះ។

លោក​អូបាម៉ា​ប្រកាស​បិទបញ្ចប់​បេសកកម្ម​ប្រយុទ្ធ​របស់​ទ័ពអាមេរិក​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន

គឺ​នៅ​ថ្ងៃ​អង្គារ ទី២៧ ឧសភា​ដែល​លោក​អូបាម៉ា​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ផែនការ​របស់​លោក​ទាក់ទង​នឹង​វត្តមាន​ទ័ពអាមេរិក​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។ បើ​គិត​ត្រឹម​ឆ្នំា ២០១១ វត្តមាន​ទ័ពអាមេរិក​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​មាន​ចំនួន ១០០ ០០០នាក់ តែ​សព្វថ្ងៃ​នេះ នៅ​សល់​ប្រមាណ​តែ ៣៣ ០០០នាក់​ប៉ុណ្ណោះ។ គិត​តំាង​ពី​អាមេរិក​បាន​បើក​ធ្វើ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នំា ២០០១ មក​ដល់​សព្វថ្ងៃ មាន​ទាហាន​អាមេរិក​ស្លាប់​នៅ​ទីនោះ​ជាង ២ ១០០នាក់។

ដូច​ការ​គ្រោង​ទុក លោក​អូបាម៉ា​បាន​ប្រកាស​បិទបញ្ចប់​បេសកកម្ម​ប្រយុទ្ធ​របស់​ទ័ពអាមេរិក​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​នៅ​ដំណាច់​ឆ្នំា ២០១៤ នេះ ដោយ​រក្សា​ទុក​ទ័ពអាមេរិក​តែ​ចំនួន ៩ ៨០០នាក់​នៅ​ក្នុង​ឆ្នំា ២០១៥ និង​គ្រោង​ដក​ចេញ​ទំាង​អស់​នៅ​ដំណាច់​ឆ្នំា ២០១៦។ បន្ទាប់​មក អាមេរិក​នឹង​រក្សា​ទុក​ចំនួន​ទ័ព​របស់​ខ្លួន​សម្រាប់​តែ​ការពារ​ស្ថានទូត​ដូច​ករណី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ចំនួន​ទ័ពអាមេរិក​ទំាង ៩ ៨០០នាក់​មាន​តួនាទី​ជា​អ្នក​គំាទ្រ​យុទ្ធនាការ​ប្រឆំាង​នឹង​ពួក​ភេរវជន​អាល់កៃដា​ដែល​នៅ​សេសសល់ និង​ចូលរួម​ជួយ​ហ្វឹកហ្វឺន​កម្លំាង​ទាហាន​អាហ្វហ្កានីស្ថាន។

លោក​អូបាម៉ា​បាន​យល់ឃើញ​ថា កម្លំាងជាតិ​អាហ្វហ្កានីស្ថាន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធានា​សន្តិសុខ និង​សុវត្ថិភាព​ដោយ​ខ្លួនឯង។ តែ​លោក​អូបាម៉ា​បាន​ទទួល​ស្គាល់​​ថា អាហ្វហ្កានីស្ថាន​នៅ​មិន​ទាន់​ជា​កន្លែង​សុខសាន្ត ១០០% ទេ ហើយ​មិនមែន​​អាមេរិក​ទេ ដែល​ជា​អ្នក​ស្វែង​រក​សុខសាន្ត ១០០% ឲ្យ​ប្រទេស​អាហ្វហ្កានីស្ថាន។ ជា​រួម ការ​ប្រកាស​របស់​លោក​អូបាម៉ា​នេះ​បាន​ទទួល​ការ​សាទរ​ពី​មជ្ឈដ្ឋានអន្តរជាតិ និង​មជ្ឈដ្ឋាន​ទូទៅ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ តើ​នៅ​ក្រោយ​ការ​ដកទ័ព​អាមេរិក​ទំាង​ស្រុង​ចេញ​ពី​អាហ្វហ្កានីស្ថាន​នា​ដំណាច់​ឆ្នំា ២០១៦ ពោល​ប៉ុន្មាន​សប្តាហ៍​មុន​នឹង​លោក​អូបាម៉ា​ចាកចេញ​ពី​សេតវិមាន​ជា​ស្ថាពរ នឹង​ទៅ​ជា​យ៉ាង​ណា​នោះ វា​ជា​វាសនា​របស់​ប្រជាជន​អាហ្វហ្កានីស្ថាន​ខ្លួន​ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ