អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក-​ជប៉ុន​ល្អូកល្អឺន​គ្នា​លើ​បញ្ហា​សន្តិសុខ​តែ​បន្ត​ខ្វែងគំនិត​គ្នា​លើ​ការ​ចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​កាន់​ប្រទេស​ជប៉ុន លោក​អូបាម៉ា​បាន​បញ្ជាក់​សាជាថ្មី​​ម្តងទៀត​ថា ប្រជុំកោះ​សេនកាគូ ដែល​​ជប៉ុន​កំពុង​ជាប់ជម្លោះ​ជាមួយ​ចិន ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធភាព​​អាមេរិក-ជប៉ុន ដែល​មាន​ចែង​ពី​កាតព្វកិច្ច​របស់​អាមេរិក​ក្នុងការ​ចូល​មក​ជួយ​ការពារជប៉ុន ក្នុងករណី​មាន​ការ​វាយប្រហារ​ពី​សំណាក់​ប្រទេស​ទីបី។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា លោក​អូបាម៉ា​ក៏​បាន​ជំរុញ​ផងដែរ​ឲ្យ​ជប៉ុន និង​ចិន ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

លោក​អូបាម៉ា និង​លោក​ស្ហ៊ីនហ្សូ អាបេ នៅ​ក្នុង​សន្និសីទ​កាសែត​រួមគ្នា នៅ​តូក្យូ ថ្ងៃព្រហស្បតិ៍​២៤ មេសា ២០១៤
លោក​អូបាម៉ា និង​លោក​ស្ហ៊ីនហ្សូ អាបេ នៅ​ក្នុង​សន្និសីទ​កាសែត​រួមគ្នា នៅ​តូក្យូ ថ្ងៃព្រហស្បតិ៍​២៤ មេសា ២០១៤ REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

កន្លងមក មាន​ការ​ចោទ​ជា​សំណួរ​ជុំវិញ​ជំហរ​ផ្លូវការ​របស់​សហរដ្ឋ​អាមេរិក​ថា តើ​ក្នុងករណី​ណា​ខ្លះ ដែល​អាមេរិក​ចាត់ទុក​ថា​ជា​ការ​វាយប្រហារ​ទៅលើ​ជប៉ុន ហើយ​ដែល​អាមេរិក​ត្រូវ​ចេញ​មុខ​ការពារ​​ស្រប​ទៅតាម​កាតព្វកិច្ច​ក្នុង​​សន្ធិសញ្ញា​ឆ្នាំ​១៩៦០? តើ​ការ​វាយប្រហារ​ទៅលើ​ប្រជុំកោះ​ដែល​ជប៉ុន​កំពុង​ជាប់ជម្លោះ​ជាមួយ​ចិន​សព្វថ្ងៃ​នេះ ត្រូវ​ចាត់ទុក​ថា​ជា​ការ​វាយប្រហារ​ទៅលើ​ជប៉ុន​ដែរ​ឬទេ?

ចម្លើយ​ដែល​លោក​អូបាម៉ា​បាន​បញ្ជាក់​ប្រាប់​ទៅ​សារពត៌មាន​ជប៉ុន កាល​ពីថ្ងៃ​ពុធ​​ម្សិលមិញ និង​បាន​បញ្ជាក់​​ច្បាស់ៗ​ម្តងទៀត នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក​ស្ហ៊ីនហ្សូ អាបេ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រជុំកោះសេនកាគូ​នេះ​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន ដូច្នេះ ត្រូវ​ចាត់ទុក​ថា​ជា​ដែនដី ដែល​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​សន្ធិសញ្ញា​ឆ្នាំ​១៩៦០។

ថ្វីដ្បិត​តែ​លោក​អូបាម៉ា​មិន​បាន​បញ្ជាក់​ច្បាស់ៗ​ថា តើ​ក្នុងករណី​មាន​ការ​វាយប្រហារ​របស់​ចិន​ទៅលើ​ប្រជុំកោះ​នេះ អាមេរិក​នឹង​ចាត់វិធានការ​យ៉ាង​ណា​ ក៏ប៉ុន្តែ ការ​ប្រកាស​ដាក់​បញ្ចូល​ប្រជុំកោះ​នេះ​ទៅក្នុង​ក្របខ័ណ្ឌ​សន្ធិសញ្ញា​សន្តិសុខ​អាមេរិក-ជប៉ុន ឆ្នាំ​១៩៦០ គឺ​មានន័យថា ក្នុងករណី​ប្រជុំកោះ​នេះ​ត្រូវ​ទទួលរង​ការ​វាយប្រហារ​ពី​សំណាក់​ប្រទេសចិន អាមេរិក​ត្រូវ​ជាប់កាតព្វកិច្ច​ចូល​មក​ជួយ​ការពារជប៉ុន។

ក៏ប៉ុន្តែ លោក​អូបាម៉ា​ក៏​​បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា អាមេរិក​មិន​ប្រកាន់​ជំហរ​ថា តើ​ប្រជុំកោះ​សេនកាគូ​នេះ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ណាមួយ​នោះ​ទេ គ្រាន់តែ​ថា ដោយសារ​តែ​ប្រជុំកោះ​នេះ​តាំង​ពីដើម​មក​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​ជាក់ស្តែង​របស់​ជប៉ុន ដូច្នេះ វា​ត្រូវ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​សន្ធិសញ្ញា​ឆ្នាំ​១៩៦០ ពីព្រោះ​សន្ធិសញ្ញា​នេះ​មាន​សុពលភាព​គ្របដណ្តប់​ទៅលើ​រាល់​ដែនដី​ទាំងអស់ ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​ជាក់ស្តែង​របស់​ជប៉ុន។

គេ​សង្កេតឃើញ​ថា ជម្លោះ​រវាង​ចិន និង​ជប៉ុន គឺ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​លោក​អូបាម៉ា​ទើសទាល់​ខ្លាំង ដោយ​ម្ខាង​មាន​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត ហើយ​ដែល​អាមេរិក​ជាប់កាតព្វកិច្ច​ត្រូវ​ជួយ​ការពារ ហើយ​ម្ខាងទៀត មាន​ចិន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទីពីរ ដែល​អាមេរិកត្រូវការ ហើយ​ជា​មហាអំណាច​នុយក្លេអ៊ែរ។

ការរាលដាល​នៃ​ជម្លោះ​ដណ្តើម​ប្រជុំកោះ រវាង​ចិន និង​ជប៉ុន ដែល​អាច​រាលដាល​ទៅ​ជា​ជម្លោះ​ប្រដាប់អាវុធ ហើយ​ដែល​អាច​ទាញ​អាមេរិក​ឲ្យ​ចូល​មក​ពាក់ព័ន្ធ គឺ​ជា​ក្តីបារម្ភ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន។

ហេតុដូច្នេះ​ហើយ​បាន​ជា​​ នៅ​ក្នុង​ដំណើរទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ជប៉ុន នៅ​ពេលនេះ ក្រៅពី​បាន​ប្រកាស​ជួយជប៉ុន លោក​អូបាម៉ា​ក៏​បាន​ជំរុញ​ផងដែរ​ឲ្យ​ជប៉ុន​ដោះស្រាយ​ជម្លោះ​ជាមួយ​ចិន​ តាមរយៈ​​ការ​ចរចា​ដោយ​សន្តិវិធី ដើម្បី​ចៀសវាង​ការប្រើ​កម្លាំង​ទ័ព។

គេ​រំពឹង​ថា លោក​អូបាម៉ា​នឹង​បន្ត​ប្រកាន់​ជំហរ​ប្រយ័ត្នប្រយែង​បែបនេះ នៅ​ក្នុង​ដំណើរ​ទៅកាន់​ប្រទេស​អាស៊ី​ផ្សេងទៀត​ បន្ទាប់​ពី​ជប៉ុន ជាពិសេស ​ហ្វ៊ីលីពីន និង​ម៉ាឡេស៊ី ដែល​កំពុង​ជាប់ជម្លោះ​ជាមួយ​ចិន​ដែរ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

នៅ​ក្នុង​ដំណើរទស្សនកិច្ច​របស់​លោក​អូបាម៉ា​​ក្នុង​ប្រទេស​ជប៉ុន​​នេះ ថ្វីដ្បិត​តែ​មេដឹកនាំ​អាមេរិក និង​ជប៉ុន​សុទ្ធតែ​បាន​បង្ហាញ​ជំហរ​រួបរួមគ្នា អំពី​បញ្ហា​សន្តិសុខ ក៏ប៉ុន្តែ នៅ​ពីក្រោយ​​ភាព​ល្អូកល្អឺន​នេះ ក៏​មាន​បញ្ហា​ចម្រូងចម្រាស​គ្នា​ខ្លាំង​ដែរ គឺ​ទាក់ទង​​​នឹង​ការ​ចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វ៊ិក (Trans-Pacific Partnership) ដែល​រួមមាន​អាមេរិក ជប៉ុន និង​ប្រទេស​១០​ផ្សេងទៀត​ត្រូវ​ចូលរួម គឺ​​នៅត្រើយ​ខាង​កើត​មហាសមុទ្រ​ប៉ាស៊ីហ្វិក មាន កាណាដា ម៉ិចស៊ិក ស្ហ៊ីលី ពេរូ និង​នៅត្រើយ​ខាងលិច​មាន អូស្រ្តាលី នូវែលសេឡង់ សិង្ហបុរី វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ។

លោក​អូបាម៉ា​ផ្តល់​អាទិភាព​ខ្ពស់​ទៅលើ​ការ​បង្កើត​តំបន់​​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វ៊ិក​នេះ ពីព្រោះ​ ម្យ៉ាង​វា​នឹង​ជួយ​បង្កើន​វិស័យ​នាំចេញ​របស់​អាមេរិក​ផង និង​វា​ជា​ផ្នែក​មួយ​នៃ​ការ​បង្វែរ​អាទិភាព​នៃ​នយោបាយ​ការបរទេស​និង​ការពារជាតិ​របស់​លោក​អូបាម៉ា​មក​អាស៊ី​ផង។ ក៏ប៉ុន្តែ ជប៉ុន គឺ​ជា​ឧបសគ្គ​ធំជាងគេ នៅ​ក្នុងការ​ចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ។

យើងឃើញ​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​កំពុង​ចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វ៊ិក​នេះ មានតែ​ជប៉ុន​មួយទេ ដែល​មិនទាន់​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​អាមេរិក។ ជប៉ុន និង​អាមេរិក ដែល​​សុទ្ធ​ជា​មហាអំណាច​ខាង​សេដ្ឋកិច្ច ហើយ​​​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា ប៉ុន្តែ បែរ​ជា​មិនមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា គឺ​ដោយសារ​តែ​ប្រទេស​នីមួយៗសុទ្ធតែ​មាន​វិស័យ​គន្លឹះ ដែល​ចង់ការពារ​ពី​ការ​ប្រកួតប្រជែង​ពី​បរទេស។

វិស័យ​គន្លឹះ ដែល​ជប៉ុន​មិន​ចង់​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គឺ​វិស័យ​កសិកម្ម ដែល​សព្វថ្ងៃ​នេះ​ជប៉ុន​កំណត់​អត្រា​ពន្ធគយ​ខ្ពស់​បំផុតទៅលើ​ផលិតផល​នាំចូល ដើម្បី​ការពារ​ទីផ្សារ​ក្នុងស្រុក។ ឧទាហរណ៍ ដូចជា អង្ករ​ ជាដើម ជប៉ុន​យក​ពន្ធ​រហូតដល់​ទៅ ៧៧៨% លើ​ការនាំចូល។ ចំណែក​អាមេរិក​វិញ​ក៏​មាន​ទីផ្សារ​គន្លឹះ ដែល​ចង់​ការពារ​ដែរ គឺ​ទីផ្សារ​រថយន្ត។

ការខ្វែង​គំនិតគ្នា​លើ​ការ​លុបរនាំងពន្ធគយ​លើ​វិស័យ​សំខាន់ៗ​ទាំងអស់​នេះ​ហើយ ដែល​ជា​បញ្ហា​ចម្រូងចម្រាស រវាង​អាមេរិក និង​ជប៉ុន ហើយ​ដែល​ជា​ឧបសគ្គ​ធំបំផុត នាំ​ឲ្យ​ការចរចា​លើ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក​ត្រូវ​ជាប់គាំង។

នៅ​ក្នុង​ដំណើរទស្សនកិច្ច​នៅ​ជប៉ុន​​នៅពេលនេះ លោក​អូបាម៉ា​ក៏​បាន​ឆ្លៀត​​និយាយ​ដល់​​បញ្ហា​នេះ​ដែរ ដោយ​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ជប៉ុន​ធ្វើ​សម្បទាន​ឲ្យ​បាន​ច្រើន ដើម្បី​ទម្លុះទម្លាយ​ភាពទ័លច្រក​ក្នុង​ការ​ចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ​។

តាមពិត កាលពីដំបូង អាមេរិក​រំពឹង​ថា អាមេរិក​ និង​ជប៉ុន​ អាច​ចរចា​ត្រូវរ៉ូវគ្នា ហើយ​អាច​ធ្វើ​សេចក្តីប្រកាស​ពី​កិច្ចព្រមព្រៀង នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក​អូបាម៉ា។ ក៏ប៉ុន្តែ នៅទីបំផុ​ត​ទៅ​ ការចរចា​មិនបាន​ចេញ​ជា​កិច្ចព្រមព្រៀង ហើយ​លោក​អូបាម៉ា និង​លោក​ស្ហ៊ីនហ្សូ​ អាបេ បាន​ត្រឹមតែ​ឯកភាព​គ្នា ជំរុញ​ឲ្យ​មន្រ្តី​ទាំងសងខាង​បន្ត​ចរចា​គ្នា ដើម្បី​រក​ច្រកចេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ