អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបាញ់​បង្ហោះ​រ៉ុកកែត​ផ្ទុក​ផ្កាយរណប​របស់​កូរ៉េខាងជើង​បរាជ័យ ធ្លាក់​ទឹក

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​រ៉ុកកែត នៅព្រឹកព្រលឹម​ថ្ងៃ​សុក្រ ទី ១៣ មេសា ប៉ុន្តែ រ៉ុកកែត​នេះ​បាន​ផ្ទុះ​ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ នៅក្រោយ​ហោះ​បាន​ជាង​មួយ​នាទី។ កូរ៉េខាងជើង​ធ្លាប់​បាន​ជូនដំណឹង​ថា ខ្លួន​អាច​បាញ់បង្ហោះ​រ៉ុកកែត​នៅ​ចន្លោះ ថ្ងៃ​ទី ព្រហស្បតិ៍​១២ មេសា ដល់​ថ្ងៃចន្ទ​ទី ១៦ មេសា ដើម្បី​រំលឹក​ខួប ១០០​ឆ្នាំ​នៃ​កំណើត​របស់​លោក​គីម អ៊ីលសុង ស្ថាបនិក សាធារណរដ្ឋ​កូរ៉េខាងជើង។ បរាជ័យ​របស់កូរ៉េខាងជើង​បាន​ផ្ចាញ់​ផ្ទាន់​ដោយ​ប្រតិកម្ម​របស់​សហគមន៍អន្តរជាតិ​ដែល​បាន​ថ្កោលទោស​ទីក្រុង​ព្យុងយ៉ាង។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​បើក​ការប្រជុំ​បន្ទាន់​មួយ​នៅថ្ងៃ​សុក្រនេះ នៅទីក្រុង​ញួវយ៉ក ដើម្បី​និយាយ​ពី​បេសកកម្ម​ដែល​ត្រូវ​ធ្វើ​បន្ទាប់ ពី​ហេតុការណ៍​នៅថ្ងៃនេះ នៅប្រទេស​កូរ៉េខាងជើង។

ជនជាតិ​កូរ៉េខាងត្បួង​មើល​ទូរទស្សន៍​បញ្ចាំង​ពី​ការបាញ់​សាកល្បង​រ៉ុកកែត​កូរ៉េខាងជើង
ជនជាតិ​កូរ៉េខាងត្បួង​មើល​ទូរទស្សន៍​បញ្ចាំង​ពី​ការបាញ់​សាកល្បង​រ៉ុកកែត​កូរ៉េខាងជើង ©AFP
ផ្សាយពាណិជ្ជកម្ម

 

ជប៉ុន ជាមួយ​សម្ព័ន្ធមិត្ត កូរ៉េ​ខាងត្បូង និង​អាមេរិក​ដែល​បាន​តាមដាន​យ៉ាងកៀក លើ​ទីតាំង​រ៉ុកកែត​កូរ៉េខាងជើង​បាន​ជូន​ដំណឹង​នៅថ្ងៃនេះ ថា នៅប្រមាណ ម៉ោង ៧ និង​៤០​នាទី  រ៉ុកកែត​របស់​កូរ៉េខាងជើង​ត្រូវ​គេ​បាញ់បង្ហោះ ប៉ុន្តែ វា​បាន​ផ្ទុះឆេះ​ធ្លាក់មក​វិញ នៅ​ប្រមាណ​មួយ​នាទី​ក្រោយមក។ បើតាម​អ្នកនាំពាក្យ​របស់ជប៉ុន គេ​សង្កេតឃើញ​កំណាត់ទីមួយ របស់​រ៉ុកកែត​មាន​បញ្ហា ផ្ទុះឆេះ ​មុន​ពេល​កំណត់ រហូត​ធ្វើ​ឲ្យ​ផ្នែកទីពីរ និង​ទីមួយ​នៃ​តួ​របស់​រ៉ុកកែត​បាន​ផ្ទុះ​ធ្លាក់​ដែរ គឺ​ធ្លាក់​ទៅក្នុង​សមុទ្រលឿង ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង ១៦០​គីឡូម៉ែត្រ​ពី​ទីក្រុង​សេអ៊ូល។ ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​បញ្ជាក់​ថា កម្ទេច​បំណែក​របស់​រ៉ុកកែត​បាន​ធ្លាក់ទៅក្នុង​ទឹក និង​មិន​បង្កគ្រោះថ្នាក់ ដល់​ជប៉ុន និង កូរ៉េខាងត្បូងទេ។ ទីក្រុង​សេអ៊ូល​វិញ បាន​បញ្ជូន​ទាហាន​ជើងទឹក​ដើម្បី​ទៅប្រមូល​ស្រង់​បំណែក​ទាំងនោះ​មក​សិក្សា។

នៅក្រោយ​ផ្ទុះឆេះ​ធ្លាក់​រ៉ុកកែត​របស់ខ្លួន កូរ៉េខាងជើង បាន​ស្ងប់ស្ងាត់​អស់​១៥​នាទី មុន​នឹង​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ផ្លូវការ ទទួល​ស្គាល់ថា រ៉ុកកែត​ផ្ទុកផ្កាយរណប​បរាជ័យ មិន​អាច​ហោះ​ទៅកាន់​គន្លង​វិថី​ផ្កាយរណប ទៅតាម​ការព្រាងទុក។ បើតាម ទីភ្នាក់ងារ​ព័ត៌មានផ្លូវរដ្ឋ KCNA អ្នកវិទ្យាសាស្រ្ត អ្នកបច្ចេកទេស និង​អ្នកជំនាញ​កូរ៉េខាងជើង​កំពុង​សិក្សា​រក​​មូលហេតុ​ដែល​បណ្តាល​ឲ្យ​រ៉ុកកែត​ផ្ទុះ​ឆេះ​មុនកំណត់។

នៅក្រោយ​បរាជ័យ​មិន​អាច​បាញ់បង្ហោះផ្កាយ​រណប កូរ៉េខាងជើង អាមេរិក ជប៉ុន កូរ៉េខាងត្បូង រួមទាំង​សហភាព​អឺរ៉ុប លើកលែង​តែចិន បាន​ថ្កោល​ទោស​កូរ៉េខាងជើង​ដែល​បាន​រំលោភ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ សេចក្តីសម្រេច​ដែល​បាន​ហាម​កូរ៉េខាងជើង​មិន​ឲ្យ​បាញ់​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ ឬ​គ្រាប់​មីស៊ីល​អន្តរជាតិ។ អាមេរិក​វិញ​បាន​ចាត់ទុក​ការរឹង​ទទឹង​របស់​កូរ៉េខាងជើង​ថា ជា​សកម្មភាព​ញុះញង់ដែល​គំរាមបង្ក​គ្រោះថ្នាក់ ដល់​សន្តិសុខ​ក្នុង​តំបន់។ មួយវិញទៀត កូរ៉េខាងជើង​កំពុង​រំលោភ​សិទ្ធិអន្តរជាតិ និង​ធ្វើផ្ទុយ​ពី​ការសន្យា​របស់ខ្លួន​ជាមួយ​អង្គការ​សហប្រជាជាតិ។ តាមអាមេរិក នៅក្នុង​ការប្រជុំ​បន្ទាន់ នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ នៅថ្ងៃ​សុក្រនេះ គេ​គ្រោង​នឹង​និយាយ​ផងដែរ​ពី​ទណ្ឌកម្ម​ថ្មីទៀត លើ​កូរ៉េខាងជើង។ ប៉ុន្តែ​រុស្ស៊ីវិញ ដែល​បាន​សោកស្តាយ​ចំពោះ​ឥរិយាបថ​របស់កូរ៉េខាងជើង បាន​ប្រកាស​រួចហើយ នៅថ្ងៃ​នេះ រុស្ស៊ី ចិន និង​ឥណ្ឌា​មិន​ប្រាថ្នា​ចង់​ឲ្យ​មាន​ទណ្ឌកម្ម​ថ្មី​លើ​ទីក្រុង​ព្យុងយ៉ាងទេ ព្រោះ​វាអាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែធ្ងន់ធ្ងរ។
 

រ៉ុកកែត​ដែល​ទីក្រុង​ព្យុងយ៉ាង​អះអាង​អាច​នាំ​ផ្កាយរណប​ទៅកាន់​គន្លង​វិថីដើម្បី​តាមដាន​កសិកម្ម​កូរ៉េខាងជើង
រ៉ុកកែត​ដែល​ទីក្រុង​ព្យុងយ៉ាង​អះអាង​អាច​នាំ​ផ្កាយរណប​ទៅកាន់​គន្លង​វិថីដើម្បី​តាមដាន​កសិកម្ម​កូរ៉េខាងជើង ©Reuters

នេះ​មិនមែន​ជា​លើកទីមួយ ដែល​កូរ៉េខាងជើង បរាជ័យ​មិន​អាច​បាញ់បង្ហោះ​ផ្កាយរណប​ចូលទៅក្នុង​គន្លង​វិថី។ កាលពី​ឆ្នាំ ១៩៩៨ និង​២០០៩ កូរ៉េខាងជើង​បានបរាជ័យ​ដូចគ្នានេះ ក្នុង​ការ​បាញ់សាកល្បង​រ៉ុកកែត ហើយ​ការបាញ់​សាកល្បង​ម្តងៗ តែង​ត្រូវ​អាមេរិក កូរ៉េខាងត្បូង​រិះគន់ និង​ថ្កោលទោស។ អាមេរិក ជប៉ុន​និង​កូរ៉េខាងត្បូង​និយាយ​ថា កូរ៉េខាងជើង​កំពុង​ក្លែងបន្លំ ធ្វើ​ការបាញ់សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប។ ហើយ​រាល់​ក្រោយ​ការបាញ់​សាកល្បង​មីស៊ីលម្តងៗ គេតែង​សង្កេតឃើញ​ទីក្រុង​ព្យុងយ៉ាង​​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដូច​កាល​ពី​ឆ្នាំ ២០០៦ និង​ឆ្នាំ ២០០៩។

បរាជ័យ​របស់​កូរ៉េខាងជើង​រឹតតែ​ធ្វើ​ឲ្យ​គេ​បារម្ភ​កាន់តែ​ខ្លាំង​ទៅវិញ​ទេ។ បើ​មើលទៅក្នុង​អតីតកាល នៅរាល់​ពេល​ ថ្នាក់​ដឹកនាំ​កូរ៉េខាងជើង ជួប​បរាជ័យ​ផ្នែក​យោធា គឺ​បាក់មុខ នៅចំពោះមុខ​សហគមន៍​អន្តរជាតិ ជាពិសេស​នៅចំពោះមុខ​ប្រជាជន​របស់ខ្លួន របប​ព្យុងយ៉ាង​តែងតែ​បញ្ចេញ​សកម្មភាព​យោធា​ណាមួយ​លើកមុខមាត់​របស់ខ្លួន ឡើងវិញ​ដើម្បី​បង្ហាញ​ដល់​ប្រជាជន​។
 

រូបសំណាក​លោក​គីម អ៊ីលស៊ុង ស្ថាបនិក​កូរ៉េខាងជើង និង​លោក​គីម ជុងអ៊ីល​ជា​កូន
រូបសំណាក​លោក​គីម អ៊ីលស៊ុង ស្ថាបនិក​កូរ៉េខាងជើង និង​លោក​គីម ជុងអ៊ីល​ជា​កូន ©Reuters

ជាក់ស្តែង នៅក្រោយ​បរាជ័យ គឺ​ការបាញ់សាកល្បង​នុយក្លេអ៊ែរ​មិន​បាន​សម្រេច​នៅឆ្នាំ ២០០៩ កូរ៉េខាងជើង​បាន​បង្កហេតុការណ៍ថ្មី ដោយ​បាន​បាញ់ពន្លិច​នាវាចម្បាំង កូរ៉េខាងត្បូង​នៅឆ្នាំ ២០១០ ដែល​បាន​សម្លាប់​ទាហាន​ជើងទឹក កូរ៉េខាងត្បូង ៤៦នាក់។ នៅប៉ុន្មានខែ​ក្រោយ ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​ទៅលើ​កោះ​មួយ​របស់​កូរ៉េខាងត្បូង និង​បាន​សម្លាប់​ប្រជាជន​ស៊ីវិល និង​ទាហាន​៤នាក់។

លើកនេះទៀត កូរ៉េខាងត្បូង​កំពុង​បារម្ភ​ខ្លាច​ផ្ទុះកើតមាន​សង្រ្គាមជាថ្មី ព្រោះបើ​តាម​ភ្នាក់ងារស៊ើបការសម្ងាត់ កូរ៉េខាងជើង​បាន​ប្រកាស​ដាក់​កងទ័ព ឲ្យ​ស្ថិតនៅក្នុង​ស្ថានភាព​ប្រកាស​អាសន្ន។ គឺ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​បាន​បញ្ជា​ឲ្យ​ទាហាន​ជាង​មួយលាន ២សែននាក់​របស់ខ្លួន​នៅត្រៀម​ខ្លួន​ប្រយុទ្ធ​ជានិច្ច។

ទីក្រុង​ប៉េកាំង​បាន​បង្ហាញ​ពី​ក្តីបារម្ភ​របស់ខ្លួន ជាមួយ​ប្រទេស​លោកខាងលិច។ ចិន​មិន​ខ្លាច​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង ទេ ប៉ុន្តែ ចិន​ខ្លាច​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​យកលេស​នេះ​ពង្រឹង ពង្រាយ​ទ័ព នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​គំរាម​ផលប្រយោជន៍​របស់ចិន នៅក្នុង​តំបន់។ នៅពេល​ស្ថានភាព​កាន់តែតឹងតែង គឺ​ទីក្រុងព្យុងយ៉ាង​មិន​បាន​យល់ព្រម​បញ្ឈប់​គម្រោង​របស់ខ្លួន​តាមការទាមទារ​របស់​សហគមន៍អន្តរជាតិ ចិន​បាន​ចេញមុខ ជា​លើក​ទីមួយ ចិន​បាន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន​បញ្ឈប់​គម្រោង​របស់ខ្លួន។ ប៉ុន្តែ ថ្នាក់ដឹកនាំ​ទីក្រុងព្យុងយ៉ាងមិន​ព្រមធ្វើតាម។
 

គីម ជុងអ៊ុន មេដឹកនាំ​វ័យក្មេង​ជាងគេ​ក្នុង​ពិភពលោក
គីម ជុងអ៊ុន មេដឹកនាំ​វ័យក្មេង​ជាងគេ​ក្នុង​ពិភពលោក ©Reuters

កូរ៉េខាងជើង​មិន​ស្តាប់តាម​ចិន ព្រោះថា ការបាញ់បង្ហោះ​រ៉ុកកែត​ថ្ងៃសុក្រនេះ​សំខាន់​ណាស់​សម្រាប់​បញ្ជាក់​ពីអំណាច​របស់លោក​គីម ជុងអ៊ុន មេដឹកនាំ​ថ្មី​កូរ៉េខាងជើង ដែល​ទើបចូល​កាន់តំណែង ក្រោយ​មរណភាព​របស់​លោកគីម ជុងអ៊ីល កាលពី​ខែ​ធ្នូ។ កូរ៉េខាងជើង​នៅតែអះអាងថា ការបាញ់​បង្ហោះ​រ៉ុកកែត​ផ្ទុក​ផ្កាយរណប ធ្វើឡើង​ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ នៃ​កំណើត​ស្ថាបនិក​កូរ៉េខាងជើង លោក​គីម អ៊ីលសុង ដែល​ជា​ជីតា​របស់​លោក​គីម ជុងអ៊ុន។ ថ្នាក់ដឹកនាំ​កូរ៉េចង់​ឆ្លៀត​យកឱកាសនេះ បញ្ជាក់ពី​អំណាច និង​សមត្ថភាព​​​របស់​លោក​គីម ជុងអ៊ុន ក្នុង​ការបន្ត​​នយោបាយ​យោធា ធ្វើ​ជា​អាទិភាព ទៅតាម​លិខិត​បណ្តាំ​របស់​លោក​គីម ជុងអ៊ីល ជាឪពុក។ ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​ចង់​បង្ហាញ​ទៅ​​ប្រជាជន​ខ្លួនថា កូរ៉េខាងជើង ក្រោមការដឹកនាំ​របស់​លោក​គីមជុងអ៊ុន នេះមាន​សមត្ថភាព​អភិវឌ្ឍមីស៊ីល ដែល​អាច​ការពារ​កូរ៉េខាងជើង​ពីការគំរាម​របស់ប្រទេស​ដទៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ