អានតួអត្ថបទ
កូរ៉េខាងត្បូង-អាមេរិក

ក្រុង​ព្យុងយ៉ាង​ធ្វើ​សមយុទ្ធ នៅ​ចំ​ថ្ងៃ​ដែល​អាមេរិក និង​កូរ៉េខាងត្បូង​​ប្រជុំគ្នា

នៅព្រឹក​ថ្ងៃ​ពុធនេះ សំលេង​គ្រាប់កាំភ្លើង​ធំ ត្រូវ​គេលឺ​បាញ់​ក្នុង​ទឹកដី​របស់​កូរ៉េខាងជើង នៅជិត​តំបន់​ដែនទឹក​ដែល​​កំពុង​មាន​ជម្លោះ​រវាង​ប្រទេស​កូរ៉េទាំងពីរ។ នៅក្រុង​សេអ៊ូល សេនាធិការ​ទ័ពចម្រុះ​អាមេរិក​បាន​បង្ហាញ​នូវ​សាមគ្គីភាព និង​ជួយ​ជ្រោមជ្រែង​កូរ៉េខាងត្បូង ក្នុង​ការទប់ទល់​នឹង​ការវាយប្រហារ​ជាថ្មី​ណាមួយ ពី​របប​កុម្មុយនិស្ត​ព្យុងយ៉ាង។

សេនាធិការ​អាមេរិក​លោកMullen និង​សហការី​របស់​លោក​គឺ​មេបញ្ជាការ​Han ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​ទីក្រុង​សេអ៊ូល កាលពីថ្ងៃ​៨ វិច្ឆិកា ២០១០
សេនាធិការ​អាមេរិក​លោកMullen និង​សហការី​របស់​លោក​គឺ​មេបញ្ជាការ​Han ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​ទីក្រុង​សេអ៊ូល កាលពីថ្ងៃ​៨ វិច្ឆិកា ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

01:58

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

បើតាម​ប្រភព​ចេញ​ពី​កងទ័ព​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​កាំភ្លើង​ធំ​ជាច្រើន​រាប់មិន​អស់​ដែល​បាន​ធ្លាក់​ក្នុង​ដែនទឹក​កូរ៉េខាងជើង និង​ដែល​ស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ទឹក​ដែល​មាន​ជម្លោះ។ សម្រាប់​ភាគី​កូរ៉េខាងត្បូង ការបាញ់កំាភ្លើង​ទំនង​ធ្វើ​ឡើង ក្នុង​សមយុទ្ធ​ដែល​កូរ៉េខាងជើង​តែងតែ​ធ្វើ​ជា​ញឹកញយ។ ហើយ​គឺ​គ្រាប់​កំាភ្លើង​ធំ​ប្រភេទ​នេះ​ដែល​ត្រូវ​គេ​បាញ់​សំដៅ​កោះ​របស់​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ទី​២៣​វិច្ឆិកា​មុននេះ។

 
សមយុទ្ធ​របស់​កូរ៉េខាងជើង​បាន​ធ្វើ​ឡើង តែ​នៅ​មួយ​សប្តាហ៍ ក្រោយ​ពី​កូរ៉េខាងត្បូង និង​អាមេរិក​បាន​បញ្ចប់​សមយុទ្ធ​រួមគ្នា​នៅ​ក្នុង​សមុទ្រ​លឿង។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ សេនាធិការ​ទ័ព​ចម្រុះ​របស់​អាមេរិក គឺ​លោក​Michael Mullen​ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅ​កូរ៉េខាងត្បូង តាំងពី​ថ្ងៃ​ម្សិលមិញ បាន​ប្រកាស​ថា អាមេរិក​នឹង​ធ្វើ​សមយុទ្ធ​ថ្មី​មួយ​ទៀត ក្នុង​ពេល​ឆាប់ៗ​នេះ ជាមួយ​កូរ៉េខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ នៅ​កូរ៉េខាងត្បូង សេនាធិការ​ទ័ពចម្រុះ​អាមេរិក​បាន​បង្ហាញ​ពី​សាមគ្គីភាព​រឹងមាំ​របស់​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង។ ក្នុង​ន័យនេះ អាមេរិក​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​កូរ៉េខាងត្បូង ដើម្បី​រៀបចំ​យុទ្ធសាស្រ្ត​ទប់ទល់​នឹង​ការវាយប្រហារ​ណាមួយ​ពី​កូរ៉េខាងជើង។ ការវាយប្រហារ​ដែល​អាមេរិក​ចាត់ទុក​ថា ជា​ការញុះញង់។

ការវាយ​ប្រហារ​របស់​កូរ៉េខាងជើង​មកលើ​កោះ​កូរ៉េខាងត្បូង កាលពី​ខែ​វិច្ឆិកា បាន​ធ្វើ​ឲ្យ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ កាន់តែ​តានតឹងទៅៗ និង​ធ្វើ​ឲ្យ​បញ្ហា​ការពិភាក្សា​លើ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជាប់គាំងស្ទះ។ នៅ​ក្នុង​សំណុំរឿង​អាវុធ​នុយក្លេអ៊ែរ​នេះ អតីត​បេសកជន​ពិសេស​របស់​អាមេរិក ទទួល​បន្ទុក​កូរ៉េខាងជើង គឺលោក Bill Richardson នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច ជា​លក្ខណៈ​ឯកជន​ទៅ​ទីក្រុង​ព្យុងយ៉ាង នៅ សប្តាហ៍​ក្រោយ​នេះ។ បើតាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ​លោក​ Richardson មិន​ត្រូវ​និយាយ​ឲ្យ​ដឹង​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទេ។ ម្យ៉ាងទៀត ​គេ​ក៏​មិន​បាន​ដឹង​លំអិត​ពី​គោលដៅ​នៃ​ទស្សនកិច្ច​របស់​លោក​ Richardson លើកនេះ​ដែរ។ ប៉ុន្តែ បើតាម​កាសែត​Washington Post លោក​ Richardson​ដែល​បច្ចុប្បន្ន​ជា​ចៅហ្វាយក្រុង​New Mexico ត្រូវ​បាន​មន្រ្តី​ជាន់ខ្ពស់​កូរ៉េខាងជើង​ទទួល​បន្ទុក​ផ្នែក​កម្មវិធី​នុយក្លេអ៊ែរ អញ្ជើញ​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ