អានតួអត្ថបទ
កូរ៉េខាងត្បូង

ការចាប់ផ្តើម​សមយុទ្ធ​រួម​កូរ៉េ​ខាងត្បូង និង​អាមេរិក

កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ចន្ទ​១៦​សីហា​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​រួម​មាន​ឈ្មោះ​ថា “Ulchi​ Freedom​ Guardian” ដោយ​មាន​ការចូល​រួម​របស់​ទាហាន​កូរ៉េ​ខាងត្បូង​៥​ម៉ឺន​៦០០០នាក់ និង​អាមេរិកាំង​៣ម៉ឺន​នាក់ ទោះ​បី​ជា​មាន​ការគំរាម​សងសឹក​តប-ត​វិញ​ពី​ខាង​កូរ៉េ​ខាងជើង​ក៏​ដោយ -នេះ​ជា​ការជូន​ដំណឹង​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP ពី​ខាង​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង។

ទាហាន​កូរ៉េខាងត្បូង​ពិនិត្យ​មើល​ម៉ាស៊ីនក្នុង​ឱកាស​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​អាមេរិក ថ្ងៃចន្ទ ទី ១៦ សីហា ២០១០
ទាហាន​កូរ៉េខាងត្បូង​ពិនិត្យ​មើល​ម៉ាស៊ីនក្នុង​ឱកាស​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​អាមេរិក ថ្ងៃចន្ទ ទី ១៦ សីហា ២០១០ AFP/KIM JAE-HWAN
ផ្សាយពាណិជ្ជកម្ម

02:20

សេចក្តី​រាយការណ៍​របស់​វីនស្តុន​រតនា

សមយុទ្ធ​គ្រោង​ធ្វើ​សំរាប់​រយៈពេល​១០ថ្ងៃ​នេះ​គឺ​ជា​ភាគ​មួយ​នៃ​សមយុទ្ធ​ដែល​កូរ៉េ​ខាងត្បូង​ធ្វើ​តែ​ម្នាក់​ឯង ឬ​ក៏​ធ្វើ​រួម​ជាមួយ​ស.រ.អា. បន្ទាប់​ពី​មាន​ការបាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​ Cheonan​ កាល​ពី​ថ្ងៃ​២៦​មីនា​មុន​នេះ​ដែល​ស្រប​តាម​គណៈកម្មការ​ស៊ើប​អង្កេត​អន្តរជាតិ​ បណ្តាល​មក​ពី​គ្រាប់​បែក​បុក​របស់​កូរ៉េ​ខាងជើង​ ជា​ហេតុ​ធ្វើ​ឱ្យ​ស្លាប់​នាវិក​កូរ៉េ​ខាងត្បូង​៤៦​នាក់។

កូរ៉េ​ខាងជើង​ នៅ​ថ្ងៃ​អាទិត្យ​១៥​សីហា​ម្សិលមិញ បាន​សន្យា​ថា នឹង “ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់​បំផុត“ ទៅ​លើ​កូរ៉េ​ខាងត្បូង​ស្តី​ពី​សមយុទ្ធ​ធ្វើ​រួម​ជាមួយ​ស.រ.អា.​នេះ​ ដោយ​មាន​ការចូល​រួម​របស់​ទាហាន​កូរ៉េ​ខាង​ត្បូង​៥ម៉ឺន​៦០០០នាក់ និង​អាមេរិកាំង​៣ម៉ឺន​នាក់។

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Lee​ Myung​- Bak​ នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ បាន​ព្រមាន​ប្រាប់​ព្យុងយ៉ាង​ឱ្យ​ឈប់​បង្ក​រឿង​ហេតុ នៅ​ក្នុង​សុន្ទរកថា​ថ្លែង​នៅ​ឱកាស​ប្រារព្ធ​ខួប​៦៥ឆ្នាំ ​រំលឹក​ថ្ងៃ​ដែល​កូរ៉េ​ខាង​ត្បូង​បាន​ដោះ​ខ្លួន​ផុត​ពី​នឹម​អាណានិគមនិយម​ជប៉ុន​នៅ​ឆ្នាំ​១៩៤៥។​ “​ ដល់​ពេល​ដែល​ព្យុងយ៉ាង​ត្រូវ​សំឡឹង​មើល​ការពិត​ចំ​ពី​មុខ​និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ក្លាហាន“។

នៅ​ក្នុង​សុន្ទរកថា​ដដែល​នេះ លោក​Lee​ Myung-Bak​ ក៏​បាន​ទាំង​ស្នើ​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​ជាមួយ​កូរ៉េ​ខាង​ជើង និង​រហូត​ដល់​ទៅ​ការបង្រួប​បង្រួម​គ្នា​វិញ​ សំរាប់​រយៈពេល​យូរ​ទៀត​ផង។ជា​សំណើ​សហប្រតិបត្តិការ​ដែល​បង្កប់​ទៅ​ដោយ​ល័ក្ខខ័ណ្ឌ​ជាច្រើន​ ជាអាទិ៍​ស្តីពី​អវត្តមាន​នៃ​អាវុធ​នុយក្លេអ៊ែរ​ នៅ​កូរ៉េ​ខាង​ជើង​។ជា​សំណើ​ដែល​មាន​ភ័ព្វ​តិច​ណាស់​ក្នុង​ការធ្វើ​ឱ្យ​ព្យុងយ៉ាង​ចាប់​អារម្មណ៍។

ម្យ៉ាង​ទៀត​ ​ លោក​Lee​ Myung-Bak​ នៅ​តែ​បន្ត​ទទួល​រង​ការទិតៀន​រិះ​គន់​ពី​ខាង​ពួក​អ្នក​ចំរើននិយម​កូរ៉េ​ខាង​ត្បូង​ដែល​ភាគ​ច្រើន​ ​ គួរ​ឱ្យ​ឆ្ងល់​ មិន​ជឿ​ថា​កូរ៉េ​ខាង​ជើង​ជាប់​ពិរុទ្ធ​ក្នុង​ការលិច​នាវា​ចម្បាំង​ Cheonan​នោះ​ទេ។ទាក់​ទង​នឹង​សមយុទ្ធ​ ​ គេ​ចោទ​Séoul​ថា​ចាក់​ប្រេង​សាំង​បន្ថែម​ទៅ​លើ​ភ្លើង​កំពុង​តែ​ឆេះ។

នៅ​ក្នុង​សារ​មួយ​ចុះ​ផ្សាយ​លើ​គេហទំព័រ​អាំងទែរនេត​យោធា​អាមេរិកាំង​ ​ លោក​ឩត្តមសេនីយ​ Walter​ Sharp​ ជា​មេ​បញ្ជាការ​នាយក​នៃ​ទាហាន​អាមេរិកាំង​ចំនួន​២ម៉ឺន៨៥០០នាក់​ប្រចាំ​ការ​នៅ​កូរ៉េ​ខាង​ត្បូង​ បាន​ចាត់​ទុក​សមយុទ្ធ​ធ្វើ​ជាមួយ​កូរ៉េ​ខាង​ត្បូង​ថា​ជា​ “​ សមយុទ្ធ​រួម​ដ៏​ធំ​បំផុត​មួយ​ធ្វើ​នៅ​លើ​ពិភពលោក​ “​ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ