កូរ៉េខាងជើង ត្រៀមបាញ់មីស៊ីលអន្តរទ្វីប ដើម្បីជាកាដូថ្ងៃឆ្នាំថ្មី ជូនលោក ដូណាល់ ត្រាំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១៩
កូរ៉េខាងជើង ប្រកាសថានឹងបាញ់សាកល្បងមីស៊ីល«រយៈចម្ងាយឆ្ងាយ» ធ្វើជា«អំណោយចុងឆ្នាំ» ដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមទីភ្នាក់ងារកាសែតផ្លូវរដ្ឋកូរ៉េខាងជើង ដែលផ្សាយពីថ្ងៃសៅរ៍ ទី២៨ធ្នូ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងនាមជាអគ្គមគ្គទេសក៍យោធា បានកោះប្រជុំមន្ត្រីក្រាក់ៗរបស់បក្សពលករកូរ៉េខាងជើង ដើម្បីត្រៀមរៀបចំ បាញ់សាកល្បងមីស៊ីលអន្តរទ្វីប នៅថ្ងៃឆ្លងឆ្នាំ និងដើម្បីពិនិត្យមើលពីកិច្ចការបក្សនិងប្រទេសជាតិក្នុងមួយឆ្នាំមកហើយនេះ ហើយព្រមទាំងដើម្បីរៀបចំយុទ្ធសាស្ត្រថ្មីបន្ថែម ក្នុងការចរចាជាមួយជាអាមេរិក ពីព្រោះថា ឱសានវាទ ចរចាជួយអាមេរិក នឹងត្រូវផុតកំណត់ត្រឹមដាច់ឆ្នាំ២០១៩។
តើកិច្ចប្រជុំកំពូលដឹកនាំដោយលោក គីម ជុនអ៊ុន មានដាក់ផែនការសំខាន់អ្វីខ្លះ?
នេះគឺជាការប្រជុំថ្នាក់កំពូល ពេញអង្គនៃមជ្ឈិមបក្សពលករកូរ៉េខាងជើង ហើយក៏ជាជំនួបកំពូលដ៏វិសាមញ្ញរបស់គណៈកម្មាធិការកណ្តាល ទទួលបន្ទុកអភិវឌ្ឍគម្រោងយោធាកូរ៉េខាងជើង ដែលមានលោក គីម ជុនអ៊ុន ជាអធិបតីក្នុងអង្គមេទ្ទីញ។ ខ្លឹមសារចម្បងនិងវិធីសាស្ត្រការងារថ្មី គេនៅមិនទាន់បានដឹងច្បាស់លាស់ទូលំទូលាយនៅឡើយទេ ព្រោះសន្និបាតរបស់បក្សកុម្មុយនីស្តនេះ បិទទ្វារជិតឈឹង គ្មានច្រកណាឱ្យអ្នកកាសែតអន្តរជាតិ ជ្រៀតខ្លួនចូលបានសោះឡើយ។
ដំណឹងនិងរូបថតមួយចំនួនស្តីពីការប្រជុំដែលទីភ្នាក់កាសែតអន្តរជាតិទទួលបាន គឺបានត្រូវទម្លាយចេញដោយទីភ្នាក់ងារកាសែតផ្លូវរដ្ឋកូរ៉េខាងជើង KCNA។ បើតាមការចុះផ្សាយរបស់កាសែតផ្លូវការរបស់រដ្ឋនេះ គឺកិច្ចប្រជុំនេះផ្តោតសំខាន់លើការកសាងរដ្ឋនិងការពារជាតិ ហើយយើងអាចដឹងចំណុចសំខាន់យ៉ាងហោចពីរ។ ទី១ គឺកូរ៉េខាងជើងកំពុងតែពិនិត្យមើលពីជំហររបស់ខ្លួន និងហាក់ដូចជាចង់ផ្លាស់ប្តូរឥរិយាបថខ្លះ ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ពីព្រោះថា ឱសានវាទ ក្នុងការជជែកគ្នារកកិច្ចព្រមព្រៀមកូរ៉េខាងជើងនិងអាមេរិក គឺនឹងត្រូវដាច់ផុតកំណាត់ ត្រឹមដាច់ឆ្នាំ២០១៩។
ចំណុចទី២ ប្រមុខដឹកនាំកូរ៉េខាងជើង ចង់ផ្ញើសារធំនិងសំខាន់ សម្រាប់ដាច់ឆ្នាំចាស់ផ្លាស់ថ្មី នោះគឺកូរ៉េខាងជើងត្រៀមបាញ់មីស៊ីលអន្តរទ្វីប«រយៈចម្ងាយឆ្ងាយ» នៅថ្ងៃទី៣១ធ្នូតែម្តង។ បើតាម KCNA មីស៊ីលអន្តរទ្វីបនេះគឺចាត់ទុកថា ជាកាដូឆ្នាំថ្មី សម្រាប់ជូនលោក ដូណាល់ ត្រាំ។ ហើយបើកូរ៉េខាងជើងសាកល្បងបាញ់មីស៊ីលអន្តរទ្វីប«រយៈចម្ងាយឆ្ងាយ»ពិតមែននោះ គឺនឹងច្បាស់ជាចលាចល ផ្ទុះភាពតានតឹងខ្លាំងជាមិនខាន សម្រាប់បុណ្យឆ្លងឆ្នាំថ្មីនេះ។
អាមេរិករបស់លោក ដូណាល់ ត្រាំ ហាក់ដូចជាមិនសូវអើពើខ្លាំងក្លាណាស់ណាទេ? ព្រោះថា នេះក៏មិនមែនជារឿងថ្មីដែរ។
ចំពោះលោកប្រធានាធិបតីអាមេរិក ភ្លាមៗក្រោយបានទទួលដំណឹង លោក ដូណាល់ ត្រាំ បែរជាឆ្លើយតបបែបរៀងកំប្លែងទៀតផង ថាលោកសង្ឃឹមថា «កូរ៉េខាងជើងនឹងធ្វើអំណោយជូនលោក ជាកាដូណាស្លូតៗ សុភាពៗ ដូចជា ផ្កា ឬថូផ្កាអីចឹងមក ជាជាងកាដូដោយបាញ់គ្រាប់មីស៊ីលអីនោះ»។ លោក ដូណាល់ ត្រាំ មានប្រសាន៍បែបលេងសើចបែបនេះ ខណៈពេលលោកកំពុងដើរឃោសនានយោបាយ ពីរដ្ឋ Florida ប៉ែកអាគ្នេយ៍នៃប្រទេស។
បើតាមអ្នកវិភាគនិងអ្នកជំនាញកិច្ចការអន្តរជាតិ មានជាអាទិ៍អ្នកស្រាវជ្រាវរបស់កូរ៉េខាងត្បូង លោក Hong Min ពីវិទ្យាស្ថានសា្រវជ្រាវការបង្រួបបម្រួបកូរ៉េ គឺកិច្ចប្រជុំពេញអង្គរបស់កូរ៉េខាងជើង អាចនឹងពិនិត្យជំហររបស់រដ្ឋបាលក្រុងព្យុងយ៉ាង ហើយអាចមានផែនការកែប្រែនយោបាយកម្រិតខ្លាំងណាមួយ នៅក្នុងការប្រឈមមុខចរចាជាមួយអាមេរិក ដែលហាក់ដូចជាមិនបានផលសោះ ក្នុងឆ្នាំ ២០១៩។ សូម្បីតែជំនួបកំពូលរវាងលោកប្រធានាធីបតីទាំងពីរ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន នៅក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈកន្លងទៅនេះ ក៏ត្រូវមជ្ឈដ្ឋានអន្តរជាតិចាត់ទុកថា «ជាជំនួបមួយបរាជ័យ គ្មានបានសាច់ការអ្វីដែរ»។
ដូច្នេះ សួរថា តើកូរ៉េងខាងជើងនឹងធ្វើ«ការផ្លាស់ប្តូរនយោបាយកម្រិតខ្លាំង»នេះ ផ្លាស់ប្តូរកម្រិតណា? ហើយផ្លាស់យ៉ាងម៉េចទៅវិញ? គឺគេនៅមិនអាចស្ទង់បានថាកម្រិតណានោះឡើយ។ អាចថាត្រូវផ្លាស់ប្តូរឥរិយាបថ ទៅកាន់តែកាចខ្លាំង ដើម្បីដាក់សម្ពាធ ឬក៏បន្ទន់មែនទែន រហូតអាមេរិកអាណិតទន់ចិត្ត ឬយ៉ាងណា? គេមិនទាន់ដឹងច្បាស់ហើយ ហើយកូរ៉េខាងជើងខ្លួនឯង ក៏មិនបញ្ជាក់លម្អិតដែរ។ គឺគ្រាន់តែ កាសែតរដ្ឋ KCNA បានលើកសម្តីរបស់ប្រមុខរដ្ឋ គីម ជុនអ៊ុន ដែលបញ្ជាក់ដាច់ណាត់ថា «ជំហររបស់ប្រទេសកូរ៉េខាងជើង ក្រោមការដឹកនាំរបស់អគ្គមគ្គទេសក៍ដ៏ឆ្នើម គីម ជុងអ៊ុន គឺប្រកាន់ តម្លាភាព ឯករាជ្យ និងប្រឆាំងនឹងពួកចក្រពត្តិនិយម»។
វិបត្តិកូរ៉េខាងជើង ទំនងជាមិនអាចត្រូវដោះស្រាយចប់រយៈពេលខ្លីនោះទេ។ បញ្ហាចំពោះអ្នកដែលត្រូវរងក្តីវេទនារងគ្រោះនោះ គឺមិនមែនថ្នាក់ដឹកនាំកូរ៉េខាងជើង ហើយក៏មិនមែនអាមេរិកដែរ តែអ្នកដែលលំបាកជាងគេ គឺពលរដ្ឋកូរ៉េខាងជើងទៅវិញទេ ដែលជាអ្នកទទួលរងទណ្ឌកម្ម ជះចំហាយពីទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសធំៗ។
រឿងលំបាកវេទនារបស់ពលរដ្ឋកូរ៉េខាងជើងនេះ គឺកាលពីពេលថ្មីៗនេះ ប្រទេសចិននិងរុស្ស៊ី បានលូកដៃលូកមាត់ ស្នើសុំឱ្យអង្គការសហប្រជាជាតិ បន្ធូរបន្ថយទណ្ឌកម្ម ដើម្បីជាកិច្ចការសប្បុរសធម៌ មនុស្សធម៌ ជួយដល់ពលរដ្ឋកូរ៉េខាងជើង ដែលកំពុងរងក្តីវេទនា។ ក៏ប៉ុន្តែ ហាក់មិនបានផលឡើយ។ ចំពោះប្រទេសជប៉ុនជាសម្ព័ន្ធមិត្តអាមេរិក ហើយជប៉ុនដែលនៅជិតបង្កើយនឹងគ្រោះថ្នាក់នៃគ្រាប់មីស៊ីលរបស់ក្រុងព្យុងយ៉ាង គឺ រដ្ឋបាលក្រុងតូក្យូយល់ថា «វាហាក់ដូចជាឆាប់ពេកហើយដែលត្រូវដកទណ្ឌកម្មពីកូរ៉េខាងជើង»។
ជាការរម្លឹក ទណ្ឌកម្មដែលអង្គការសហប្រជាជាតិ បានដាក់កម្រិតលើប្រទេសកុម្មុយនីស្តកូរ៉េខាងជើងនោះ គឺធ្ងន់ធ្ងរខ្លាំង ខាងវិស័យសេដ្ឋកិច្ចនិងការនាំចេញ។ ពោលគឺហាមឃាត់ការទិញធ្យូងថ្ម, ដែក, រ៉ែលោហធាតុ និងផលិតសម្លៀកបំពាក់ ជាដើម ដែលផលិតនៅកូរ៉េខាងជើង។ ហើយក៏នៅមានដែរ ទណ្ឌកម្មទៅលើពលករ គឺ«វិធានការបញ្ចូនពលករកូរ៉េខាងជើង ឱ្យត្រឡប់ទៅស្រុកដើមវិញ» ដែលដាក់ចេញដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៧ ។
ដូច្នេះសម្រាប់ថ្នាក់ដឹកនាំរដ្ឋកុម្មុយនិស្តកូរ៉េខាងជើង, ប្រទេសនិងពលរដ្ឋរបស់ខ្លួនទ្រាំលំបាកវេទនាយូរមកហើយ បើទ្រាំបន្តិចតទៀត ក៏វាមិនអីដែរ។
ក្នុងក្រសែភ្នែកអ្នកវិភាគស្ថានការណ៍មួយចំនួន គេមើលឃើញថា ក្នុងរយៈកាលខ្លីនិងមធ្យម ប្រសិនបើគ្មានស្ថានការណ៍ប្រែប្រួលអ្វីខ្លាំងក្លានិងធំដុំទេ ស្ថានភាពឧបទ្វីបកូរ៉េ គឺនឹងនៅតែបន្ត«ម្តងក្តៅម្តងត្រជាក់»តែប៉ុណ្ណឹងអ៊ីចឹងតទៅទៀត។ ពីព្រោះថា ចិននិងរុស្ស៊ី ជាបងធំរបស់កូរ៉េខាងជើង នៅតែមិនចង់ឃើញកូរ៉េខាងជើងដួលរលំឡើយ។ អាមេរិក គឺនៅតែបន្តគំរាមស្តីបន្ទោសកូរ៉េខាងជើង, កូរ៉េខាងជើង ខ្លួនឯង អាចនឹងតែបន្តឌឺដងដាក់ផ្លែផ្កាឱ្យអាមេរិកនិងប្រទេសក្នុងតំបន់ដែលជាសម្ព័ន្ធមិត្តដៃជើងរបស់អាមេរិក។ ស្ថានភាពថេរតែបែបនេះ នឹងនៅតែកើតមានតទៅទៀត សម្រាប់ឆ្នាំថ្មី ប្រសិនបើ ភាគីកូរ៉េខាងជើងនិងអាមេរិក មិនធ្វើអ្វីខ្លាំងដៃជ្រុលហួសហេតុតែរៀងៗខ្លួន នោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ