អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប៉ូលិស​ញូវយ៉ក​លុបចោល​អង្គភាព​ដែល​តាមដាន​អ្នកគោរព​សាសនា​អ៊ីស្លាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​អង្គារ​ ប៉ូលិស​ញូវយ៉ក​បាន​ប្រកាស​បិទ​អង្គភាព​ប្រជាសាស្រ្ត ដែល​គេ​បាន​បង្កើតឡើង ដើម្បី​តាមដាន លួច​យក​ព័ត៌មាន​ពី​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម នៅទីក្រុង​ញូវយ៉ក។ អង្គភាព​ប្រជាសាស្រ្ត​ត្រូវ​បាន​បង្កើត​ឡើង នៅក្រោយ​ព្រឹត្តិការណ៍ ភេរវកម្ម ១១​ កញ្ញា នៅពេល​ក្រុមភេរវករ​បើក​យន្តហោះ​បុក​បំផ្លាញ​អគារ​ពាណិជ្ជកម្ម​ភ្លោះ នៅ​ទីក្រុង​ញូវយ៉ក។

សហគមន៍​ប្រជាជន​អ៊ីស្លាម​នៅ ញូវយ៉ក​តវ៉ា​ឲ្យ​គេ​ឈប់​តាមដាន​ជីវិត​ឯកជន​របស់​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម​តទៅទៀត
សហគមន៍​ប្រជាជន​អ៊ីស្លាម​នៅ ញូវយ៉ក​តវ៉ា​ឲ្យ​គេ​ឈប់​តាមដាន​ជីវិត​ឯកជន​របស់​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម​តទៅទៀត © REUTERS/Andrew Burton
ផ្សាយពាណិជ្ជកម្ម

 

អង្គភាព​ប្រជាសាស្រ្ត​មាន​សមាជិក​ប្រមាណ​ជាង​១០​នាក់។ ក្រុមនេះ​ត្រូវ​បាន​បង្កើតឡើង ដោយ​សម្ងាត់​បំផុត កាលពី​ឆ្នាំ​២០០៣ គឺ​នៅ​ពីរឆ្នាំ ក្រោយ​អំពើភេរវកម្ម​បំផ្លាញ​អគារ​ពាណិជ្ជកម្ម នៅ​ទីក្រុង​ញូវយ៉ក។ គេ​បង្កើត​អង្គភាព​នេះ​ឡើង ដើម្បី​តាមដាន ចាប់រក​មុខ​សញ្ញា​ក្រុមភេរវករ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមនេះ​បង្ក​ភេរវកម្ម ដូច​ថ្ងៃ​១១ កញ្ញា។ អង្គភាព​​ប្រជាសាស្រ្ត ​ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ប៉ូលិស​ក្រុង​ញូវយ៉ក ត្រូវ​ធ្វើ​របាយការណ៍​ទៅ​ឲ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិកាំង The New York Times។

តួនាទី​របស់អង្គភាព​នេះ គឺ​ប្រមូល​យក​ព័ត៌មាន​ទាក់ទង​នឹង​សហគមន៍​ប្រជាជន​អ៊ីស្លាម ដែល​រស់នៅ ក្នុង និង​នៅ​ជាយ​ទីក្រុង​ញូវយ៉ក។ ក្នុង​សម្លៀកបំពាក់​ស៊ីវិល សមាជិក​អង្គភាព​នេះ​ប្រតិបត្តិការ​ការងារ​របស់ខ្លួន យ៉ាង​សម្ងាត់​បំផុត។ បេសកកម្ម​របស់​ពួកគេ គឺ​តាមដាន​រាល់​សកម្មភាព​របស់​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម តាំង​ពី​កន្លែង​ដែល​ប្រជាជន​អ៊ីស្លាម​ឧស្សាហ៍​ចូល​ដូចជា វិហារ ហាងកាហ្វេ ភោជនីយដ្ឋាន បណ្ណាល័យ។ ប៉ូលិស​ស៊ីវិល​សម្ងាត់ លួច​តាមដាន​​ស្តាប់​ផងដែរ​កិច្ច​សន្ទនា​រវាង ប្រជាជន​កាន់សាសនា​អ៊ីស្លាម។ គេ​លួច​ពិនិត្យ​មើល​រាល់​ខ្លឹមសារ​ទស្សនាវដ្តី ឬ​​ឯកសារ​ផ្សេងៗ ដែល​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​បាន​ចូល​រកមើល។ ពេលខ្លះ អង្គភាព​ប្រជាសាស្រ្ត​នេះ បាន​ប្រើ​លុយ​ទិញ​មនុស្ស ឲ្យ​បន្លំ​ខ្លួន ចូលស្តាប់ តាមដាន​ការប្រជុំ​របស់​សហគមន៍​អ៊ីស្លាម។

អង្គភាព​ស៊ើបការណ៍​របស់​ប៉ូលិស​ញូវយ៉ក នៅបាន​ចាត់ទុក​រាល់​វិហារ​អ៊ីស្លាម​ទាំងអស់​នៅ​ញូវយ៉ក ជា​កន្លែង​ប្រមូលផ្តុំ​ក្រុមភេរវករ។ ជាមួយ​នឹង​ហេតុផលនេះ គេ​មាន​លេស ទាមទារ​ឲ្យ​មេសហគមន៍​សាសនា​អ៊ីស្លាម​ផ្តល់​ដល់​ពួកគេ​រាល់​ព័ត៌មាន​ទាក់ទង​នឹង​សមាជិក ឬ​អ្នកដែល​មក​ថ្វាយបង្គំ ដូចជា​ផ្លាកលេខឡាន វីដេអូ និងខ្លឹមសារ​ក្នុង​ខ្សែអាត់​សំឡេង​នៅ​ពេល​សូត្រធម៌​ម្តងៗ។

តាមរយៈ ព័ត៌មាន​ដែល​គេ​ប្រមូល​បាន អង្គភាព​កសាង​ផែនទី​ប្រជាសាស្រ្ត​មួយ​ដែល​បង្ហាញ​រាល់​សកម្មភាព និង​ការបម្លាស់​ទី​របស់​ប្រជាជន​អ៊ីស្លាម នៅទីក្រុង​ញូវយ៉ក។ គេ​ដឹង​កន្លែង​ដែល​ប្រជាជន​អាមេរិកាំង​ដើមកំណើត​អាល់បានី​ទៅលេង​អុក នៅថ្ងៃ​រសៀល កន្លែង​ដែល​ប្រជាជន​អេហ្ស៊ីប​ឧស្សាហ៍​ទៅលេង​បាល់ទាត់ ឬ​កន្លែង​លេង​កីឡា​របស់​ប្រជាជន​អ៊ីស្លាម​មក​ពី​អាស៊ី។

អង្គភាព​ប្រជាសាស្រ្ត​ខាងតាមដាន​ស៊ើបអង្កេត​ប្រជាជន​កាន់អ៊ីស្លាម នៅ​ទីក្រុង​ញូវយ៉ក ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​បើកកកាយ បង្ហាញ​ជា​សាធារណៈ នៅ​ឆ្នាំ ២០១១។ ប៉ុន្តែ ទាំង​ចៅហ្វាយ​​ក្រុង​ញូវយ៉ក និង​មេប៉ូលិស ជំនាន់នោះ​សុទ្ធ​តែ​បាន​ចេញ​មុខ​ការពារ ការងារ​របស់​អង្គភាព​សម្ងាត់នេះ។ តាម​មេប៉ូលិស​ញូវយ៉កចាស់ អង្គភាព​នេះ​ដើរ​តួ​យ៉ាងសំខាន់​ក្នុង​ការ​កំណត់​កន្លែង​របស់​ក្រុមភេរវករ ឬ​ក្រុមអ៊ីស្លាម​ជ្រុលនិយម នៅមុន​ពេល​ដែល​ក្រុមនេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​អាមេរិក​ជា​ទូទៅ។

ប៉ុន្តែ ចាប់តាំង​ពី​ចាប់កំណើត​របស់ខ្លួន អង្គភាព​ប្រជាសាស្រ្ត​មិន​ដែល​កំណត់​បាន​ក្រុមជ្រុល​និយម ដែល​មាន​គំនិត​អាក្រក់​ចង់​ធ្វើ​ភេរវកម្ម​ប្រឆាំង​អាមេរិកទេ។ នេះ​បើតាម​សមាគម​ការពារ​សិទ្ធិ​អ្នកកាន់​សាសនា​អ៊ីស្លាម​នៅ​ញូវយ៉ក។ ក្រុមនេះ​បាន​រិះគន់ ថ្កោលទោស និង​ដាក់​ពាក្យ​បណ្តឹង​ជាច្រើន​ទៅ​តុលាការ ក្នុង​បទ​ចោទប្រកាន់ ពី​បទរើសអើង​សាសនា​ពី​សំណាក់​អាជ្ញាធរ​ញូវយ៉ក។ ប៉ុន្តែ តុលាការ​តែងតែ បដិសេធ​មិន​យក​មក​ចាត់ការ ដោយ​ហេតុផល​ថា ការងារ​របស់​អង្គភាព​ប្រជាសាស្រ្ត មិន​បាន​ប៉ះពាល់​ដល់​សិទ្ធិ​ជាមូលដ្ឋាន​របស់​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​ទេ។

អង្គភាព​ដ៏​ចម្រូងចម្រាស​នេះ​ទើប​តែ​ផ្អាកព្យួរ សកម្មភាព​របស់ខ្លួន តាំងពី​ខែ​មករា ដើមឆ្នាំនេះ នៅពេល​ស្នងការដ្ឋាន​ប៉ូលិស និង​សាលាក្រុង​ញូវយ៉ក​ផ្លាស់ប្តូរ​សមាសភាព​ថ្មី។ កាលពី​ថ្ងៃ​អង្គារ លោក​William J Bratton មេប៉ូលិស​ថ្មី​របស់​ក្រុងញូវយ៉ក បាន​ដើរ​ផ្ទុយ​ពី​មេប៉ូលិស​ចាស់ ដោយ​បាន​ប្រកាស​បិទ​អង្គភាព​ប្រជាសាស្រ្តនេះ។ តាម​លោក​Bratton បុគ្គលិក​របស់​អង្គភាព​ប្រជាសាស្រ្ត​នឹង​ត្រូវ​រំសាយ និង​ត្រូវ​ទៅធ្វើការ​នៅ​អង្គភាព​ស៊ើបការណ៍​សម្ងាត់​ដទៃ​របស់​ទីភ្នាក់ងារ​CIA។

ក្រោយ​ពី​កាន់កាប់​អស់​ជិត ២០​ឆ្នាំ ​ដោយ​គណបក្ស​សាធារណរដ្ឋ ដែល​បន្ត​នយោបាយ​សន្តិសុខ​តឹងរឹង​ ក្រុងញូវយ៉ក បាន​ផ្លាស់ប្តូរ​មុខមាត់ថ្មី ចាប់តាំង​ពី​មាន​មេប៉ូលិស​ថ្មី និង​ចៅហ្វាយក្រុង​ថ្មី ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ លោក​Bill de Blasio ចៅហ្វាយ​ក្រុង​ញូវយ៉ក​ថ្មី ដែល​ទើប​ឈ្នះឆ្នោត កាលពី​ខែ​មករា​កន្លងទៅ បាន​ស្វាគម និង​ចាត់ទុក​ការផ្លាស់ប្តូរ​ជំហរ​របស់​ប៉ូលិស​ថា នឹង​ជួយ​កាត់បន្ថយ​ភាពតានតឹង ដែល​ធ្លាប់​មាន​នឹង​គ្នា រវាង​ប៉ូលិស​ញូវយ៉ក និង​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម។ សម្រាប់​លោក​ចៅហ្វាយក្រុង​ញូវយ៉ក​ថ្មី វា​សំខាន់​ណាស់ ដែល​ប៉ូលិស​ដែល​ជា​អ្នកធានា​សន្តិសុខ​ដល់​ប្រជាជន ឈប់​​តាមដាន​ស៊ើប​អង្កេត ប្រជាជន។ នៅពេល​ប្រជាជន​មាន​ទំនុក​ទុកចិត្ត​ឡើង​វិញ​លើ​ប៉ូលិស​អ្នកធានា​សន្តិសុខ នោះ គឺ​ប្រជាជន​ដែល​ស្មោះត្រង់ នេះ​ឯង ដែល​នឹង​សហការ ​ជួយ​ប៉ូលិស ឲ្យ​ស្វែងរក​ឧក្រិដ្ឋជន ដែល​ចង់​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ