អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អូតង់​អាច​មាន​កម្លាំង​ទប់ទល់​នឹង​រុស្ស៊ី​ដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​អូតង់​នឹង​អាច​ជួយ​ការពារ​សមាជិក​ពីការ​វាយប្រហារ​ពី​ប្រទេស​រុស្ស៊ី​បាន​ដែរឬទេ ? គណៈកម្មការ​សភា​អង់គ្លេស​ កាលពីថ្ងៃ​ពុធ​កន្លងទៅ បាន​បង្ហាញ​ដោយ​គ្មាន​សង្ស័យថា ក្នុង​ពេល​បច្ចុប្បន្ន​​នេះ អង្គការ​សម្ព័ន្ធអាត្លង់ទិក​ខាងជើង ឬ​អូតង់ នៅ​មិនទាន់​ត្រៀម​ខ្លួន​នៅ​ឡើយទេ នៅក្នុង​ករណី​មាន​ការវាយប្រហារ​ណាមួយ​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​សមាជិក​របស់​អូតង់។ 

មីស៊ីល​បាញ់​ចេញ​នាវា​ចម្បាំង​ប៊ុលហ្គារី​នៅក្នុង​សមុទ្រ​ខ្មៅ​នៅក្នុង​សមយុទ្ធយោធា​របស់​អូតង់ កាលពី​ថ្ងៃ​ទី​៤​កក្កដា
មីស៊ីល​បាញ់​ចេញ​នាវា​ចម្បាំង​ប៊ុលហ្គារី​នៅក្នុង​សមុទ្រ​ខ្មៅ​នៅក្នុង​សមយុទ្ធយោធា​របស់​អូតង់ កាលពី​ថ្ងៃ​ទី​៤​កក្កដា © REUTERS/Stoyan Nenov
ផ្សាយពាណិជ្ជកម្ម

អ្នកដែល​ទាញ​សញ្ញា​អាសន្ន​ គឺ​គណៈកម្មការ​សភា​របស់​​អង់គ្លេស។ អង់គ្លេស​ជាសមាជិក​សកម្ម ទាំង​ថវិកា និង​កងទ័ព​នៅក្នុង​អង្គការ​អូតង់ដែល​មាន​សមាជិក​សរុប​២៨​ប្រទេស។ អង់គ្លេស​ដែល​កាលពី​ដើម​សប្តាហ៍​មុន​បាន​ប្រកាស​បញ្ជូន​ទាហាន​របស់ខ្លួន​ប្រមាណ ១៣៥០​ទៅ​ចូល​រួម​សមយុទ្ធ​យោធា​នៅក្នុង​ប្រទេស​ប៉ូឡូញ ក្រោម​ស្លាក​គាំទ្រ សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​​ខាងកើត។

 
នៅក្នុង​របាយការណ៍​របស់ខ្លួន គណៈកម្មការ​ការពារ​ជាតិ​​របស់​សភា​អង់គ្លេស​បាន​ព្រមាន​ចំៗ​ថា សមត្ថភាព​អូតង់​បច្ចុប្បន្ន​នៅ​ខ្វះខាត គឺ​មិន​អាច​ការពារ​ប្រទេស​សមាជិក​ដែល​អាច​រង​ការវាយប្រហារ​ពី​រុស្ស៊ី។ ការភ្ជាប់​តំបន់​គ្រីមេ​ទៅក្នុង​ទឹកដី​របស់​រុស្ស៊ី​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កំរិត​គំរាមកំហែង​​​ទៅលើ​ប្រទេស​អឺរ៉ុបដែល​ជា​​សមាជិក​របស់​អូតង់ ពី​សំណាក់​រុស្ស៊ី ពិត​ជា​មាន​មែន។ តាម​គណៈកម្មការ​សភា​អង់គ្លេស ការវាយប្រហារ​ពី រុស្ស៊ី​មិនមែន​ធ្វើ​ឡើង​ត្រឹម​តែ​ការប្រើ​ទ័ពនៅក្នុង​សមរភូមិ ដែល​គេ​ថា ការប្រយុទ្ធ​ធ្វើ​សង្រ្គាម​រវាង​ពីរ​ភាគីទេ ប៉ុន្តែ ការវាយ​ប្រហារ​របស់​រុស្ស៊ី អាច​ធ្វើ​ឡើង​ក្រោម​​យុទ្ធសាស្រ្ត​ថ្មីប្លែក ​គឺ​អាច​វាយ​ប្រហារ​ទៅលើ​​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​របស់​ប្រទេស​សមាជិក​អង្គការ​អូតង់ ឬ​ប្រើ​ទាហាន​ស៊ីឈ្នួល ដូច​ករណី​រុស្ស៊ី​កំពុង​គាំទ្រ​​ផ្នែក​អាវុធ​ទៅលើ​ក្រុម​ឧទ្ទាម​អ៊ុយក្រែន​បច្ចុប្បន្ន​នេះ​​ស្រាប់។

ដោយ​មើល​ឃើញ​ជាក់ស្តែង​ពី​ទំហំ​គំរាមកំហែង​របស់​រុស្ស៊ី​ទៅលើ​សន្តិសុខ​របស់​ប្រទេស​សមាជិក​អូតង់ ជាពិសេស​ប្រទេស​នៅ​អឺរ៉ុប​​ខាងកើតដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​រុស្ស៊ី គណៈកម្មការ​សភា​អង់គ្លេស​បាន​អំពាវនាវ​ជា​បន្ទាន់​ឲ្យ​គេ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ ដើម្បី​ឲ្យ​អង្គការ​អូតង់​អាចប្រឈមទប់ទល់​​នឹង​រុស្ស៊ី។

តាម​គណៈកម្មការ​សភា​អង់គ្លេស អូតង់​ត្រូវ​បង្កើន​វត្តមាន​ទ័ព​ជា​ប្រចាំ​​​នៅក្នុង​ប្រទេស​សមាជិក​​​បី ​ អេស្តូនី លីទុយអានី ឡេតូនី​​ ដែល​នៅ​ខ្សត់ខ្សោយ​​ខាងផ្នែក​ការពារ​ ប៉ុន្តែ កំពុង​បារម្ភ​គ្រប់​ពេលវេលា​ពី​សន្តិសុខ​របស់​ខ្លួនដោយសារ​តែ​ប្រទេស​ទាំងនេះ​មាន​ព្រំដែន​ជាប់ជាមួយ​រុស្ស៊ី។ សមាជិក​សភា​អង់គ្លេស​ទាមទារ​ផងដែរ​ឲ្យ​គេ​បញ្ចូល​​ប្រភេទ​​សង្រ្គាម​ដែល​ប្រើ​ទាហាន​ស៊ីឈ្នួល ចូល​ទៅក្នុង​មាត្រា​ទី​៥​ របស់​អូតង់ ដែល​សរសេរ​​​ពី​​កម្រិត​អន្តរាគមន៍​របស់​អូតង់​ នៅពេល​ប្រទេស​សមាជិក​រងការវាយប្រហារ​ពី​ភាគី​ណាមួយ។ រហូតមក មាត្រា​ទី​៥​បាន​គូស​បញ្ជាក់​ថា ទ័ព​អូតង់​អាច​ចូល​អន្តរាគមន៍​ នៅពេល​ដែល​សង្រ្គាម​ផ្ទុះឡើង​រវាង​ប្រទេស​ពីរ ប៉ុន្តែ មិន​អាច​អន្តរាគមន៍​ក្នុង​ករណី​ដែល​ប្រទេស​សមាជិក​ជួប​វិបត្តិ​ទាមទារ​បំបែក​ទឹកដី​របស់​ពួក​ឧទ្ទាម ដូចជា ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ទេ ដែល​តាមពិតទៅ ពួកឧទ្ទាម​សុទ្ធ​តែ​បាន​ទទួល​ការគំាទ្រ​អាវុធ​ពី​ប្រទេស​​រុស្ស៊ី។

មន្រ្តី​អូតង់​វិញ​បាន​ឆ្លើយតប​ទៅ​នឹង​ការអំពាវនាវ​របស់​គណៈកម្មការ​អង់គ្លេស​ដោយ​អះអាង​ថា អូតង់​បាន​បញ្ជូន​យន្តហោះ​ ទៅ​ហោះ​ជា​ប្រចាំ​នៅ​ប្រទេស​អឺរ៉ុប​ខាងកើត ជាពិសេស​នៅ​នៅ​លើ​ប្រទេស​ប៉ូឡូញ និង​រូម៉ានី។ គេ​គ្រោង​ផងដែរ​នឹង​បង្កើត​មូលដ្ឋាន​ទ័ព​ជា​អចិន្ត្រៃយ៍​នៅក្នុង​ប្រទេស​ប៉ាល់ទិក ដូចជា​ អេស្តូនី លីទុយអានី ឡេតូនី។

​រុស្ស៊ី​បាន​លូកដៃ អន្តរាគមន៍​ទៅក្នុង​វិបត្តិ​របស់​អ៊ុយក្រែន ដែល​​មិនមែនជា​សមាជិក​របស់​អូតង់ ប៉ុន្តែ អូតង់​មិន​អាច​មើលរំលង​ពី​មហិច្ឆតា​ទៅថ្ងៃ​មុខ​របស់​រុស្ស៊ី ដែលអាច​មាន​ទៅលើ​ប្រទេស​ជិតខាង​ដទៃទៀត ដែល​តាមពិត​ជា​ជា​សមាជិក​របស់​អូតង់ទេ។ អង្គការ​អូតង់​ត្រូវ​បាន​បង្កើត​ឡើង​នៅឆ្នាំ ១៩៤៩ គឺ​នៅក្រោយ​ចប់​សង្រ្គាម​លោក​លើក​ទីពីរ ដើម្បី​ធានា​សន្តិសុខ​ដល់​ប្រទេស​សមាជិក។ ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយនេះ អង្គការ​អូតង់​បាន​ពង្រីក​ខ្លួន ដោយ​បាន​ទទួល​យក​ប្រទេស​នៅ​តាម​បណ្តា​ព្រំដែន​ជាមួយ​រុស្ស៊ី​ជា​ច្រើន​ចូល​ជា​សមាជិក។ ការចូល​ជា​សមាជិក​របស់​ អេស្តូនី លីទុយអានី ឡេតូនី ដែល​ធ្លាប់​ជា​ស្ថិតនៅ​ក្រោម​​សហភាព​សូវៀត​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​មិន​សប្បាយ​ចិត្តយ៉ាងខ្លាំង។ រុស្ស៊ី​តែ​ងតែ​ព្រមាន​កុំ​ឲ្យ​អូតង់​ចេះ​តែ​ចូល​ទៅ​ដំឡើង​ខែលមីស៊ីល​នៅក្នុង​ទឹកដី​ដែល​នៅ​ជាប់​រុស្ស៊ី។ រុស្ស៊ី​ក៏​ធ្លាប់​ព្រមាន​ញយដង​ពីវត្តមាន​​ទ័ព​អូតង់​នៅ​តាម​ប្រទេស​ជាប់ព្រំដែន​ជាមួយ​រុស្ស៊ី ​ដែល​រុស្ស៊ី​ចាត់ទុក​ជា​ការគំរាមកំហែង​ដល់​សន្តិសុខ​របស់ខ្លួន។

អង្គការ​អូតង់​ពេលនេះហាក់​​បាន​ភ្ញាក់ខ្លួន និង​បាន​ឃើញ​កាន់តែច្បាស់​ពី​មហិច្ឆតា​របស់​រុស្ស៊ី បន្ទាប់​ពី​ម៉ូស្គូ​កាត់យក​ទឹកដី​អ៊ុយក្រែន​មួយចំណែក​ទៅ​ធ្វើ​ជារបស់ខ្លួន។​ ប៉ុន្តែ ភ្ញាក់​ដឹងខ្លួន​នៅពេលនេះ ក៏​នឹង​មិន​អាច​ឲ្យ​អូតង់​​ងើប​តទល់​នឹង​រុស្ស៊ី​បានដែរ។ បើទោះបី​ជា​អូតង់​ធ្លាប់​មាន​កម្លាំង​ទ័ព​ដើរ​តួនាទី​សំខាន់​នៅក្នុង​ពិភពលោក ប៉ុន្តែ បច្ចុប្បន្ន​នេះ ​អូតង់​ចាញ់​ប្រៀប​​រុស្ស៊ី​ទាំង​ផ្នែក​​យោធា និង​ថវិកា។ ប្រទេស​សមាជិក​របស់​អូតង់​ទាំង​២៨​ ដែល​ភាគច្រើន​ជា​សមាជិក​អឺរ៉ុប​បាន​កាត់បន្ថយ​ចំណាយ​ទៅលើ​ថវិកា​យោធា ដោយសារ​តែវិបត្តិ​សេដ្ឋកិច្ច គឺ​ផ្ទុយស្រឡះ​ពី​រុស្ស៊ី​ដែល​បាន​បង្កើន​ថវិកា​កងទ័ព​​មិន​ឈប់ឈរ។ ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច និង​គំនិត​ដែល​គិត​ថា នឹង​គ្មាន​សង្រ្គាម​​បាន​ធ្វើ​ឲ្យ​ប្រទេស​អឺរ៉ុប​ជា​ច្រើន​កាត់បន្ថយ​ចំនួន​កងទ័ព កាត់បន្ថយ​ចំនួន​រថក្រោះ​ដែល​តាមពិត​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធិភាព​នៅក្នុង​សមរភូមិ។

ម្យ៉ាង​ទៀត បទពិសោធន៍​អន្តរាគម​មិន​សូវ​ជោគជ័យ​​របស់​ទ័ព​អូតង់ នៅក្នុង​សង្រ្គាម​អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន លីប៊ី និង​ស៊ីរី​រឹត​តែ​បង្ហាញ​យ៉ាងច្បាស់ថា អូតង់​លំបាក​នឹង​វាយយក​ឈ្នះ​លើ​ប្រទេស​ដែល​មាន​កម្លាំង​យោធា​មិន​សូវ​សំខាន់។ ចុះ​ទម្រាំ​ជាមួយ​រុស្ស៊ី​ដែល​មាន​សព្វាវុធ​ទំនើប​មិន​ចាញ់​អាមេរិក (ដោយមិនទាន់​គិត​អាវុធ​ដែល​មាន​បំពាក់​គ្រាប់បែក​​បរមាណូ) តើ​អង្គការ​អូតង់​នឹង​គ្មាន​កម្លាំង​ឯណា​មក​ទប់ទល់​នឹង​រុស្ស៊ី​នោះ។ កម្លាំង​យោធា​នៅពេល​នេះ​កំពុង​ផ្តោត​ខ្លាំង​នៅ​អាស៊ី។ អូតង់​ដែល​មាន​សមាជិក​មក​ពី​ទ្វីបចាស់ លែង​តំណាង​ឲ្យ​មហាអំណាច​យោធា​ដូចមុនទៀត​ហើយ។ ក្នុងករណី​មាន​ជម្លោះ​ជាមួយ​រុស្ស៊ី អូតង់​នឹង​ត្រូវ​ការជំនួយ​ពី​អាមេរិក ដើម្បី​អាច​ជួយ​ប្រទេស​សមាជិក ប្រឈមនឹង​រុស្ស៊ី។

​រូប​ភាពអូតង់​ថ្មី​ ​ទំនង​ជា​នឹង​អាច​លេច​ចេញ​ជា​រូបរាង​​នៅ​ខែ​កញ្ញា​ខាង​មុខ នា​ឱកាស​ជំនួប​កំពូ​ល​ប្រចាំ​ឆ្នាំ​​របស់​អង្គការ​អូតង់​នៅក្នុង​ប្រទេស​អង់គ្លេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ