អានតួអត្ថបទ
រុស្ស៊ី-អូតង់

រុស្ស៊ី​ផ្តើម​សមយុទ្ធ​ទល់នឹង​លំហាត់សឹក​អូតង់​ នៅក្បែរ​ព្រំដែន​ខ្លួន​

សមយុទ្ធ​នេះ​ប្រព្រឹត្ត​ទៅ នៅលើ​ដែនដី​ខេត្ត Kaliningrad ឯ​ប៉ែក​ខាងលិច​បង្អស់​របស់​រុស្ស៊ី ជាប់នឹង​បណ្តា​ប្រទេស​បាល់ទិក ជាទី​ដែល​តាំងពី​ម្សិលមិញ​មក បក្ស​សម្ព័ន្ធ​អូតង់​បាន​ចាប់ផ្តើម​លំហាត់សឹក​ប្រចាំឆ្នាំ ក្រោម​ឈ្មោះថា Saber Strike «កាប់ដាវ​ឆ្នាំ២០១៤»។ មុននឹង​ផ្តើម​សមយុទ្ធ​​តបវិញ​នេះ ម៉ូស្គូ​ចាត់ទុក​លំហាត់សឹក​ដ៏​ធំបំផុត​លើកនេះ​របស់​អូតង់ នៅ​ជាប់​ព្រំដែន​ខ្លួន ថា​ជា​ការបង្ហាញ​យ៉ាង​សំញែង​នៃ​ចេតនា​ជា​សត្រូវ​ទល់នឹង​រុស្ស៊ី។

កងកម្លាំង​មកពី​​​ក្រសួង​មហាផ្ទៃ​រុស្ស៊ី
កងកម្លាំង​មកពី​​​ក្រសួង​មហាផ្ទៃ​រុស្ស៊ី REUTERS/Eduard Korniyenko
ផ្សាយពាណិជ្ជកម្ម

តាម​ដែល​ក្រសួង​ការពារជាតិ​រុស្ស៊ី​ប្រកាស​ឲ្យដឹង ចូលរួម​ក្នុង​សមយុទ្ធ​នៅ​លើ​ដែនដី​នៃ​ខេត្តរុស្ស៊ី Kaliningrad គឺ​យោធា សព្វាវុធ គ្រឿង​បច្ចេកទេស​ចម្បាំង ក្នុង​ចំនួន​ប្រហាក់​ប្រហែល​និង​យោធា សព្វាវុធ គ្រឿង​បច្ចេកទេស​ចម្បាំង​ដែល​បក្ស​សម្ព័ន្ធ​អូតង់​ដាក់​ឲ្យ​សកម្ម ក្នុង​លំហាត់សឹក នៅតាម​បីប្រទេស​បាល់ទិក ដែលបាន​ចាប់ផ្តើម​ថ្ងៃទី៩​មិថុនា នៅលើ​ដែនដី​ឡេតូនី រួច​បន្ទាប់មក​កាត់តាម​អេស្តូនី ហើយ​នឹងចប់​ទៅ​នៅ​លីទុយអានី ថ្ងៃទី​២០​មិថុនា។

ទន្ទឹមនឹង​លំហាត់សឹក​នៅលើ​ដីគោក ក្រោម​ឈ្មោះថា Saber Strike អូតង់​ក៏​ធ្វើ​ប្រតិបត្តិការ នៅលើ​ផ្ទៃទឹក​សមុទ្រ​បាល់ទិក តាំងពី​ថ្ងៃទី៦​មិថុនា​ម៉្លេះ លុះ​រហូត​ដល់ថ្ងៃទី​២១​មិថុនា ក្រោម​ឈ្មោះថា Baltops-២០១៤។ ចូលរួម​ក្នុង​លំហាត់សឹក​អូតង់ មាន​យោធា​ដល់ទៅ ៤.៧០០នាក់ និង​យានយន្ត​ចម្បាំង​ចំនួន ៨០០គ្រឿង បញ្ជូន​ទៅដោយ​ប្រទេស​ដែល​ចូលរួម គឺ​អង់គ្លេស កាណាដា ស.រ.អា. ហ្វាំងឡង់ ប៉ូឡូញ ដាណឺម៉ាក ន័រវ៉ែហ្ស និង​ប្រាកដណាស់ បី​ប្រទេស​បាល់ទិក គឺ​ឡេតូនី អេស្តូនី លីទុយអានី សរុបទៅ​១០​ប្រទេស។

មុន​ដំបូង រុស្ស៊ី​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ដែរ ក្នុង​លំហាត់សឹក​នោះ ប៉ុន្តែ​អូតង់​បាន​ព្យួរទុក​ទៅវិញ ភាព​ជា​ដៃគូ​យោធា​ជាមួយ​ម៉ូស្គូ ក្រោយពី​រុស្ស៊ី​បាន​ភ្ជាប់យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន កាលពី​ខែ​មិនា។

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ថ្លែង​ល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ ចាត់ទុក​ការ​វាតទី​របស់​អូតង់​មកទិស​ខាងកើត និង​ការពង្រឹង​ហេដ្ឋា​រចនាសម្ព័ន្ធ​យោធា​របស់​បក្សសម្ព័ន្ធ​នេះ នៅជិត​ព្រំប្រទល់​រុស្ស៊ី​តែម្តង ថា​នឹង​បាន «ផលបញ្ច្រាស »​ទៅវិញ។ តាមលោក Lavrov ការ​វាតទី​នេះ គឺវា “ផ្ទុយនឹង កាតព្វកិច្ច​ដែល​អូតង់ ទទួលយក​ទៅដាក់​លើខ្លួន ក្នុង​ក្របខ័ណ្ឌ​នៃ“អង្គការ​ដើម្បី​សហប្រតិបត្តិការ និង​សន្តិសុខ​នៅ​ទ្វីប​អឺរ៉ុប” ហៅ​កាត់ថា OSCE និង​ផ្ទុយនឹង “ឯកសារ​ជា​គ្រឹះមូលដ្ឋាន​ចុះ​រវាងរុស្ស៊ី និង​អូតង់​ក្នុងឆ្នាំ​១៩៩៧”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ