អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នេតាយ៉ាហ៊ូ​​គំរាម​​សងសឹក​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​ ចំពោះ​មរណភាព​យុវជន​អ៊ីស្រាអែល​៣រូប​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​​មក ​ភាពតានតឹង​បាន​ផ្ទុះ​ឡើង​ជាថ្មី ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​​ ក្រោយពេល​​កងទ័ព​​អ៊ីស្រាអែល​​បាន​រកឃើញ​សាកសព​យុវជន​អ៊ីស្រាអែល​​៣នាក់ ដែល​បាន​បាត់ខ្លួន​ កាលពី​ថ្ងៃ​១២មិថុនា នៅ​​តំបន់​ស៊ីសហ្ស៊កដានី​។ យប់ថ្ងៃ​ចន្ទ​ម្សិលមិញ​ យន្តហោះ​អ៊ីស្រាអែល​បាន​ទំលាក់គ្រាប់បែក បាញ់ប្រហារ​​ទីតាំង​​ក្រុមហាម៉ាស​ជាច្រើន​កន្លែង​ ​នៅតំបន់​ហ្កាហ្សា។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​​​​​បានចោទ​​​ក្រុម​ហាម៉ាស ពីដំបូង​ទី​ថា​ ​បាន​ចាប់​​​ជំរិត​​យុវជន​ទាំង​នេះ ហើយ​​បាន​សន្យា​ចាត់​វិធានការ​​​សងសឹក​ ​មិនអោយ​​ក្រុម​ហាម៉ាស ​រួចខ្លួន​ឡើយ។ ​ក្រុម​ហាម៉ាស​​បាន​គំរាមតបវិញ​ថា ​រាល់​​ការ​វាយលុក​ រឺ​សង្គ្រាម​ពី​សំណាក់​អ៊ីស្រាអែល នឹង​​នាំ​អ៊ីស្រាអែល ​ទៅ​កាន់ទ្វារ​​​​ឋាននរក។

យុវជន​អ៊ីស្រាអែល​៣រូបដែលបាត់ខ្លួន ថ្ងៃ​១២មិថុនា។ ​​​កងទ័ព​អ៊ីស្រាអែល​រកឃើញសាកសពពួកគេ ​ថ្ងៃចន្ទ ម្សិលមិញ។ ​ពីឆ្វេង​ទៅស្តាំ៖ Naftali Frankel, Gil-ad Sha'er និង Eyal Yifrach
យុវជន​អ៊ីស្រាអែល​៣រូបដែលបាត់ខ្លួន ថ្ងៃ​១២មិថុនា។ ​​​កងទ័ព​អ៊ីស្រាអែល​រកឃើញសាកសពពួកគេ ​ថ្ងៃចន្ទ ម្សិលមិញ។ ​ពីឆ្វេង​ទៅស្តាំ៖ Naftali Frankel, Gil-ad Sha'er និង Eyal Yifrach REUTERS/Handout
ផ្សាយពាណិជ្ជកម្ម

សហគមន៍​អន្តរជាតិ មាន​​អង់គ្លេស អាមេរិក រួម​នឹង​សម្តេចសង្ឃ​កាតូលិក ប៉ាប ហ្វ្រង់ស៊័រ ផងដែរ បាន​ថ្កោលទោស​​ការស្លាប់​របស់​​យុវជនអ៊ីស្រាអែល​​​ទាំង៣រូប។ អគ្គ​លេខា​ធិការ​អង្គការ​​សហ ប្រជាជាតិ​ បាន គីមូន ​បាន​អំពាវនាវ​អោយ​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ធ្វើការ​រួមគ្នា ដើម្បីរក​មុខ​ជនដៃដល់​ ដែល​បាន​​សម្លាប់​យុវជន​ទាំងនេះ។ ​ទន្ទឹម​នេះដែរ ​សហគមន៍​អន្តរជាតិ​បាន​សុំអោយ​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​អត់ធ្មត់ ចៀសវាង​រុញអោយ​​​​ស្ថានភាពធ្លាក់​ដុនដាប​​បន្ថែម។

មរណភាព​​​របស់​​​យុវជន​អ៊ីស្រាអែល​ទាំង៣រូប​​ ​ជា​លេស​​អោយ​អ៊ីស្រាអែល​ ប្រតិបត្តិការ​យោធា​ធ្ងន់ដៃ​ កំទេច​ក្រុមហាម៉ាស ដែល​ទើប​បង្កើត​រដ្ឋាភិបាល​ឯកភាពជាតិ​ជាមួយ​ប៉ាឡេស្ទីន​
 
អ៊ីស្រាអែល​​​ចាំ​អោយតែ​មាន​ការផ្គើន​ណាមួយ​​ចេញ​​ពី​ក្រុម​ហាម៉ាស​​​ ដើម្បី​លេង​​ក្រុម​ហាម៉ាស​​អោយ​ចាស់ដៃ។ ​​​ក្រោយ​​រកឃើញ​សាកសព​យុវជន​ទាំងនេះ​ភ្លាម​​ យប់ថ្ងៃ​ចន្ទ​ម្សិលមិញ កងទ័ព​​​​អ៊ីស្រាអែល​បាន​ទំលាក់គ្រាប់បែក និង​​បាញ់ប្រហារ​​ទីតាំង​​​ក្រុមហាម៉ាស​​ ​នៅតំបន់​ហ្កាហ្សា​ដល់ទៅជាង​៣០ដង។ តំបន់​ហ្កាហ្សា​នេះ​ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​កងការពារ​សន្តិសុខ​​ក្រុម​ហាម៉ាស​​ ទោះ​ជា​ក្រុមហាម៉ាស​និង​ប៉ាឡេស្ទីន​បាន​បង្កើត​រដ្ឋាភិបាលរួបរួម​​ជាតិ​ មាន​សមាសភាព​​សមាជិក​ជា​អ្នកឯករាជ្យ​ក៏ដោយ​ចុះ។ ​ ​កងទ័ព​អ៊ីស្រាអែល​ក៏​​បាន​កំទេច​ផ្ទះសម្បែង​​​ជនសង្ស័យ​២រូប ​​​ជាប់សង្ស័យ​ថា បាន​ចាប់​យុវជន​អ៊ីស្រាអែល​​​ទាំងនោះដែរ។ ​​បុរស​ជាប់​សង្ស័យ​​​ទាំង​២នាក់​នេះ កំពុង​រត់​គេចខ្លួន។ ​ផ្នែក​សន្តិសុខ​​អ៊ីស្រាអែល ប្រាប់ថា ពួកគេ​​ទាំង​២រូប​​ ជាប់ពាក់ព័ន្ធ​នឹង​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន។ ​

យើង​ឃើញថា ​​គ្រាន់តែ​​​​យុវជន​អ៊ីស្រាអែល​ទាំង​៣រូប បាន​បាត់ខ្លួន​ នៅថ្ងៃ​១២មិថុនា​ភ្លាម អ៊ីស្រាអែល​ចោទ​ក្រុម​ហាម៉ាស​ភ្លាម ថា​បាន​ចាប់ខ្លួន​​យុវជន​ទាំងនេះ ហើយ​រដ្ឋាភិបាល​បើក​ប្រតិបត្តិការ​​ទ្រង់ទ្រាយ​បែបសង្គ្រាម​តែ​ម្តង នៅ​ស៊ីសហ្ស៊កដានី កន្លែង​​ដែល​យុវជន​ទាំង៣រូប​បាត់ខ្លួន។ គ្រាន់តែ​​ចំនួន​ទាហាន​​​តាម​​រក​យុវជន​​ទាំងនេះ​ ​គឺ​មាន​​​ដល់​២ពាន់​នាក់​ឯណោះ។ ​ក្នុង​ប្រតិបត្តិការ​នេះ ​កងទ័ព​អ៊ីស្រាអែល​បាន​ចាប់​មនុស្ស​សង្ស័យ​ជាង​២៥០នាក់​​​ ក្នុង​នោះ​មានទាំង​អ្នកទោស​ដែល​អ៊ីស្រាអែល​ធ្លាប់​បានដោះលែង​កន្លងមក​ដែរ។ ​ដោយឡែក​​ ក្រុមហាម៉ាស​បានប្រកែកតាំងពីដំបូង​មក​​ថា មិនបាន​ចាប់ខ្លួន​យុវជន​អ៊ីស្រាអែលទាំង​៣រូប​នេះទេ។

និយាយ​អោយ​ចំ ​អ៊ីស្រាអែល​​មិនសប្បាយចិត្ត​​​​នឹង​​ក្រុមហាម៉ាស ដែល​ទើប​បាន​បង្កើត​រដ្ឋាភិបាល​​រួបរួម​ជាតិ ជាមួយប៉ាឡេស្ទីន​ កាលពីដើមខែ​មិថុនា​​ទេ ព្រោះថា​​ក្រុមហាម៉ាស​ជាសត្រូវ​របស់​អ៊ីស្រាអែល។​​​ ក្រុមហាម៉ាស​មិនដែល​ទទួលស្គាល់​រដ្ឋជនជាតិ​ហ្ស៊ីហ្វ​អ៊ីស្រាអែល​​ទេ។ ​ប៉ុន្តែ សហគមន៍​អន្តរជាតិបាន​ទទួលស្គាល់​រដ្ឋាភិបាលរួបរួម​ជាតិ​ប៉ាឡេស្ទីន ដែល​មាន​ក្រុមហាម៉ាស​ចូលរួម។ នេះ​ហើយជា​ឧបសគ្គសម្រាប់​អ៊ីស្រាអែល។ ​​ដូច្នេះ យើង​អាច​និយាយ​ថា រដ្ឋាភិបាល​លោក​នេតាយ៉ាហ៊ូ ត្រូវ​រ​កគ្រប់​មធ្យោបាយ​ ​​ដើម្បី​បំបាក់​ក្រុម​ហាម៉ាស​អោយ​​​ចុះខ្សោយ។ ត្រូវ​​រកលេស​បង្ហាញ​សហគមន៍អន្តរជាតិ​ថា ក្រុម​ហាម៉ាស​ជា​ក្រុម​ភេរវជន ដែល​គ្រប់គ្នា មិនត្រូវទទួលស្គាល់​ក្នុង​រដ្ឋាភិបាលប៉ាឡេស្ទីន​ទេ។

គួររំលឹក​ដែរ​ថា ក្រុម​ហាម៉ាស​នេះ ក៏ជា​លេស​​ធ្វើអោយ​​​​អ៊ីស្រាអែល​​​​កាត់ផ្តាច់​ការចរចា​សន្តិភាព​​ជាមួយប៉ាឡេស្ទីន កាលពីខែ​មេសាដែរ។ ព្រោះថា កាលណោះ​ ​​​​ក្រុមហ្វាតា​របស់​ប្រធានរដ្ឋ​អំណាច​ប៉ាឡេស្ទីន និង​​ក្រុម​ហាម៉ាស បាន​ចុះកិច្ចព្រមព្រៀង​ផ្សះផ្សា​ជាតិ​​​ជាមួយ​គ្នា​ សំដៅ​​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​​ប៉ាឡេស្ទីន។ អ្វី​ដែលគួរអោយ​បារម្ភ​ពេលនេះ​ គឺ​​រដ្ឋាភិបាល​រួបរួម​ជាតិ​ប៉ាឡេស្ទីន​។ បើ​ក្រុមហាម៉ាស​​ធ្លាក់​​ដុនដាប នោះ​រដ្ឋាភិបាល​រួបរួម​ជាតិ​​ប៉ាឡេស្ទីន​​​ក៏អាច​បាត់​លំនឹង​ដែរ។

​តាំង​ពី​ដំបូងទី​​ ​​ចលនា​ហ្វាតា​របស់​រដ្ឋអំណាច​លោក​ម៉ាមូត អាបាស និង​ចលនាហាម៉ាស​ បែកបាក់​គ្នា ដោយសារ​ការបាត់ខ្លួន​​យុវជន​អ៊ីស្រាអែល​ទាំង​៣រូប​ ​​​

អ៊ីស្រាអែល​តែង​រក​មធ្យោបាយ​ជំរុញអោយ​​​គ្រប់គ្នា​​មិន​ទទួលស្គាល់​​ក្រុម​ហាម៉ាស។ ពេល​យុវជនអ៊ីស្រាអែល​​​ទាំង៣រូប​បាត់ខ្លួន​ភ្លាម ​នាយក​រដ្ឋមន្ត្រី​​អ៊ីស្រាអែល​​​ នេតាយ៉ាហ៊ូ ​បាន​​​ជំរុញ​​ប្រធានរដ្ឋអំណាច​ប៉ាឡេស្ទីន លោក​ម៉ាមូឌ អាបាស​ អោយ​ថ្កោលទោស​​ជនដៃដល់​ចាប់ជំរិត​យុវជន​ទាំងនេះ។ ​

ប្រធានរដ្ឋអំណាច​ប៉ាឡេស្ទីន​​ហាក់បាន​ស្រប​យោបល់​តាម​​លោក​នេតាយ៉ាហ៊ូ ដោយបាន​ប្រកាស​ថា ជន​ដែល​ចាប់​យុវជន​អ៊ីស្រាអែលទាំងនោះ គឺ​ជា​ជនដែល​មានបំណង​បំផ្លាញ​​ការបង្រួបបង្រួម​ជាតិ​ប៉ាឡេស្ទីន។ ​ដូច្នេះ​ ដោយ​ប្រយោល លោក​អាបាស កំពុង​តែ​ចោទ​ក្រុម​​ហាម៉ាស​ថាបាន​ចាប់ខ្លួន​យុវជន​អ៊ីស្រាអែល​នោះ​ហើយ ទោះ​ជា​ក្រុម​ហាម៉ាស​បដិសេធ​ក្តី។ លោក​អាបាស​ដឹងច្បាស់​ណាស់​​ថា ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​​​​​​ចោទ​ក្រុម​ហាម៉ាស​ពេញទី​​ ថា​បានចាប់​យុវជន​ទាំង​៣រូប។ ​​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​បារម្ភ​​​ថា ការចាប់ខ្លួន​យុវជន​អ៊ីស្រាអែល​ទាំងនេះ អាច​ប៉ះពាល់​​​​​រដ្ឋាភិបាល​រួបរួម​ជាតិ​ប៉ាឡេស្ទីន ដែលចលនា​ហ្វាតា​ទើប​បាន​បង្កើត​ជាមួយ​ចលនា​​​ហាម៉ាស។

ម្យ៉ាងទៀត​​ ដើម្បី​អោយ​សហគមន៍​​អន្តរជាតិ​បន្ត​ទទួលស្គាល់​រដ្ឋាភិបាល​រួបរួម​ជាតិ​ប៉ាឡេស្ទីន​ ​​លោក​ម៉ាមូឌ អាបាស​ ​បាន​​​ប្រកាស​ថ្មីៗ​នេះ​ទៀត​​ថា ការ​សហការ​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល គឺ​ស្ថិត​ក្នុង​​ប្រយោជន៍​​របស់​ប៉ាឡេស្ទីន​។ ការ​ប្រកាស​នេះ ធ្វើអោយ​ក្រុម​ហាម៉ាស​គិតថា ផ្នែក​សន្តិសុខ​នៃ​​ក្រុម​​ហ្វាតា​របស់​លោក​អាបាស ចង់​សហការ​​មមាញឹក​​ជាមួយ​ផ្នែក​ចារកិច្ច​អ៊ីស្រាអែល ប្រឆាំង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន។​​ ដូច្នេះ ក្រុម​ហាម៉ាស​មិនសុខ​ចិត្ត​ទេ។ ​ក្រុម​ហាម៉ាស​ខឹង​លោក​អាបាសខ្លាំង​ណាស់។ ក្រុម​ហាម៉ាស​លើកឡើង​ថា ការ​ប្រកាស​របស់​​ប្រធានរដ្ឋ​អំណាច​ប៉ាឡេស្ទីន​បែបនេះ ​គឺ​ផ្ទុយពី​​គោលការណ៍​​នៃ​ការ​រួបរួម​ជាតិ និង​បាន​ប៉ះទង្គិច​ជនជាតិ​​ប៉ាឡេស្ទីនរាប់ពាន់​នាក់​ ​​ដែល​កំពុង​រស់​ក្នុង​គុក​អ៊ីស្រាអែល។ ​

ដូច្នេះ ​លោក​អាបាស​ត្រូវតែ​រក​ដំណោះស្រាយ​សម្រប​សម្រួល​ជាមួយ​ក្រុម​ហាម៉ាស​​ហើយ ដើម្បីបន្ថយ​ភាពតានតឹង​​ក្នុង​​រដ្ឋាភិបាល​រួបរួម​ជាតិ​​ ព្រោះ​​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ​ ​អាច​​​ជួប​បញ្ហាធ្ងន់ ដែល​​នេះ​​គឺ​ជា​ផល​​ចំណេញ​​សម្រាប់​​អ៊ីស្រាអែល​ទៅវិញទេ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ