អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទំនាក់​ទំនង​ចិននិង​អាមេរិក​អាច​បំពុល​ដោយ​សំណុំរឿង​មេធាវី​ពិការ​ភ្នែក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្រោយ​ដំណឹង​លេចឮថា មេធាវី​ពិការភ្នែក​Chen Guangcheng បាន​លួចរត់​ពី​ការយាមឃ្លាំ​មើល​របស់​ប៉ូលិស​ភូមិ និង​ កំពុង​ស្ថិតនៅ ក្នុង​ស្ថានទូត​អាមេរិក ក្នុង​ទីក្រុង​ប៉េកាំង មិត្តភក្តិ និង​សកម្មជន​ប្រឆាំង​មួយចំនួន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន សួរចម្លើយ ជា​បន្តបន្ទាប់។ នៅថ្ងៃអាទិត្យ ទី ២៩ មេសា តាម​ភរិយា​របស់​លោក​ហ៊ូ ជា ដែល​ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក​ហ៊ូ ជា​ដែល​បាន​ជួប​លោក Guangcheng ​នៅក្នុង​សប្តាហ៍នេះ ត្រូវ​ប៉ូលិស​ចាប់​យក​សួរចម្លើយ កាលពីថ្ងៃ​សៅរ៍​ទី ២៨ មេសា។ គ្រួសារ និង​សមាជិក​សកម្មជន​ប្រឆាំង​ម្នាក់​ដែល​បាន​ដឹក​លោក​Chen Guangcheng​ទៅ​ទីក្រុង​ប៉េកាំង​ក៏ត្រូវ​ប៉ូលិស​ភូមិ​វាយ និង​ចាប់ទៅប៉ុស្តិ៍​ប៉ូលិស​កាលពី​ថ្ងៃ​សុក្រ​ទី ២៧ មេសា។

ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង ដែល​គេជឿថា​មេធាវី​ពិការ​ភ្នែក​ចិន​Chen Guangcheng កំពុង​ជ្រក​លាក់ខ្លួន
ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង ដែល​គេជឿថា​មេធាវី​ពិការ​ភ្នែក​ចិន​Chen Guangcheng កំពុង​ជ្រក​លាក់ខ្លួន ©Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុមសកម្មជនការពារ​សិទ្ធិមនុស្ស​ចិន មាន​ទីតាំង​នៅអាមេរិក បាន​អះអាង​ថា លោក​ Guangcheng​ពេលនេះ​កំពុង​ស្ថិតនៅ​កន្លែង​សុវត្ថិភាព គឺ​នៅ​ស្ថានទូត​អាមេរិក ហើយ​ភាគី​ចិន និង​អាមេរិក​កំពុង​ចរចា​គ្នា​ពី​ករណី​លោក​ Guangcheng ។ ប៉ុន្តែ រហូត​មកដល់​ពេលនេះ ជាផ្លូវការ ទាំង​ភាគី​អាមេរិក និង​ចិន បាន​នៅស្ងៀម មិន​បញ្ជាក់​ព័ត៌មាន​នេះ។

ដំណឹង​លោក​Guangcheng កំពុងស្ថិត​នៅក្នុង​ស្ថានទូត​អាមេរិក ផ្ទុះ​កើតមាន នៅតែ​ប៉ុន្មាន​ថ្ងៃ​មុន​ដំណើរទស្សនកិច្ច​របស់​ ប្រមុខការបរទេស​អាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន អមដំណើរ​ដោយ​រដ្ឋមន្រ្តី​ថវិកា​អាមេរិក និង​អនុរដ្ឋមន្រ្តី ខាងសិទ្ធិមនុស្ស​អាមេរិក​នៅទីក្រុង​ប៉េកាំង (ពី​ថ្ងៃ​ទី ៣ និង​ទី ៤​មេសា)។ ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​សំខាន់ៗ​អាមេរិក​នៅ​ប្រទេស​ចិន ធ្វើ​ឡើង​ដើម្បី​ស្តារ​ឡើងវិញ ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​រវាង​ចិន និង​អាមេរិក ដែល​មិន​សូវ​ជាល្អ​ប៉ុន្មាន​កន្លងមក។

បើទោះបី ជា​អាមេរិក​មិនបាន​ប្រកាស​ទទួលស្គាល់​ថា លោក​ Guangcheng​កំពុង​ស្ថិតនៅក្នុង​ស្ថានទូត​អាមេរិក ប៉ុន្តែ លោកស្រី​ហ៊ីឡារី គ្លីនតុន​លើក​យក​ទៅ​និយាយ នៅក្នុង​ជំនួបរបស់​លោកស្រី​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ចិន វេន ជាប៉ាវ នៅថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​នេះ​ពី​ករណី​របស់​លោក​ Guangcheng និង​ករណី​ចាប់​លោក ហ៊ូ ជា និងសកម្មជន​ដទៃទៀត នៅ​ចុងសប្តាហ៍នេះ។ លោកស្រី ហីឡារី គ្លីនតុន​ផ្ទាល់​ធ្លាប់​លើកឡើង​ពីការបារម្ភ​ទាក់ទង​នឹង​ស្ថានភាព​រំលោភសិទ្ធិមនុស្ស​ទៅលើ​មេធាវីពិការភ្នែក Guangcheng។ ម្យ៉ាងទៀត បើ​តាម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ចិន ដែល​មាន​ទីតាំង​នៅ​អាមេរិក រដ្ឋបាល​របស់​លោក​អូបាម៉ា​ត្រូវ​លើក​យក​បញ្ហា​របស់​លោក​ Guangcheng  ទៅ​និយាយ​ដាច់ខាត​ជាមួយ​រដ្ឋអំណាច​ប៉េកាំង ព្រោះរឿង​នេះ វាទាក់ទង​នឹង​អាយុ​ជីវិត និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ចិន។ បើសិន​រដ្ឋមន្រ្តី​របស់​លោក​អូបាម៉ា​មិន​និយាយ​រឿង​រំលោភសិទ្ធិមនុស្ស​នៅ​ចិន​ជាមួយ​ថ្នាក់ដឹកនាំចិនទេ នោះ​គេ​ជឿថា លោក​អូបាម៉ា​អាច​បាត់បង់​ប្រជាប្រិយភាព ដោយសារ​គណបក្ស​សាធារណរដ្ឋ ដែល​ជាគណបក្ស​ប្រជែងលើក​​រិះគន់ ​ពី​បញ្ហានេះ នៅពេល​ការបោះឆ្នោត​ប្រធានាធិបតី​កាន់តែ​ខិត​ចូលមក​ដល់៕

នេះ​មិន​មែន​ជា​លើកទីមួយទេ ដែល​មាន​អ្នកប្រឆាំង​ចិន​រត់ទៅសុំ​ជ្រកកោន​នៅស្ថានទូត​អាមេរិក។ កាលពីខែ​កុម្ភៈ​មុននេះ មេប៉ូលិស​ខេត្ត​ចុងឈីងម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​​នយោបាយ​ផ្ទៃក្នុង​របស់​បក្ស​កុម្មុយនិស្ត​ចិន បាន​រត់ទៅ​លាក់ខ្លួន នៅស្ថានទូត​អាមេរិក។ កាលពីឆ្នាំ ១៩៨៩ សកម្មជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ចិន​​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ចលនាប្រឆាំង​របស់​និស្សិត​នៅទីលាន​ធានអានមេន ក៏ធ្លាប់ ទៅ​រត់​ជ្រកកោន នៅក្នុង​ស្ថានទូត​អាមេរិក។ កាលណោះ លោក​Fang Lizhi បាន​ស្ថិតនៅ​ក្រោម​ការឃុំគ្រង​សុវត្ថិភាព​ពី​ស្ថានទូត​អាមេរិក រយៈពេល​មួយឆ្នាំ មុន​នឹងត្រូវ​គេ​បញ្ជូន​ចេញ​ទៅ​អាមេរិក។

សំណុំរឿង​លោក​Fang​កាលណោះ​បាន​ធ្វើ​ឲ្យ​ចិន និង​អាមេរិក​មើល​មុខ​គ្នា​មិន​ចំ។ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​កាលណោះ​បាន​ក្លាយ​ជា​ល្អក់កករ។ រហូត​​មកដល់ពេលនេះ ទំនាក់ទំនង​រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ​មិនដែល​ល្អប្រសើរ​ម្តងណាទេ ព្រោះអាមេរិក​ឧស្សាហ៍​រិះគន់​ចិន​ពីរឿង​រំលោភ​សិទ្ធិ​មនុស្ស។ ករណី​លោក​Chen Guangcheng ត្រូវ​ទទួល​ឲ្យ​ជ្រកកោន​នៅក្នុង​ស្ថានទូត នឹង​អាច​ធ្វើ​ចិន និង​អាមេរិក​មើលមុខ​គ្នា​រឹតតែ​មិនចំ​មួយ​កម្រិតទៀត។

ប៉ុន្តែ បើតាម​អ្នកជំនាញ​តាមដាន​នយោបាយ​​អាមេរិក​វិញ លោកស្រី​គ្លីនតុន ប្រហែល​ជា​នឹងអាច​ដើរ​ខ្សែ​កណ្តាល គឺ​មិន​តឹងតែង​ពេក​ជាមួយ​ចិន ជាពិសេស​បញ្ហា​​សិទ្ធិមនុស្សនេះ ព្រោះ​អាមេរិក​ក៏​ចង់​ឲ្យ​ទំនាក់ទំនង​អាមេរិក​ល្អ​ប្រសើរ​ដែរ។ អាមេរិក​នៅត្រូវការ​ចិន ព្រោះ​ចិន​អាច​មាន​ទឹកមាត់ប្រៃ ដើម្បី​លួងលោម​កូរ៉េខាងជើង និង​អ៊ីរ៉ង់​ឲ្យ​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ទាំងពីរនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ