អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មជ្ឈិមបូព៌ា៖​វិបត្តិ​រវាង​កាតា និង​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​អង្គារ ទី៥ មិថុនា​ជា​ខួបគម្រប់​មួយ​ឆ្នាំ​គត់​នៃ​វិបត្តិ​ការទូត​រវាង​ប្រទេស​កាតា និង​ក្រុមប្រទេស​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​តំបន់​កាល​ពី​ថ្ងៃទី៥ មិថុនា ឆ្នាំ ២០១៧។ មួយ​ឆ្នាំ​ក្រោយ​មក សង្រ្គាម​ពាក្យសម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​ទីក្រុង​រីយ៉ាដ និង​ទីក្រុង​ដូហា។ អ្វី​ជា​ការ​កត់សម្គាល់ វិបត្តិ​មួយ​នេះ​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ការ​បែកបាក់​នៅ​ផ្ទៃក្នុង​នៃ​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​ទៀត​ផង។ នៅ​ថ្ងៃ​អង្គារ ទី៥ មិថុនា កាតា​ចង្អុល​មុខ​អារ៉ាប៊ីសាអូឌីត​ពី​បទ​មាន​ឥរិយាបទ​គ្មាន​ការ​ពិចារណា។

ស្តេច​ប្រទេស​កាតា Cheikh Tamim ben Hamad al-Thani
ស្តេច​ប្រទេស​កាតា Cheikh Tamim ben Hamad al-Thani Qatar News Agency/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃទី៥ មិថុនា ឆ្នាំ ២០១៧ ប្រទេស​អារ៉ាប៊ីសាអូឌីត និង ៥ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ គឺ​អេមីរ៉ាអារ៉ាប់រួម យេម៉ែន បារ៉ែន អេហ្ស៊ីប និង​ម៉ាល់ឌីវ​បាន​សម្រេច​កាត់​ផ្តាច់​ទំនាក់ទំនង​ការទូត និង​បិទខ្ទប់​ផ្លូវ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​កាតា។ ព្រឹត្តិការណ៍​កាលណោះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ត្រូវ​បាន​អារ៉ាប៊ីសាអូឌីត​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា មក​ពី​កាតា​បាន​គាំទ្រ និង​ចិញ្ចឹម​អង្គការ​ភេរវនិយម ដូច​យ៉ាង​អង្គការ​រដ្ឋអ៊ីស្លាម និង​អង្គការ​អាល់កៃដា។ ក្រៅ​ពី​ចោទ​ទីក្រុង​ដូហា​ពី​បទ​គាំទ្រ​អង្គការ​ភេរវនិយម ទីក្រុង​រីយ៉ាដ​ក៏​បាន​ចង្អុល​ចំ​មុខ​ទីក្រុង​ដូហា​ពី​បទ​មាន​សមានចិត្ត អាណិតអាសូរ​ដល់​ប្រទេស​អ៊ីរ៉ង់ និង​ចលនា​អ៊ីស្លាមជ្រុលនិយម​មួយ​ចំនួន។

ប្រទេស​អារ៉ាប៊ីសាអូឌីត​យល់​ថា ប្រទេស​អ៊ីរ៉ង់ និង​ចលនា​អ៊ីស្លាមជ្រុលនិយម​ជា​ប្រភព​នៃ​អស្ថិរភាព​នៅ​ក្នុង​តំបន់។ គួរ​រម្លឹក​ជូន​ថា វិបត្តិ​រវាង​អារ៉ាប៊ីសាអូឌីត និង​កាតា​ដែល​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី២ ពេល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វិបត្តិ​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​នៅ​ផ្ទៃក្នុង​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស​ដែល​បាន​បង្កើត​តាំង​ពី​ឆ្នាំ ១៩៨១។ តែ​វិបត្តិ​ស្រដៀង​គ្នា​នេះ​ធ្លាប់​បាន​កើត​មាន​ម្តង​កាល​ពី​ឆ្នាំ ២០១៤ ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត អេមីរ៉ាអារ៉ាប់រួម និង​ប្រទេស​បារ៉ែន​បាន​សម្រេច​ដក​ឯកអគ្គរាជទូត​របស់​ខ្លួន​ចេញ​ពី​ប្រទេស​កាតា។

កាតា​ប្រឹងរស់ និង​ពង្រឹង​ខ្លួន​ឯង​ដោយ​មិន​ចុះ​ញ៉ម​អារ៉ាប៊ីសាអូឌីត

គោលដៅ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​៥ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ គឺ​កាច់​បំបាក់ធ្មុង និង​ខ្ទប់ដង្ហើម​សេដ្ឋកិច្ច​កាតា​ដើម្បី​ឲ្យ​រាជាណាចក្រ​អារ៉ាប់​មួយ​ប្តូរ​ជំហរ​តាម​ខ្លួន។ តែ​តាម​ការ​សង្កេត​ជា​រួម អារ៉ាប៊ីសាអូឌីត​ដែល​បាន​តាំង​ខ្លួន​ជា​បងធំ​នៅ​ក្នុង​តំបន់​ហាក់​ពិបាក​កាច់ពត់​កាតា​ដូច​ដែល​ខ្លួន​បាន​គិត​ទុក ហើយ​កាតា​ក៏​ហាក់​មិន​បាន​ទុក​បណ្តោយ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ព្យាយាម​បង្វិល​ក្បាល​ខ្លួន​ដោយ​ងាយស្រួល​ដែរ។ តាំង​ពី​វិបត្តិ​បាន​ផ្ទុះ​ឡើង​ក្នុង​ថ្ងៃ​ដំបូង ទីក្រុង​ដូហា​តែង​ចេញ​មុខ​ប្រឆាំង​បក​វិញ ដោយ​មិន​ចុះ​ញ៉ម​នឹង​ការ​គំរាម​របស់​ទីក្រុង​រីយ៉ាដ​ទេ។

អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាអារ៉ាប់រួម​ធ្លាប់​បាន​ដាក់​លក្ខខណ្ឌ​ថា បើ​កាតា​យល់ព្រម​បិទកាណាល់​ទូរទស្សន៍ Al-Jazira បិទ​មូលដ្ឋាន​យោធា​តួកគី និង​កាត់បន្ថយ​ទំនាក់ទំនង​ល្អូកល្អឺន​ជាមួយ​អ៊ីរ៉ង់ នោះ​ពួក​គេ​នឹង​លើក​ទណ្ឌកម្ម​ចេញ​វិញ​ទាំង​អស់។ តែ​កាតា​បាន​ចាត់​ទុក​ជា​លក្ខខណ្ឌ​ដែល​មិន​អាច​ទទួល​យក​បាន ព្រោះ​វា​មាន​ន័យ​ស្មើ​នឹង​ការ​បោះបង់​អធិបតេយ្យភាព។ក្នុង​ថ្ងៃ​អង្គារ ទី៥ មិថុនា ២០១៨ ពោល​ក្នុង​ឱកាស​ខួប​គម្រប់ ១ឆ្នាំ​នៃ​វិបត្តិ​ជាមួយ​អារ៉ាប៊ីសាអូឌីត ទីក្រុង​ដូហា​បាន​ចេញ​មុខ​ព្រមាន​ទីក្រុង​រីយ៉ាដ​ពី​បទ​មាន​ឥរិយាបថ​គ្មាន​ការ​ពិចារណា។

កាតា​យល់​ថា ឥរិយាបទ​របៀប​នេះ​ជា​បាន​បំផ្លាញ​ឯកភាព​រវាង​ក្រុម​និន្នាការ​បស្ចិមលោក និង​ក្រុម​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស។ ការ​ព្រមាន​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​លេច​ឮ​ព័ត៌មាន​មួយ​ដែល​ថា អារ៉ាប៊ីសាអូឌីត​បាន​គំរាម​ផ្លូវយោធា​លើ​កាតា និង​បាន​សុំ​ឲ្យ​បារាំង​ជួយ​អន្តរាគមន៍​ដាក់​គំនាប​លើ​កាតា​ដែល​ចង់​បំពាក់​ប្រព័ន្ធ​ការពារ​ប្រឆាំង​យន្តហោះ​របស់​រុស្ស៊ី S-៤០០។ ពេញ​មួយ​ឆ្នាំ​នៃ​ការ​ស្ថិត​ក្រោម​ទណ្ឌកម្ម​ការទូត និង​សេដ្ឋកិច្ច​របស់​ក្រុមប្រទេស​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត កាតា​បាន​ប្រឹងប្រែង​រស់​ដោយ​ខ្លួន​ឯង​ដោយ​ងាក​ទៅ​រក​អ្នក​ផ្សេង ពិសេស​ពង្រឹង​វិស័យ​ការពារជាតិ​របស់​ខ្លួន។

ពិត​ណាស់​ថា សេដ្ឋកិច្ច​របស់​កាតា​បាន​ពឹង​លើ​ការ​នាំ​ទំនិញ​គ្រប់​យ៉ាង​ពី​បរទេស​មែន តែ​រាជាណាចក្រ​អារ៉ាប់​មួយ​នេះ​ជា​ប្រទេស​នាំ​ឧស្ម័ន​ចេញ​ទី១ ក្នុង​លោក។ នៅ ៦ខែ​ដើម​ឆ្នាំ ២០១៧ ទីក្រុង​ដូហា​បាន​ចុះ​កុងត្រា​ទិញ​នាវាចម្បាំង​ពី​អ៊ីតាលី​ចំនួន ៧គ្រឿង​ក្នុង​ទឹកប្រាក់ ៥ ០០០លានអឺរ៉ូ ទិញ​យន្តហោះចម្បាំង​អាមេរិក F-១៥ ប្រមាណ ១៥គ្រឿង​ក្នុង​ទឹកប្រាក់ ១២ ០០០លានអឺរ៉ូ និង​ទិញ​យន្តហោះចម្បាំង​អង់គ្លេស​ចំនួន ២៤គ្រឿង​ក្នុង​ទឹកប្រាក់ ៥ ៥០០លានអឺរ៉ូ។ ឥឡូវ​នេះ កំពុង​ចរចា​ទិញ​យន្តហោះ​ចម្បាំង S-៤០០ ពី​ប្រទេស​រុស្ស៊ី​ថែម​ទៀត។

ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​បាន​បែកបាក់​ដោយ​វិបត្តិ​កាតា និង​អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត​ហាក់​មិន​ដឹង​ប្រើ​វិធានការ​អ្វី​ផ្សេង​ដើម្បី​សង្កត់​កាតា។ វិធានការ​ការទូត​ក៏​កាតា​មិន​ឯកោ ហើយ​វិធានការ​សេដ្ឋកិច្ច​ក៏​កាតា​មិន​ស្លាប់​ដែរ។ មួយ​ឆ្នាំ​ក្រោយ​មក គ្មាន​ភាគី​ណា​មួយ​សុខចិត្ត​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ទេ សូម្បី​តែ​ប៉ុន​សរសៃ​សក់​ក៏​គ្មាន​ដែរ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ដំឡើង​សាច់ដុំ​ដាក់​គ្នា។ ទន្ទឹម​គ្នា​នេះ គំនិត​ផ្តួចផ្តើម​របស់​អារ៉ាប៊ីសាអូឌីត​ក្នុង​ការ​ដាក់​កាតា​ឲ្យ​នៅ​ឯកោ​ផ្លូវទូត និង​ខ្ទប់ដង្ហើម​សេដ្ឋកិច្ច​មិន​ត្រឹម​តែ​មិន​បាន​ធ្វើ​ឲ្យ​កាតា​ស្លាប់​ទេ តែ​បាន និង​កំពុង​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​នៃ​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​ទៀត​ផង។

ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​ជា​ស្ថាប័ន​មួយ​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៨១ និង​មាន​សមាជិក​ចំនួន ៦ប្រទេស គឺ​អារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាអារ៉ាប់រួម កូវ៉ែត អូម៉ង់ និង​ប្រទេស​កាតា។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា វិបត្តិ​រវាង​អារ៉ាប៊ីសាអូឌីត និង​កាតា​ជា​វិបត្តិ​ដែល​កំពុង​គ្មាន​ច្រក​ចេញ និង​ដែល​ប្រទេស​នីមួយៗ​ក្នុង​តំបន់​ត្រូវ​តែ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន និង​ត្រូវ​បន្ត​រស់ជាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ