អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើសមាជិករាជវង្សអារ៉ាប៊ីសាអូឌីតពិតជាបានឧបត្ថម្ភក្រុមអាល់កៃដា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​មន្ទីរ​ឃុំឃាំង​នៅ​រដ្ឋ​ខូឡូរាដូ (Colorado) អ្នក​ទោស​ជនជាតិ​បារាំង​ឈ្មោះ​ Zacarias Moussaoui បាន​និយាយ​សារភាព​ក្រោម​ការ​ស្បថស្បែ​ថា​ មាន​ព្រះ​អង្គម្ចាស់​មួយ​ចំនួន​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ធ្លាប់​បាន​ផ្តល់​លុយកាក់​ឧបត្ថម្ភ​ក្រុម​ភេរវករ​អាល់កៃដា និង​បាន​ចូលរួម​ក្នុង​ការរៀបចំ​ វាយ​ប្រហារ​លើ​ទឹកដី​អាមេរិក។​ ការ​សាកសួរ​អ្នកទោស​រូបនេះ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើបអង្កេត​ ក្រោយ​ពី​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ក្រុង​ញ៉ូវយក​ ​​ពី​សំណាក់​សាច់​ញាតិ​ជនរងគ្រោះ​ព្រឹត្តិការណ៍​វាយប្រហារ​ថ្ងៃ​ទី​១១ កញ្ញា​។ ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ផ្តឹង​ប្រឆាំង​នឹង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ពាក់​ព័ន្ធ​នឹង​ភេរវកម្ម​កាលពី​ជាង​ ១៣ ​ឆ្នាំ​មុន​នៅ​សហរដ្ឋ​អាមេរិក។ 

Zacarias Moussaoui អ្នកទោស​ជនជាតិ​បារាំង​ នៅមន្ទីរឃុំឃាំងនៅរដ្ឋ​colorado
Zacarias Moussaoui អ្នកទោស​ជនជាតិ​បារាំង​ នៅមន្ទីរឃុំឃាំងនៅរដ្ឋ​colorado REUTERS/Sherburne
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សំណៅ​ឯកសារ​ចំនួន​ ១២៧ ទំព័រ​ ដែល​បាន​កត់ត្រា​ចម្លង​ឡើង​វិញ​នៃ​ចំលើយ​សារភាព​ អ្នកទោស​ជនជាតិ​បារាំង​ Zacarias Moussaoui បាន​អះអាង​ថា​ មាន​សមាជិក​រាជវង្សា​នុវង្ស​អារ៉ា​ប៊ីសាអូ​ឌីត​មួយ​ចំនួន​ធ្លាប់​បាន​បរិចាក​ថវិការ​ជួយ​ឧបត្ថម្ភ​ក្រុម​អង្គការ​អាល់​កៃដា​របស់​អ៊ូសាម៉ា បិន ឡាដិន ក្នុង​អំឡុង​ទសវត្សន៍​ទី៩០។ ​អ្នកទោស​អាយុ​ ៤៦ ឆ្នាំ​រូប​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​ លុយ​កាក់​ដែល​ទទួល​បាន​គឺ​សំរាប់​ទិញ​អាវុធ​ ចំណី​អាហារ​ ឬ​ផ្តល់​ប្រាក់​ខែ​ដល់​សមាជិក​បណ្តាញ​ភេរវកម្ម​អាល់​កៃដា។

ទិន្នន័យ​ក្នុង​កុំព្យូទ័រ
នៅ​ក្នុង​ចំលើយ​សារភាព​នៅ​ចំពោះ​មុខ​ក្រុម​មេធាវី​ អ្នកទោស​ Moussaoui ​រូបនេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​ កាល​នោះ​ ប្រមុខ​អាល់កៃដាគឺ អ៊ូសាម៉ា បិន ឡាដិន ​បាន​ផ្តល់​ភារកិច្ច​អោយ​ខ្លួន​ធ្វើ​បញ្ជី​ទិន្នន័យ​មួយ​ប្រមូល​ផ្តុំ​ឈ្មោះ​អ្នក​បរិច្ចាក​ថវិការ​អោយ​អង្គការ​ភេរវកម្ម​របស់​ខ្លួន​។​ ការ​ប្រមូល​ទិន្នន័យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​រាល់​កុំព្យូទ័រ​ទាំង​អស់​របស់​ក្រុម​អាល់កៃដា។​ បើ​តាម​សំដី​របស់​អ្នក​ទោស​រូបនេះ​ អ៊ូសាម៉ា បិន ឡាដិន ​ចង់​រក្សា​ទុក​សំណៅ​ឯកសារ​ឈ្មោះ​អ្នក​ឧបត្ថម្ភ​លុយ​កាក់​អោយ​បណ្តាញ​របស់​ខ្លួន​ ដើម្បី​ងាយ​ស្រួល​ដឹងថា​ តើ​ខ្លួន​ត្រូវ​ស្តាប់​សំដី​នរណា​មុនគេ​ ហើយ​អ្នកណា​ខ្លះ​បាន​ផ្តល់​ថវិការ​ធ្វើ​សង្គ្រាម​ជីហាដ។​

នៅក្នុង​បញ្ជី​នោះ​មាន​ឈ្មោះ​ព្រះអង្គ​ម្ចាស់​ Turki Al-Faisal អតីតៈ​ប្រធាន​ផែ្នក​ព័ត៌មាន​សំងាត់​អារ៉ាប៊ី​សាអូឌីត​ និង​ព្រះអង្គម្ចាស់​ Bandar Ben Sultan អតីតៈ​ឯកអគ្គ​រាជទូត​អារ៉ាប៊ីសាអូឌីត​ប្រចាំ​សហរដ្ឋ​អាមេរិក។​ បើតាម​អ្នកទោស​អតីតៈ​សមាជិក​អាល់កៃដា​រូបនេះ​បាន​អោយ​ដឹង​ថា​ ​ព្រះអង្គម្ចាស់​ទាំង​ពីរ​នេះ​បាន​ផ្តល់​ប្រាក់​ម្តង​ពី ២ ទៅ​ ៣​ លាន​ដុល្លារ។​ ​ម៉្យាងទៀត ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ភាគធំ​ជិតស្និត​ជាមួយ​នឹង​ អ៊ូសាម៉ា បិន ឡាដិន សុទ្ធសឹង​តែ​ជាមនុស្ស​មាន​ប្រភព​មកពី​ក្រុមគ្រួសារ​អ្នក​ធំ​ខ្ពង់​ខ្ពស់​នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​។

អ្នកទោស​ Moussaoui ក៏​បានរៀបរាប់​ដែរ​ថា​ អ៊ូសាម៉ា បិន ឡាដិន ​ធ្លាប់​បាន​អោយ​ខ្លួន​នាំសារ​សំងាត់​ជាច្រើន​ដង​ទៅ​អោយ​មន្រ្តី​ជាន់ខ្ពស់​អារ៉ាប៊ី​សាអូឌីត​ ដោយ​ក្នុង​នោះ​ខ្លួន​ធ្លាប់​បាន​ជួប​ផ្ទាល់​ជាមួយ​ព្រះអង្គ​សាលម៉ាន។​ ​សូម​កុំភេ្លច​ថា​ បច្ចុប្បន្ន​នេះ​ ព្រះអង្គ​​សាលម៉ានបាន​ក្លាយ​ជា​ព្រះ​មហា​ក្សត្រ​ថ្មី​គ្រប់​គ្រង​ប្រទេស​អារ៉ាប៊ី​សាអូឌីត។​ ព្រះចៅ​ថ្មី​នេះ​ទើប​បាន​ឡើង​គ្រោងរាជ្យ​កាលពី​ជាង​ពីរសប្តាហ៍​មុននេះ ក្រោយ​ការ​ចូល​ទី​វង្គត​របស់​ព្រះចៅ​អាប់​ដាឡា កាល​ពី​ថ្ងៃ​ទី​២៣ មករា។

វាយ​ប្រហារ​យន្តហោះ​ Air Force One
អ្នកទោស​រូបនេះ​ក៏​បាន​រៀបរាប់​ផងដែរថា​ នាទីក្រុង​កាន់ដាហា​ ប្រទេស​អាហ្គានីស្ថាន ​ខ្លួនធ្លាប់​បាន​ពិភាក្សា​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ បំរើការ​នៅ​ស្ថានទូត​អារ៉ាប៊ី​សាអូឌីត​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​។​ នៅ​ក្នុង​ជំនួប​នោះ​ Moussaoui បាន​និយាយ​ពី​គំរោង​របស់​ខ្លួន​ចង់​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ស្វែងរក​ទៅតាំង​អំណោយផល​ក្នុង​បាញ់​គ្រាប់​មីស៊ីល​ Stinger វាយប្រហារ​លើ​យន្តហោះ​ប្រធានាធិបតី​ធាមេរិក Air Force One។ ប៉ុន្តែ​ ជា​សំណាង​អាក្រក់​ Moussaoui ត្រូវ​បាន​ចាប់​ខ្លួន​មុន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន។

ពាក្យ​បណ្តឹង​ទៅ​តុលាការ​
ការ​អះអាង​ខាងលើ​នេះ​ត្រូវ​បាន​លាតត្រដាង​ក្នុង​ជំនួប​មួយរវាង​អ្នកទោស​ ​ Zacarias Moussaoui ជាមួយ​ក្រុម​មេធាវី​ការពារក្តី​អោយ​គ្រួសារ​ជនរង​គ្រោះ​ ក្នុង​ព្រឹត្តិការណ៍​វាយប្រហារ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០០១។ ជំនួប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មន្ទីរ​ឃុំឃាំង​ Supermax Florence ក្នុង​រដ្ឋ​ខូឡូរាដូ កាលពី​ចុងខែ​តុលា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​នេះ។ ក្រៅ​ពី​គ្រួសារ​ជន រង គ្រោះ​ ក្រុម​មេធាវី​ទាំង​នោះ​ក៏​ជា​អ្នកតំណាង​ក្តី​អោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​ចំនួន​ ដែល​បាន​ចេញ​សំណង​បង់ខាត​កម្មសិទ្ធិ​ដីធ្លី​ឯកជន និង​សហគ្រាស។​

ការ​ដាក់​ពាក្យ​បណ្តឹង​នេះ​គឺ​ សំដៅ​ស្វែងរក​មុខ​អ្នក​គ្រប់​គ្រង​ និង​អ្នក​ផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុម​ភេរវកម្ម​អាល់កៃដា។ ​នៅ​ក្នុង​បណ្តឹង​របស់​ខ្លួន​ ក្រុម​មេធាវី​កំពុង​ព្យាយាម​លាតត្រដាង​អោយ​ឃើញ​ពី​តួនាទី​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ព្រឹត្តិការណ៍​ភេរវកម្ម​ថ្ងៃទី​១១ កញ្ញា។ ​កាលពីថ្មីៗ​នេះ ចំលើយ​សារភាព​របស់​អ្នកទោស​ Zacarias Moussaoui ​ត្រូវ​បាន​តុលាការ​ក្រុង​ញ៉ូវយក​អនុញ្ញាតិ​អោយ​ផ្សព្វផ្សាយ​ជាសាធារណៈ។

លោក James Kreindler មេធាវី​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេធាវី​បាន​គូស​បញ្ជាក់​កាលពី​សប្តាហ៍​មុន​នេះថា​ សក្ខីកម្ម​របស់​អ្នកទោស​ Moussaoui​ ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​វា​អាច​បញ្ជាក់​ពី​ផ្ទៃក្នុង​នៃ​ចំណង​ទាក់​ទង​គ្នា​រវាង​មន្រ្តី​ជាន់​ខ្ពស់​របស់​អារ៉ាប៊ី​សាអូឌីត​ និង​បណ្តាញ​អាល់កៃដា​នៅ​ក្នុង​សម័យ​កាល​សំខាន់​មួយ។ បើតាម​មេធាវី​រូបនេះ​ កាលពី​ចុង​ទសវត្សន៍​ទី​ ៩០ គេ​តែង​ឃើញ​មាន​សមាជិក​រាជវង្សានុវង្ស​​អារ៉ាប៊ី​សាអូឌីត​បាន​បរិចាក​ថវិការ​ជួយ​គាំទ្រ​អង្គការ​ភេរវកម្ម។​ ទង្វើ​បែបនេះ​ត្រូវ​បាន​គេ​យល់​ថា​ ជា​វិធី​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​ទទួល​បាន​ការគាំទ្រ​ពី​ក្រុម​មន្រ្តី​សាសនា​អារ៉ាប៊ី​សាអូឌីត និង​ជាពិសេស​ពួក​គេ​អាច​ទទួល​បាន​មុខតំណែង​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល។

តួលេខ​សំខាន់ៗ​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ថ្ងៃ​ទី​១១ កញ្ញា
ចំនួន​ជន​រងគ្រោះ៖ ២ ៩៨១ នាក់
ចំនួន​ភេរវករ​ចាប់​ជំរិត​លើ​យន្តហោះ៖ ១៩ នាក់
ចំនួន​ជនជាតិ​អារ៉ាប៊ី​សាអូឌីត​ក្នុង​ចំណោម​ភេរវករ៖ ១៥ នាក់
ប្រភព៖ គណកម្មការ​ជាតិ​សិក្សា​ពី​ការ​វាយប្រហារ​ភេរវកម្ម​ប្រឆាំង​នឹង​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ