អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រវត្តិ​នៃ​ទំនាក់​ទំនង រវាង អាមេរិក និង​អាស៊ី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​អាមេរិកាំង​ទើប​តែ​បាន​បញ្ចប់​ទស្សនកិច្ច​របស់​ខ្លួន​នៅ​អាស៊ី។ ក្នុង​ឱកាស​ទស្សនកិច្ច​នេះ លោក​អូបាម៉ា​បាន​និយាយ​បំភ្លឺ​អំពី​ជំហរ​របស់​អាមេរិក​នៅ​ក្នុង​បញ្ហា​ដ៏​ស្រួច​ស្រាល់​មួយ​ចំនួន។ លោក​បាន​អះអាង​ថា អាមេរិក​ជាប់​កាតព្វកិច្ច​ត្រូវ​ជួយ​ការពារ​ជប៉ុន ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​សំណាក់​ប្រទេស​ទី​បី​ទៅ​លើ​ប្រជុំ​កោះ​សេនកាគូ​ដែល​កំពុង​ឋិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​ជប៉ុននិង​ដែល​ជប៉ុន​កំពុង​ជាប់​ជម្លោះ​ ជាមួយ​ចិន​។ លោក​ អូបាម៉ា ក៏​​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា អាមេរិក​នឹង​ប្រើ​កម្លាំង​យោធា​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង បើ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ហ៊ាន​ប៉ះ​ពាល់​ដល់​សន្តិសុខ​របស់​កូរ៉េ​ខាង​ត្បូង។ ដូច​គ្នា​អ៊ីចឹង​ដែរ ជាមួយ​ហ្វីលីពីន លោក​អូបាម៉ា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ការពារ​ជាតិ​ថ្មី​មួយ​ដែល​បើក​សិទ្ធិ​ឱ្យ​នាវា​និង​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ចូល​ចត​នៅ​ក្នុង​ទឹក​ដី​​ហ្វីលីពីន។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់​សូម​ឆ្លៀត​និយាយ​បក​ស្រាយ​ពី​ទំនាក់​ទំនង​រវាង​អាមេរិក​និង​តំបន់​អាស៊ី។

អូបាម៉ាថ្លែងសុន្ទរកថានៅមូលដ្ឋានទ័ពអាមេរិកាំងនៅកូរ៉េខាងជើងថ្ងៃ២៦មេសា២០១៤។
អូបាម៉ាថ្លែងសុន្ទរកថានៅមូលដ្ឋានទ័ពអាមេរិកាំងនៅកូរ៉េខាងជើងថ្ងៃ២៦មេសា២០១៤។ @RFI
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​ដែល​ទើប​តែ​បញ្ចប់​របស់​លោក​អូបាម៉ា​នៅ​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាឡេស៊ី និង​ហ្វីលីពីន​ស្តែង​ឱ្យ​ឃើញ​ថា អាមេរិក​កំពុង​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​អាស៊ី។ ចំពោះ​រដ្ឋការ​អូបាម៉ា​អាណត្តិ​ទី​ពីរ ឥទ្ធិពល​អាមេរិកាំង​នៅ​អាស៊ី ត្រូវ​លាត​សន្ធឹង​ពី​ឥណ្ឌា​និង​សមុទ្រ​ឥណ្ឌា រហូត​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ប៉ាស៊ីហ្វិក​របស់អាមេរិក ដោយ​ឆ្លង​កាត់​អាស៊ី​អាគ្នេយ៍ សមុទ្រ​ចិន អាស៊ី​បូព៌ា មហា​សមុទ្រ​អូសេអានី​និង​អូស្រ្តាលី។ 

មាន​មូលហេតុ​បី​សំខាន់ៗ​ដែល​អាច​ពន្យល់​បំភ្លឺ​មហិច្ឆតា​អាមេរិកាំងនៅ​អាស៊ី។ ទីមួយ គឺ​មូលហេតុ​ប្រវត្តិសាស្រ្ត​ដែល​បាន​តម្រូវ​ឱ្យ​អាមេរិក​ដើរ​តួនាទី​ជា​មហាអំណាច​នៅ​ក្នុង​តំបន់​នេះ តាំង​ពី​ចុង​សតវត្សរ៍​ទី​១៩​មក​ម្ល៉េះ។ ទីពីរ គឺ​មូលហេតុ​នយោបាយ​និងយោធា បាន​ន័យ​ថា​​សម្ព័ន្ធមិត្ត ​នៅ​ក្នុង​តំបន់​របស់​ទីក្រុង​វ៉ាស៊ីនតោន រួម​មាន​ជា​អាទិ៍​ជប៉ុន កូរ៉េ​ខាង​ត្បូង​និង
​ហ្វីលីពីន​ត្រូវ​ការ​អាមេរិក​កាន់​តែ​ខ្លាំង​នៅ​ចំពោះ​មុខ​ការ​លេច​ត្រដែត​ឡើង​របស់​ចិន និង​នៅ​ចំពោះមុខ​ការ​គំរាម​កំហែង​ពី​សំណាក់​កូរ៉េ​ខាង​ជើង។ រី​ឯ​មូលហេតុ​ទី​បី​វិញដែល​ជំរុញ​អាមេរិក ឱ្យ​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​អាស៊ី​គឺ​ប្រយោជន៍​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច ដ្បិត​តំបន់​នេះ​កំពុង​ស្គាល់​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​បង្អស់ នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ។

តាម​ពិត​ទៅ អាមេរិក​មិន​ដែល​បោះបង់​ចោល​អាស៊ី​ទេ។ ប៉ុន្តែ​អាស្រ័យ​ទៅ​តាម​កាលៈទេសៈ​ភូមិសាស្រ្ត​នយោបាយ អាមេរិក​ជួន​កាល​បាន​រំសាយ​និង​ជួន​កាល​ទៀត​បាន​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មួយ​នេះ។

ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ អាមេរិក​ដែល​បាន​វាយ​កំទេច​ជប៉ុនតាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​នៅ​Hiroshima​និង​Nagasaki បែរ​ជា​សម្រេច​ចិត្ត​ជួយ​កសាង ​និង​ជួយ​ការពារ​ប្រទេស​អាស៊ី​មួយ​នេះ​ទៅ​វិញ។ នៅ​ក្នុង​ស្មារតី​នៃ​ថ្នាក់ដឹកនាំ​អាមេរិក​ជំនាន់​នោះ ជប៉ុន​ត្រូវ​តែ​ក្លាយ​ជា​ចន្ទល់​មួយ​ដ៏​មាំ​របស់​អាមេរិក​នៅ​អាស៊ី។ មូលហេតុ​ធំ គឺ​មក​ពី​សង្គ្រាម​ត្រជាក់​រវាង​អាមេរិក​និង​សូវៀត​កំពុង​ផ្តើម​ឡើង និង​មក​ពី​លទ្ធិ​កុម្មុយនិស្ត​កំពុង​ផ្តើម​លាត​សន្ធឹង​ទៅ​ដល់​អាស៊ី តាម​រយៈ​ការប្រកាសបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិនដោយ​ម៉ៅ សេទុង នៅ​ឆ្នាំ​១៩៤៩។

មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩៥០ អាមេរិក​ពង្រឹង​វត្តមាន​របស់​ខ្លួន នៅ​អាស៊ី ដោយ​បាន​ដឹក​មុខ​កង​កម្លាំង​អន្តរជាតិ​មួយ​ទៅ​ជួយ​រំដោះ​កូរ៉េ​ខាងត្បូង​ឲ្យ​រួច​ផុត​ពី​ការ​ឈ្លានពាន​របស់​កូរ៉េ​ខាងជើង​កុម្មុយនិស្ត​ដែល​គាំ​ទ្រ​ដោយ​សូវៀត​និង​ចិន។ ម៉្លោះ​ហើយ​បាន​ជា​តាំង​ពី​សម័យ​សង្គ្រាម​កូរ៉េ​រហូត​មក​ទល់​សព្វ​ថ្ងៃ អាមេរិក​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​រក្សា​ស្ថិរភាព​ និង​សន្តិភាព​នៅ​តំបន់​អាស៊ី​ចុង​បូព៌ា។

ក្រោយ​មក​ទៀត ​អាមេរិក​ចូល​ជ្រៅ​ដល់​តំបន់​អាស៊ី​អាគ្នេយ៍ ​តាម​រយៈ​សង្គ្រាម​នៅ​ឥណ្ឌូចិន។ កាលណោះ ក្រោយ​បរាជ័យ​របស់​កងទ័ព​អាណានិគម​បារាំង​នៅ​Dien Bien Phu ឆ្នាំ​១៩៥៤ អាមេរិក​ចេញ​មុខ​ការពារ​កុំ​ឱ្យ​វៀតណាម​ខាង​ត្បូង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​វៀតណាម​ខាង​ជើង​កុម្មុយនិស្ត។

ក៏​ប៉ុន្តែ នៅ​ចំពោះ​មុខ​ការ​គាប​សង្កត់​របស់​មតិ​អន្តរជាតិ និង​ភាព​សាហាវ​យង់ឃ្នង​នៃ​សង្គ្រាម​ដែល​បាន​រីករាល​ដាល​ទៅ​ដល់​កម្ពុជា​ និង​ឡាវ អាមេរិក​ត្រូវ​បង្ខំ​ចិត្ត​ដក​ទ័ព​ចេញ​ពី​ឥណ្ឌូចិន ហើយ​បណ្តោយ​ឱ្យ​វៀតណាម​ខាងត្បូង កម្ពុជា និង​ឡាវ​ក្លាយ​ជា​កុម្មុយនិស្ត​នៅ​ឆ្នាំ​១៩៧៥។

ពី​ពេល​នោះ​មក អាមេរិក​ផ្តើម​កាត់​បន្ថយ​ទម្ងន់​យុទ្ធសាស្រ្ត ​និង​យោធា​របស់​ខ្លួន​នៅ​អាស៊ី។ ជាក់ស្តែង នៅ​ពេល​ដែល​វៀតណាម​ចូល​រំលំ​របប​ខ្មែរ​ក្រហម ​និង​កាន់កាប់​ប្រទេស​កម្ពុជា  ​នៅ​ឆ្នាំ​១៩៧៩ អាមេរិក​ឈរឱប​ដៃ​មើល មិន​ព្រម​ធ្វើ​អ្វី​ទាំង​អស់។

ក្រោយ​មក​ទៀត អាមេរិក​ក៏​ថែម​ទាំង​សម្រេច​កាត់​បន្ថយ​ទម្ងន់យុទ្ធសាស្រ្ត​យោធា​របស់​ខ្លួន នៅ​អាស៊ី​ចុង​បូព៌ា​ទៀត​ផង។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ឆ្នាំ​១៩៧២ អាមេរិក​សម្រេច​ប្រគល់​កោះ​Okinawa ដែល​ខ្លួន​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៤៥​មក​ម៉្លេះ ទៅ​ឱ្យ​ជប៉ុន​វិញ។

តាំង​ពី​ឆ្នាំ​២០០១​មក អាមេរិក​បាន​និង​កំពុង​បន្ត​ពង្រឹង​វត្តមាន​របស់​ខ្លួន​ឡើង​វិញ​នៅ​អាស៊ី ដើម​ដំបូង​តាម​រយៈ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ​របស់​រដ្ឋការ​លោក​ប៊ូស និង​ឥឡូវ​នេះ
តាម​​រយៈ​យុទ្ធសាស្រ្ត​អាទិភាព​នៅ​អាស៊ី​របស់​រដ្ឋការ​លោក​អូបាម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ