អានតួអត្ថបទ
អេហ្ស៊ីប

អង្គការ​សហប្រជាជាតិ អាមេរិក អ៊ីរ៉ង់​ថ្កោលទោស​ការកាត់ទោស​ប្រហារជីវិត​​នៅ​អេហ្ស៊ីប​

នៅថ្ងៃ​អង្គារ​នេះ ​ផ្នែកការទូត​អ៊ីរ៉ង់​បាន​​ព្រមាន​​អេហ្ស៊ីប​ថា ការដែល​អេហ្ស៊ីប​បាន​សម្រេច​ដាក់ទោស​ប្រហារជីវិត​ដល់​សកម្មជន​បក្ស​ភាតរអ៊ីស្លាម​ជិត​៧០០នាក់ កាលពីថ្ងៃ​ចន្ទ​នោះ អាច​នឹង​ធ្វើអោយ​សត្រូវ​ទាំងឡាយ​របស់​អេហ្ស៊ីប​បង្ក​សកម្មភាព​​​ជំរុញ​អោយអេហ្ស៊ីប​កាន់តែ​ជួប​ស្ថានភាព​ដុនដាប​ថែមទៀត។ កាលពីថ្ងៃ​ចន្ទ​ តុលាការ​អេហ្ស៊ីប​បាន​សម្រេច​កាត់ទោស​អោយ​សកម្មជន​ភាតរអ៊ីស្លាម​របស់​អតីត​ប្រធានាធិបតី​មរស៊ី ទទួលទោស​ប្រហារជីវិត។ សហគមន៍​អន្តរជាតិ​បានប្រតិកម្ម​​ថ្កោលទោស​ចំពោះ​ការកាត់ទោស​នេះ។

អគ្គមគ្គុទេសក៍​ជាន់ខ្ពស់​នៃ​បក្ស​ភាតរអ៊ីស្លាម ម៉ូហាមេដ បាឌី ត្រូវតុលាការ​អេហ្ស៊ីប​ដាក់​​ទោស​ប្រហារជីវិត​កាលពីថ្ងៃ​ចន្ទ ជាមួយ​សកម្មជន​គាំទ្រ​លោក​មរស៊ី ៦៨២រូប​ទៀត។
អគ្គមគ្គុទេសក៍​ជាន់ខ្ពស់​នៃ​បក្ស​ភាតរអ៊ីស្លាម ម៉ូហាមេដ បាឌី ត្រូវតុលាការ​អេហ្ស៊ីប​ដាក់​​ទោស​ប្រហារជីវិត​កាលពីថ្ងៃ​ចន្ទ ជាមួយ​សកម្មជន​គាំទ្រ​លោក​មរស៊ី ៦៨២រូប​ទៀត។ REUTERS/The Interior Ministry/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​ចន្ទ តុលាការ​អេហ្ស៊ីបបាន​សម្រេច​កាត់ទោស​សកម្មជន​គាំទ្រ​អតីត​ប្រធានាធិបតី​​មរស៊ី ​៦៨៣នាក់ អោយ​ទទួលទោស​ប្រហារជីវិត ពីបទ​បាន​សម្លាប់​ប៉ូលិស​មួយរូប និងពីបទ​​ចូលទៅ​ប៉ុស្តិ៍​ប៉ូលិសមួយ​កន្លែង ​​​​​​ដោយ​ខុសច្បាប់​ នៅ​ភាគកណ្តាល​ប្រទេស​ កាលពី​ថ្ងៃ​១៤សីហា​ ឆ្នាំ​២០១៣។ ក្នុង​ចំណោម​សកម្មជន​ទាំង​៦៨៣នាក់ មាន​លោក ម៉ូហាមេដ បាឌី អគ្គមគ្គុទេសក៍​ជាន់ខ្ពស់​នៃ​បក្ស​ភាតរអ៊ីស្លាម។ កាលពី​ខែ​មិនា តុលាការ​អេហ្ស៊ីបក៏​ធ្លាប់​បាន​កាត់ទោស​អោយ​សកម្មជន​៥២៩នាក់ ផ្សេងទៀត ទទួល​ទោស​​ប្រហារជីវិត​ ពីបទ​ចោទប្រកាន់​នេះដូចគ្នា​ដែរ។

ការដាក់ទោស​ប្រហារជីវិត​កាលពីថ្ងៃ​ចន្ទ ត្រូវបាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា។ នៅ​ថ្ងៃ​អង្គារ​នេះ ​អ៊ីរ៉ង់​ជាប្រទេស​ដែល​​គាំទ្រ​អតីតប្រធានាធិបតី​អេហ្ស៊ីប​មរស៊ី នោះ បានលើកឡើង​ថា ​​ការសម្រេចទោស​បែបនេះអាចបង្ក​ផលវិបាក​ដល់​នយោបាយ​និងសង្គម ហើយ​អាច​ជំរុញ​អោយ​​សត្រូវ​នានា​របស់អេហ្ស៊ីប​ធ្វើសកម្មភាព​រុញអោយ​ស្ថានភាព ​អេហ្ស៊ីប​កាន់តែ​ដុនដាប។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក បាន គីមូន ក៏បាន​បរិហារ​ការកាត់ទោស​​នេះដែរថា ​មិនមែន​ជា​​ការកាត់ទោស​ប្រកប​ដោយ​សមធម៌ទេ។ លោក ណាវី ពីឡាយ ជា​បេសកជន​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ​បាន​​​ថ្កោលទោស​ចំពោះ​ការកាត់ទោស​​ប្រហារជិវិត​នេះ​​ ដោយ​លើកឡើងថា ​វា​ជារឿង​អាស្រូវ​ ដែល​តុលាការ​ខេត្ត​មីនយ៉ា អេហ្ស៊ីប​ ដាក់ទោស​ប្រហារជីវិត​ដល់ទៅ​២លើក លើ​មនុស្ស​សន្ធឹក​សន្ធាប់​ តែ​ក្នុង​រយៈពេល​​២ខែ​ប៉ុណ្ណោះ។

អាមេរិក​ក៏បាន​ប្រតិកម្ម​ទៅនឹង​ការកាត់ទោស​នេះដែរ។ ក្រុងវ៉ាស៊ីនតោន​​បាន​ទាមទារ​អោយ​អេហ្ស៊ីប​លុបចោល​ទោស​ប្រឆាំងនឹង​សកម្មជន​ភាតរអ៊ីស្លាម​សរុប​១២០០នាក់ ដែល​តុលាការ​បានកាត់ទោស​ប្រហារជី​វិត​កន្លងមកនេះ។ អាមេរិក​លើកឡើង​ថា ​ការកាត់ទោសប្រហារជីវិត​​ជនជាប់ចោទ​​៦៨៣នាក់ កាលពី​ថ្ងៃ​ចន្ទ​ ​វា​មិន​ដើរស្រប​នឹង​កាតព្វកិច្ច​អេហ្ស៊ីប​ក្នុង​​ការ​ទទួល​ខុសត្រូវ​​ផ្នែក​សិទ្ធិមនុស្ស​​ទេ។ ​​អាមេរិក​ជំរុញ​អោយ​អេហ្ស៊ីបទទួលស្គាល់​ថា ការបង្ក្រាប​បាតុកម្ម​តវ៉ា​ដោយ​សន្តិភាព​​ក្នុង​ស្រុក គឺ​ជា​ទង្វើ​ដែល​រឹត​តែ​ជំរុញ​អោយ​អេហ្ស៊ីប​រង​អស្ថិរភាព​សន្តិសុខ​បន្ថែមទៀត។

នៅ​ល្ងាច​ថ្ងៃ​ចន្ទ ស្ថានទូត​អេហ្ស៊ីប​ប្រចាំនៅ​​ក្រុង​វ៉ាស៊ីនតោន បាន​ឆ្លើយតប​ទៅ​អាមេរិ​កវិញ​ថា ​តុលាការ​អេហ្ស៊ីបជា​តុលាការ​​ឯករាជ្យ ហើយ​ការកាត់ទោស​នេះ​ក៏​ប្រហែល​ជា​អាចត្រូវ​​ប្តឹងទាស់​ទៅ​សាលា​ឧទ្ធរណ៍​​បានទៀត។ ក្រោយ​មាន​ប្រតិកម្ម​​យល់ឃើញ​ទាំងនេះ តុលាការ​អេហ្ស៊ីប​បាន​សម្រេច​​​យកថ្ងៃ​២១មិថុនា ដើម្បី​ប្រកាសការវិនិច្ឆ័យ​ទោស​ចុងក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ