អានតួអត្ថបទ
ស៊ីរី

សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​ទៅលើការ​វាយបង្ក្រាប​យ៉ាងហិង្សា​ដោយរបប​ផ្តាច់ការ​ស៊ីរី​

នៅខណៈ​ពេល​ដែល​នគរបាល​ស៊ីរី​បាន​ធ្វើការ​វាយ​បង្ក្រាប​ដ៏សែន​ហិង្សា​ ទៅលើ​បាតុករ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង​៦០នាក់​នៅទីក្រុង​ ដែរ៉ា​កាលពី​ម្សិលមិញ​ ​ សហគមន៍​អន្តរជាតិ​ក៏​បាន​កេណ្ឌ​ប្រមូលគ្នា​នៅ​ថ្ងៃសុក្រ​ទី២៩​មេសា​ ឆ្នាំ២០១១​ ​ ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅលើ​របប​ផ្តាច់ការ​នៃ​ទីក្រុង​ដាម៉ាស។ 

បាតុកម្ម​នៅថ្ងៃទី២៩មេសា​ឆ្នាំ២០១១​នៅទីក្រុង​Banias
បាតុកម្ម​នៅថ្ងៃទី២៩មេសា​ឆ្នាំ២០១១​នៅទីក្រុង​Banias © Reuters
ផ្សាយពាណិជ្ជកម្ម

សមាជិក​ភាគច្រើន​លើសលុប​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​បាន​ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ក្លា​ទៅលើ​របបផ្តាច់ការ​បាស្ហារ​អែល-អាស្សាដ​ដែល​បាន​វាយ​បង្ក្រាប​យ៉ាង​ហិង្សា​ក្រៃលែង​ទៅលើ​បាតុករ​ស៊ីរី​នៅ​ទីក្រុង​ដែរ៉ា​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង៦០នាក់។​ សហគមន៍​អន្តរជាតិ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ស៊ីរី​បញ្ឈប់​ជា​បន្ទាន់​នូវ​ទង្វើ​ដ៏​ហិង្សា​ឃោរឃៅ​បែបនេះ​ទៅលើ​ប្រជាជន​ស៊ីរី​ស្លូតត្រង់​ដែល​នាំគ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។​ គណៈកម្មការ​អង្កេត​អន្តរជាតិ​មួយ​ក្រុម​នឹង​ត្រូវ​គេ​បញ្ជូន​ទៅកាន់​ប្រទេស​ស៊ីរី​ដើម្បី​ធ្វើការ​អង្កេត​ទៅលើ​ទង្វើ​ហិង្សា​រំលោភ​ច្បាប់​ហើយនិង​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ ​ ជាពិសេស​គណៈកម្មការ​អង្កេត​អន្តរជាតិ​ត្រូវ​វែក​មុខ​រក​ឲ្យឃើញ​អ្នកទទួល​ខុសត្រូវ​នៃ​ទង្វើ​ឧក្រិដ្ឋកម្ម​ទាំងនេះ។

 
សហគមន៍​អន្តរជាតិ​បាន​ធ្វើការ​ទាមទារ​ផងទៀត​ឲ្យ​អាជ្ញាធរ​ស៊ីរី​ដោះលែង​ជាបន្ទាន់​រាល់​អ្នកទោស​នយោបាយ​និង​អ្នក​ដែល​ជាប់​ឃុំឃាំង​ដោយ​ការ​ចាប់​ឃុំខ្លួន​ទាំង​កម្រោល​ ​ ហើយ​សហគមន៍​អន្តរជាតិ​បាន​តម្រូវ​ឲ្យ​រដ្ឋអំណាច​គោរព​យ៉ាង​ពេញលេញ​នូវ​ការទាមទារ​របស់​ប្រជាជន​ឲ្យ​មាន​របប​គ្រប់គ្រង​មួយ​នៅ​ប្រទេស​ស៊ីរី​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ។

គួរកត់​សម្កាល់ថា​ ​ ជំនួប​ប្រជុំ​ពិសេស​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ផ្តួចផ្តើម​ពី​សំណាក់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​លោក​ខាងលិច។​ ចំណែកឯ​ប្រទេស​ចិន​ ប្រទេស​រុស្ស៊ី​ និង​ប្រទេស​សមាជិក​នៃ​សន្និសីទ​អ៊ីស្លាម​វិញ​បាន​ប្រឆាំង។

សហរដ្ឋ​អាមេរិក​ពុំ​គំរាម​ធ្វើ​អន្តរាគមន៍​យោធា​ទៅលើ​ប្រទេស​ស៊ីរី​ដូច​នៅ​ប្រទេស​លីប៊ី​ ​ មកពី​ទីក្រុង​វ៉ាស៊ីនតោន​គិតថា​ ​ សហរដ្ឋ​អាមេរិក​នៅ​មាន​ឥទ្ធិពល​អាច​និយាយ​បញ្ចុះ​បញ្ចូល​បាស្ហារ​អែល​អាស្សាដ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​របប​គ្រប់គ្រង​របស់​ខ្លួន។

ម្យ៉ាងទៀត​អន្តរាគមន៍​យោធា​នៃ​ប្រទេស​លោក​ខាងលិច​នៅ​ប្រទេស​ស៊ីរី​ក៏​ពិបាក​នឹង​ប្រព្រឹត្ត​ទៅបាន​ ​ ដោយហេតុ​ថា​ ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី​ដែល​ជា​មិត្ត​របស់​ប្រទេស​ស៊ីរី​ក៏​ជា​សមាជិក​អចិន្តៃ្រយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ ស ប ដែល​មាន​សិទ្ធិ​Veto។​ ដូច្នេះ​ប្រទេស​សមាជិក​អចិន្តៃ្រយ៍​ទាំងពីរ​នេះ​អាច​បញ្ចេញ​សំឡេង​ប្រឆាំង​នឹង​អន្តរាគមន៍​យោធា​របស់​ប្រទេស​លោក​ខាងលិច។

រដ្ឋបាល​អាមេរិក​របស់​លោក​បារ៉ាក់​អូបាម៉ា​ក៏​បាន​គិតគូរ​ផងដែរ​ដល់​បំណង​នៃ​ប្រទេស​ជា​មិត្ត​របស់​អាមេរិកាំង​មួយ​ចំនួន​ក្នុង​តំបន់​ដើមបូព៌ា​មាន​ដូច​ជា​ប្រទេស​អ៊ីស្រាអែល​ ប្រទេស​ទួរគី​ និង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ដែល​ចង់​ឲ្យ​ប្រមុខ​ដឹកនាំ​ស៊ីរី​បច្ចុប្បន្ន​បាស្ហារ​អែល-អាស្សាដ​នៅ​កាន់​មុខ​តំណែង​ជាជាង​អ្នក​ដែល​ខ្លួន​ពុំ​ដែល​បាន​ស្គាល់។​ សំណួរមួយ​បាន​លេច​ឡើង​ចោទ​សួរថា​ ​ តើ​សហដ្ឋ​អាមេរិក​អាច​ធ្មេចភ្នែក​នៅ​ស្ងៀម​បាន​ដែរ​ឬទេ​នៅ​ចំពោះមុខ​ការ​វាយ​ប្រហារ​ដ៏​សែន​ឃោរឃៅ​នៅ​ទីក្រុង​ដែរ៉ា​នៃ​ប្រទេស​ស៊ីរី?

រីឯ​សហភាព​អឺរ៉ុបវិញ​ ​ តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ ប្រទេស​សមាជិក​ទាំង២៧​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ប្រឆាំង​ដ៏​ខ្លាំងក្លា​របស់​ពួកគេ​នៅ​ចំពោះមុខ​ការ​វាយបង្ក្រាប​ដ៏​ហិង្សា​របស់​នគរបាល​ស៊ីរី​ទៅលើ​ក្រុមបាតុករ។​ ហើយ​សហភាព​អឺរ៉ុប​ក៏​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​ស៊ីរី​ដោយ​បាន​ធ្វើការ​ហាមឃាត់​ពុំ​ឲ្យ​មាន​សព្វាវុធ​ចេញចូល​ប្រទេស​ស៊ីរី​ ​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​គ្រឿង​សម្ភារៈ​និង​ឧបករណ៍​ដែល​គេ​យកទៅ​ប្រើ​សម្រាប់​ធ្វើការ​វាយ​បង្ក្រាប។

ទន្ទឹមគ្នា​នេះ​ គណៈកម្មាធិការ​នៃ​អ្នកជំនាញការ​អឺរ៉ុប​ពិនិត្យ​ទៅលើ​វិធានការ​មួយចំនួន​សម្រាប់​ដាក់​ទណ្ឌកម្ម​ទៅលើ​របប​ផ្តាច់ការ​បាស្ហារ​អែល-អាស្សាដ​មាន​ដូចជា​ ​ ធ្វើការ​ហាម​ឃាត់​ពុំ​ឲ្យ​អ្នកដឹកនាំ​ស៊ីរី​សំខាន់ៗ​អាចមាន​សេរីភាព​និង​លទ្ធភាព​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស។​ ធ្វើការ​ឃាត់​ផ្អាប់​ប្រាក់​របស់​អ្នកដឹកនាំ​ស៊ីរី​ទាំងនោះ​ដែល​មាន​ទុក​ប្រាក់​នៅអឺរ៉ុប។

បន្ថែម​ពីលើនេះ​ ​ សហភាព​អឺរ៉ុប​គ្រោង​បញ្ឈប់​ជំនួយ​ហិរញ្ញវត្ថុ​ដែល​អឺរ៉ុប​ត្រូវ​ផ្តល់​ឲ្យ​ទៅ​ប្រទេស​ស៊ីរី​ប្រមាណ​១២៩លាន​អឺរ៉ូ​សម្រាប់​ឆ្នាំ២០១១-២០១៣។​ ចំណែកឯ​ធនាគារ​អឺរ៉ុប​សម្រាប់​វិនិយោគ​វិញ​ ​ គេគ្រោង​បញ្ឈប់​ផ្អាក​គម្រោងការ​ហិរញ្ញវត្ថុ​ជាច្រើន​សម្រាប់​ប្រទេស​ស៊ីរី​ដែល​មាន​ចំនួន​ទឹក​ប្រាក់​ប្រមាណ​១ ៣០០លានអឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ