ក្តីសង្ឃឹមថ្មី ក្នុងការស្វែងរក សន្តិភាព ឲ្យតំបន់ដើមបូព៌ា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៧
មួយឆ្នាំកន្លះក្រោយពីកិច្ចចរចាដើម្បីស្វែងរកសន្តិភាពឲ្យអ៊ីស្រាអែលនិងប៉ាលេស្ទីនបានស្គាល់ការគាំងស្ទះ ហើយនិងក្រោយពីមានការខកខានកាលពីខែមីនាកន្លងទៅ លោកស្រីប្រមុខការទូតអាមេរិកHillary Clintonបានថ្លែងឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញថា ក្តីសង្ឃឹមថ្មីអាចកើតមានក្នុងការស្វែងរកសន្តិភាពឲ្យតំបន់ដើមបូព៌ា ដោយកិច្ចចរចាអាចចាប់មានឡើងវិញនៅសប្តាហ៍ក្រោយ។
លោកស្រីប្រមុខការទូតអាមេរិកHillary Clintonយល់ថា ក្តីសង្ឃឹមថ្មីអាចកើតមានក្នុងការស្វែងរកសន្តិភាពឲ្យតំបន់ដើមបូព៌ា ដោយលោកស្រីClinton សង្ឃឹមថា គណៈកម្មាធិការអារ៉ាប់ដែលជួបប្រជុំគ្នានៅទីក្រុងគែរនឹងផ្តល់ការគាំទ្រលោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbas ក្នុងការស្វែងរកសន្តិភាពដោយកិច្ចចរចា។ បើលោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbas ទទួលបានការគាំទ្រពីប្រទេសនៃតំបន់ដើមបូព៌ាមែន នោះគេនឹងប្រមូលបាននូវលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់បើកកិច្ចចរចាមិនចំពោះនៅសប្តាហ៍ក្រោយ។ ទាំងនេះក៏ដោយសារតែមានការខិតខំប្រឹងប្រែងពីសំណាក់រដ្ឋបាលអាមេរិករបស់លោកបារ៉ាក់អូបាម៉ា។
រូបមន្តនៃកិច្ចចរចាមិនចំពោះរវាងភាគីអ៊ីស្រាអែលនិងភាគីប៉ាលេស្ទីនគឺជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកនៃរដ្ឋបាលអូបាម៉ាដើម្បីឲ្យភាគីទាំងពីរអ៊ីស្រាអែលនិងប៉ាលេស្ទីនដែលកិច្ចចរចាបានស្គាល់ការគាំងស្ទះតាំងពីចុងឆ្នាំ២០០៨អាចចាប់មានដំណើរការឡើងវិញ។ ហើយគោលបំណងចុងទីបំផុតនៃកិច្ចចរចាមិនចំពោះរវាងភាគីអ៊ីស្រាអែលនិងភាគីប៉ាលេស្ទីនគឺធ្វើយ៉ាងណាសម្រេចឲ្យបាននូវកិច្ចចរចាដោយផ្ទាល់រវាងភាគីអ៊ីស្រាអែលនិងប៉ាលេស្ទីន។
ដូច្នេះ លោកGeorge Mitchellបេសកជនពិសេសរបស់សហរដ្ឋអាមេរិកនឹងមានតួនាទីយ៉ាងសំខាន់នាឱកាសជំនួបប្រជុំដើម្បីស្វែងរកសន្តិភាពឲ្យតំបន់ដើមបូព៌ានៅសប្តាហ៍ក្រោយ។
លោកស្រីប្រមុខការទូតអាមេរិកHillary Clintonបានថ្លែងបញ្ជាក់ថា អ្នកការទូតអាមេរិកបានខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាងណាឲ្យកិច្ចចរចាដើម្បីសន្តិភាពនៅតំបន់ដើមបូព៌ាសម្រេចបានជោគជ័យ។
គួរកត់សម្គាល់ថា ភាគីអ៊ីស្រាអែលនិងភាគីប៉ាលេស្ទីនបានបញ្ឈប់កិច្ចចរចានៅចុងឆ្នាំ២០០៨ នាឱកាសវាយលុករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាដើម្បីប្រឆាំងនឹងពួកប៉ាលេស្ទីនហាម៉ាស់។ ហើយតាំងពីពេលនោះមក ការខិតខំប្រឹងប្រែងទាំងប៉ុន្មានរបស់អាមេរិកដើម្បីសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាលេស្ទីនបានទទួលបរាជ័យជានិច្ច។ ដូចជាកាលពីខែមីនាកន្លងទៅ សហរដ្ឋអាមេរិកបានទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ការសាងសង់១ ៦០០លំនៅដ្ឋានថ្មីនៅតំបន់Jérusalem ប៉ែកខាងកើត ដើម្បីឲ្យកិច្ចចរចារវាងភាគីទាំងពីរអ៊ីស្រាអែលនិងប៉ាលេស្ទីនអាចប្រព្រឹត្តទៅបាន ក៏ប៉ុន្តែភាគីអ៊ីស្រាអែលបានបដិសេធ ដែលជាមូលហេតុធ្វើឲ្យកិច្ចចរចាអ៊ីស្រាអែលប៉ាលេស្ទីនទទួលបរាជ័យ។
កត្តាចម្បងក្នុងការជំរុញឲ្យមានកិច្ចចរចាឡើងវិញរវាងភាគីអ៊ីស្រាអែលនិងភាគីប៉ាលេស្ទីនអាចជាលិខិតរបស់លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាដែលភាគីប៉ាលេស្ទីនបានថ្លែងឲ្យដឹងនៅសប្តាហ៍នេះថា”លោកបារ៉ាក់អូបាម៉ាបានជំរុញឲ្យលោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbasវិលត្រឡប់មករកតុចរចាជាមួយអ៊ីស្រាអែលឡើងវិញ ដោយទទួលបាននូវការធានាថា សហរដ្ឋអាមេរិកនឹងពុំនៅស្ងៀមឡើយ នៅករណីដែលមានភាគីណាមួយបង្កឲ្យកើតមានជាឧបសគ្គដល់កិច្ចចរចា។ នៅខណៈនោះសហរដ្ឋអាមេរិកនឹងសើរើមើលឡើងវិញនូវនយោបាយអាមេរិកជាមួយប្រទេសពាក់ព័ន្ធនោះ។
គួរកត់សម្គាល់ថា កិច្ចចរចាដើម្បីសន្តិភាពនឹងចាប់មាននៅពេលឆាប់ៗខាងមុខនេះ នៅខណៈដែលភាពតានតឹងបានចាប់កើតមានរវាងប្រទេសអ៊ីស្រាអែលជាមួយនឹងប្រទេសសៀរី ប្រទេសលីបង់និងប្រទេសអៀរ៉ង់។
លោកប្រធានាធិបតីអ៊ីស្រាអែលShimon Peresនៅពេលថ្មីៗនេះបានចោទប្រទេសសៀរីថា បានផ្តល់កាំជ្រួចមីស្ស៊ីលScud ឲ្យទៅចលនាអ៊ីស្លាមChiite លីបង់Hezbollah។ ស្ថានការណ៍ដ៏គួរឲ្យបារម្ភទាំងនេះហើយដែលបណ្តាលឲ្យលោកស្រីប្រមុខការទូតអាមេរិកHillary Clintonព្រមានលោកប្រធានាធិបតីសៀរីBachar al-Assad ថា”ការសម្រេចចិត្តរបស់សៀរីអាចមានន័យថាជាការចង់បានសង្គ្រាមឬជាការចង់បានសន្តិភាព”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ