អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

OPEP ត្រូវ​សំរេច​យ៉ាង​ណា​ចំពោះ​មុខ​តម្លៃ​ប្រេង​ដែល​ចុះ​ថោក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ ថ្ងៃ​ព្រហស្បតិ៍​ទី​២៧ នេះ ប្រទេស​សមាជិក​ទាំង​២ របស់​អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ​ ហៅ​កាត់​ថា OPEP​ កំពុង​តែ​ជួប​ពិភាក្សា​គ្នា ​នៅ​ក្នុង​ទីក្រុង​វីយែន ​ប្រទេស​អូទ្រីស។​ កិច្ចប្រជុំ​ប្រចាំ​ឆមាស​នេះ បាន​ធ្វើ​ឡើង​ក្នុង​បរិបទ​អវិជ្ជមាន ​ដោយសា​តែ​តម្លៃ​ប្រេង បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ ​អង្គការ ​OPEP ត្រូវ​សម្រេចចិត្ត​ ថាតើ​គួរ​កាត់​បន្ថយ​ការផលិត​ប្រេង រឺ​យ៉ាង​ណា​ ដើម្បី​អនុញ្ញាត​ឲ្យ​តម្លៃ​ប្រេង មាន​សន្ទុះ​ឡើង​វិញ។

កម្មករ​​​កំពុង​​ធ្វើការ​​ក្នុង​​ការដ្ឋានបូមប្រេងឆៅ ចេញ​ពី​ក្នុងដី
កម្មករ​​​កំពុង​​ធ្វើការ​​ក្នុង​​ការដ្ឋានបូមប្រេងឆៅ ចេញ​ពី​ក្នុងដី Nabil al-Jurani / AFP
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​របស់​អង្គការ​ OPEP ​នៅ​ទីក្រុង​វីយែន​នា​ពេលនេះ កំពុង​ផ្តោត​សំខាន់​ទៅ​លើ​តម្លៃ​ប្រេងឆៅ​ ដែល​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង នៅ​លើ​ទីផ្សារ​អន្តជាតិ។ ពោល​គឺ​ធ្លាក់​ពី ​១០០ ​ដុល្លារ ក្នុង​មួយ​ធុង​បារីល មក​ត្រឹម​តែ ៧៦​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ធុង។

មូលហេតុដែលនាំឲ្យប្រេងឆៅចុះថោក

មូលហេតុ​ដែល​ធ្វើឲ្យ​តម្លៃ​ប្រេងឆៅ​ នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​បែប​នេះ ​គឺ​ដោយសា​មាន​​មូលហេតុ​ធំៗ​បី។ មូលហេតុ​ទីមួយ​ដែល​សំខាន់​ជាង​គេ​តែ​ម្តង ​គឺ​ដោយសា​ប្រេង​ដែល​ផលិត​បាន​ មាន​ជំនួន​ច្រើនពេក ​លើស​ពី​តម្រូវការ​ជាក់​ស្តែង។ វា​ជា​រឿង​ងាយ​យល់​ទេ ​ឲ្យ​តែ​កាល​ណា របស់​ដែល​ដាក់​លក់​មាន​ច្រើន ​ហើយ​អ្នក​ទិញ​មាន​ចំនួន​តិច ​នោះ​តម្លៃ​គឺ​វា​ត្រូវ​តែ​ចុះ​ទៅ​តាម​នោះ​ហើយ។

មូលហេតុ​ទីពីរ ​គឺ​ដោយសា​វិបត្តិ​សេដ្ឋកិច្ច ​ដែល​ធ្វើ​ឲ្យ​វិនិយោគទុន​នៅ​តាម​ប្រទេស​នីមួយៗ​ជួប​ភាព​រាំងស្ទះ។ ធម្មតា​គេ​ប្រើប្រេង ​ដើម្បី​យក​ទៅ​ដំណើរ​ការ​គ្រឿង​ម៉ាស៊ីន តាម​បណ្តា​រោងចក្រ​សហគ្រាស​ផ្សេងៗ ​ចុះ​បើ​រោងចក្រ​អត់​ដំណើរ​ការ រឺ​ក៏​សកម្មភាព​ផលិត​ត្រូវ​កាត់​បន្ថយ ​ដោយសា​តែ​វិបត្តិ​សេដ្ឋកិច្ច ​អញ្ចឹង​តម្រូវ​ការ​ប្រេង​ ក៏​វា​ធ្លាក់​ទៅ​តាម​នឹង​ដែរ។

មូលហេតុ​ទីបី​ គឺ​ដោយសា​មាន​មធ្យាបាយ​ផ្សេង​ទៀត​ ក្នុង​ប្រើប្រាស់​ថាមពល ​ដោយ​មិន​ចាំ​បាច់​ប្រើប្រេង។ ឧទាហរណ៍ ​ដូច​ជា​ការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ ​ការ​ប្រើ​ចរន្ត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ រឺ​ការ​ចម្រាញ់​ប្រេង​ ចេញ​ពី​គ្រាប់​ធនជាតិ​ជាដើម។ ដូច្នេះ ​យើង​ឃើញ​ថា​ តម្រូវការ​ប្រេង​មាន​ការ​ថយចុះ​ច្រើន ​ដែល​បញ្ហា​ទាំងនេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​តម្លែ ​ប្រេង ​វា​ធ្លាក់​ចុះ​ដែរ។

កាត់បន្ថយការផលិត អាចជួយឲ្យប្រេងឡើងថ្លៃវិញដែរឬទេ?

ការ​កាត់​បន្ថយ​ការ​ផលិត​អាច​ជា​វិធីសាស្រ្ត​មួយ​ដែរ ​ដែល​អាច​ធ្វើឲ្យ​តម្លៃ​ប្រេង វា​ឡើង​ថ្លៃ​វិញ។ កន្លង​មក​អង្គការOPEP ធ្លាប់​បាន​ធ្វើ​បែប​នេះ​ ជាច្រើន​លើក​ច្រើនសា​មក​ហើយ។ ឧទាហរណ៍​កាល​ពី​ឆ្នាំ​ ១៩៨៦ ​តម្លៃ​ប្រេង​ បាន​ធ្លាក់​នៅ​មិន​ដល់​១០ ​ដុល្លារ​ផង​ក្នុង​មួយ​ធុង​បារីល។

កាល​ពី​ឆ្នាំ​ ៩៨-៩៩ ​ក្នុង​ពេល​ដែល​ទ្វីប​អាស៊ី​កាល​នោះ ​បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ ​តម្លែ​ប្រេង​ធ្លាក់​មក​ត្រឹម​តែ ១២ដុល្លារ​ក្នុង​មួយ​ធុង​បារីល។ ​អង្គការOPEP បាន​តម្រូវ​ឲ្យ​ប្រទេស​សមាជិក ​បន្ថយ​ការ​ផលិត​ប្រេង ​ជាង​៤លាន​ធុង​ក្នុង​មួយ​ថ្ងៃ ​ហើយ​ប្រេង​ក៏​បាន​ឡើង​ថ្លៃ​មក​វិញ។

ដូច​គ្នា​ដែរ​ កាល​ពី​ឆ្នាំ​២០០៨ ​ក្នុង​ពេល​ដែល​ពិភពលោក​ ចាប់ផ្តើម​ជួប​វិបត្តិ​សេដ្ឋកិច្ច ​ដ៏​ធ្ងន់ធ្ងរ ប្រេងឆៅ​ដែល​កាល​នោះ ​មួយ​ធុង​ថ្លៃ ​១៤៧​ដុល្លារ ​បាន​ធ្លាក់​មក​ត្រឹម ៣៥​ដុល្លារ​ប៉ុណ្ណោះ។ ប្រឈម​មុខ​នឹង​បញ្ហា​នេះ ​អង្គការOPEPបាន​កាត់​បន្ថយ​ការ​ផលិត​ភ្លាម ​ទាល់​តែ​តម្លៃ​ប្រេង​ឡើង​រហូត​មក​ដល់ ​១០០​ដុល្លារ​វិញ។

សូម​បញ្ជាក់​ផង​ដែរ​​ថា​ រាល់​ថ្ងៃ​នេះ ​អង្គការOPEP ​ បាន​តម្រូវ​ឲ្យ​ប្រទេស​សមាជិក​ទាំង​១២ ផលិត​ប្រេង​ឆៅ​សរុប​ទាំង​អស់​ ៣០លាន​ធុង​បារីល​​​ក្នុង​មួយ​ថ្ងៃ។ ប្រទេស​សមាជិក​អង្គការ OPEPនេះ​ភាគ​ច្រើន​ គឺ​ប្រទេស​នៅ​តំបន់​អារ៉ាប់ ​ដូចជា​ អារ៉ាប៊ីសាអ៊ូឌីត​គូវែត ​អ៊ីរ៉ាក់ ​និង​អ៊ីរ៉ង់​ជាដើម។ ប៉ុន្តែ​យើង​កុំ​ភ្លេច​ថា​ មិនមែន​មាន​តែ​ប្រទេស​សមាជិក​អង្គការ OPEP ទេ​ ដែល​ផលិត​ប្រេង។

មិនមែន​មាន​តែ​សមាជិកOPEP ​ទេ​ដែល​អាច​ផលិត​ប្រេង​លក់៖

រាល់​ថ្ងៃ​នេះ ​ដៃគូ​ប្រកួត​ដ៏​ធំ​របស់​សមាជិក​អង្គការOPEP ​គឺ​រុស្ស៊ី ​និង​សហរដ្ឋ​អាមេរិក។ រុស្ស៊ី​ផលិត​ប្រេង​ឆៅ ​ជាង​៤លាន​ធុង​បារីល​ ក្នុង​មួយ​ថ្ងៃៗ។ ​សហរដ្ឋ​អាមេរិក​វិញ ​អាច​មាន​លទ្ធភាព​​ផលិត​បាន​ដល់ ​៩លាន​ធុង​បារីល​ឯ​ណោះ ​ក្នុង​មួយ​ថ្ងែ។ ចំណែក​ប្រទេស​ម៉ិចស៊ីកូ ​ក៏​មាន​សមត្ថភាព​ផលិត​មិន​អន់​ដែរ។ ប្រទេស​ទាំង​នេះ ​មិនមែន​ជា​សមាជិក​អង្គការOPEP ​ទេ។ ដូច្នេះ ​បើ​សិន​ជា​អង្គការOPEP ​សម្រេច​ថា​ត្រូវ​កាត់​បន្ថយ​ការ​ផលិត ​គឺ​កាត់​បន្ថយ​តែ​ឯង​ទេ ​ឯ​គេ​ដ៏ទៃ​ទៀត​ គេ​នៅ​តែ​បន្ត​ផលិត​ច្រើនៗ ហើយ​គេ​លក់​បាន​ច្រើន​ជាង។ អញ្ចឹង​អ្នក​ខាត​ជា​អ្នក​ណា? ​គឺ​ប្រទេស​សមាជិក​អង្គការOPEP មិនមែន​អាមេរិក រឺ​រុស្ស៊ី​ទេ។

គោល​ជំហរ​មិន​ស្មើ​គ្នា៖

បើ​សមាជិក​អង្គការOPEP ​កាត់​បន្ថយ​តែឯង វា​មិន​អាច​ធ្វើឲ្យ​ប្រេង​ឡើង​ថ្លៃ​បាន​ដូច​មុន​ទៀត​ទេ។​ រុស្ស៊ី ​អាមេរិក ​និង​ម៉ិចស៊ីកូ គេ​ផលិត​ប្រេង​ បាន​ច្រើន​ណាស់​ឥឡូវ។ មួយ​វិញ​ទៀត ​ប្រទេស​សមាជិក​អង្គការ​ OPEP មាន​សមត្ថភាព​ផលិត ​មិន​ស្មើ​គ្នា​ទេ។ ដូចនេះ ​គោល​ជំហរ ម្នាក់ៗ​វា​ខុសៗ​គ្នា។ អ្នកខ្លះ​ចង់​បន្ថយ​ការ​ផលិត ​អ្នកខ្លះ​មិន​ចង់។ ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ដែល​ជា​ប្រទេស​ផលិត​ប្រេង​ បាន​ច្រើន​ជាង​គេ​បង្អស់​លើ​ពិភពលោក ​បាន​នាំ​ប្រេងចេញ​ ទៅ​លក់​រាប់​សិប​ឆ្នាំ​ទៅ​ហើយ។​ដូច្នេះ លុយ​គេ​សល់​ទុក​ច្រើន​ណាស់។ ទោះ​បី​ជា​លក់​បាន​ត្រឹម​តែ​៧៦​ដុល្លារ​ក្នុង​មួយ​ធុង​បារីល​ ដូច​រាល់​ថ្ងៃ​នេះ ​ក៏​គេ​នៅ​តែ​មិន​ខ្វះ​លុយ​ដែរ។

ផ្ទុយ​ទៅ​វិញ ​ប្រទេស​តូច​តាច​ដូច​ជា ​វ៉េណេហ្ស៊ុយ​អេឡា ​លទ្ធភាព​ផលិត​មាន​មិន​សូវ​ច្រើន ហើយ​ចំណូល​ជាតិ​ រំពឹង​ស្ទើរ​តែ​ទាំងស្រុង​ ទៅ​លើ​ការ​នាំចេញ​ប្រេងឆៅ។ ដូច្នេះ​បើ​លក់​បាន​ថោក ​មាន​ន័យ​ថា​រដ្ឋ​ក៏​បាន​ចំណូល​តិច​ ទៅ​តាម​នឹង​ដែរ។ អញ្ចឹង​ហើយ ​បាន​ជា​កន្លង​មក ​ប្រទេស​សមាជិក OPEP ពីរ​ដែល​មាន​អ៊ីរ៉ង់ ​និង​វ៉េណេហ្ស៊ុយអេឡា​នេះ បាន​សំណូមពរ ​ឲ្យ​អង្គការOPEP ធ្វើការ​ពិភាក្សា ​ជាមួយ​ប្រទេស​លក់​ប្រេង​ផ្សេងៗ​ទៀត ​ដែល​មិនមែន​ជា​សមាជិកOPEPដូច​ជា​រុស្ស៊ី ​អាមេរិក​ និង​ម៉ិចស៊ីកូ​ជាដើម។

អារ៉ាប៊ីសាអ៊ូឌីត រឹង​ទទឹង​មិន​ព្រម​បន្ថយ​ការ​ផលិត៖

ឆ្លង​តាម​ការ​វិភាគ ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ​ទំនង​មិន​ព្រម​កាត់​បន្ថយ​ការ​ផលិត​ទេ។ អារ៉ាប៊ីសាអ៊ូឌីត ​មាន​បំណង​ប្រកួត​ក្រជែង​ដោយ​ផ្ទាល់​ ជាមួយ​រុស្ស៊ី ​និង​អាមេរិក ​តាម​រយៈ​ការ​វាយលុក​ទៅ​ផ្សារ​នៅ​អាស៊ី ​ដោយ​លក់​ប្រេង​ក្នុង​តម្លៃ​ថោក។ ​ទោះ​បី​ជា​យ៉ាងណា​ ក្នុង​កាលៈទេសៈ​នេះ ​អង្គការ OPEPត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​សមរម្យ​​បំផុត ​សម្រាប់​ប្រទេស​ជា​សមាជិក​ទាំងអស់។ បើ​ទោះ​មិន​បន្ថយ​ការ​ផលិត ​តែ​ក៏​ត្រូវ​រិត​បន្តឹង​ឡើង​វិញ ​ទៅ​លើ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក ​ក្នុង​ការ​ផលិត​ប្រេង ​ក៏​ដូច​ជា​ការ​បែងចែក​ទី​ផ្សារ។ ​កន្លង​មក ​មាន​ប្រទេស​មួយ​ចំនួន​ ​បាន​ធ្វើ​ការ​ផលិត​លើស​ពី​ចំនួន​កំណត់​របស់OPEP ​ ក្នុង​ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​ទៀត​ មាន​ការ​ថយចុះ​ការ​ផលិត ​ដូចជា អ៊ីរ៉ាក់ និង​លីប៊ី​ជាដើម ​ដោយសា​តែ​សង្គ្រាម ​និង​វិបត្តិ​ផ្ទៃ​ក្នុង។

ធម្មតា​អ្នក​លក់​ចង់​លក់​ឲ្យ​បាន​ថ្លៃ ​ហើយ​ដាច់​បាន​ច្រើន ​ប៉ុន្តែ​ប្រទេស​តូចតាច ​ដូចជា​ប្រទេស​កម្ពុជា​យើង​អាច​នឹង​ជួប​ការ​លំបាក​ បើសិន​ជា​ប្រេង​ឡើង​ថ្លៃ​ហួសហេតុ​ពេក ព្រោះ​ថា​យើង​នៅ​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ ​និង​បច្ចេកវិទ្យា​ជឿនលឿន ​ដើម្បី​ប្រើប្រាស់​មធ្យោបាយ​ណា​ផ្សេង​ទេ ពោល​គឺ​យើង​នៅ​តែ​ប្រើប្រាស់​ប្រេង​សាំង ​ដោយ​ចៀស​មិនរួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ