អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខដឹកនាំ​អាល្លឺម៉ង់​ទៅ​អ៊ុយក្រែន​ រំអុក​​​​រក​បទ​ឈប់បាញ់​​ភាគ​ខាងកើត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​ដឹកនាំអាល្លឺម៉ង់​ លោកស្រី​អាន់ហ្កឺឡា មែរគែល បាន​ធ្វើដំណើរ​ទៅ​ដល់​​​អ៊ុយក្រែន​ហើយ ​ថ្ងៃ​សៅរ៍នេះ ដើម្បី​ជួប​មេដឹកនាំ​អ៊ុយក្រែន​ ​ជំរុញ​អោយ​មាន​បទឈប់បាញ់​នៅ​ភាគ​ខាងកើត​​​ ជាមួយ​ក្រុម​ផ្តាច់ទឹកដី​និយម។ ​លោកស្រី​មែរគែល និ​ង​ប្រធានាធិបតី​អាមេរិក​​ ព្រមទាំង​អង្គការ​អូតង់ ​​ទើបតែ​បាន​ថ្កោលទោស​ក្បួនរថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​រុស្ស៊ី ដែល​បាន​ចូល​​ទៅដល់​ក្រុង​លូហ្កង់​ ភាគខាងកើត​អ៊ុយក្រែន ​ថ្ងៃសុក្រ​ម្សិលមិញ ​គ្មាន​​ការអនុញ្ញាត​ពី​អាជ្ញាធរ​អ៊ុយក្រែន។​ ប្រទេស​លោកខាងលិច អ៊ុយក្រែន និង​អាមេរិក​ចោទ​រុស្ស៊ី​ថា រំលោភ​បូរណភាព​អ៊ុយក្រែន។ ​​ម្សិលមិញ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បានពិភាក្សា​គ្នា​បន្ទាន់លើ​​ស្ថានការណ៍​​​​នេះ។ ​ថ្ងៃសៅរ៍​នេះ ​ឡាន​កាំម្ញ៉ុង​មនុស្សធម៌​​រុស្ស៊ី​​​​​ ខ្លះ​បាន​​ចាកចេញ​ពី​ទឹកដី​អ៊ុយក្រែន​​ទៅវិញ​ហើយ។ ​ថ្ងៃសៅរ៍​នេះ​ដែរ ​ជនស៊ីវិល​២នាក់​​​ ​បាន​​ស្លាប់​​ក្នុង​ហិង្សា នៅ​​​តំបន់​ដូណេត ភាគខាងកើត​​​។ ​

ប្រមុខដឹកនាំ​អាល្លឺម៉ង់​ លោកស្រី​​មែរគែល និង​ប្រធានាធិបតី​អ៊ុយក្រែន​ប៉ូរ៉ូឆិនកូ នៅ​ក្រុង​គៀវ ថ្ងៃ​​សៅរ៍​២៣សីហា​​នេះ។
ប្រមុខដឹកនាំ​អាល្លឺម៉ង់​ លោកស្រី​​មែរគែល និង​ប្រធានាធិបតី​អ៊ុយក្រែន​ប៉ូរ៉ូឆិនកូ នៅ​ក្រុង​គៀវ ថ្ងៃ​​សៅរ៍​២៣សីហា​​នេះ។ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

អ៊ុយក្រែន​បដិសេធ​ជំនួយ​មនុស្សធម៌រុស្ស៊ី ​ខណៈ​ក្រុង​​​លូហ្កង់​កំពុង​រងភាព​ដុនដាប​​ ខ្វះ​ភ្លើង ខ្វះទឹក​ប្រើប្រាស់

ជំនួយ​មនុស្សធម៌រុស្ស៊ី ​​មិនមែន​ជា​អ្វី​ដែល​រដ្ឋាភិបាល​​អ៊ុយក្រែន​ត្រូវការ​​​ទេ។ ​​ស្ថានភាព​ដុនដាប​​មនុស្សធម៌​នៅ​ភាគខាងកើត​អ៊ុយក្រែន ​​កើតឡើង​ក្នុង​​​ទឹកដីអ៊ុយក្រែន ​ជា​បញ្ហា​​ដែល​​អ៊ុយក្រែន​ខ្លួនឯង​ត្រូវដោះស្រាយ។ ​ម្សិលមិញ​ ឡាន​កាំម្ញ៉ុងមនុស្សធម៌​​រុស្ស៊ី​ប្រមាណ​ពី​៧០ទៅ​១៣០គ្រឿង​ ​បានបើក​​​សំរុក​​ចូល​​ព្រំដែន​​​អ៊ុយក្រែន​​តែម្តង​។ រុស្ស៊ី​ប្រាប់ថា រង់ចាំ​ការ​អនុញ្ញាត​​ពី​អ៊ុយក្រែន​​​យូរពេក ទើប​​មិនអាច​ពន្យារ​ពេលបាន។ ​ការ​សម្រុក​ចូល​ទឹកដី​អ៊ុយក្រែន​​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អ៊ុយក្រែន​ ​ប្រៀបបាន​នឹង​​​ការ​ឈ្លានពាន​​អ៊ុយក្រែន​ដូច្នោះដែរ។ អ៊ុយក្រែន​បារម្ភ​​ថា ក្បួន​កាំម្ញ៉ុងមនុស្សធម៌​ទាំងនេះ ​គឺ​ជា​ប្រតិបត្តិការ​យោធា​រុស្ស៊ី ​​ដឹក​​​អាវុធ​យោធា​ទៅជួយ​ក្រុម​ផ្តាច់ទឹកដី​និយម​ភាគខាងកើត​ទៅវិញទេ។ ​​ម្យ៉ាងទៀត អ៊ុយក្រែន​​​​តែង​អះអាង​ថា រុស្ស៊ី​ដាក់​វត្តមាន​ទ័ព​ច្រើន​នៅតាម​ព្រំដែន​ជាប់​អ៊ុយក្រែន។ ​ប្រាកដហើយ​​​​ដែល​អ៊ុយក្រែន​ខ្លាច​រុស្ស៊ី​ឈ្លានពាន​​ទឹកដី​ភាគខាងកើត​​​ខ្លួន​នោះ។ 

អាជ្ញាធរ​អ៊ុយក្រែន​គិតថា រុស្ស៊ី​​ផ្គើន​​អ៊ុយក្រែន​ដោយ​បាន​បញ្ជា​អោយ​ឡាន​កាំម្ញ៉ុង​មនុស្សធម៌​​បើក​​​ចូល​ទឹកដី​អ៊ុយក្រែន​គ្មាន​ការ​អនុញ្ញាត។ រដ្ឋ​អំណាច​ក្រុង​គៀវ​​​​ខ្លាច​ថា ​​រុស្ស៊ី​ផ្គើន​ដើម្បី​រកលេស​ធ្វើ​អន្តរាគមន៍​យោធា ​នៅ​ភាគខាងកើត​អ៊ុយក្រែន។ ​គួរបញ្ជាក់​ដែរថា ក្នុង​ចំណោម​ឡាន​កាំម្ញ៉ុង​៣០០គ្រឿង​របស់​រុស្ស៊ី​ ​អ្នកត្រួត​ពិនិត្យ​ប៉ុស្តិ៍​ព្រំដែនអ៊ុយក្រែន ​​​ពិនិត្យ​បាន​តែកាំម្ញ៉ុង​​៣៤គ្រឿង​ប៉ុណ្ណោះ។ ​អ៊ុយក្រែន​ប្រាប់ថា ​​កាំម្ញ៉ុង​​ទាំងនោះ​ដឹក​ជំនួយ​បន្តិចបន្តួចដូច​ជា​​តែ​​​សម្រាប់​ផឹក​ប៉ុណ្ណោះ ពោល​គឺ​​​​ស្ទើរ​តែ​គ្មាន​​អ្វី​ទាំងអស់ក្នុង​ឡាន​កាំម្ញ៉ុង ស្ទើរ​​​ទទេ​សុទ្ធ​តែម្តង។ ​អញ្ចឹង​គេ​​ពិត​ជា​ឆ្ងល់​ហើយ​ថា​ តើ​កាំម្ញ៉ុង​ផ្សេងទៀតដែល​អាជ្ញាធរ​មិនបាន​ពិនិត្យ​នោះ ​​ដឹកអ្វី​​ខ្លះដែរទៅ។

ដោយសារ​បញ្ហា​នេះ ប្រមុខ​ដឹកនាំ​​អាល្លឺម៉ង់​មែរគែល និង​ប្រធានាធិបតី​អាមេរិក​​បាន​បរិហារ​រុស្ស៊ី​ថា ធ្វើ​សកម្មភាព​វាយលុកប្រកប​ដោយ​​​គ្រោះថ្នាក់។ ​លោកស្រី​មែរគែល​​បាន​ទូរសព្ទ​​ទៅ​លោក​​ពូទីន ​ប្រាប់​ពី​ការ​បារម្ភ​របស់​លោកស្រី។ តែ​លោកពូទីន​ពន្យល់​​​វិញ​ថា មិនអាច​ទទួល​​យក​បាន​ទេ បើ​​​នៅតែ​​​បង្អែរបង្អង់​ដឹក​ជំនួយ​មនុស្សធម៌​​ទៅ​ជួយ​ភាគខាងកើត​អ៊ុយក្រែន។ ​

​សន្តិសុខ​ភាគខាងកើត​អ៊ុយក្រែន ​ជា​ប្រធានបទ​ចំបង​នៃ​ទស្សនកិច្ចប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ នៅ​ក្រុងគៀវ​
សហភាព​​អឺរ៉ុប​ចោទ​ថា ឡាន​មនុស្សធម៌​រុស្ស៊ី​​​បាន​ចូល​ទឹកដី​អ៊ុយក្រែន​ដោយ​គ្មាន​កាកបាទ​ក្រហម​ទៅ​ជាមួយ​។ ​ប៉ុន្តែ ​​​អង្គការ​កាកបាទ​ក្រហម​មិន​​អាច​នាំ​ផ្លូវ​រុស្ស៊ី​ដឹក​ស្បៀង​មនុស្សធម៌​ទៅ​ភាគខាងកើត​អ៊ុយក្រែន​ទេ ដើម្បី​ការពារ​សុវត្ថិភាព​សមាជិក​អង្គការ ចៀស​ពី​​អំពើ​​​​​​ហិង្សា​ប្រយុទ្ធ​រវាង​កងទ័ព​ និង​ក្រុមផ្តាច់ទឹកដី​និយម។​​

បញ្ហា​​​ស្ថិរភាព​​​សន្តិសុខ​នៅ​ភាគខាងកើត​​អ៊ុយក្រែន​​​ ជា​ប្រធានបទ​​ដែលប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​ មែរគែល ត្រូវ​ពិភាក្សា​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន​ នៅ​ក្រុង​គៀវ ​ថ្ងៃ​សៅរ៍​នេះ។ ​​​លោកស្រី​មែរគែល ចង់​អោយ​ភាគី​រដ្ឋាភិបាល​និង​ក្រុម​ផ្តាច់ទឹកដី​និយម​ សម្រេច​បាន​បទឈប់បាញ់​មួយ ដើម្បីបិទ​បញ្ចប់​ហិង្សា​សម្លាប់​មនុស្ស​។ ទោះ​ថា​​អាល្លឺម៉ង់​គាំទ្រ​​អ៊ុយក្រែន គាំទ្រ​​ប្រធានាធិបតី​​ប៉ូរ៉ូ​ឆិនកូ​ក៏ដោយ លោកស្រី​មែរគែល ​ចង់​សុំ​អោយ​លោក​ប៉ូរ៉ូ​ឆិនកូ ពិចារណា​ឡើងវិញ​ពី​​​​យុទ្ធសាស្ត្រ​​យោធា​​​ដែលអ៊ុយក្រែន​​​​កំពុង​ប្រើ​​​ប្រឆាំង​​​ក្រុម​​បះបោរ​ នៅ​ភាគខាងកើត​ពេលនេះ។ ​

លោកស្រី​ចង់​អោយ​លោក​ប៉ូរ៉ូ​ឆិនកូ ជ្រាបច្បាស់​ថា ​ការ​ប្រើ​យោធា ដោះស្រាយ​បញ្ហា​នយោបាយ​​​​​មិនមែន​ជា​ជម្រើស​ល្អ​ទេ ក្រៅ​តែ​ពី​​ធ្វើ​អោយ​​​មាន​មនុស្ស​ស្លាប់ ​រាល់ថ្ងៃ។ ពិសេស​ទៀត ជម្លោះអ៊ុយក្រែន​បាន​​រាលដាល​រហូត​​ធ្វើអោយ​​​ពលរដ្ឋ​ប្រទេស​ផ្សេងទៀត​ រងគ្រោះ​ផងដែរ។ ជាក់ស្តែង​ យន្តហោះ​ម៉ាឡេស៊ី​​បាន​រង​គ្រាប់​មីស៊ី​ល ពេលហោះ​ហើរ​ឆ្លង​កាត់​​ ភាគ​ខាងកើត​អ៊ុយក្រែន ​​​កាលពី​ថ្ងៃ​១៧​​​​​កក្កដា​កន្លងទៅ​​។ យន្តហោះ​បាន​ផ្ទុះ​ឆេះ ​ធ្វើអោយ​​មនុស្ស​ទាំង​​​២៩៨នាក់​ក្នុង​យន្តហោះស្លាប់​គ្មានសល់។ ​

​ថ្មីៗ​នេះទៀត រដ្ឋាភិបាល​​ប្រទេស​លីទុយអានី​​ប្រាប់​​ថា កុងស៊ុល​កិត្តិយស​​របស់​ខ្លួន​ម្នាក់ នៅ​ក្រុង​លូហ្កង់ ​ត្រូវបាន​ក្រុម​បះបោរ​ចាប់​យកទៅ ហើយ​សម្លាប់​ចោល​ទៀត។ ឆ្លៀតពេល​​មាន​​ ឡាន​កាំម្ញ៉ុង​រុស្ស៊ី​ចូល​ទឹកដី​អ៊ុយក្រែន​ម្សិលមិញ​ ប្រទេស​លីទុយ​អានី​បាន​សុំអោយ​​ក្រុម​ប្រឹក្សា​សន្តិសុខ​​​អង្គការ​សហប្រជាជាតិ​ប្រជុំ​បន្ទាន់​ពី​បញ្ហា​សន្តិសុខ និង​សកម្មភាព​របស់រុស្ស៊ី​ចំពោះ​អ៊ុយក្រែន។​​ យោងតាម​អង្គការ​សិទ្ធិមនុស្ស ​​តាំង​ពី​មាន​ជម្លោះ​នៅ​ភាគខាងកើត​ ពាក់​កណ្តាល​​​​ខែ​មេសា​មក ​ក្រុម​បះបោរ​បាន​ចាប់ខ្លួន​មនុស្ស​​រាប់រយ​នាក់ ​ក្នុង​នោះ មាន​អ្នក​កាសែត ​និង​ក្រុម​សង្កេតការណ៍​អន្តរជាតិ​ច្រើននាក់។

​​ដរាប​ណា​គ្មាន​សន្តិសុខ ​វិបត្តិ​អ៊ុយក្រែន​មិនងាយ​​រកច្រកចេញ​​​​ទេ។ បើ​​រុស្ស៊ី​ពិត​ជា​មាន​បំណង​​អាក្រក់​លើ​អ៊ុយក្រែនមែន រុស្ស៊ី​អាច​ឆ្លៀត​ពេល​ចូល​ឈ្លានពាន​អ៊ុយក្រែន ដូច​ជា​ការ​បារម្ភ​របស់​អ៊ុយក្រែន​ប្រាកដ​ហើយ។ ​​យើងឃើញ​ថា ក្រោយ​​សហគមន៍​អន្តរជាតិ​ថ្កោលទោស​​ ឡាន​កាំម្ញ៉ុង​រុស្ស៊ី​ក៏បាន​បើកចេញ​ពី​​អ៊ុយក្រែន​វិញ ថ្ងៃ​សៅរ៍នេះ។ រុស្ស៊ី​ប្រហែល​ចង់​បង្ហាញទៅ​វិញថា ខ្លួន​មិនចង់​ឈ្លានពាន​អ៊ុយក្រែន​ដូច​ការ​ចោទប្រកាន់​របស់​សហគមន៍​អន្តរជាតិ​ទេ។

ជំនួប​ទ្វេភាគី​រវាង​​ប្រធានាធិបតី​អ៊ុយក្រែន​​ប៉ូរ៉ូឆិនកូ និង​​​ប្រធានាធិបតី​រុស្ស៊ី ពូទីន ​ថ្ងៃ​អង្គារ​​​​២៦សីហា​ នៅ​ក្រុង​​ Minsk
ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​​ ក្នុង​​ឱកាស​ជំនួប​​តំបន់​ជាមួយ​សហភាពអឺរ៉ុប​ នៅ​ក្រុង​មីន Minsk ប្រទេស​បេឡារុស ប្រធានាធិបតី​​ប៉ូរ៉ូឆិនកូ ​ប្រហែល​ជា​​នឹង​លើកឡើង​ពី​បញ្ហា​ព្រំដែនជាមួយ​​លោក​ពូទីន។ លោក​ប៉ូរ៉ូឆិនកូ ​ចង់​អោយ​មាន​ការ​ត្រួតពិនិត្យ​ព្រំដែនរុស្ស៊ី​អោយ​តឹងរ៉ឹង​ ព្រោះ​​អ៊ុយក្រែន​​​និង​ប្រទេស​​លោកខាងលិច​​មួយចំនួន​គិតថា ​តាម​​​ព្រំដែន​រុស្ស៊ីនេះ ​មាន​សកម្មភាព​ដឹកអាវុធឆ្លងកាត់​​ ​យក​ទៅ​ជួយ​ក្រុម​ផ្តាច់ទឹកដី​និយម​នៅ​អ៊ុយក្រែន។ ​លោក​ប៉ូរ៉ូឆិនកូ ​ក៏​ប្រហែល​ជាអាច​​​សុំ​អោយ​លោក​ពូទីន ​​​​ដក​សកម្មជន​ប្រយុទ្ធ​បះបោរ​​​ ​ចេញ​ពី​ភាគ​ខាងកើត​​អ៊ុយក្រែន​ដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ