អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​ចិន​​ដំឡើង​​សំឡេង​​ដាក់​កូរ៉េ​​ខាងជើង​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​ចិន​ ហ៊ូ-ជិនតាវ​ បាន​ថ្លែង​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ឲ្យដឹង​ពី​ក្តីបារម្ភ​ ​ និង​ការពុំ​ពេញចិត្ត​យ៉ាងខ្លាំង​របស់​ទីក្រុង​ប៉េកាំង​ពាក់ព័ន្ធ​នឹង​គម្រោង​បាញ់​បង្ហោះ​កាំជ្រួច​មីស្ស៊ីល​របស់​កូរ៉េ​ខាងជើង​នៅ​រវាង​ពាក់​កណ្តាល​ខែមេសា​ខាងមុខ។​ ទាំងនេះ​នាឱកាស​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​នៅ​ជំនួប​កំពូល​នៅ​ទីក្រុង​សេអ៊ូល។

លោក​ប្រធានាធិបតី​ចិន​ ហ៊ូ-ជិនតាវ​
លោក​ប្រធានាធិបតី​ចិន​ ហ៊ូ-ជិនតាវ​ REUTERS/Herwig Prammer
ផ្សាយពាណិជ្ជកម្ម

ក្រោម​សម្ពាធ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ ​ ប្រទេសចិន​ដំឡើង​សំឡេង​ដាក់​របប​គ្រប់គ្រង​កូរ៉េ​ខាងជើង​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ ​ នាឱកាស​ជំនួប​កំពូល​នៅ​ទីក្រុង​សេអ៊ូល​ ​ ស្ដីពី​បញ្ហា​សន្តិសុខ​នុយក្លេអ៊ែរ។​ លោក​ប្រធានាធិបតី​ចិន​ ហ៊ូ-ជិនតាវ​ បាន​ថ្លែង​បរិហារ​ពី​ គម្រោង​បង្ហោះ​កាំជ្រួច​មីស្ស៊ីល​ដោយ​កូរ៉េ​ខាងជើង​នៅ​រវាង​ពាក់​កណ្តាល​ខែមេសា​ខាងមុខ​នេះ​ ​ ហើយបាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការពុំ​ពេញចិត្ត​យ៉ាងខ្លាំង​របស់​ទីក្រុង​ប៉េកាំង​នៅ​ចំពោះមុខ​របប​គ្រប់គ្រង​កូរ៉េ​ខាងជើង​ក្រោមការ​ដឹកនាំ​របស់​យុវអគ្គមគ្គុទ្ទេសក៍​គីម​ ជុងអ៊ុន។​ លោក​ប្រធានាធិបតី​ចិន​បារម្ភ​ខ្លាច​ក្រែង​ ​ ការ​បង្ហោះ​កាំជ្រួច​មីស្ស៊ីល​ដោយ​កូរ៉េ​ខាងជើង​ អាច​ជា​កាតាលីករ​នាំឲ្យ​តំបន់​អាស៊ី​ប៉ែកឦសាន​ដែល​ក្នុង​នោះ​មាន​ ​ ​ប្រទេស​កូរ៉េ​ទាំងពីរ​ ​និង​ប្រទេស​ជប៉ុន​​ ​ ស្គាល់ការ​ពុះ​កញ្ជ្រោល​នាំគ្នា​អភិវឌ្ឍ​និង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ​ យកតម្រាប់​តាម​ទីក្រុង​ព្យុងយ៉ាង។​ ទីក្រុង​ប៉េកាំង​ពុំ​ចង់​ឃើញ​សោះឡើយ​នូវ​សេណារីយោ​បែបនេះ​កើតមាន​នៅ​តំបន់​អាស៊ី​ប៉ែកឦសាន​ ​ ជាពិសេស​ភាពវឹកវរ​ ​ និង​អស្ថិរភាព​កើតមាន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដែល​ជាប់​នឹង​ព្រំដែន​ប៉ែកឦសាន​នៃ​ប្រទេសចិន។ ហេតុ​ដូច្នេះហើយ​បានជា​លោក​ប្រធានាធិបតី​ចិន​ ហ៊ូ-ជិនតាវ​សន្យា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ាថា​ ​ ទីក្រុង​ប៉េកាំង​នឹង​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​កូរ៉េ​ខាងជើង​ប្តូរប្រែ​ឥរិយាបថ​របស់ខ្លួន​ ពាក់ព័ន្ធ​នឹង​គម្រោង​បាញ់​កាំជ្រួច​មីស្ស៊ីល​នេះ។

 
គួរកត់​សម្គាល់ថា​ ​ សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើងនេះ​ ​ ជា​ប្រធានបទ​ដ៏​សំខាន់​នៃ​កិច្ចជំនួប​ពិភាក្សា​រវាង​ប្រមុខដឹកនាំ​ចិន​និង​អាមេរិក​នាឱកាស​ជំនួប​កំពូល​នៅ​ទីក្រុង​សេអ៊ូល។​ ហើយ​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​ប្រទេសចិន​ប្តូរ​យុទ្ធសាស្ត្រ​របស់ខ្លួន​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​ ​ ដែល​មកទល់​ពេលនេះ​ ​ យុទ្ធសាស្ត្រ​ចិន​ក្នុង​ការជំរុញ​ឲ្យ​កូរ៉េខាងជើង​ផ្អាក​សកម្មភាព​នុយក្លេអ៊ែរ​របស់ខ្លួន​កំពុង​ជួប​នឹង​បរាជ័យ។

នៅក្នុង​កិច្ចសន្ទនា​ជាឯកជន​ លោក​ប្រធានាធិបតី​ ហ៊ូ-ជិនតាវ​ ​ ពុំ​លាក់បាំង​ឡើយ​នូវ​កំហឹង​ក្រេវក្រោធ​យ៉ាងខ្លាំង​របស់​ប្រទេសចិន​ ​ នៅ​ចំពោះមុខ​ការរឹងរូស​របស់​អ្នកដឹកនាំ​កូរ៉េ​ខាងជើង​ដែល​ពុំព្រម​ប្តូរប្រែ​នយោបាយ​យុទ្ធសាស្ត្រ​និង​នយោបាយ​សេដ្ឋកិច្ច​ ​ ដោយ​អនុវត្ត​នយោបាយ​បើកចំហសេដ្ឋកិច្ច​ ​ ជាជាង​ធ្វើការ​ចំណាយ​ថវិកា​ដ៏​ស្តួចស្តើង​របស់​ខ្លួន​ដល់ទៅ​១/៤​ទៅលើ​វិស័យ​យោធា​ ​ ដែលជា​មូលហេតុ​ធ្វើឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​កូរ៉េ​ខាងជើង​ធ្លាក់ចុះ​យ៉ាង​សែន​ដុនដាប​ក្រៃលែង​ ​ រហូត​ដល់ទៅ​ប្រជាជន​ជួប​នឹង​គ្រោះ​ទុរភិក្ស​ផងទៀត។

លោក​ប្រធានាធិបតី​ចិន​ ហ៊ូ-ជិនតាវ​ ពុំ​សម្តែង​ឲ្យ​ឃើញ​នូវ​កំហឹង​​ក្រេវក្រោធ​ជាសាធារណៈ​ ​ មកពី​ប្រទេសចិន​ពុំ​ចង់​ធ្វើឲ្យ​របប​គ្រប់គ្រង​នៃ​ទីក្រុង​ព្យុងយ៉ាង​បាក់មុខមាត់​ ​ ហើយ​ម្យ៉ាងទៀត​ទីក្រុង​ប៉េកាំង​ក៏​ចង់​រក្សា​ឲ្យមាន​ស្ថិរភាព​នៅ​តំបន់​អាស៊ី​ប៉ែក​ឦសាន​ ​ គ្រាន់នឹង​ប្រទេសចិន​មានឱកាស​នឹង​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​អានុភាព​របស់ខ្លួន។

ក៏ប៉ុន្តែ​ទង្វើ​រករឿង​បង្កហេតុ​ដោយ​សកម្មភាព​របស់​កូរ៉េខាងជើងនេះ​ ​ បានធ្វើឲ្យ​វិស័យ​ការទូតចិន​ក្លាយជា​អ្នករងគ្រោះ។​ រងគ្រោះ​ដោយ​ហេតុថា​ ​ នយោបាយ​ការទូត​ចិន​បាត់បង់​ឥទ្ធិពល​របស់ខ្លួន​នៅ​ចំពោះមុខ​ទីក្រុង​វ៉ាស៊ីនតោន​ ពាក់ព័ន្ធនឹង​សំណុំរឿង​ដ៏​ចម្រូង​ចម្រាស​នៃ​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​ស៊ីរី។

នៅ​ចំពោះមុខ​ស្ថានការណ៍​បែបនេះ​ ​ តាមរយៈ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​ KCNA ​ទីក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​នេះ​ឲ្យដឹងថា​ ​ “​ប្រទេស​កូរ៉េ​ខាងជើង​នឹង​ពុំ​បោះបង់​ចោល​ឡើយ​ សិទ្ធិ​ នៃ​ការបាញ់​បង្ហោះ​កាំជ្រួច​មីស្ស៊ី​លដោយ​សន្តិភាព​របស់​ខ្លួន​ ​ ពីព្រោះ​វាជា​សិទ្ធិ​ដ៏​ស្របច្បាប់​សម្រាប់​រដ្ឋ​អធិបតេយ្យ​ ​ ហើយវា​ក៏​ជា​ជំហាន​មួយ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ផងទៀត”។

ម្យ៉ាងទៀត​ ទាំងនេះ​ក៏​ពីព្រោះតែ​របប​គ្រប់គ្រង​កូរ៉េ​ខាងជើង​គ្មាន​ជម្រើស។​ បើទីក្រុង​ព្យុងយ៉ាង​ពុំខិតខំ​អភិវឌ្ឍ​វិស័យ​នុយក្លេអ៊ែរ​របស់​ខ្លួនទេ​ ​ ធ្វើម្តេច​កូរ៉េខាងជើង​មាន​សព្វាវុធ​គ្រាន់នឹង​ការពារ​ខ្លួន។​ បើ​ពុំ​ដូច្នោះទេ​ ​ ប្រទេស​កូរ៉េ​ខាងជើង​ច្បាស់ជា​ត្រូវ​ឋិតនៅ​ក្នុង​ស្ថានភាព​ផុយស្រួយ​ ​ ហើយនិង​ត្រូវ​ឋិត​នៅ​ក្រោម​ការគំរាម​របស់​កងកម្លាំង​យោធា​កូរ៉េ​ខាងត្បូង​ ​ ហើយនិង​ទាហាន​អាមេរិក​ដែលមាន​ប្រមាណ​ជិត​៣០ ០០០នាក់​នៅ​ឧបទ្វីប​កូរ៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ