អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង៖ ការ​ស្នងតំណែង​ហាក់​ដូចជា​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ពុធ ២៨ ធ្នូ​នេះ កូរ៉េ​ខាង​ជើង​បាន​រៀបចំ​ពិធី​បុណ្យ​សព​ដ៏​សម្បើម​មួយ ដែល​​ជា​គារវកិច្ច​ចុងក្រោយ ដើម្បី​គោរពលា​អគ្គមគ្គុទេសក៍​របស់​គេ គឺ​លោក​គីម ជុងអ៊ីល។ ក្នុងពេល​ជាមួយ​គ្នា​នេះ មុខមាត់​របស់​លោក​គីម ជុងអ៊ុន ដែល​ត្រូវ​ជា​អ្នក​ស្នងតំណែង​ពី​ឳពុក ត្រូវបាន​គេ​លើក​តម្កើង​ជា​សាធារណៈ​កាន់តែ​ខ្លាំងឡើងៗ។ លោក​គីម ជុងអ៊ុន ក៏​បាន​កាន់កាប់​តំណែង​កំពូលៗ​រួចជាស្រេច​ហើយ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​គិត​ថា ការ​ស្នងតំណែង​នៃ​ “រាជវង្ស គីម” ហាក់ដូចជា​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

Kim Jong-un (devant) et son oncle Jang Song-thaek accompagnant la dépouille de Kim Jong-il, le 28 décembre 2011 à Pyongyang..
Kim Jong-un (devant) et son oncle Jang Song-thaek accompagnant la dépouille de Kim Jong-il, le 28 décembre 2011 à Pyongyang.. REUTERS/KRT via Reuters TV
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​រូបភាពក្នុង​​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ជើង គេ​ឃើញ​មាន​ទាហាន​រាប់​ម៉ឺន​នាក់​ឱន​ក្បាល​គោរព​អតីត “អគ្គមគ្គុទេសក៍” គីម ជុងអ៊ីល នៅ​ក្នុងពិធី​បុណ្យ​សព នៅថ្ងៃ​ពុធ​នេះ។

លោក​គីម ជុងអ៊ុន កូនប្រុស​ពៅ និង​ជា​អ្នក​ស្នងតំណែង​របស់​លោក​គីម ជុងអ៊ីល ដើរអម​រថយន្ត ដែល​ផ្ទុក​ក្តាមជ្ឈូស​របស់​ឳពុក។ អមដំណើរ​លោក​គីម ជុងអ៊ុន គេ​ឃើញ​មាន​មេដឹកនាំ​បក្ស​ពលករ​ (ឈ្មោះ​ផ្លូវការ​របស់​បក្ស​កុម្មុយនិស្ត​កូរ៉េ​ខាងជើង) ព្រមទាំង​មេទ័ព​កំពូលៗ ដែល​គេ​រំពឹង​ថា ជា​អ្នក​មាន​ឥទ្ធិពល​​ ឬ​ជា​អ្នក​ត្រូវ​ចែករំលែក​អំណាច​ជាមួយ​លោក​គីម ជុងអ៊ុន។ ក្នុង​ចំណោម​នោះ គេ​ឃើញ​ថា អ្នក​ដើរ​ពីក្រោយ​ជាប់​នឹង​លោក​គីម ជុងអ៊ុន គឺ​ លោក​ចាង សុងថែក ដែល​ជា​ឳពុកមាដ៏មាន​ឥទ្ធិពល។

កាល​ពី​ឆ្នាំ​១៩៩៤ ក្រោយ​ពី​លោក​គីម អ៊ីល​ស៊ុង ទទួល​មរណភាព ​លោក​គីម ជុងអ៊ីល បាន​​ចំណាយ​ពេល​កាន់ទុក្ខ​រាប់ខែ​ ទើបចាប់ផ្តើម​ចូល​កាន់​តំណែង​ផ្លូវការ។ ចំណែក​លោក​គីម ជុងអ៊ុន នៅពេលនេះ​វិញ បាន​ចាប់ផ្តើម​កាន់តំណែង​កំពូលៗ​រួចជា​ស្រេច តាំង​ពី​មុន​ពិធី​បុណ្យ​សព​ចុងក្រោយ​របស់​លោក​គីម ជុងអ៊ីល​ម៉្លេះ។

លោក​គីម ជុងអ៊ុន បាន​ចាប់​ផ្តើម​ចូល​កាន់​តំណែង​​​កំពូលៗ ដូចជា​តំណែង​ជា “អគ្គ​បញ្ជាការ​កងទ័ព” និង​​ជា​ “អគ្គលេខាបក្ស” ដែល​សុទ្ធសឹង​ជា​តំណែង​ថ្នាក់​កំពូលបំផុត ក្នុង​ជួរ​កងទ័ព និង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កូរ៉េ​ខាងជើង។ ទាំងនេះ​ជា​សញ្ញា​បញ្ជាក់ថា បើទោះជា​​លោក​គីម ជុងអ៊ុន ទំនង​ជា​នឹង​ត្រូវ​ចែករំលែក​អំណាច​ជាមួយ​មេទ័ព​កំពូលៗ​ផ្សេងទៀត ក៏ប៉ុន្តែ  លោក​គីម ជុងអ៊ុន គឺ​ជា​ប្រមុខដឹកនាំ​ថ្មី​របស់​កូរ៉េ​ខាងជើង ដោយ​គ្មាន​អ្វី​គួរឲ្យ​សង្ស័យ​ទៀត​នោះទេ។

ការស្នងតំណែង​របស់​លោក​គីម ជុងអ៊ុន ហាក់ដូចជា​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​គ្មាន​បញ្ហា​ចម្រូងចម្រាស ដូច​ការ​ព្រួយបារម្ភ​របស់​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​នោះទេ។ ក៏ប៉ុន្តែ នេះ​មិនមាន​ន័យថា ការប្រជែង​អំណាច​គ្នា​នៅ​កូរ៉េ​ខាង​ជើង​ប្រាកដ​ជា​នឹង​មិន​កើតមាន​​នោះទេ។ គេ​ត្រូវ​រង់ចាំ​មើល​ក្នុងរយៈពេល​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ នៅពេល​ដែល​លោក​គីម ជុងអ៊ុន អាច​ចូល​កាន់តំណែង​បាន​រឹងដៃ​រឹងជើង​ហើយ​ តើ​គាត់​នឹង​សុខចិត្ត​បន្ត​ចែករំលែក​អំណាច​ជាមួយ​អ្នក​ផ្សេង ឬ​ក៏​គាត់​ចង់​ប្រមូល​អំណាច​ទាំងអស់​មក​គ្រប់គ្រង ដូច​លោក​គីម ជុងអ៊ីល ជា​ឳពុក? តើ​មេទ័ព​​កូរ៉េ​ខាងជើង​ពិតជា​នឹង​សុខចិត្ត​ឲ្យ​លោក​គីម ជុងអ៊ុន កាន់កាប់​អំណាច​តែ​ម្នាក់​ឯង​ដែរ​​ដែរ​ឬទេ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ