អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជប៉ុន-កូរ៉េ​ខាង​ត្បូង៖ ជម្លោះ​ដណ្តើម​កោះ​កំពុង​រាលដាល​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជម្លោះ​ផ្នែក​ការទូត​រវាង​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ជុំវិញ​ដំណើរទស្សនកិច្ច​របស់​លោក​លី ម្យ៉ុងបាក់ ទៅកាន់​ប្រជុំកោះ​ដុកដូ (ឬ​តាកេស្ហ៊ីម៉ា) កំពុងតែ​មាន​សភាព​ដុនដាប​កាន់តែ​​ខ្លាំងឡើង​ ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​បដិសេធ​មិន​ទទួល​លិខិត​​តវ៉ា​របស់​នាយករដ្ឋមន្រ្តី​ជប៉ុន​ ហើយ​ផ្ញើ​ត្រឡប់​មក​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​វិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជប៉ុន​ផ្ទុះ​កំហឹង​កាន់តែ​ខ្លាំង។ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​បាន​បង្ហើប​ឲ្យដឹង​ថា ក្រៅពី​ការ​តវ៉ា​ផ្នែក​ការទូត នៅពេលនេះ ជប៉ុន​កំពុង​ពិចារណា​​​ចាត់វិធានការ​ផ្នែក​សេដ្ឋកិច្ច ដើម្បី​តបត​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

លោក​យ៉ូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) នាយករដ្ឋមន្រ្តី​ជប៉ុន ទាមទារ​ឲ្យ​លោក​លី ម្យ៉ុងបាក់​ សុំទោស​ចំពោះ​ពាក្យ​សម្តី​ដែល​ប្រើ​ទៅលើ​អធិរាជ​ជប៉ុន
លោក​យ៉ូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) នាយករដ្ឋមន្រ្តី​ជប៉ុន ទាមទារ​ឲ្យ​លោក​លី ម្យ៉ុងបាក់​ សុំទោស​ចំពោះ​ពាក្យ​សម្តី​ដែល​ប្រើ​ទៅលើ​អធិរាជ​ជប៉ុន REUTERS/Yuriko Nakao
ផ្សាយពាណិជ្ជកម្ម

ជិត​ពីរ​សប្តាហ៍​ក្រោយ​មក ភ្លើងជម្លោះ ​ជុំវិញ​​​ដំណើរ​ទស្សនកិច្ច​របស់​លោក​លី ម្យ៉ុងបាក់ ទៅកាន់​ប្រជុំកោះ​ដុកដូ (Dokdo) ឬ​​ហៅតាម​ជប៉ុន ​តាកេស្ហ៊ីម៉ា (Takeshima) នៅតែ​មិនទាន់​ស្ងប់​រលត់ គឺ​មានតែ​​ឆេះ​កាន់តែ​ខ្លាំងឡើង​ថែមទៀត។ ការបោះពាក្យ​សម្តី​ដាក់​គ្នា​ទៅវិញ​ទៅមក រវាង​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​កើតមាន​ឡើង​ស្ទើរតែ​រាល់ថ្ងៃ។ មកដល់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ភាពចម្រូងចម្រាស​ថ្មី​មួយទៀត​បាន​ផ្ទុះឡើង គឺ​ទាក់ទង​នឹង​លិខិត​តវ៉ា​របស់​នាយករដ្ឋមន្រ្តី​ជប៉ុន ដែល​បាន​ផ្ញើ​ជូន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង កាល​ពីថ្ងៃ​សុក្រ​មុន។

លោក​យ៉ូស្ហ៊ីហ៊ីកូ ​ណូដា (Yoshihiko Noda)​ ផ្ញើ​លិខិត​នេះ ដើម្បី​តវ៉ា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​លី ម្យ៉ុងបាក់ ទៅកាន់​ប្រជុំកោះ​ដែល​ជាប់ជម្លោះ​ផង និង​តវ៉ា​ចំពោះ​ពាក្យ​សម្តី​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ទៅលើ​អធិរាជ​ជប៉ុន​ផង។ ក៏ប៉ុន្តែ កូរ៉េ​ខាង​ត្បូង​ស្រាប់តែ​បាន​​សម្រេច​បញ្ជូន​លិខិត​នេះ​​ត្រឡប់ទៅ​ឲ្យ​រដ្ឋាភិបាល​ជប៉ុនវិញ ដោយ​មិនខ្ចី​ហែកអាន។ ប៉ុន្តែ ​ក្រសួង​ការបរទេស​ជប៉ុន​បាន​បដិសេធ​មិន​ទទួល​យក​លិខិត​នេះ​ត្រឡប់​ទៅវិញ​ទេ។ សូម្បីតែ​​​មន្រ្តី​ទូត​កូរ៉េ​ខាង​ត្បូង ដែល​​ជា​អ្នក​កាន់​លិខិត​នេះ ក៏​គេមិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ក្រសួង​ការបរទេស​ដែរ កាល​ពី​ម្សិលមិញ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា តាម​ពិធីការ​ផ្នែក​ការទូត ប្រមុខ​ដឹកនាំ​ប្រទេស​មួយ មិនដែល​បញ្ជូន​លិខិត​របស់​ប្រមុខដឹកនាំ​ប្រទេស​មួយ​ទៀត ត្រឡប់​មកវិញ​បែបនេះ​ទេ។ អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុនវិញ បានចាត់ទុក​ទង្វើ​​របស់​កូរ៉េ​ខាង​ត្បូង​នេះ​ថា មិន​ស្មើ​នឹង​ក្មេងបៀមដៃ​ផង។

ក៏ប៉ុន្តែ កូរ៉េ​ខាង​ត្បូង​បាន​ចោទថា គឺ​​ជប៉ុន​ទៅវិញទេ ដែល​​​បាន​ធ្វើខុស​នឹង​ពិធីការ​​ទូត ដោយ​បាន​ទម្លាយ​ខ្លឹមសារ​លិខិត​របស់​លោក​ណូដា​ជា​សាធារណៈ នៅមុន​ពេល​បញ្ជូន​ទៅដល់​លោក​លី ម្យ៉ុងបាក់។ ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ក៏​បាន​​ជម្នះ​បញ្ជូន​លិខិត​​នេះ​​​ត្រឡប់​ទៅ​វិញ ដោយ​ផ្ញើ​តាម​​ប្រៃសណីយ៍ ហើយ​លើកនេះ ក្រសួងការបរទេស​ជប៉ុន​សុខចិត្ត​ទទួលយក​លិខិត​នេះ​ត្រឡប់​ទៅវិញ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​តូក្យូ​មិន​សុខចិត្ត​បញ្ចប់​រឿង​នេះ​ត្រឹម​នេះ​ទេ! នៅថ្ងៃ​ព្រហស្បតិ៍​ដដែល​នោះ ​ថ្លែង​មុខ​​តំណាងរាស្រ្ត​ជប៉ុន​ លោកនាយករដ្ឋមន្រ្តី​ជប៉ុន​បានទាមទារ​ឲ្យ​លោក​លី ម្យ៉ុងបាក់​ សូមទោស​ជា​សាធារណៈ​ចំពោះ​ពាក្យ​សម្តី ដែល​លោក​បាន​ប្រើ​មក​លើ​អធិរាជ​ជប៉ុន។

គួររំឭកឡើងវិញ​ថា ក្រោយ​ពី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ​ជាប់ជម្លោះ លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​​បញ្ឆេះ​កំហឹង​ជប៉ុន​មួយ​កម្រិត​ទៀត ដោយ​បាន​ទាមទារថា ​ ​ព្រះចៅ​អធិរាជ​អាគីហ៊ីតូ​ត្រូវតែ​ថ្លែង​សុំទោស​ដោយ​សុទ្ធចិត្ត ចំពោះ​ទង្វើ​របស់​ជប៉ុន​ពី​អតីតកាល ប្រសិនបើ​ទ្រង់​ចង់ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

កាលពី​ម្សិលមិញ​នេះ រដ្ឋសភា​ជប៉ុន​ក៏​បាន​អនុម័ត​សេចក្តីសម្រេច​មួយ​ដែរ ដើម្បី​ថ្កោលទោស​ដំណើរទស្សនកិច្ច​របស់​លោក​លី ម្យ៉ុងបាក់ ទៅ​កាន់​ប្រជុំកោះ​តាកេស្ហ៊ីម៉ា ហើយ​បានទាមទារ​ឲ្យ​កូរ៉េ​ខាង​ត្បូង​បញ្ឈប់​ការ​កាន់កាប់​ប្រជុំកោះ​នេះ ដែល​សភា​ជប៉ុន​ចាត់ទុក​ថា​ជា​ការ​កាន់កាប់​ដោយ​ខុសច្បាប់។

នៅថ្ងៃ​សុក្រ​នេះ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​បាន​បង្ហើប​ឲ្យដឹង​ថា លោក​កំពុង​ពិចារណា​ថា តើ​គួរ​បន្តទិញ​មូលបត្របំណុល​រដ្ឋ​របស់​កូរ៉េ​ខាង​ត្បូង​តទៅទៀត ឬ​ត្រូវ​បញ្ឈប់។ នេះគឺ​ជា​ការ​ព្រមាន​ថ្មីមួយទៀត​របស់​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​ បន្ទាប់​ពី​​បាន​លុបចោល​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេស​​កូរ៉េ​ខាង​ត្បូង និង​ប្រកាស​ថា ចង់សើរើ​កិច្ចព្រមព្រៀង​ដោះដូរ​រូបិយវត្ថុ​ជាមួយ​កូរ៉េ​ខាង​ត្បូង។

ទាំងនេះ​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ថា ជម្លោះ​ដែនដី​នេះ​អាច​នឹង​រាលដាល​​ទៅ​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ។ ក៏ប៉ុន្តែ បើផ្អែក​លើ​បទពិសោធន៍​ពី​អតីតកាល យើងសង្កេតឃើញ​ថា ជប៉ុន និង​កូរ៉េ​ខាងត្បូង​តែងតែ​មាន​ជម្លោះ​ការទូត​បែបនេះ​ជា​រឿយៗ ក៏ប៉ុន្តែ ប្រទេស​ទាំងពីរ​នៅតែ​បន្ត​រក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច​​​ឲ្យ​នៅ​រឹងមាំ​​ជាប់​ជានិច្ច ជាពិសេស ប្រទេស​ទាំងពីរ​ទាញ​យក​ផលប្រយោជន៍​ពីគ្នា​ទៅវិញ​ទៅមក ទាំង​ខាង​វិស័យ​ពាណិជ្ជកម្ម ​វិនិយោគ និង​ទេសចរណ៍​។ សម្រាប់​ជប៉ុន កូរ៉េ​ខាង​ត្បូង​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​​លំដាប់​ទី៣ បន្ទាប់​ពី​អាមេរិក និងចិន។ សម្រាប់​កូរ៉េ​ខាង​ត្បូងវិញ ជប៉ុន​ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់ទី២ បន្ទាប់​ពី​ចិន។ ដូច្នេះ ទាំង​ជប៉ុន ទាំង​កូរ៉េ​ខាង​ត្បូង សុទ្ធតែ​ដឹង​ថា ប្រសិនបើ​​ពួកគេ​បណ្តោយ​ឲ្យ​ជម្លោះ​ដណ្តើមកោះ រាលដាល​ទៅដល់​វិស័យ​សេដ្ឋកិច្ច ប្រទេស​ទាំងពីរ​នឹង​ត្រូវ​ខាត​បង់​ទាំងសងខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ