អានតួអត្ថបទ
ជប៉ុន-ចិន

ជប៉ុន​ផ្គើន​ចិន​នៅ​ប្រជុំ​កោះ​សេនកាគូ

នៅ​ព្រហាម​ថ្ងៃ​អាទិត្យ​ទី ១៩ សីហា ឆ្នាំ​២០១២នេះ សកម្មជនជាតិនិយម​ជប៉ុន​ ជាង​ដប់​នាក់​បាន​ចូល​ជាន់​ដែន​កោះ​ ទាវយូ (បើ​ហៅ​តាម​ភាសាចិន) ឬ​សេនកាគូ​ ​ឈ្មោះ​ជា​ភាសាជប៉ុន។ ប្រជុំ​កោះ​នេះ ដែល​ស្ថិត​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​កើត​ កំពុង​តែ​ក្លាយ​ទៅ​ជា​ចំណី​នៃ​ជម្លោះ​ដណ្តើម​ទឹក​ដី​រវាង​​​ប៉េកាំងនិងតូក្យូ ក្រោម​ក្រសែ​ភ្នែក​ព្រួយ​បារម្ភ​របស់​អន្តរជាតិ។ សកម្មជាតិ​និយម​ជប៉ុន​នាំ​គ្នា​ទៅកោះ​សេនកាគូ បាន​ជំរុញ​ភ្លាម​ឱ្យ​មាន​ប្រតិកម្ម​ពី​​​ខាង​ភាគី​ចិន​វិញ បាតុកម្ម​ប្រឆាំង​ជប៉ុន​ជា​ច្រើន​បាន​រៀប​ចំឡើង​ ក្នុង​ក្រុង​យ៉ាង​ហោចណាស់​៦ នៅ​ទូទាំង​ប្រទេសចិន មាន​ជាអាទិ៍ក្រុង​ ស្ហេនហ្សេន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ហុងកុង។ 

អ្នក​ជាតិ​និយម​ជប៉ុន ដោត​ទង់ជាតិ​នៅ​លើ​កូន​កោះ Uotsuri នៃ​ប្រជុំ​កោះ​សេនកាគូ
អ្នក​ជាតិ​និយម​ជប៉ុន ដោត​ទង់ជាតិ​នៅ​លើ​កូន​កោះ Uotsuri នៃ​ប្រជុំ​កោះ​សេនកាគូ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ ដែល​ស្ថិត​នៅ​ទីក្រុង​តូក្យូ​ កំពុង​តាម​ដាន​ស្ថានការណ៍​ឡើង​កម្តៅ​បណ្តាល​មកពី​ជម្លោះដណ្តើម​​ដែន​ដី រវាង​ចិន​និង​ជប៉ុន ដោយ​កៀក​កិត និង​ព្រួយ​បារម្ភ​បំផុត។ ក្រៅ​ពី​បាតុកម្ម​ប្រឆាំង​ជប៉ុន នៅ​តាម​ក្រុង​ធំៗ​របស់​ចិន ​តៃវ៉ាន់ ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ប្រមាណ​តែ​២០០​គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ​មាន​ជម្លោះ​ ក៏​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ ដោយ​បាន​កោះ​ហៅ​តំណាង​ការទូត​ជប៉ុន​ប្រចាំ​ក្រុង​តៃប៉ិ​ចូល​ជួប​ភ្លាម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ថា​តៃ​វ៉ាន់​មិនពេញ​ចិត្ត​នឹង​ទង្វើ​របស់​ក្រុម​សកម្មជន​ជប៉ុន​ឡើយ។

 
ដ្បិត​នៅ​ថ្ងៃ​អាទិត្យ​នេះ សកម្មជន​ជាតិ​និយម​ជប៉ុន​ជាង​ដប់​នាក់ ក្នុង​នោះ​ម្នាក់​ជា​សមាជិក​សភា​ក្រុង​តូក្យូ​ផង​ បាន​ហែល​ឆ្លង និង​ឡើង​ជាន់​ដី​ប្រជុំ​កោះ​សេនកាគូ ដើម្បី​ដោត​ទង់ជាតិ​ជប៉ុន​ ជា​ច្រើន​ឱ្យ​បក់​រវិច​ៗ ក្នុង​អត្ថន័យ​បញ្ជាក់ជា​ថ្មី​ថា​ ដែន​កោះ​នេះ​ជា​របស់​ជប៉ុន​ដោយ​មិន​អាច​ប្រកែក​បាន។

កាលពី​ថ្ងៃ​ពុធ​ សកម្មជន​ជាតិ​និយម​ចិន ១៤​នាក់ បាន​ដោត​ទង់​ជាតិ​ចិន​ដែរ​លើ​ប្រជុំ​ដដែល​នេះ​ ​ មុន​នឹង​ត្រូវ​ក្រុម​ឆ្មាំ​​សមុទ្ទ​ជប៉ុន​ចាប់​ខ្លួន បន្ទាប់​មក​បណ្តេញ​ចេញ​ពី​ជប៉ុន​ ទៅ​កាន់​ហុងកុង។

ថ្ងៃ​នេះ​ក្រុម​ឆ្មាំ​សមុទ្ទ​ជប៉ុន កំពុង​ផ្ចង់​ការងារ​តាមដាន​សកម្មភាព​របស់​ក្រុម​អ្នក​ជាតិ​និយម​ជប៉ុន​ម្តង។ សកម្មជន​ជាតិ​និយម​ជប៉ុន ដែល​​បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រជុំ​កោះ​សេនកាគូ​តាំង​ពី​ព្រលឹម​អុល មាន​គ្នា​សរុប​ដល់​ទៅ​ជាង​១៥០​នាក់ ជិះ​កប៉ាល​ប្រមាណជាង​២០​គ្រឿង​។ ប៉ុន្តែមាន​តែ​ជាង​​១០​នាក់ប៉ុណ្ណោះ​​បាន​ឡើង​លើ​កោះ។ ប្រធាន​សមាគមជាតិ​និយម​ជប៉ុន Gambari Nippon បាន​លោត​ពី​កប៉ាល់​ ចុះ​ទឹក​ ហែល​សំដៅ​ដី​កោះ ជាមួយ​នឹង​សម្រែក​ជ័យឃោស “ជប៉ុន​ទៅ​មុខ”។

រដ្ឋាភិបាល​ជប៉ុន​ធ្លាប់​បាន​ហាម​ឃាត់​មុន​មក​ មិន​ឱ្យ​ក្រុម​សកម្មជន​ជាតិ​និយម​ទាំង​អស់​នៅ​ ចុះជាន់​ដែន​ដី​ប្រជុំ​កោះ​ជាប់​ជម្លោះ​ជាមួយ​ចិន​ទេ​ ព្រោះ​មិន​ចង់​បង្ហាញ​សាច់​ដុំ​​​ដាក់​​ចិន ដែល​ងាយ​នឹង​អាច​រាល​ដាល​បាន​គ្រប់​ពេលវេលា​ទៅ​ជា​ការ​ប្រឈម​មុខ​យោធា។

ចំណែក​សហរដ្ឋ​អាមេរិក ដែល​អាច​ចាត់​ទុក​ថា​សម្ព័ន្ធ​មិត្ត​របស់​ជប៉ុន​ម្នាក់​ដ៏​សំខាន់​នោះ អាមេរិក​បដិសេធ​មិន​គាំទ្រ​ជប៉ុន​ក្នុង​ជម្លោះ​ដែន​ដី​ដ៏​សាំញ៉ាំ​នេះ​ទេ។ អាមេរិក​ទទួល​ស្គាល់​ថា ប្រជុំ​កោះ​សេនកាគូ ពិត​ជា​ស្ថិត​ក្រោម​រដ្ឋបាល​ជប៉ុន ប៉ុន្តែ​អាមេរិក​រក្សា​សិទ្ធិ​មិន​និយាយ​ថា​ប្រជុំ​កោះ​នោះ​ជា​បូរណភាព​ដែនដី​ជប៉ុន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ