អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល​ធ្លាក់​ក្នុង​វិបត្តិនយោបាយ ដោយ​សភា​កោះ​ឲ្យ​មាន​ការបោះឆ្នោត​មុនអាណត្តិនៅ​ឆ្នំា​ ២០១៥

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ៊ីស្រាអែល​កំពុង​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​មួយ​ដ៏​ធ្ងន់ធ្ងរ។ បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​សម្រេច​ដក​តំណែង​រដ្ឋមន្រ្តី​ចំនួន​ពីរ​រូប​នៅ​ថ្ងៃ​អង្គារ ទី២ ធ្នូ​មក នៅ​ថ្ងៃ​ពុធ ទី៣ ធ្នូ​នេះ រដ្ឋសភា​ទើប​បាន​សម្រេច​ឲ្យ​មាន​បោះឆ្នោតសភា​មុន​កាល​កំណត់​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី១៧ មីនា ឆ្នំា ២០១៥។ គួរ​ជម្រាប​ជូន​ថា រដ្ឋាភិបាល​របស់​លោក​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​សព្វថ្ងៃ ជា​រដ្ឋាភិបាល​ចម្រុះ​ដែល​ចូល​រួម​ដោយ​គណបក្ស​នយោបាយ​ចំនួន ៥ទៀត ដោយ​រាប់​ពី​គណបក្សកណ្តាលនិយម គណបក្សស្តំានិយមសាសនា រហូត​ដល់​គណបក្សជាតិនិយមជ្រុល។ តែ​តំាង​ពី​មួយ​សប្តាហ៍​មក​ហើយ​ដែល​រដ្ឋាភិបាល​បាន​ទទួល​រងការ​បែកបាក់​ផ្ទៃក្នុង​យ៉ាង​ខ្លំាង រហូត​ដល់​លោក​នេតាន់យ៉ាហ៊ូ​បាត់បង់​ការ​គំាទ្រ​ពី​គណបក្ស​ដៃគូ​ទំាង​នោះ។

លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បិនយ៉ាមីន នេតាន់យ៉ាហ៊ូ
លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បិនយ៉ាមីន នេតាន់យ៉ាហ៊ូ REUTERS/Jim Hollander
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ហើយ​ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​របស់​លោក​នាយករដ្ឋមន្រ្តី​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​ចាប់​ផ្តើម​រង្គោះរង្គើរ និង​ដែល​គ្រប់​គ្នា​បាន​ប្រដូច​ទៅ​នឹង​សង្រ្គាម​នៃ​ការ​ដណ្តើម​គ្នា​ធ្វើ​មេ។ តែ​នេះ​ក៏​ជា​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​រួម​សហការ​របស់​គណបក្ស​ផ្សេង​នៅ​ក្នុង​រដ្ឋាភិបាល​តែ​មួយ ឬ​គេ​អាច​ហៅ​ដោយ​សាមញ្ញ​ថា ជា​រដ្ឋាភិបាលចម្រុះ។ រដ្ឋាភិបាល​ចម្រុះ​នៅ​អ៊ីស្រាអែល​របស់​លោក​នេតាន់យ៉ាហ៊ូ​បាន​ចូលរួម​តំាង​ពី​គណបក្សកណ្តាលនិយម​រហូត​ដល់​គណបក្សជ្រុលនិយម។

ប្រភព​នៃ​វិបត្តិ​បាន​ផ្ទុះ​ចេញ​ពី​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​លោក​នេតាន់យ៉ាហ៊ូ និង​រដ្ឋមន្រ្តី​ចំនួន​ពីរ​នាក់​របស់​លោក គឺ​លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ហ្ស៊ីពី លីន្វី និង​លោក​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​យែរ ឡាពីដ។ ជាមួយ​លោក​ឡាពីដ លោក​នេតាន់យ៉ាហ៊ូ​បាន​ស្នើ​ឲ្យ​ដក​ចេញ​វិញ​នូវ​ច្បាប់​ដែល​មិន​ឲ្យ​បង់​ពន្ធ​លើ​តម្លៃ​បន្ថែម​ចំពោះ​ការ​ទិញ​លំនៅដ្ឋាន បន្ទាប់​មក លោក​នេតាន់យ៉ាហ៊ូ​បាន​សុំ​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ដំឡើង​ថវិការការពារជាតិ​ជាង ១ ៥០០លាន​ដុល្លារ​សម្រាប់​បំពេញ​កង្វះ​ខាត​នា​ពេល​ធ្វើ​សង្រ្គាមប្រឆំាង​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​រយៈពេល ៥០ថ្ងៃ​កន្លង​ទៅ បន្ទាប់​មក​ទៀត លោក​នេតាន់យ៉ាហ៊ូ​ក៏​បាន​អំពាវនាវ​ឲ្យ​លោក​ឡាពីដ​បិទមាត់​បញ្ឈប់​ការ​រិះគន់​លើ​រដ្ឋាភិបាល​នៅ​ក្នុង​រឿង​សាងសង់​លំនៅដ្ឋាន​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង​ហ៊្សេរុយសាឡិមខាងកើត។

ចំណែក​ជាមួយ​លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ហ្ស៊ីពី លីន្វី​វិញ លោក​ប្រមុខ​រដ្ឋាភិបាល​បាន​សុំ​ឲ្យ​លោកស្រី​ជួយ​គំាទ្រ​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​ប្តូរ​អ៊ីស្រាអែល​ពី « រដ្ឋជ្វីហ្វ និង​ប្រជាធិបតេយ្យ » ទៅ​ជា « រដ្ឋ​នៃ​ប្រជាជាតិ​ជ្វីហ្វ » វិញ។ តែ​លោក​ឡាពីដ ក៏​ដូច​ជា​លោកស្រី​លីន្វី​មិន​បាន​ធ្វើ​តាម​សំណើ​របស់​លោក​នេតាន់យ៉ាហ៊ូ​ទេ។ នៅ​ទីបំផុត និង​ដើម្បី​ជា​ការ​ផ្តល់​មេរៀន​ចំពោះ​រដ្ឋមន្រ្តី​ផ្សេង លោក​នេតាន់យ៉ាហ៊ូ​ក៏​បាន​សម្រេច​ដក​តំណែង​រដ្ឋមន្រ្តី​ទំាង​ពីរ​រូប​នោះ​តែ​ម្តង​ទៅ។ តែ​បញ្ហា​នៅ​ត្រង់​ថា បើ​គ្មាន​ការ​គំាទ្រ​ពី​គណបក្ស​របស់​រដ្ឋមន្រ្តី​ទំាង​ពីរ​រូប​នេះ​ទេ លោក​នេតាន់យ៉ាហ៊ូ​ក៏​មិន​អាច​មាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​ដែរ។

សភា​សម្រេច​យក​ថ្ងៃទី១៧ មីនា ឆ្នំា ២០១៥ ជា​ថ្ងៃ​បោះឆ្នោត​សភា​​មុន​អាណត្តិ

បើ​គ្មាន​វិបត្តិនយោបាយ​នៅ​ពេល​នេះ​ទេ ការ​បោះឆ្នោត​សភា​នៅ​អ៊ីស្រាអែល​នឹង​ត្រូវ​រៀបចំ​នៅ​ឆ្នំា ២០១៧។ តែ​នៅ​ចំពោះ​មុខ និង​ជាង ៣ខែ​មុន​ការ​រៀបចំ​បោះឆ្នោត​មុន​អាណត្តិ​ឈាន​មក​ដល់ លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​ជាមួយ​គណបក្ស​ផ្សេង។ អស់រយៈពេល​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ហើយ​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ផ្តើម​ពិភាក្សា​ជាមួយ​គណបក្សសាសនា និង​គណបក្សជាតិនិយម​ដែល​មាន​អសនៈ​នៅ​ក្នុង​រដ្ឋសភា។ តែ​ក្រុមអ្នកវិភាគ​បាន​ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​អាច​បញ្ជៀស​មេរៀន​ដ៏​ជូរចត់​ដូច​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ទទួល​ពី​រដ្ឋមន្រ្តី​ដកតំណែង​មក​ពី​គណបក្ស​កណ្តាលនិយម​ពេល​នេះ លោក​នេតាន់យ៉ាហ៊ូ​ក៏​គួរ​ពិនិត្យមើល​ឡើង​វិញ​នូវ​នយោបាយ​របស់​ខ្លួន​ដែរ។

អ្វី​ដែល​ច្បាស់​នៅ​ពេល​នេះ ទោះបី​ជា​មាន​ការ​បោះឆ្នោត​មុន​អាណត្តិ​នៅ​ថ្ងៃ​នេះ ឬ​មួយ​ក៏​នៅ ៣ខែ​ខាង​មុខ ក៏​គណបក្ស​លីគូដ​របស់​លោក​នេតាន់យ៉ាហ៊ូ​នៅ​តែ​ទទួល​បាន​ជោគជ័យ​ដដែល តែ​អ្វី​ដែល​មិន​ច្បាស់​នោះ​គឺ​ថា តើ​អនាគត​រដ្ឋាភិបាលចម្រុះ​របស់​លោក​នេតាន់យ៉ាហ៊ូ​នឹង​រឹងមំា​ជាង​មុន ឬ​ក៏​អត់។ គួរ​រម្លឹក​ជូន​ថា នយោបាយ​របស់​លោក​នេតាន់យ៉ាហ៊ូ​ដែល​បាន​ទទួល​រងការរិះគន់​ខ្លំាង​ជាង​គេ គឺ​ទាក់ទង​នឹង​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​ប្តូរ​អ៊ីស្រាអែល​ពី « រដ្ឋជ្វីហ្វ និង​ប្រជាធិបតេយ្យ » ទៅ​ជា « រដ្ឋ​នៃ​ប្រជាជាតិ​ជ្វីហ្វ » វិញ។ សេចក្តីព្រាងច្បាប់​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស និង​ការ​តស៊ូមតិ​យ៉ាង​ផុសផុល។ គណបក្សប្រឆំាង​បាន​ចាត់​ទុក​សេចក្តី​ព្រាងច្បាប់​នោះ​ថា មាន​ការ​រើសអើង ចំណែក​នៅ​ផ្ទៃក្នុង​គណបក្សលីគូដ​របស់​លោក​នេតាន់យ៉ាហ៊ូ​ក៏​គ្មាន​ការ​ឯកភាព​គ្នា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ