អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដង្ហើម​​ចុង​ក្រោយ​នៃ​ការ​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅសល់​តែ​​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ ​កិច្ចចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ទីក្រុង​វីយ៉ែន ដែល​ក្រុម​ប្រទេស​មហាអំណាច​ទាំង​៥ +១ (បារាំង​ អាមេរិក អង់គ្លេស ចិន រុស្ស៊ី និងអាល្លឺម៉ង់) ព្រម​ទាំង​តំណាង​អ៊ីរ៉ង់​កំពុង​ជួប​ប្រជុំ​គ្នា នឹង​ត្រូវ​បិទ​បញ្ចប់ និង​ដល់​ឱសានវាទ។ ពេល​វេលា​កាន់​តែ​ខោច លទ្ធផល​ក៏​កាន់​តែ​មិន​ប្រាកដ។ ក្រៅ​អំពី​បញ្ហា​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​សាយ​ភាយ​នុយក្លេអ៊ែរ កិច្ចចរចា​នៃ​មាន​សារៈសំខាន់​បំផុត។ ព្រោះ​បើ​មហាអំណាច​និង​អ៊ីរ៉ង់ អាច​រក​ឃើញ​កិច្ចព្រមព្រៀង​នឹង​គ្នា​បាន​នៅ​ថ្ងៃ​នេះ នោះ​គឺតំបន់​ដើម​បូព៌ា​ទាំង​មូល​ដែល​ប្តូរ​ផ្លាស់។ អាច​មាន​សេណារីយោ​បី​ កើត​ចេញ​ពី​ការ​ចរចា​ផ្តាច់​ព័ត្រ​ថ្ងៃទី ២៤​វិច្ឆិកា ២០១៤។

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក John Kerry (ស្តាំ) និង​សមភាគី​អ៊ីរ៉ង់ លោក Javad Zarif (ឆ្វ) លោកស្រី​ Catherine Ashton តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប
រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក John Kerry (ស្តាំ) និង​សមភាគី​អ៊ីរ៉ង់ លោក Javad Zarif (ឆ្វ) លោកស្រី​ Catherine Ashton តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប Reuters/路透社
ផ្សាយពាណិជ្ជកម្ម

សេណារីយោ​​ដែល​ទំនង​គួរ​​ឱ្យ​ជឿ​ជាក់​ជាង​គេ​គឺ​ការពន្យារពេល​​ចរចា​។ បើ​តាម​ប្រភព​ព័ត៌មាន​អាមេរិក ក្រុម​ប្រទេស​មហាអំណាច​​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​បូក​និង​អាល្លឺម៉ង់​ កំពុង​តែ​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ពន្យារ​ពេល​នេះ។ ប្រសិន​បើ​ដូច្នេះ​មែន​នោះ​នឹង​អាច​មាន​ការព្រមព្រៀង​នយោបាយមួយ​មក​ជំនួស​ សេណារីយោ​ទី​ពីរ ដែល​គ្មាន​អ្វី​ក្រៅ​ពី​ការបរាជ័យ។ ពន្យារ​ពេល​ចរចា គឺ​មាន​ន័យ​ថា​ជា​បរាជ័យ ដែល​គេតែង​លម្អ ពាក់​មុខ​ ពង្រាង​ដោយ​ពាក្យ​ផ្សេង ដើម្បី​ស្តារ​មុខ​មាត់​​តែ​ប៉ុណ្ណោះ។ ​

 

ការ​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​លើក​នេះ​ ជា​ខិត​ខំ​ប្រឹង​ប្រែង​ស្ទើរ​គ្មាន​លួស​ថ្ងៃ​ នៅ​តែ​មិន​អាច​ធ្វើ​​ឱ្យ​ភាគី​​មហាអំណាច (បស្ចឹម​លោក) និង​អ៊ីរ៉ង់​ ស្វែង​រក​ជំហរ​រួម​គ្នា​បាន។ ដូច្នេះ​បើ​បន្ថែម​ពេល​ពីរ​បី​ខែ ទៀត ក៏​គេ​ពិបាក​ជឿ​ថា​​នឹង​អាច​រក​ឃើញ​លទ្ធផល​គ្រាន់​បើ​ជាង​ណាស់។

ប្រសិន​ សេណារីយោ​នេះ​នឹង​ត្រូវ​បញ្ជាក់​​នៅ យប់​នេះ​មែន នោះ​ពិត​ជា​ ជា​ការបាក់​មុខ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូហានី​ខ្លាំងណាស់។ ព្រោះ​ប្រមុខដឹកនាំ​ទាំង​ពីរ​បាន​ទទួល​រង​ការ​រិះគន់​ ពី​សំណាក់​បក្ស​ប្រឆាំង​ នៅក្នុង​ប្រទេស​រៀង​ខ្លួន រួច​ស្រាប់​ទៅ​ហើយ ចំពោះ​កិច្ចព្រមព្រៀង​​តាំង​ពី​មិន​ទាន់​កើត​ជា​រូប​រាង​ម្ល៉េះ។

តែ​យ៉ាង​ណា​ក៏​ដោយ​ ក៏​គ្មាន​ហេតុ​ផល​អ្វី​ដែល​ក្រុម​មហាអំណាច​និង​អ៊ីរ៉ង់ ត្រូវ​បន្ទន់​ដៃ​ឡើយ ! តាំង​ពី​ព្រឹក​មក រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចន ឃែរី បាន​ជួប​ជាថ្មី ជា​លើក​ទី ៧ សមភាគី​អ៊ីរ៉ង់​ លោក មូហាម៉េត ហ្សាវ៉ា ហ្សារីហ្វ។ ក្រៅ​ពី​ជំនួប​ទ្វេ​ភាគី ជំនួប​រួម​គ្នា រវាង​មហាអំណាច​ទាំង​ប្រាំមួយ និង​អ៊ីរ៉ង់ ត្រូវ​ចូល​តុ​ជុំ​គ្នា​ជា​លើក​ទី​មួយ​ នៅ​ថ្ងៃ​នេះ។ ពេល​វេលា​នៅ​ខ្លី​មែន​ ប៉ុន្តែ​គ្រប់​ភាគី សុទ្ធ​បាន​សន្យា​ប្រឹង​ឱ្យ​អស់​សមត្ថភាព សង្ឃឹមជា​និច្ច​ថា​នឹង​​​រក​ដំណោះស្រាយ​បាន​តាម​ផ្លូវ​នយោបាយ ​បិទ​បញ្ចប់​វិវាទ​ ឬ​ទំនាក់ទំនង​ក្រវិច​ក្រវៀន​១២​ឆ្នាំ​រវាង​អ៊ីរ៉ង់​និង​បស្ចឹម​លោក។

ក្នុង​កិច្ចពិភាក្សា​បែប​នេះ គ្មាន​អ្វី​ដែល​អាច​ទាយ​ទុក​ជា​មុន​បាន​ទេ។ សេណារីយោ​ចុង​ក្រោយ ​កិច្ចព្រមព្រៀងទូទៅ​​អាច​នឹង​កើត​ជា​រូប​រាង​ដូច​ការ​ស្រមៃចង់​បាន​របស់​អ៊ីរ៉ង់ និង​មហា​អំណាច ក៏​ថា​បាន។

របត់​ថ្មី​សម្រាប់​តំបន់​ដើម​បូព៌ា

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។ មាន​​កិច្ចព្រមព្រៀង អ៊ីរ៉ង់​នឹង​បិទ​បញ្ចប់​ភាព​​ឯកា និង​បាន​វិល​ត្រលប់​មក​លើ​ឆាក​អន្តរជាតិ​ក្នុង​នាម​ជា​ប្រទេស​ដ៏​មាន​អំណាច​បំផុត​មួយ​ផង។ នៅ​ក្នុង​ខួរ​ក្បាល​អ្នក​ការទូត​អ៊ីរ៉ង់​ដែល​កំពុង​ដឹកនាំ​ចរចា​នៅ​ក្នុង​ទីក្រុង​វីយ៉ែន កម្មវត្ថុ​ធំ​គឺ​នុយក្លេអ៊ែរ តែ​ចាំ​ជាប់​ចំណុច​សំខាន់​ពីរ​ទៀត ៖
ប្រសិនបើ​រក​ឃើញ​កិច្ចព្រម​ព្រៀង នោះ​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​ជា​សត្រូវ​​ជួរជាតិ​នឹង​គ្នា អាច​ញាត់​អាវុធ​ទុក​លែង​ធ្វើ​សង្គ្រាម​នឹង​គ្នា និង​បិទ​បញ្ចប់​ជម្លោះ​អូស​បន្លាយ​អស់​៣៥​ឆ្នាំ។ ខាង​អាមេរិក​ ក៏​ចង់​ឃើញ​ជោគជ័យ​នេះ​ដែរ។ ​សំណុំ​រឿងនុយក្លេអ៊ែរ​អ៊ីរ៉ង់ ទទួល​ខុស​ត្រូវ លោក​ចន​ឃែរី ​ ជា​អាទិភាពមួយ​នៃ​​នយោបាយការបរទេស​​របស់​រដ្ឋ​បាល​អូបាម៉ា។
ថ្វីដ្បិត​តែ​គ្មាន​លើក​យក​មក​​និយាយ​ក្នុង​កិច្ចចរចា​នេះ​មែន ប៉ុន្តែ​ទាំង​សហរដ្ឋ​អាមេរិក ទាំង​សហភាព​អឺរ៉ុប សុទ្ធ​តែ​ត្រូវ​ការ​នាពេល​បច្ចុប្បន្ន​នេះ អ៊ីរ៉ង់​ទាំង​អស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​អង្កការ​រដ្ឋ​អ៊ីស្លាម​ នៅ ស៊ីរី និង​នៅ​អ៊ីរ៉ាក់។

បើ​មា​ន​កិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ គឺ​ដូចជា​ការ​បើក​ផ្លូវ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​​លើ​សំណុំ​រឿង​ផ្សេងៗ​ជា​ច្រើន​ទៀត មាន​ជាអាទិ៍​ការ​ប្រយុទ្ធ​នឹង​ភេរវនិយម​នៅ​ដើម​បូព៌ា។

យុទ្ធសាស្ត្រ​​ដ៏​គ្រោះថ្នាក់​របស់​អ៊ីរ៉ង់​

បើ​គ្មាន​កិច្ចព្រម​ព្រៀង​នៅ​យប់​នេះ ទេ នោះ​កិច្ចព្រមព្រៀង​បឋម ដែល​ជា​គោល​នៃ​កិច្ចចរចា​ថ្ងៃ​នេះ នឹង​អស់​សុពលភាព ! អ៊ីរ៉ង់​នឹង​បន្ត​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​បស្ចឹម​ប្រទេស​ទៀត។
អ៊ីរ៉ង់ បានចាប់​ផ្តើមសំលឹង​រក​ផ្លូវដោះទ័ល ដោយ​​​ងាក​ទៅ​ពឹងពំនាក់​លើ​ប៉េកាំង និង​ម៉ូស្គូ​ ប្រការ​ក្រែង​កិច្ចចរចា​ត្រូវ​ជួប​បរាជ័យ។ ប៉ុន្តែ​យុទ្ធសាស្ត្រ​មួយនេះ​អ៊ីរ៉ង់​ទំនង​ជា​មិន​អាចរំ​ពឹង​ដោយ​ជឿជាក់​បាន​ឡើយ។

ចិន​ជាង​ប្រទេស​នាំ​ចូល​ប្រេង​មក​ពីអ៊ីរ៉ង់​ចម្បង​ជា​ង​គេ និង​ក្នុង​បរិមាណ​ច្រើន​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុងក្រោយនេះ ទោះបី​ជា​អ៊ីរ៉ង់​ជាប់​ទណ្ឌកម្ម​អន្តរជាតិ​ក្តី។ ប៉ុន្តែ​ជំនួយ​​នេះ​មាន​កំរិត ! ចិន​ទាមទារ​បញ្ចុះ​តម្លៃ​ប្រេង​ឆៅ​នាំចូល​ ហើយ​អាច​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ពីអ៊ីរ៉ង់​ផង ព្រោះ​ទីផ្សារ​ពិភពលោក​ផ្នែក​ប្រេង​នេះ​បា​ន​ចុះ​ថ្លៃ​ខ្លាំង​នា​រយៈ​ពេល​៥​ខែ​ចុងក្រោយ​នេះ។ ចំពោះ​រុស្ស៊ី​វិញ ដែលជា​អ្នក​លក់​អាវុធ​ឱ្យ​អ៊ីរ៉ង់​ មិន​ត្រូវ​ការ​ប្រេងទេ ហើយ​កំពុង​ជាប់​ទណ្ឌកម្ម​ខ្លួន​ឯង​ដែរ ក្នុង​វិបត្តិ​អ៊ុយក្រែន។ ដូច្នេះ​ចិន​និង​រុស្ស៊ី​ដែល​ធ្លាប់​សម្រប​​គំនិត​តាម​លោក​ខាង​លិច​ជា​ច្រើនដង​ក្នុង​ការ​ដាក់​អ៊ីរ៉ង់​ឱ្យ​ឯកា​​ ទំនង​ជា​នឹង​មិន​ជំទាស់​សហរដ្ឋ​អាមេរិក​ឬ សហភាព​អឺរ៉ុប មិន​ឱ្យ​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​ទេ​ ប្រសិន​បើ​ការចរចាលើក​នេះ​​មិន​សម្រេច​នោះ​។

ម្យ៉ាង​ទៀត ក្នុង​បរិបទ​ដែល​តម្លៃ​ប្រេងបន្ត​ធ្លាក់​ថ្លៃដូច្នេះ អ៊ីរ៉ង់​ពិត​ជា​ពិបាក​ មិន​ដឹង​ត្រូវ​ធ្វើ​ដូចម្តេច​​ស្តារ​សេដ្ឋកិច្ច​​ឱ្យ​ងើប​ឡើង​វិញ​ ដោយ​​គ្មាន​ការ​បន្ធូរ​បន្ថយទណ្ឌកម្ម​​សេដ្ឋកិច្ច​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ