អៀរ៉ង់សម្ពោធរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៣
នៅថ្ងៃសៅរ៍នេះ វិស្វកររុស្ស៊ី និងអៀរ៉ង់ បានចាប់ផ្តើមបញ្ចូលធាតុអ៊ុយរ៉ាញ៉ូមទៅក្នុងម៉ាស៊ីនប្រតិករ នៃរោងចក្រអគ្គិសនីនុយក្លេអ៊ែរមួយកន្លែង ឈ្មោះ Bouchehr ។ បើទោះបីជាប្រទេសលោកខាងលិចព្យាយាមរារាំងយ៉ាងណា ទីបំផុត អៀរ៉ង់នៅតែអាចដំណើរការរោងចក្រនុយក្លេអ៊ែរនេះបាន។ ប្រជាជនអៀរ៉ង់គ្រោងរៀបចំពិធីដ៏ឱឡារិកមួយ ដើម្បីអបអរការសម្ពោធរោងចក្រនុយក្លេអ៊ែរនេះ។
រោងចក្រនុយក្លេអ៊ែរ Bouchehr អាចផលិតអគ្គិសនីបាន ១ពាន់ម៉េហ្កាវ៉ាត់។ ប៉ុន្តែ គេត្រូវរង់ចាំប្រមាណជា ១ខែ ទៅ ២ខែទៀត ទើបរោងចក្រនេះ អាចផលិតថាមពលអគ្គិសនីយកមកប្រើប្រាស់បាន។
ការសាងសង់រោងចក្រនុយក្លេអ៊ែរ Bouchehr បានចាប់ផ្តើមឡើងតាំងពី ៣៥ឆ្នាំមុនម៉្លេះ ដោយមានជំនួយពីអាឡឺម៉ង់ និងបារាំង។ ក៏ប៉ុន្តែ ការសាងសង់រោងចក្រនេះត្រូវកកស្ទះចាប់តាំងពីមានបដិវត្តន៍អៀរ៉ង់ នៅឆ្នាំ ១៩៧៩។ នៅចុងក្រោយនេះ គឺរុស្ស៊ីជាអ្នកជួយសាងសង់បង្ហើយ។ រុស្ស៊ីក៏ជាអ្នកផ្តល់ធាតុអ៊ុយរ៉ាញ៉ូម សម្រាប់ប្រើប្រាស់ក្នុងរោងចក្រនេះផងដែរ។
កន្លងមក សហរដ្ឋអាមេរិកបានព្យាយាមរារាំងមិនឲ្យរុស្ស៊ីផ្តល់អ៊ុយរ៉ាញ៉ូម ដើម្បីដំណើរការរោងចក្រនុយក្លេអ៊ែរ Bouchehrh នេះ ដោយគេសង្ស័យថា អៀរ៉ង់មានមហិច្ឆតានុយក្លេអ៊ែរយោធា។ ក៏ប៉ុន្តែ ចុងក្រោយនេះ អាមេរិកបានបញ្ឈប់ការតវ៉ាជំទាស់នេះវិញ ក្រោយពីរុស្ស៊ីបានធានាថា នឹងមិនឲ្យអៀរ៉ង់លួចយកធាតុអ៊ុយរ៉ាញ៉ូមទៅផលិតអាវុធ។
ដើម្បីអាចផលិតអាវុធនុយក្លេអ៊ែរបាន គេត្រូវបន្សុទ្ធអ៊ុយរ៉ាញ៉ូមឲ្យបានយ៉ាងតិច ៩០%។ ចំណែកអ៊ុយរ៉ាញ៉ូម ដែលរុស្ស៊ីផ្តល់ទៅឲ្យអៀរ៉ង់ ពេលនេះ បន្សុទ្ធបានត្រឹមតែ ៣,៥%ប៉ុណ្ណោះ។ ម្យ៉ាងទៀត រុស្ស៊ីបានរៀបចំមិនឲ្យគេយកធាតុអ៊ុយរ៉ាញ៉ូមទាំងនេះទៅបន្សុទ្ធបន្ថែមទៀតបានទេ។
លើសពីនេះទៅទៀត នៅក្នុងកិច្ចសន្យា អៀរ៉ង់មានកាតព្វកិច្ចបញ្ជូនកាកសំណល់នុយក្លេអ៊ែរទាំងអស់ ដែលចេញពីរោងចក្រ Bouchehr ត្រឡប់ទៅឲ្យរុស្ស៊ីវិញ។ នេះ ដើម្បីចៀសវាងកុំឲ្យអៀរ៉ង់យកកាកសំណល់ទៅចម្រាញ់យកធាតុភ្លុយតូញ៉ូម (Plutonium) មកផលិតអាវុធនុយក្លេអ៊ែរ។
ដំណើរការរោងចក្រនុយក្លេអ៊ែរ Bouchehr នេះ នឹងត្រូវដាក់ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ពីសំណាក់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (AIEA) ពោលគឺចាប់តាំងពីពេលរុស្ស៊ីបញ្ជូនធាតុអ៊ុយរ៉ាញ៉ូម រហូតដល់ពេលអៀរ៉ង់បញ្ជូនកាកសំណល់នុយក្លេអ៊ែរទៅឲ្យរុស្ស៊ីវិញ។ អ្នកជំនាញនុយក្លេអ៊ែររបស់ AIEA បានអះអាងថា អៀរ៉ង់មិនអាចលួចកេងយកអ៊ុយរ៉ាញ៉ូម ឬកាកសំណល់នុយក្លេអ៊ែរ ទៅផលិតអាវុធ ដោយមិនឲ្យគេដឹងនោះទេ។
នៅក្នុងសំណុំរឿងនុយក្លេអ៊ែរអៀរ៉ង់ អ្វីដែលគេបារម្ភបំផុតនោះ គឺមជ្ឈមណ្ឌលចម្រើនធាតុអ៊ុយរ៉ាញ៉ូមទាំង ១០កន្លែងរបស់អៀរ៉ង់។ រោងចក្រនុយក្លេអ៊ែរ Bouchehr មិនមែនបញ្ហាធំនោះទេ។
គួររំឭកឡើងវិញថា ប្រទេសលោកខាងលិចធ្លាប់បានដាក់សំណើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់វិបត្តិនុយក្លេអ៊ែរអៀរ៉ង់។ សំណើនេះ មានទម្រង់ស្រដៀងគ្នានឹងកិច្ចសន្យារវាងអៀរ៉ង់ និងរុស្ស៊ី នៅពេលនេះដែរ។ គេបានទាមទារឲ្យអៀរ៉ង់បញ្ឈប់រាល់កម្មវិធីចម្រើនធាតុអ៊ុយរ៉ាញ៉ូមទាំងអស់។ ជាថ្នូរមកវិញ រុស្ស៊ី និងបារាំង សុខចិត្តយកធាតុអ៊ុយរ៉ាញ៉ូមរបស់អៀរ៉ង់មកបន្សុទ្ធ ដើម្បីយកទៅឲ្យអៀរ៉ង់ប្រើប្រាស់ក្នុងវិស័យស៊ីវិល។ ក៏ប៉ុន្តែ អៀរ៉ង់បានច្រានចោលសំណើនេះ ហើយចចេសបន្តកម្មវិធីចម្រើនធាតុអ៊ុយរ៉ាញ៉ូមតទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ