អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​សហគមន៍​អន្តរជាតិ​មាន​ជម្រើស​អ្វីខ្លះ​ក្នុងការ​ដោះស្រាយ​វិបត្តិ​លីប៊ី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សុក្រ ២៥ កុម្ភៈ ២០១១​នេះ សហគមន៍​អន្តរជាតិ​កំពុង​តែ​ខ្នះខ្នែង ស្វែងរក​វិធានការ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅលីប៊ី។ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប. កំពុង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ហ្សឺណែវ។ ក្រុមប្រឹក្សា​សន្តិសុខ​​ក៏​នឹង​​ជួប​ប្រជុំ​គ្នា​ដែរ នៅ​ញូយ៉ក ដើម្បី​ជជែក​អំពី​វិបត្តិ​លីប៊ី។ តើ​​សហគមន៍​អន្តរជាតិ​អាច​មាន​វិធានការ​អ្វីខ្លះ?

បារាំង​និង​អង់គ្លេស​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅលីប៊ី
បារាំង​និង​អង់គ្លេស​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅលីប៊ី ©Reuters
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ដោះស្រាយ​វិបត្តិ​នៅលីប៊ី សហគមន៍​អន្តរជាតិ​មាន​ជម្រើស​ធំៗ​បី៖ ទណ្ឌកម្ម, តុលាការ និង​យោធា។

ទណ្ឌកម្ម

ទណ្ឌកម្ម គឺ​ជា​វិធានការ ដែល​សហគមន៍​អន្តរជាតិ​កំពុង​តែ​​​ពិចារណា ដោយ​យក​ចិត្ត​ទុកដាក់​​ខ្លាំងជាងគេ។ នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៅ​ទីក្រុង​ហ្សឺណែវ ដែល​បើក​ធ្វើ​នៅថ្ងៃ​នេះ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប. កំពុង​ពិចារណា​អំពី​​ការ​ព្យួរ​សមាជិក​ភាព​លីប៊ី ក្នុង​ក្រុមប្រឹក្សា និង​អំពី​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ ដើម្បី​ស៊ើបអង្កេត​លើ​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​លីប៊ី។

គួរ​បញ្ជាក់ថា សហព័ន្ធ​អារ៉ាប់​បាន​សម្រេច​ព្យួរ​សមាជិកភាព​របស់​ប្រទេស​លីប៊ី​រួចហើយ នាពេល​ថ្មីៗនេះ។

នៅក្នុង​កិច្ចប្រជុំ នៅ​ញូយ៉ក នៅម៉ោង ៣រសៀល​ថ្ងៃ​សុក្រ​​នេះ (ត្រូវនឹង​ម៉ោង ៣ព្រឹក​ថ្ងៃ​សៅរ៍ នៅ​ប្រទេស​កម្ពុជា) ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. នឹង​ជជែក​គ្នា​ទៅលើ​ទណ្ឌកម្ម​ចម្បងៗ​ចំនួន ៣ ដែល​​នឹង​ដាក់​ទៅលើ​រដ្ឋាភិបាល​លីប៊ី និង​បក្សពួក​របស់​​លោក​កាដាហ្វ៊ី៖ ការ​ហាមឃាត់​​ការ​លក់​អាវុធ​គ្រប់ប្រភេទ​ទៅលីប៊ី (Embargo) ការ​ផ្អាប់​ទ្រព្យសម្បត្តិ និង​ការ​ហាមឃាត់​ការធ្វើ​ដំណើរ​របស់​លោក​កាដាហ្វ៊ី និង​​ក្រុមគ្រួសារ។

រដ្ឋាភិបាល​ស្វ៊ីស​បាន​សម្រេច​ជា​ឯកតោ​ភាគី​រួចទៅហើយ ក្នុង​ការ​ផ្អាប់​ទ្រព្យសម្បត្តិ​របស់​លោក​កាដាហ្វ៊ី និង​ក្រុមគ្រួសារ ដែល​មាន​នៅ​ក្នុង​ប្រទេស​ស្វ៊ីស។

តុលារការ​ព្រហ្មទណ្ឌ​អន្តរជាតិ

នៅក្នុង​សេចក្តីព្រាង​សេចក្តីសម្រេច​ចិត្ត​ ​ដែល​ត្រូវ​ដាក់​ជូន​ក្រុមប្រឹក្សា​សន្តិសុខ​​ នៅ​ថ្ងៃ​សុក្រនេះ បារាំង និង​អង់គ្លេស បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​បើក​ការស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​​ប្រឆាំង​មនុស្សជាតិ ដែល​ប្រព្រឹត្ត​ដោយ​លោក​កាដាហ្វ៊ី។

គួរ​បញ្ជាក់ថា លីប៊ី​មិនបាន​​ទទួល​ស្គាល់​សមត្ថកិច្ច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិទេ។ អំពើ​ ដែល​គួរ​ឲ្យ​សង្ស័យ​ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ត្រូវ​ប្រព្រឹត្ត​នៅ​ក្នុង​ទឹកដី​លីប៊ី ហើយ​ជនសង្ស័យ​ក៏​ជា​ពលរដ្ឋ​របស់​លីប៊ី។ ដូច្នេះ ដើម្បី​ឲ្យ​​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​​បើក​ការ​ស៊ើបអង្កេត​បាន លុះត្រា​តែ​មាន​សេចក្តី​សម្រេច​​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។

អន្តរាគមន៍​ផ្នែក​យោធា

​សំណួរ​ចោទឡើង​ថា តើ​ទណ្ឌកម្ម និង​​ការ​ប្តឹង​ទៅ​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ អាច​មាន​ប្រសិទ្ធិភាព បញ្ឈប់​ការ​​កាប់សម្លាប់​ប្រជាជនស៊ីវិល​លីប៊ី​បាន​ដែរ​ឬទេ? ចាប់តាំង​ពី​ពេល​ចាប់ផ្តើម​ចលនា​បះបោរ រហូតមកទល់ពេលនេះ មាន​មនុស្ស​រាប់ពាន់​នាក់​បាន​បាត់បង់​ជីវិត។ យោង​តាម​អ.ស.ប. ការ​ប្រើ​កម្លាំង​បង្រ្កាប​ចលនា​បះបោរ មាន​សន្ទុះ​កាន់តែ​ខ្លាំងឡើង​ នៅពេលនេះ។ ដូច្នេះ​ ការការពារ​ប្រជាជនស៊ីវិល គឺ​ជា​បញ្ហា​បន្ទាន់​ជាងគេ នៅលីប៊ី។

វិធានការ ដែល​អាច​មាន​ប្រសិទ្ធិភាព​ជាងគេ ដើម្បី​បញ្ឈប់​ការ​កាប់សម្លាប់​ជនស៊ីវិល គឺ​អន្តរាគមន៍​យោធា។ ក៏ប៉ុន្តែ នៅពេលនេះ អន្តរាគមន៍​យោធា​​​មិនស្ថិត​ក្នុង​របៀបវារៈ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នោះទេ។ ចិន និង​រុស្ស៊ី គឺ​ជា​អ្នក​ជំទាស់​ខ្លាំងជាងគេ ចំពោះ​ការ​បញ្ជូន​ទ័ព​ទៅ​លីប៊ី ដោយ​លើក​ឡើង​ថា ចលនាបះបោរ​ប្រឆាំង​​រដ្ឋាភិបាល គឺ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​លីប៊ី។

ទោះជាយ៉ាងណា​ក៏ដោយ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់ថា ការប្រើ​កម្លាំង​យោធា​នៅលីប៊ី​ នៅតែ​ជា​ជម្រើស​មួយ ដែល​​ក្រសួងការពារជាតិ​អាមេរិក​កំពុង​​តែ​សិក្សា​មើល។ សហភាព​អឺរ៉ុប​វិញ ក៏​កំពុង​តែ​សិក្សា​ទៅលើ​លទ្ធភាព​បញ្ជូន​ទ័ព​ទៅលីប៊ី​ដែរ ក៏ប៉ុន្តែ កងទ័ព​ដែល​សហភាព​អឺរ៉ុប​ចង់​បញ្ជូន​ទៅ​លីប៊ីនេះ គឺ​គ្រាន់តែ​ដើម្បី​​ជួយ​ជម្លៀស​ពលរដ្ឋ​បរទេស​ចេញ​ពី​លីប៊ី​ប៉ុណ្ណោះ មិនមែន​ដើម្បី​ទម្លាក់​លោក​កាដាហ្វ៊ី​ពី​អំណាច​នោះទេ។

យោងតាម​មន្រ្តី​ការទូត​សហភាព​អឺរ៉ុប ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ក៏​កំពុង​តែ​រៀបចំ​ផែនការ ដើម្បី​ល្បាត​ដែនអាកាស​របស់​លីប៊ី​ដែរ ក៏ប៉ុន្តែ គេនៅរង់ចាំ​ភ្លើង​ខៀវ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ជាមុនសិន។ ការបិទ​ដែន​អាកាស​លីប៊ី គឺ​ជា​វិធានការ​មួយ ដែល​បារាំង និង​អង់គ្លេស អាច​នឹង​លើកឡើង​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ នៅ​ថ្ងៃ​សុក្រនេះ។ គោលដៅ នៃ​ការ​បិទ​ដែន​អាកាសនេះ គឺ​ដើម្បី​​បង្ការកុំ​ឲ្យ​លោក​កាដាហ្វ៊ី​ប្រើ​យន្តហោះ​ចម្បាំង ដើម្បី​វាយប្រហារ​ទៅលើ​ក្រុមប្រឆាំង ដូចដែល​គាត់​បាន​ធ្វើ​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ