អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

លទ្ធិ​ប្រជាធិបតេយ្យ៖ ចន្ទល់​មួយ​ដ៏​មាំ​នៃ​អនុភាព​របស់​ឥណ្ឌា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ បន្ត​និយាយ​បក​ស្រាយ​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ឥណ្ឌា​ត​ទៅ​ទៀត ដោយ​សូម​ផ្តើម​លើក​ឡើង​ពី​ចន្ទល់​សំខាន់ៗ​នៃ​អនុភាព​របស់​ឥណ្ឌាដែល​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​មហា​អំណាច។

ឥណ្ឌានិងបណ្តាប្រទេសជិតខាង។
ឥណ្ឌានិងបណ្តាប្រទេសជិតខាង។ RFI
ផ្សាយពាណិជ្ជកម្ម

 

អនុភាព​របស់​ឥណ្ឌា​ដែល​ជា​មហា​អំណាច​តំបន់​មួយ​ប្រកែក​មិន​បាន​ពឹង​ផ្អែក​លើ​ចន្ទល់​ធំៗ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ជា​អាទិ៍​របប​នយោបាយ​ដែល​ជា​លទ្ធិ​ប្រជា​ធិបតេយ្យ។

ឥណ្ឌា​ជា​ប្រទេស​ដ៏​កម្រ​មួយ​នៅ​អាស៊ី​ដែល​បាន​ឱប​ក្រសោប​យក​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្រោយ​ពី​បាន​រើ​បម្រះ​ចេញ​រួច​ពី​នឹម​នៃ​អាណានិគម​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៧។

ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៃ​យក្ស​អាស៊ី​ខាង​ត្បូង​មួយ​នេះ​បាន​និង​កំពុង​បន្ត​ចាក់​គ្រឹះ​នៅ​លើ​រដ្ឋធម្មនុញ្ញ​ថ្ងៃ​២៦​មករា​ឆ្នាំ​១៩៥០។

យោង​ទៅ​តាម​រដ្ឋធម្មនុញ្ញ ឥណ្ឌា​ជា​រដ្ឋ​សហពន្ធន៍​មួយ ម្ល៉ោះ​ហើយ​បាន​ជា​ប្រទេស​នេះមាន​ឈ្មោះ​ថា សហភាព​ឥណ្ឌា។ ការ​ជ្រើសរើស​យក​ប្រព័ន្ធ​សហពន្ធន៍​បែប​នេះ មិន​មែន​ចៃដន្យ​ឡើយ។ ឥណ្ឌា​ជា​ប្រទេស​មួយ​ធំ ប៉ុន​ឧបទ្វីប​មួយ​ទាំង​មូល ត្រូវ​ការ​ជា​ចាំបាច់​រចនា​សម្ព័ន្ធ​នយោបាយ​បែប​សហពន្ធន៍។ នេះ​ជា​ការ​យល់​ឃើញ​របស់​ក្រុម​បិតានៃ​រដ្ឋធម្មនុញ្ញ​ថ្ងៃ​ទី​២៦​កុម្ភៈ​ឆ្នាំ​១៩៥០។

នៅ​ក្នុង​រដ្ឋ​សហពន្ធន៍​នេះ អំណាច​ហូរ​ចេញ​មក​ពី​សភា​ជាតិ​និងពី​រដ្ឋាភិបាល​កណ្តាល​នៅ​រដ្ឋធានី​New Delhi។ ហើយ​នៅ​ជុំវិញ​រដ្ឋអំណាច​កណ្តាល​នេះ មាន​បណ្តា​សភា​មូលដ្ឋាន​ដែល​តំណាង​បណ្តា​រដ្ឋ​និង​ដែន​ដី​នានា។

អាជ្ញាធរ​សហពន្ធន៍ ក្តាប់​អំណាច​សំខាន់ៗ​ដែល​ទាក់ទង​នឹង​អាយុ​ជីវិត​ជាតិ។ អំណាច​ទាំង​នោះ​ដែល​រដ្ឋធម្មនុញ្ញ​ចែង​ថា ជា​Union List រួម​មាន​ជា​អាទិ៍ ការពារ​ជាតិ ការ​បរទេស ទូរគមនាគមន៍ ការ​ប្រមូល​ពន្ធ រូបិយវត្ថុ ថាមពល​បរមាណូ ។ល។និង។ល។
និយាយ​រួម Union List ជា​បញ្ជី​រាយ​នាម​នៃ​អំណាច​ផ្តាច់​មុខ​របស់​អាជ្ញាធរ​សហពន្ធន៍ អំណាច​ដែល​មាន​ចំនួន​ជាង​១០០។

ក៏​ដូច​នៅ​ក្នុង​បណ្តា​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ​ដទៃ​នៅ​លើ​លោក​ដែរ នៅ​ឥណ្ឌា
រដ្ឋាភិបាល​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត​សភា។ នាយក​រដ្ឋមន្រ្តី​ចេញ​ពី​គណបក្ស​ឬ​ក៏​ពី​សម្ព័ន្ធភាព​នៃ​បណ្តា​គណបក្ស​ឈ្នះ​ឆ្នោត ហើយ​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ដែល​ត្រូវ​បង្កើតសមាសភាព​រដ្ឋាភិបាល​ដែល​មុន​នឹង​ដំណើរ​ការ​បាន ត្រូវ​ឆ្លង​កាត់​មុខ​សភា​សិន។

និយាយ​រួម នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ឥណ្ឌា អ្នក​ដែល​ក្តាប់​អំណាច​ជាតិ​ជា​ផ្លូវការ​គឺ​សភា និយាយ​ឱ្យ​ចំ​គឺ​សភា​ទាប​ដែល​មាន​សមាជិក​ទាំង​អស់​៥៤៥​នាក់ និង​ដែល​គេ​ហៅ​ថា Lok Sabha គឺ​ជា​រដ្ឋ​សភា​បើ​ប្រៀប​ធៀបទៅ​នឹង​ប្រទេស​កម្ពុជា។ មក​ទល់សព្វ​ថ្ងៃ និង​រាប់​ចាប់​ពី​ឆ្នាំ​១៩៥២​មក ឥណ្ឌា​បាន​រៀប​ចំ​បោះ​ឆ្នោត​សភា​អស់​១៥​ដង​រួច​មក​ហើយ។

នៅ​ទន្ទឹម​គ្នា​នឹង​សភា​ទាប មាន​សភា​ខ្ពស់​ដែល​គេ​ហៅ​ថា Rajya Sabha គឺ​ជា​ព្រឹទ្ធសភា​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​កម្ពុជា។ មាន​សមាជិក​តិច​ជាង​សមាជិក​សភា​ទាប​ជិត​ពាក់​កណ្តាល សភា​ខ្ពស់​របស់​ឥណ្ឌា​មិន​សូវ​មាន​អំណាច​ទេ ប៉ុន្តែ​ប្រធាន​នៃ​សភា​ខ្ពស់​ជា​មនុស្ស​សំខាន់​ទី​ពីរ​នៃ​ប្រទេស បន្ទាប់​ពី​ប្រធានាធិបតី​ដែល​តាម​ពិត​មាន​កិត្តិយស​ខ្ពង់​ខ្ពស់​តែ​គ្មាន​អំណាច។

អំណាច​និតិប្រតិបត្តិ​ពិត​ប្រាកដ​ឋិត​នៅ​ក្នុង​ដៃរ​ផ្តាច់​មុខ​របស់​នាយក​រដ្ឋមន្ត្រី។ ក្នុង​អំឡុងពេល​ជិត​៧០​ឆ្នាំ​ចុង​ក្រោយ​នេះ ឥណ្ឌា​បាន​ស្គាល់​នាយក​រដ្ឋមន្រ្តី​ចំនួន​១៣​រូប។ នាយក​រដ្ឋមន្រ្តី​ខ្លះ បាន​កាន់​អំណាច​ច្រើន​អាណត្តិ ដូច​យ៉ាង លោកJawaharlal Nehru ដែល​បាន​ដឹក​នាំ​ប្រទេស​បួន​អាណត្តិ​ពី​ឆ្នាំ​១៩៤៧​ដល់​ឆ្នាំ​១៩៦៤។ ដូច​គ្នា​អ៊ីចឹង​ដែរ កូន​ស្រី​របស់​លោក​Nehru គឺ​លោក​ស្រី​Indira Gandhi ក៏​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ចំនួន​បួន​អាណត្តិ​ដែរ គឺ​ពី​ឆ្នាំ​១៩៦៦ ដល់​ឆ្នាំ​១៩៨៤។ ចំណែក​លោក​នាយក​រដ្ឋមន្រ្តី​បច្ចុប្បន្ន​Manmohan Singh វិញ ក្តាប់​អំណាច​រដ្ឋ​ចំនួន​ពីរ​អាណត្តិ​មក​ហើយ ត្រូវ​ធ្វើ​នាយក​​រដ្ឋមន្ត្រី​​រហូត​​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៤​នេះ ដែល​ជា​ពេល​​ត្រូវ​បោះ​ឆ្នោត​សភា​ជា​ថ្មី។ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ដឹក​នាំ​រដ្ឋមន្រ្តី​មួយ​ក្រុម​ដែល​មាន​ចំនួន​មិន​លើស​ពី​៤០នាក់ទេ។

ឥណ្ឌា​ឬ​សហភាព​ឥណ្ឌា​ពុះ​ចែក​ប្រទេស​ទាំង​មូល​ជា​រដ្ឋ​ចំនួន​២៨​និង​ជា​ដែន​ដី​ចំនួន​៧។
រដ្ឋ​នីមួយៗ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដូច​គ្នា​សុទ្ធ​ទៅ​នឹង​រចនា​សម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋ​សហពន្ធន៍។ អ្នក​ក្តាប់​រដ្ឋបាល​នៃ​រដ្ឋ​នីមួយៗ គឺ​Chief Minister តែង​តាំង​ដោយ​បក្ស​ដែល​ឈ្នះ​ឆ្នោត​សភា​មូលដ្ឋាន។ អំណាច​របស់​រដ្ឋ​នីមួយៗ​ដែល​ត្រូវ​បាន​ចែង​ដោយ​រដ្ឋធម្មនុញ្ញ​​នៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​State Listរួម​មាន​ជា​អាទិ៍ ការ​រក្សា​សណ្តាប់​ធ្នាប់​មូលដ្ឋាន ការ​គ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន ការ​ទទួល​ខុស​ត្រូវ​សុខភាព​សាធារណៈ ការ​ចែក​ចាយ​ទឹក ។ល។និង។ល។

ទន្ទឹម​នេះ ក៏​មាន​ដែរ​សមត្ថកិច្ច​មួយ​ចំនួន​ដែល​រដ្ឋ​សហពន្ធន៍​និង​បណ្តា​រដ្ឋ​មូលដ្ឋាន​ត្រូវ​សហការ​គ្នា គឺ​ជា​អំណាច​ដែល​រដ្ឋធម្មនុញ្ញ​ចែង​ថា​ជា​Concurrent List ដូច​ជា​ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​រដ្ឋ​នីមួយៗ មាន​តំណាង​របស់​រដ្ឋ​សហពន្ធន៍ មាន​តំណាង​របស់​អំណាច​កណ្តាល នោះ​គឺ​អភិបាល​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ប្រធានាធិបតី។ តួ​នាទី​របស់​អភិបាល គឺ​ត្រួត​ពិនិត្យ​មើល​ដំណើរ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​រដ្ឋបាល​មូលដ្ឋាន និង​ក្តោប​ក្តាប់​អំណាច​មូលដ្ឋាន​ជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​ស្ថានភាព​ណា​ដែល​សន្តិសុខ​ជាតិ ត្រូវ​បាន​ចោទ​ឡើង។ ចំណុច​សំខាន់​មួយ​ទៀត នៅ​ក្នុង​ទំនាក់ទំនង​រវាង​រដ្ឋ​សហពន្ធន៍​និង​រដ្ឋ​មូលដ្ឋាន គឺ​អំណាច​របស់​ប្រធានាធិបតី​ក្នុង​ការ​រំលាយ​សភា​មូលដ្ឋាន បើ​សិន​ជា​មាន​ការ​ស្នើ​សុំ​ពី​សំណាក់​រដ្ឋាភិបាល​សហពន្ធន៍។

បើ​សម្លឹង​មើល​ក្រោយ​ពិនិត្យ​ឡើង​វិញ​ប្រវត្តិសាស្រ្ត​ឥណ្ឌា​នា​រយៈ​ពេល​៦០​ប្លាយ​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​នឹង​យល់​ភ្លាម​ថា តាំង​ពី​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​មក​វិញ​នៅ​ឆ្នាំ​១៩៤៧ ឥណ្ឌា​ជា​ប្រទេស​មួយ​ដែល​ស្គាល់​ស្ថិរភាព​នយោបាយ​ល្អ​ជាង​គេ បើ​ប្រៀប​ទៅ​នឹង​បណ្តា​ប្រទេស​ជិត​ខាង។ ឧទាហរណ៍​ជាក់​ស្តែង ប៉ាគីស្ថាន​បាន​ជួប​ប្រទះ​នឹង​រដ្ឋ​ប្រហារ​និង​បាន​ឋិត​នៅ​ក្រោម​អំណាច​យោធា​ជា​ច្រើន​លើក ពី​ឆ្នាំ​១៩៥៨​ដល់​ឆ្នាំ​១៩៧១ ពី​ឆ្នាំ​១៩៧៧​ដល់​ឆ្នាំ​១៩៨៨ និង​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០៨។ ទន្ទឹម​នេះ​ឥណ្ឌា​វិញ ជាទីដែល​អំណាច​យោធា​ស្តាប់​បង្គាប់​អំណាច​ស៊ីវិល បាន​និង​កំពុង​បន្ត​ស្គាល់​ភាព​ឋិតថេរល្អ។ ទាំង​នេះ គឺ​ជា​លទ្ធផល​បាន​មក​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស ជាហេតុ​ជំរុញ​ឱ្យ​គេ​ប្រសិទ្ធនាម​ឥណ្ឌា​ដែល​មាន​ប្រជាជន​ជាង​១២០០​លាន​នាក់ថា ជា​លទ្ធិ​ប្រជាធិបតេយ្យ​ធំ​ជាង​គេ​បង្អស់​នៅ​លើ​លោក។

យ៉ាង​ណា​មិញ ចូរ​កុំ​ភ្លេច​ដែរ​ថា ឥណ្ឌា​ប្រជាធិបតេយ្យ​ក៏​បាន​ហែល​ឆ្លង​កាត់​ប្រកប​ដោយ​ជោគជ័យ សង្គ្រាម​ជា​ច្រើន​លើក​ជា​មួយ​ប្រទេស​ជិត​ខាង បី​លើក​ជាមួយ​ប៉ាគីស្ថាន​និង​មួយ​លើក​ជាមួយ​ចិន។

ជា​ការ​ពិត​ណាស់​ដែល​ថា លទ្ធិប្រជាធិតេយ្យ​ឥណ្ឌា​ក៏​បាន​ប៊ិះ​តែ​ធ្លាក់​ទៅ​ក្នុង​អន្លង់​នៃ​អំណាច​ផ្តាច់​ការ​ម្តង​ដែរ គឺ​ពី​ចន្លោះ​ថ្ងៃ​២៥​មិថុនា​ឆ្នាំ​១៩៧៥​ដល់​ថ្ងៃ​២១​មិនា​ឆ្នាំ​១៩៧៧។ កាល​ណោះ លោកស្រី​នាយករដ្ឋមន្ត្រី Indira Gandhi ដែល​ត្រូវ​បាន​មតិ​សាធារណៈទិតៀន​ខ្លាំង បាន​បញ្ជា​ឱ្យ​វាយ​បង្ក្រាប​បាតុកម្ម និង​ចាប់​ពួក​គណបក្ស​ប្រឆាំង​ដាក់​គុក។

ក្នុង​គ្រា​បច្ចុប្បន្ន លទ្ធិប្រជាធិបតេយ្យ​ឥណ្ឌា​មិន​គ្រាន់​តែ​ជា​របប​នយោបាយ​មួយ​រឹង​មាំ​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ក្លាយ​ជា​ចន្ទល់​ដ៏​សំខាន់​មួយ​នៃ​អនុភាព​របស់​មហា​អំណាច​អាស៊ីខាង​ត្បូង​មួយ​នេះ​ទៅ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ