អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកម៉ាន់មូហាន់ ស៊ីញ៖« សេដ្ឋកិច្ច​ឥណ្ឌា​មិនអាច​ធ្លាក់​ដូច​វិបត្តិ​ក្នុងឆ្នំា ១៩៩១ ទេ »

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ឥណ្ឌា ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ហាក់​ដូច​ជា​មិន​ល្អ​ប៉ុន្មាន​ទេ។ ប្រាក់រូពី​បាន​បាត់បង់​តម្លៃ​យ៉ាង​ច្រើន ធៀប​នឹង​ប្រាក់ដុល្លារ​អាមេរិក ឧុនភាព​ពាណិជ្ជកម្ម​ក្រៅប្រទេស​កាន់​តែ​បន្ត​ធ្លាក់​ចុះ ចំណែក​តម្លៃភាគហ៊ុន​នៅ​ទីក្រុងបុមបៃ​ក៏​បាន​ដំាក្បាល​ចុះ​យ៉ាង​គំហុក​កាល​ពី​ថ្ងៃ​សុក្រ ទី១៦ សីហា​កន្លង​ទៅ​ដែរ។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​នាយករដ្ឋមន្រ្តី​ម៉ាន់មូហាន់ ស៊ីញ​បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​ឥណ្ឌា​នឹង​មិន​អាច​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ដូច​ឆ្នំា ១៩៩១ ទេ។

លោកម៉ាន់មូហាន់ ស៊ីញ៖« សេដ្ឋកិច្ច​ឥណ្ឌា​មិនអាច​ធ្លាក់​ដូច​វិបត្តិ​ក្នុងឆ្នំា ១៩៩១ ទេ »
លោកម៉ាន់មូហាន់ ស៊ីញ៖« សេដ្ឋកិច្ច​ឥណ្ឌា​មិនអាច​ធ្លាក់​ដូច​វិបត្តិ​ក្នុងឆ្នំា ១៩៩១ ទេ » Reuters/Press Information Bureau of India
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ៥ឆ្នំា​ជាប់ៗ​គ្នា​នេះ ប្រាក់រូពី​របស់​ឥណ្ឌា​បាន​បាត់បង់​តម្លៃ​របស់​វា​រហូត​ដល់​ទៅ ៥៧% ធៀប​នឹង​ប្រាក់ដុល្លារ​អាមេរិក បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ខ្ពស់​កប់ពពក​ក្នុង​ឆ្នំា ២០០៨។ ក្នុង​ខែ​កុម្ភៈ ឆ្នំា ២០០៨ ១ដុល្លារអាមេរិក​​ដូរ​បាន​តែ ៣៩,៤០រូពី តែ​នៅ​ថ្ងៃ​សុក្រ ទី១៦ សីហា​កន្លង​ទៅ​ថ្មីៗ​នេះ ១ដុល្លារ​ដូរ​បាន​ដល់​ទៅ ៦២,០៣រូពី។ ជា​រួម​គេ​សង្កេត​ឃើញ​ថា ឥណ្ឌា​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី៣​នៅ​អាស៊ី បាន​ស្គាល់​តម្លែប្រាក់រូពី​របស់​ខ្លួន​ធ្លាក់​ចុះ​ជា​លំដាប់ និង​យ៉ាង​គំហុក។ គិត​តំាង​ពី​ជាង ២០ឆ្នំា​កន្លង​ទៅ ឥណ្ឌា​មិន​ដែល​ពើប​ប្រទះ​នឹង​ការ​បាត់បង់​តម្លៃ​ប្រាក់រូពី​របស់​ខ្លួន​ដូច​សព្វថ្ងៃ​ទេ។

បូក​ផ្សំ​ជាមួយ​នឹង​តម្លៃប្រាក់រូពី​ធ្លាក់​ចុះ ឥណ្ឌា​ក៏​កំពុង​មាន​ឱនភាព​ពាណិជ្ជកម្ម​ក្រៅប្រទេស​យ៉ាង​សំបើម ហើយ​តម្លៃភាគហ៊ុន​នៅ​ទីផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​បុមបៃ​ក៏​កំពុង​ដំាក្បាលចុះ​ដែរ។ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ តម្លៃភាគហ៊ុន​បាន​ធ្លាក់​រហូត​ដល់​ទៅ​ជិត ៤% ដែល​ឥណ្ឌា​មិន​ធ្លាប់​ប្រទះ​ទេ​តំាង​ពី ២ឆ្នំា​កន្លង​ទៅ។

សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​សេដ្ឋកិច្ច​ឥណ្ឌា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​វិបត្តិ​ដូច​កាល​ពី​ឆ្នំា ១៩៩១ ឬ​យ៉ាង​ណា ?

មិន​អាច​ទៅ​រូច​ទេ នេះ​ជា​ចម្លើយ​របស់​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាន់មូហាន់ ស៊ីញ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ គួរ​បញ្ជាក់​ជូន​ថា មុន​នឹង​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា រូប​លោក​ម៉ាន់មូហាន់ ស៊ីញ​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ក្នុង​ឆ្នំា ១៩៩១ និង​ដែល​កាល​ណោះ លោក​បាន​ជួយ​ស្រោចស្រង់​ឥណ្ឌា​ឲ្យ​ចេញ​ពី​វិបត្តិសេដ្ឋកិច្ច។ យោង​តាម​លោក​ម៉ាន់មូហាន់ ស៊ីញ កាល​ពី​ឆ្នំា ១៩៩១ ឥណ្ឌា​ហៀបនឹង​ក្ស័យធន​ទៅ​ហើយ ពោល​គឺ​រដ្ឋ​អាច​មាន​លទ្ធភាព​សងបំណុល​គេ​តែ​ក្នុង​រយៈពេល ២សប្តាហ៍​ប៉ុណ្ណោះ តែ​សព្វថ្ងៃ គឺ​អាច​មាន​លទ្ធភាព​ទប់ទល់​ពី ៦ ទៅ ៧ខែ។ សម្រាប់​លោក​ម៉ាន់មូហាន់ ស៊ីញ គេ​ពិត​ជា​មិន​អាច​ប្រៀបប្រដូច​ស្ថានការណ៍​បច្ចុប្បន្ន ទៅ​នឹង​ឆ្នំា ១៩៩១ បាន​ទេ។

កំណើន​សេដ្ឋកិច្ច​ទ្រឹងមួយ​កន្លែង ចំណែក​វិធានការ​កំណែទម្រង់​កំពុង​ងាប់ស្តូក

មាន​កត្តាខាងក្រៅ​ផង និង​ខាង​ក្នុង​ផង​ដែល​បាន​និង​កំពុង​ជះឥទ្ធិពល​មិន​ល្អ​ចំពោះ​សេដ្ឋកិច្ច​ឥណ្ឌា។ កត្តាខាងក្រៅ គឺ​បរិបទ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។ រីឯ​កត្តាខាង​ក្នុង គឺ​ចំណាត់ការ​​របស់​រដ្ឋាភិបាល ដូច​យ៉ាង​កំចាត់​អំពើ​ពុករលួយ និង​ការ​កាត់បន្ថយ​ឱនភាព​ថវិកា តាម​រយៈ​ការ​សន្សំសំចៃ។ កន្លង​មក​គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​របស់​លោក​ម៉ាន់មូហាន់ ស៊ីញ​បាន​ចាត់​វិធានការ​ធ្វើ​កំណែទម្រង់​យ៉ាង​ច្រើន តែ​មក​ទល់​ពេល​នេះ វិធានការ​ទំាង​នោះ​ហាក់​ដូច​ជា​កំពុង​ងាប់ស្តូក។ នេះ​អាច​ថា​ជា​ជម្រើស​របស់​រដ្ឋាភិបាល ដោយ​រង់ចំា​ក្រោយ​ការ​បោះឆ្នោត​សភា​ដែល​គ្រោង​រៀបចំ​នៅ​ក្នុង​ខែ​ឧសភា ឆ្នំា ២០១៤។

តែ​អ្វី​ដែល​ជា​ក្តីបារម្ភ​នៅ​ចំពោះ​មុខ និង​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស ឬ​មួយ​ក្នុង​ស្រុក​កំពុង​បាត់បង់​​ជំនឿ ដោយ​មាន​អ្នកខ្លះ​ផ្អាក​ការ​ពង្រីក​ជំនួញ និង​អ្នកខ្លះ​ផ្តើម​បង្វែរ​លុយ​ចេញ​ពី​ឥណ្ឌា​ទៅ​រក​ស៊ី​នៅ​ប្រទេស​ផ្សេង​នោះ គឺ​ការ​បន្ត​ធ្លាក់​តម្លៃ​លុយរូពី ព្រម​ទំាង​កំណើន​សេដ្ឋកិច្ច​តិចតួច ពោល​គឺ​ប្រមាណ​តែ ៥% ប៉ុណ្ណោះ​សម្រាប់​ឆ្នំា ២០១២ ២០១៣។ គឺ​ជា​កម្រិត​ទាប​ក្រៃលែង​ដែល​ឥណ្ឌា​មិន​ធ្លាប់​ជួប​ទេ​តំាង​ពី ១០ឆ្នំា​កន្លង​ទៅ។

រដ្ឋាភិបាល​តម្លើង​ពន្ធ​លើ​ការ​នំា​ចូល​មាស និង​កម្រិត​ការ​នំា​លុយ​ចេញ​ក្រៅ​របស់​ពលរដ្ឋ

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ រដ្ឋាភិបាល និង​ធនាគារកណ្តាល​បាន​ប្រកាស​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដែល​ក្នុង​នោះ ផ្តោតសំខាន់​លើ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា និង​បរទេស។ វិធានការ​ទំាង​រួម​មាន ការ​តម្លើង​ពន្ធនំាចូល ពិសេស​ការ​នំា​ចូល​មាស។ មាស​ដែល​ជា​ផលិតផល​នំា​ចូល​ទី២​របស់​ឥណ្ឌា បន្ទាប់​ពី​ប្រេងកាត។ សូម​ជម្រាប​ជូន​ថា មាស គឺ​ជា​របស់​ពេញនិយម​ខ្លំាង​ណាស់​របស់​ប្រជាជន​ឥណ្ឌា​ទូទៅ។ គោលបំណង​របស់​រដ្ឋាភិបាល​គឺ​ត្រូវ​កាត់បន្ថយ​ការ​នំា​ចូល​មាស​ដែល​លោក​ប្រមុខ​រដ្ឋាភិបាល​យល់​ឃើញ​ថា ជា​វត្ថុអសកម្ម​ដែល​មិន​បាន​ជួយ​ផ្តល់​ចរន្តសេដ្ឋកិច្ច​របស់​ប្រទេស​ទេ។

វិធានការ​បន្ទាប់ គឺ​ការ​កម្រិត​តម្លែ​ធ្វើ​វិនិយោគ​របស់​ក្រុមអ្នកជំនួញ​ឥណ្ឌា​ក្នុង​ស្រុក​ដែល​ចង់​យក​លុយ​ទៅ​រកស៊ី​នៅ​ឯ​បរទេស។ ចាប់​ពី​ពេល​នេះ​ត​ទៅ អ្នកជំនួញឥណ្ឌា​ក្នុង​ស្រុក​អាច​ទៅ​រកស៊ី​តែ​ជាមួយ​លុយ​ដែល​ខ្លួន​មាន ១០០% ពោល​គឺ​មិនមែន ៤០០% ដោយ​ការ​ខ្ចីលុយ​បន្ថែម​ពី​ធនាគារ​ដូច​មុន​ទេ។ ចំពោះ​ប្រជាជន​សាមញ្ញ​ក្នុង​ស្រុក​វិញ ការ​នំា​យក​លុយ​ចេញ​ក្រៅ​នឹង​ត្រូវ​កម្រិត​ត្រឹម ៧៥ ០០០ដុល្លារ​ក្នុង​ម្នាក់ៗ គឺ​មិនមែន ២០០ ០០០ដុល្លារ​ដូច​មុន​ទេ។

វិធានការ​កម្រិត​ការ​យក​លុយ​ចេញ​ក្រៅ​របស់​ពលរដ្ឋ​ឥណ្ឌា​ក្នុង​ស្រុក​នេះ​បាន​និង​កំពុង​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ជា​ច្រើន ពិសេស​ពី​ក្រុមអ្នកវិនិយោគ​បរទេស​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​ពួក​គេ​បារម្ភ​ខ្លាច​តែ​វិធានការ​នេះ​នឹង​បន្ត​អនុវត្ត​លើ​ពួក​គេ​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ