អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

វិបត្តិ​អ៊ុយក្រែន​រំឭក​អំពី​ការ​ឈ្លានពាន​របស់​ហ៊ីត្លែរ​ទៅលើ​ឆេកូស្លូវ៉ាគី​នៅ​ឆ្នាំ​១៩៣៨

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​ការឈ្លានពានរ​បស់​ហ៊ីត្លែរ​ទៅលើ​ឆេកូស្លូវ៉ាគី នៅ​មុន​សង្រ្គាម​លោក​លើកទី២។ ជាហេតុការណ៍ ដែល​ត្រូវ​បាន​គេ​នាំគ្នា​លើក​យក​មក​ប្រៀបធៀប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​តំបន់​គ្រីមេ (Crimée) នៅ​អ៊ុយក្រែន នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ពីឆ្វេង​ទៅស្តាំ៖ ប្រមុខដឹកនាំ​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី នៅ​ក្នុង​ពេល​ចុះកិច្ចព្រមព្រៀង​ក្រុង​មុយនិក ស្តីពី​ការ​កាត់​ទឹកដី​មួយផ្នែក​របស់​ឆេកូស្លូវ៉ាគី ទៅ​ឲ្យ​អាល្លឺម៉ង់
ពីឆ្វេង​ទៅស្តាំ៖ ប្រមុខដឹកនាំ​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី នៅ​ក្នុង​ពេល​ចុះកិច្ចព្រមព្រៀង​ក្រុង​មុយនិក ស្តីពី​ការ​កាត់​ទឹកដី​មួយផ្នែក​របស់​ឆេកូស្លូវ៉ាគី ទៅ​ឲ្យ​អាល្លឺម៉ង់
ផ្សាយពាណិជ្ជកម្ម

នៅក្រោយសង្រ្គាម​លោក​លើកទី១ ចក្រភព​អូទ្រីសហុងគ្រី ដែល​ចាញ់សង្រ្គាម​ ត្រូវ​ដួលរលំ ហើយ​បែកខ្ញែក​ទៅជា​ប្រទេស​ផ្សេងៗ​គ្នា ក្នុងនោះ ក៏​រួមមាន​ប្រទេស​ឆេកូស្លូវ៉ាគី​ផងដែរ។ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩១៨ ដល់​ឆ្នាំ​១៩៣៨ គេ​ឃើញ​មាន​ប្រជាជន​ដើម​កំណើត​អាល្លឺម៉ង់ ប្រមាណ​ជា ៣លាន​នាក់ រស់នៅ​ក្នុង​ប្រទេស​ឆេកូស្លូវ៉ាគី ជាពិសេស នៅ​ក្នុង​តំបន់​ស៊ូដែត (Sudète) ឬ​ Sudetenland តាម​ភាសា​អាល្លឺម៉ង់។

នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៨ ដោយ​មាន​ការ​ជំរុញ​ពី​សំណាក់​ហ៊ីត្លែរ មេដឹកនាំ​គណបក្ស​ស្និទ្ធនឹង​ណាស៊ី នៅ​ក្នុង​តំបន់​ស៊ូដែត បាន​ទាមទារ​ផ្តាច់តំបន់​នេះ ​ចេញ​ពី​ប្រទេស​ឆេកូស្លូវ៉ាគី ដើម្បី​​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​អាល្លឺម៉ង់។ រដ្ឋាភិបាល​ឆេកូស្លូវ៉ាគី​បដិសេធ ហ៊ីត្លែរ​ក៏​បាន​​គំរាម​ធ្វើ​សង្រ្គាម ក្នុងហេតុផល​ថា ដើម្បី​ចូល​ទៅ​ការពារ​ប្រជាជនអាល្លឺម៉ង់ ដែល​រស់​នៅ​ក្នុង​តំបន់​នេះ។

នៅ​ក្នុង​អំឡុង​ពេលនោះ ទាំង​បារាំង និង​ទាំងអង់គ្លេស ដែល​​ទើប​នឹង​ងើបចេញ​ពី​សង្រ្គាម​លោកលើកទី១​ តែងតែ​នាំគ្នា​​ខិតខំ​ព្យាយាម​​​​គ្រប់​មធ្យោបាយ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​​​មាន​សង្រ្គាម​ផ្ទុះឡើង​សាជាថ្មី​ទៀត។

នាយករដ្ឋមន្រ្តី​អង់គ្លេស គឺ​លោក Neville Chamberlain បាន​ធ្វើ​ដំណើរ​ទៅ​​កាន់​ប្រទេស​អាល្លឺម៉ង់ ជួប​ហ៊ីត្លែរ​ដោយ​ផ្ទាល់ ដើម្បី​ជជែក​អំពី​វិបត្តិ​នៅ​ស៊ូដែត។ នៅ​ក្នុង​ជំនួប​នេះ ហើយ​ដោយ​គ្មាន​​សួរយោបល់​រដ្ឋាភិបាល​ឆេកូស្លូវ៉ាគី នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​ព្រមព្រៀង​ឲ្យ​ហ៊ីត្លែរ​កាត់យក​ទឹកដី​មួយ​ផ្នែក នៃ​តំបន់​ស៊ូដែត​ (គឺ​កន្លែងណា​ដែល​មាន​ប្រជាជន​ដើមកំណើត​អាល្លឺម៉ង់​លើសពី ៥០%) យក​មក​ដាក់​បញ្ចូល​ក្នុង​ទឹកដី​អាល្លឺម៉ង់។

បន្ទាប់មក អង់គ្លេស​ក៏​បាន​បញ្ចុះបញ្ចូល​បារាំង​ឲ្យ​ទទួល​យក​ដំណោះស្រាយ​នេះ។ ក្រោយ​ពី​បាន​ព្រមព្រៀង​គ្នា​ហើយ ទើប​អង់គ្លេស និង​បារាំង ទៅជួប​រដ្ឋាភិបាល​ឆេកូស្លូវ៉ាគី ដើម្បី​ប្រាប់​អំពី​​អ្វី ដែល​គេ​បាន​ព្រមព្រៀង​គ្នា ជាមួយ​ហ៊ីត្លែរ គឺ​ឆេកូស្លូវ៉ាគី​ត្រូវ​​តែ​សុខចិត្ត​ប្រគល់​ទឹកដី​មួយ​ផ្នែក នៃ​តំបន់​ស៊ូដែត ទៅ​ឲ្យ​ហ៊ីត្លែរ ហើយ​ជាថ្នូរ​មកវិញ អង់គ្លេស និង​បារាំង ធានា​ថា​នឹង​​ការពារ​ឯករាជ្យ និង​បូរណភាព​ទឹកដី​ដែល​នៅ​សេសសល់​របស់​ឆេកូស្លូវ៉ាគី។ ឆេកូស្លូវ៉ាគី​ក៏​យល់ព្រម ហើយ​​នាយករដ្ឋមន្រ្តី​អង់គ្លេស​ក៏​ធ្វើ​ដំណើរ​​ទៅ​ជួប​ហ៊ីត្លែរ ដើម្បី​ប្រាប់​អំពី​ដំណោះស្រាយ​នេះ។ ក៏ប៉ុន្តែ ហ៊ីត្លែរ​ស្រាប់តែ​បាន​​ធ្វើការ​ទាមទារ​បន្ថែម​ទៀត គឺ​​ទាមទារ​យក​តំបន់​ស៊ូដែត​ទាំងមូល ​មិនមែន​ត្រឹមតែ​តំបន់​ ដែល​មាន​ប្រជាជន​អាល្លឺម៉ង់​លើសពី ៥០% ដូចដែល​បាន​ព្រមព្រៀង​គ្នា​ពីមុន​នោះទេ។ នាយក​រដ្ឋមន្រ្តី​អង់គ្លេស​បដិសេធ។ ហ៊ីត្លែរ​ក៏​បាន​ប្រកាស​ដាក់​ឱសានវាទ​ឲ្យ​ឆេកូស្លូវ៉ាគី​ប្រគល់​តំបន់​តំបន់​ស៊ូដែត​ឲ្យ​អាល្លឺម៉ង់ ត្រឹមថ្ងៃ​ទី ២៨​ខែ​កញ្ញា។

ក្រោយ​ទទួល​ឱសានវាទ​ពី​ហ៊ីត្លែរ ឆេកូស្លូវ៉ាគី​ក៏​បាន​​កេណ្ឌ​កងទ័ព ដើម្បី​ត្រៀមការពារ​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​កងទ័ព​អាល្លឺម៉ង់។ សហភាព​សូវៀត ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ឆេកូស្លូវ៉ាគី ក៏​បាន​កេណ្ឌ​កងទ័ព ដើម្បី​ត្រៀម​​ធ្វើ​សង្រ្គាម​ទល់​នឹងហ៊ីត្លែរ​ដែរ។ ក៏ប៉ុន្តែ អង់គ្លេស​ និង​បារាំង នៅតែ​បន្ត​ព្យាយាម​រកវិធី​ចរចា ដើម្បី​បញ្ចៀសសង្រ្គាម​ជាមួយ​ហ៊ីត្លែរ។

រដ្ឋាភិបាល​អង់គ្លេស​នៅ​តែ​យល់ថា ការណ៍​ដែល​ហ៊ីត្លែរ​ចង់​បាន​តំបន់ស៊ូដែត គឺ​​​ពិត​ជា​ក្នុងគោលដៅ​ចង់ការពារ​ប្រជាជន​ដើម​កំណើត​អាល្លឺម៉ង់​ពិតមែន ហើយ​​ជម្លោះ​អាច​នឹង​ត្រូវ​ដោះស្រាយ​បាន ប្រសិនបើ​គេ​យល់ព្រម​តាម​ហ៊ីត្លែរ។ អង់គ្លេស​ក៏​ត្រឡប់​មក​ចរចា​ជាមួយ​ហ៊ីត្លែរ​វិញ ហើយ​នៅថ្ងៃ​ទី៣០ ខែ​កញ្ញា អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និង​បារាំង ក៏​បាន​ចុះកិច្ចព្រមព្រៀង​ នៅ​ក្នុង​ទីក្រុង​មុយនិក ដោយ​គ្មាន​វត្តមាន​ឆេកូស្លូវ៉ាគី ដោយ​ព្រមព្រៀង​ឲ្យ​អាល្លឺម៉ង់​ចូល​កាន់កាប់​តំបន់​ស៊ូដែត។ ជាថ្នូរមកវិញ ហ៊ីត្លែរ​បាន​សន្យាថា​នឹង​បញ្ឈប់ការ​ទាមទារ​ផ្តាច់ទឹកដី​របស់​ខ្លួន​តែ​ត្រឹម​តំបន់​ស៊ូដែត​នេះ។

បន្ទាប់​មក បារាំង និង​អង់គ្លេស​បាន​ប្រាប់​ទៅ​ឆេកូស្លូវ៉ាគី អំពី​អ្វី​ដែល​គេ​បាន​ព្រមព្រៀងជាមួយ​ហ៊ីត្លែរ នៅ​មុយនិក ដោយ​បញ្ជាក់ថា ប្រសិនបើ​ឆេកូស្លូវ៉ាគី​មិន​ព្រម​ប្រគល់​តំបន់​ស៊ូដែត​ទៅ​ឲ្យ​ហ៊ីត្លែរ​ទេ ឆេកូស្លូវ៉ាគី​នឹង​ត្រូវ​ប្រឈមមុខ​នឹង​កងទ័ព​អាល្លឺម៉ង់​តែ​ម្នាក់ឯង ដោយគ្មាន​ជំនួយ​ពី​អង់គ្លេស និង​បារាំង​នោះទេ។ ឆេកូស្លូវ៉ាគី​ដែល​ដឹងច្បាស់​ថា​ខ្លួន​មិនមាន​កម្លាំង​ទ័ព​អាច​ទប់ទល់​នឹង​ហ៊ីត្លែរ​បាន ​ក៏​សុខចិត្ត​​​ធ្វើ​តាម ហើយ​កងទ័ព​អាល្លឺម៉ង់​ក៏​បាន​ចូល​កាន់កាប់​តំបន់​ស៊ូដែត នៅថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​១៩៣៨។

នៅ​អង់គ្លេស លោក Neville Chamberlain នាយករដ្ឋមន្រ្តី​អង់គ្លេស ត្រូវ​បាន​គេ​ចាត់ទុក​ជា​វីរបុរស​ដ៏ឆ្នើម​មួយ ដែល​បាន​ដោះស្រាយ​បញ្ចប់​វិបត្តិ​ឆេកូស្លូវ៉ាគី ដោយ​សន្តិវិធី ហើយ​បញ្ចៀស​បាន​នូវ​សង្រ្គាម។ ក៏ប៉ុន្តែ នៅ​អាល្លឺម៉ង់វិញ ហ៊ីត្លែរ​បាន​កំណត់​ក្នុង​ចិត្ត​ថា សម្បទាន​គ្រប់យ៉ាង ដែល​អង់គ្លេស និង​បារាំង បាន​ធ្វើ នៅ​ក្នុង​វិបត្តិ​ឆេកូស្លូវ៉ាគី​ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា អង់គ្លេស និង​បារាំង កំពុងតែ​ខ្លាច​អាល្លឺម៉ង់។

ក្រោយ​មក​មិនដល់​មួយ​ឆ្នាំ​ផង នៅ​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​១៩៣៩ ហ៊ីត្លែរ​ក៏​បាន​ចូល​ឈ្លានពាន​កាន់កាប់​ទឹកដី​ដែល​នៅសេសសល់​របស់​ឆេកូស្លូវ៉ាគី ព្រមទាំង​ទាមទារ​យក​ទឹកដី​របស់​ប្រទេស​ផ្សេងៗ​ទៀត នៅ​ក្នុង​តំបន់​ក្បែរៗ​នោះ។

រហូត​មក​ទល់​ពេលនោះ ទើប​អង់គ្លេស និង​បារាំង​ភ្ញាក់ដឹង​ខ្លួន​ថា អ្វីដែល​ហ៊ីត្លែរ​បាន​សន្យា នៅ​ទីក្រុង​មុយនិក កាល​ពីឆ្នាំមុន គឺ​ជា​ការ​បោកប្រាស់​សុទ្ធសាធ ហើយ​សម្រេច​បញ្ឈប់​នយោបាយ​ធ្វើ​សម្បទាន​ ដើម្បី​ផ្គាប់ចិត្ត​ហ៊ីត្លែរ​ដូចពីមុន​ទៀត។

នៅ​ថ្ងៃ​ទី៣១ ខែ​មីនា ១៩៣៩ ក្រោយ​ពី​ហ៊ីត្លែរ​បានទាមទារ​ផ្តាច់ទឹកដី​មួយផ្នែក​របស់​ប៉ូឡូញ បារាំង និង​អង់គ្លេស ក៏​បាន​ប្រកាស​​ជាសាធារណៈ​ធានា​​ការពារ​ឯករាជ្យ និង​បូរណភាព​ទឹកដី​របស់​ប៉ូឡូញ ពី​ការ​ឈ្លានពាន​របស់​ហ៊ីត្លែរ។ ក៏ប៉ុន្តែ ការប្រកាស​នេះ​មិនបាន​ធ្វើ​ឲ្យ​ហ៊ីត្លែរ​ខ្លាចរអានោះទេ។ ហ៊ីត្លែរ​ ដែល​ធ្លាប់​មើលឃើញ​ពី​ជំហរ​ទន់ជ្រាយ​របស់​បារាំង និង​អង់គ្លេស កាល​ពី​អំឡុង​វិបត្តិ​នៅ​ឆេកូស្លូវ៉ាគី ក៏​បាន​ចូល​ឈ្លានពាន​ប្រទេស​ប៉ូឡូញ នៅថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​១៩៣៩។ ពីរថ្ងៃ​ក្រោយ​មក បារាំង និង​អង់គ្លេស បាន​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់ ហើយ​សង្រ្គាម​លោកលើកទី២​ក៏​ចាប់ផ្ទុះឡើង។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ វិបត្តិ​ដែល​កំពុងកើតឡើង​នៅ​អ៊ុយក្រែន​​កំពុងតែ​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ឡើងវិញ អំពី​អ្វី​ដែល​បាន​កើតឡើង នៅ​ឆេកូស្លូវ៉ាគី កាល​ពី​ជាង ៧០ឆ្នាំមុន។ នៅ​ឆ្នាំ​២០១៤ រុស្ស៊ី ក្រោម​ការដឹកនាំ​របស់​លោក​វ៉្លាឌីមៀរ ពូទីន បាន​បញ្ជូន​ទាហាន​ចូល​ទៅ​ឈ្លានពាន​កាន់កាប់​តំបន់​គ្រីមេ​របស់​អ៊ុយក្រែន ក្នុងហេតុផល​ថា ដើម្បី​ការពារ​ប្រជាជន​រុស្ស៊ី ដូចដែល​ហ៊ីត្លែរ​ធ្លាប់​ទាមទារ​​កាន់កាប់​តំបន់​ស៊ូដែត របស់​ឆេកូស្លូវ៉ាគី ក្នុងហេតុផលថា ដើម្បី​ការពារ​ប្រជាជន​អាល្លឺម៉ង់​ កាល​ពី​ឆ្នាំ​១៩៣៨​ដូច្នោះដែរ។

ក៏ប៉ុន្តែ នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន មិនមែន​មានតែ​តំបន់​គ្រីមេ​មួយ​ទេ ដែល​មាន​ប្រជាជន​​រុស្ស៊ី​រស់នៅ។ តំបន់​ជាច្រើន​ផ្សេងទៀត ជាពិសេស តំបន់​នៅ​ប៉ែក​ខាង​កើត ជាប់​ព្រំដែន​រុស្ស៊ី ក៏​មាន​ប្រជាជន​រុស្ស៊ី​រស់​នៅ​យ៉ាង​ច្រើន​ផងដែរ។ ម្យ៉ាងទៀត ក្រៅ​ពីអ៊ុយក្រែន នៅ​មាន​ប្រទេស​ជាច្រើន​ផ្សេងទៀត ជាពិសេស ប្រទេស​ធ្លាប់​ស្ថិត​ក្នុង​អតីតសហភាព​សូវៀត ដែល​មាន​ប្រជាជន​រុស្ស៊ី​រស់​នៅ​យ៉ាងច្រើន​ផងដែរ។ ដូច្នេះ សំណួរ​ដែល​គេ​ចោទឡើង​នៅពេលនេះ ​គឺ​​នៅត្រង់​ថា តើ​លោក​ពូទីន​នឹង​បញ្ឈប់​ត្រឹម​តំបន់​គ្រីមេ​នេះ ឬ​ក៏​អាច​ឈាន​ទៅ​កាន់កាប់​តំបន់​ផ្សេងៗ​ទៀត នៅ​ពេល​ខាងមុខ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ