អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រិក​កំពុង​ឈាន​ចូល​ក្នុង​វិបត្តិ​នយោបាយ ក្រោយ​ការបិទ​ស្ថានប័ន​សោតទស្សន៍​របស់​រដ្ឋ ERT

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ មិថុនា​នេះ ប្រជាជន​ក្នុង​ប្រទេស​ក្រិក​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ជា​ថ្មី។ ក្បួន​បាតុកម្មទូទៅ​ថ្ងៃ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហជីព​សំខាន់ៗ​ចំនួន​ពីរ ដើម្បី​ប្រឆំាង​នឹង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​របស់​រដ្ឋ ERT ដោយ​រដ្ឋាភិបាល​កាល​ពី​យប់​ថ្ងៃ​អង្គារ ទី១១ មិថុនា។ ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ ERT ពេល​នេះ​បាន​និង​កំពុង​បង្ក​ឲ្យ​មាន​កំហឹង​យ៉ាង​ខ្លំាងក្លា​ពី​សំណាក់​ប្រជាជន​ក្រិក និង​ពី​ប្រទេស​អឺរ៉ុប​មួយ​ចំនួន។  

ក្រុមបាតុករក្រិកធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ការបិទ​ស្ថានប័ន​សោតទស្សន៍​របស់​រដ្ឋ ERT
ក្រុមបាតុករក្រិកធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ការបិទ​ស្ថានប័ន​សោតទស្សន៍​របស់​រដ្ឋ ERT REUTERS/John Kolesidis
ផ្សាយពាណិជ្ជកម្ម

ក្បួនបាតុកម្ម​បាន​ចាប់​ផ្តើម​ដំបូង ដោយ​ក្រុមបាតុករ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីស្នាក់ការកណ្តាល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​របស់​រដ្ឋ ERT ដែល​មាន​ទីតំាង​ស្ថិត​នៅ​ប៉ែកខាងជើង​ទីក្រុង​អាថែន។ ក្រុម​សហជីព​បាន​នំា​គ្នា​បរិហារ​លើ​ទង្វើ​របស់​រដ្ឋាភិបាល​ដែល​បាន​សម្រេចចិត្ត​​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​របស់​រដ្ឋ ERT ដោយ​ទាន់ហន់​កាល​ពី​យប់​ថ្ងៃអង្គារ ទី១១ មិថុនា។ យោង​តាម​ក្រុម​សហជីព បើ​រដ្ឋាភិបាល​បាន​សម្រេចចិត្ត​បិទ​ស្ថាប័ន​សោតទស្សន៍​របស់​ខ្លួន ERT ហេតុអ្វី ក៏​មិន​បិទ​មន្ទីរពេទ្យ សាលារៀន ឬ​មួយ​ក៏​បញ្ឈប់​ការងារ​របស់​ប៉ូលិស​ទំាង​អស់​តែ​ម្តង​ទៅ។

បើ​គេ​ពិនិត្យ​ជា​រួម ក្បួនបាតុកម្ម​មិន​បាន​កម្រិត​ត្រឹម​តែ​ភាព​ក្តៅក្រហាយ​របស់​បុគ្គលិក​នៃ​ស្ថាប័ន​សោតទស្សន៍ ERT ប៉ុណ្ណោះ​ទេ។ តែ​ជា​ការ​ចូលរួម​របស់​ប្រជាជន​ក្រិក ពី​គ្រប់​ស្ថានប័ន និង​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទំាង​អស់ មាន​ក្រុមបញ្ញវន្ត ក្រុមអ្នកសិល្បៈ ក្រុមទស្សនិកជន រហូត​ដល់​ប្រជាជន​សាមញ្ញ។

សូម​រម្លឹក​ជូន​ឡើង​វិញ​បន្តិច​ថា ស្ថាប័ន​សោតទស្សន៍ ERT របស់​រដ្ឋ​ក្រិក មាន​ស្ថានីយ៍​ទូរទស្សន៍​ចំនួន ៥កាណាល់ ស្ថានីយ៍វិទ្យុថ្នាក់ជាតិ​ចំនួន ៧ និង​ស្ថានីយ៍វិទ្យុ​ថ្នាក់តំបន់​ចំនួន ៨។ ERT មាន​បុគ្គលិក​បម្រើការ​ប្រមាណ​ជា ២ ៦០០នាក់ ក្នុង​នោះ​មាន​អ្នកកាសែត​ចំនួន ៦០០នាក់។ ជា​រៀងរាល់​ឆ្នំា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ចំនួន ៣០០លានអឺរ៉ូ​សម្រាប់​ស្ថាប័ន​សោតទស្សន៍ ERT ជាមួយ​នឹង​អត្រា​ចំនួន​អ្នក​ទស្សនា និង​អ្នកស្តាប់​សរុប​ប្រមាណ​ជា ១៣%។ ដូច្នេះ​ឃើញ​ថា ការ​សម្រេចចិត្ត​យ៉ាង​ទាន់ហន់​របស់​រដ្ឋាភិបាល​ក្រិក​បាន​ធ្វើ​ឲ្យ​បុគ្គលិក​របស់ ERT ទំាង​ជាង ២ ៦០០នាក់​ក្លាយ​ខ្លួន​ជា​អ្នក​អត់​ការងារ​ធ្វើ​ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក។

លោក Samaras បានទទួលការចោទប្រកាន់ពីបទប្រើអំណាចផ្តាច់ការ

ពី​ដំបូង កំហឹង​របស់​ប្រជាជន​ក្រិក គឺ​ដើម្បី​ជួយ​ឈឺ​ឆ្អាល​ក្រុម​បុគ្គលិក​របស់ ERT ទំាង​ជាង ២ ៦០០នាក់​ដែល​ក្នុង​រយៈពេល​តែ​មួយ​ប៉ប្រិច​ភ្នែក ស្រាប់​តែ​ក្លាយ​ខ្លួន ជា​អ្នក​ការងារ​ធ្វើ។ តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ឃើញ​ថា កំហឹង​របស់​ប្រជាជន​ក្រិក គឺ​ដើម្បី​ប្រឆំាង​នឹង​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ដែល​មាន​លក្ខណៈ​ជ្រុលហួស មិន​គួរ​ឲ្យ​នឹក​​ស្មាន​ដល់ និង​ដែល​មាន​អ្នកខ្លះ​ហ៊ាន​និយាយ​ថា ជា​ការ​ប្រើ​អំណាច​ផ្តាច់ការ​ទៀត​ផង។ សូម​ជម្រាប​ថា ការ​បិទ​ប្រព័ន្ធផ្សព្វផ្សាយ​កាល​ពី​យប់​ថ្ងៃអង្គារ ទី១១ មិថុនា​បាន​ធ្វើ​ឡើង​នៅ​ប្រមាណ​ជា​ម៉ោង ១១យប់ ចំ​ពេល​ដែល​ទូរទស្សន៍​ទំាង ៥កាណាល់​កំពុង​ផ្សាយ​កម្មវិធី​របស់​ខ្លួន ដូច​សព្វ​មួយ​ដង និង​ចំ​ពេល​ដែល​ប្រជាជន​ក្រិក​ខ្លះ​កំពុង​តាម​ដាន​មើល​ដូច​រៀង​រាល់​ថ្ងៃ។ ស្រាប់​តែ​មួយ​ប៉ប្រិចភ្នែក កញ្ចក់ទូរទស្សន៍​របស់​គេ​ក៏​បាត់​រូបភាព មួយ​រំពេច។

តើ​នេះ វា​មិន​មែន​ចម្លែក​ពេក​ទេ ឬ​យ៉ាង​ណា នៅ​ក្នុង​ប្រទេស​មួយ​ដូច​យ៉ាង​ក្រិក ដែល​គេ​ចាត់​ទុក​ជា​ប្រទេស​ប្រជាធិបតេយ្យ​គំរូ​មួយ​នៅ​អឺរ៉ុប​នោះ នេះ​ជា​ប្រតិកម្ម​របស់​ប្រជាជន​ក្រិក​ភាគច្រើន។

គួរ​បញ្ជាក់​ថា អ្នក​ដែល​បញ្ជា​ឲ្យ​បិទប្រព័ន្ធផ្សព្វផ្សាយ​របស់​រដ្ឋ ERT យ៉ាង​ទាន់ហន់​របៀប​នេះ គឺ​លោក​នាយករដ្ឋមន្រ្តី​ក្រិក Antonis Samaras។ លោក Samaras ដែល​បាន​លើក​យក​ហេតុផល​ថា ការ​បិទ​សោតទស្សន៍ ERT គឺ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​កំណែទម្រង់​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល។ យោង​តាម​លោក Samaras ការ​ធ្វើ​កំណែទម្រង់​លើ​វិស័យ​សោតទស្សន៍​របស់​រដ្ឋ គឺ​ចំាបាច់​ដោយ​ខាន​មិន​បាន និង​ថា ការ​បិទ​សោតទស្សន៍ ERT ពេល​នេះ គឺ​ជា​វិធានការ​បណ្តោះអាសន្ន ដោយ​រង់ចំា​ការ​បង្កើត​ស្ថាប័ន​សោតទស្សន៍​ថ្មី​នៅ​ពេល​ខាង​មុខ ដោយ​មាន​ការ​ចំណាយ​តិច និង​មាន​គុណភាព​ខ្ពស់។ សម្រាប់​លោក Samaras រដ្ឋាភិបាល​នៅ​បន្ត​ការពារ​ផលប្រយោជន៍​រួម​របស់​ប្រទេស​ជានិច្ច។

គណបក្ស​ក្នុង​រដ្ឋាភិបាលចម្រុះ​មិន​គំាទ្រ​លោក Samaras

បរិយាកាស​ថ្ងៃ​នេះ ពិត​ជា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្រិក​កំពុង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ និង​ស្ថាប័ន​មួយ ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ឆ្លង​កាត់​ពី​ពេល​មុន និង​ដែល​ហាក់​ដូច​ជា​នៅ​មិន​ទាន់​អស់​ខ្យល់​នៅ​ឡើយ។ សូម​បញ្ជាក់​ជូន​បន្តិច​ថា រដ្ឋាភិបាល​ក្រិក​បច្ចុប្បន្ន ជា​រដ្ឋាភិបាល​ចម្រុះ​ចូលរួម​ដោយ ៣គណបក្ស។ ក៏​ប៉ុន្តែ អ្វី​ដែល​លោក Samaras បាន​សម្រេចចិត្ត​បិទ​ស្ថាប័ន​សោតទស្សន៍ ERT ពេល​នេះ មិនមែន​ជា​សេចក្តី​សម្រេចចិត្ត​របស់​រដ្ឋាភិបាលចម្រុះ​ទេ តែ​ជា​ការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​របស់​លោក Samars។

ឥឡូវ​នេះ គណបក្ស​ចំនួន​ពីរ​ក្នុង​រដ្ឋាភិបាលចម្រុះ​បាន​បដិសេធ មិន​គំាទ្រ​ការ​សម្រេចចិត្ត​របស់​លោក Samaras ទេ។ ពួក​គេ​បាន​ស្នើ​ឲ្យ​មាន​ការ​កោះប្រជុំ​រវាង​គណបក្ស​ទំាង​បី​នៅ​ក្នុង​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​វិបត្តិ។ គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​ទទួល​គំនាប​ពី​គ្នា​ឯង លោក​នាយករដ្ឋមន្រ្តី Samaras ក៏​កំពុង​ទទួល​គំនាប​ពី​សហភាពអឺរ៉ុប ធនាគារកណ្តាល​អឺរ៉ុប និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដែរ ព្រោះ​ចូរ​កុំ​ភ្លេច​ថា អស់​រយៈពេល ៦ឆ្នំា​ជាប់ៗ​គ្នា​មក​ហើយ​ដែល​ក្រិក​កំពុង​មាន​សេដ្ឋកិច្ច​ដើរថយក្រោយ។

ដើម្បី​អាច​បន្ត​ខ្ចី​លុយ​ពី​ស្ថាប័ន​ទំាង​បី​ខាង​លើ​នេះ​បាន រដ្ឋាភិបាល​ក្រិក​ចំា​បាច់​ត្រូវ​តែ​ធ្វើ​ការ​សន្សំសំចៃ និង​ធ្វើ​កំណែទម្រង់​លើ​វិស័យ​មួយ​ចំនួន​ដោយ​ខាន​មិន​បាន ពិសេស គឺ​ការ​កាត់​បន្ថយ​បុគ្គលិក មន្រ្តីរដ្ឋការ​ឲ្យ​បាន ២ ០០០នាក់ មុន​នឹង​ដំណាច់​ខែ​មិថុនា​នេះ។ តែ​បញ្ហា​នៅ​ត្រង់​ថា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន គ្មាន​ក្រសួង​ណា​មួយ​សុទ្ធចិត្ត​កាត់​បន្ថយ​បុគ្គលិក​របស់​ខ្លួន​ទេ។ អាត្រា​អ្នកអត់ការងារធ្វើ​មាន​រហូត​ដល់​ទៅ ២៧% ក្នុង​នោះ ភាគ​ច្រើន មាន​អាយុ​ក្រោម ២៤ឆ្នំា។

ដូច្នេះ​ឃើញ​ថា នៅ​ចន្លោះ​ការ​បះបោរ​សង្គម និង​គំនាប​អន្តរជាតិ លោក Samaras កំពុង​តែ​ឈឺ​ក្បាល​ខ្លំាង និង​ដែល​ក្រុម​អ្នកវិភាគ​បាន​ប្រមើលមើល​​ថា ជោគវាសនា​របស់​លោក Samaras ប្រហែល​ជា​មិន​ខុស​គ្នា​នឹង​លោក Georges Papandréou ដែល​បាន​បង្ខំ​ចិត្ត​ចុះ​ចេញ​ពី​តំណែង​ដោយ​កម្លំាង​មហាជន​នៅ​តាម​ដង​ផ្លូវ​កាល​ពី​មួយ​ឆ្នំា​មុន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ