អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

RSF៖ សេរីភាព​សារព័ត៌មាន​ ឈានចូល​ក្នុង​ទសវត្ស​ដ៏លំបាក ជាមួយ​កូវីដ១៩​ដែល​បង្កើន​ឧបសគ្គ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី៣ឧសភា គឺជាទិវាអន្តរជាតិ នៃសេរីភាពសារព័ត៌មាន។ នៅក្នុងឱកាសនេះ អង្គការអ្នករាយការណ៍គ្មានព្រំដែន បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីអំពីចំណាត់ថ្នាក់ នៃសេរីភាព​សារព័ត៌មាន នៅទូទាំងពិភពលោក។ យោងតាមវិភាគរបស់អង្គការនេះ សេរីភាពសារព័ត៌មាន​នៅទូទាំងពិភពលោក កំពុងឈានចូលដល់ដំណាក់កាលមួយដ៏លំបាក និងគ្រោះថ្នាក់បំផុត សម្រាប់ទសវត្សខាងមុខ។ ស្ថិតក្នុងបរិបទជំងឺឆ្លងកូវីដ១៩ ឧបសគ្គជាច្រើន បាននឹងកំពុងតែរារាំង រំខានការងាររបស់អ្នកកាសែត ក្នុងការផ្សព្វផ្សាយនូវព័ត៌មានច្បាស់ការ និងឯករាជ្យ។

រូបភាព​គេហទំព័រ អង្គការអ្នករាយការណ៍គ្មានព្រំដែន RSF ដែលផ្សាយ​របាយការណ៍ប្រចាំឆ្នាំ ស្តីពី ស្ថានភាព​សេរីភាព​សារព័ត៌មាន​ ទូទាំងពិភពលោក។
រូបភាព​គេហទំព័រ អង្គការអ្នករាយការណ៍គ្មានព្រំដែន RSF ដែលផ្សាយ​របាយការណ៍ប្រចាំឆ្នាំ ស្តីពី ស្ថានភាព​សេរីភាព​សារព័ត៌មាន​ ទូទាំងពិភពលោក។ © RFI
ផ្សាយពាណិជ្ជកម្ម

ប្រទេសអឺរ៉ុបខាងជើងមានចំណាត់ថ្នាក់ល្អ ខណៈតំបន់អាស៊ីប៉ាស៊ីហ្វិកធ្លាក់ចុះ

យោងតាមរបាយការណ៍របស់ អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) គឺសេរី​ភាព​សារព័ត៌មាន​ ​ក្នុងឆ្នាំ២០២០នេះ មានលក្ខណៈកាន់តែរួមតូច។​ សម្រាប់ចំណាត់ថ្នាក់ ជាទូទៅ ប្រទេសដែលបានពិន្ទុល្អជាងគេ គឺមិនមានអ្វីប្រែប្រួលច្រើនទេ។ ក្នុងចំណោម១៨០ប្រទេស និងដែនដី ប្រទេសដែលមានចំណាត់ថ្នាក់ទី១ល្អជាងគេ គឺ ន័រវេស បន្ទាប់មក ហ្វាំងឡើង ដាណឺម៉ាក ស៊ុយអែដ និង ហូឡង់។ ប្រទេសទាំង៥នេះ ស្ថិតនៅក្បែរៗគ្នា ក្នុងតំបន់អឺរ៉ុបខាងជើង។

ជារួមទ្វីបអឺរ៉ុប ជាទ្វីបដែលមានប្រទេសបានចំណាត់ថ្នាក់ល្អ ក្នុងការគោរពនិងការពារសិទ្ធិសេរីភាព​សារព័ត៌មាន។ លើកលែងតែប្រទេសមួយចំនួន​ចេញ ស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងកើត ដូចជាហុងគ្រី និងប្រទេសតំបន់បាល់កង់ ដែលមានគោលនយោបាយ​ បំបិទសិទ្ធិសេរីភាព​សារព័ត៌មាន។

តំបន់ដែលគេសង្កេតឃើញថា សេរីភាព​សារព័ត៌មានបានចុះថយខ្លាំងជាងគេ គឺតំបន់អាស៊ីប៉ាស៊ីហ្វិកយើងនេះតែម្តង។ អូស្ត្រាលី ដែលធ្លាប់ជាគំរូគេក្នុងតំបន់ បានធ្លាក់ចំណាត់ថ្នាក់ចំនួន​៥លេខ មកនូវលំដាប់លេខ២៦។ នេះក៏ដោយសារវិធានការច្បាប់ ទាក់ទិននឹងការសំងាត់នៃប្រភពព័ត៌មាន និងទៅលើវិស័យព័ត៌មានស៊ើបអង្កេត។ ប្រទេស២ទៀត ក៏បានចុះថយខ្លាំងណាស់ដែរ គឺសិង្ហបុរី បានធ្លាក់៧លេខ មកនៅលេខ១៥៨ ដោយសារតែប្រទេសនេះ បានធ្វើច្បាប់មួយស្តីអំពីការរិតបន្តឹងព័ត៌មានមិនពិត។ ចំណែកហុងកុងវិញ សកម្មភាព​រារាំងរំខាន​អ្នកកាសែត ពីសំណាក់អាជ្ញាធរ នៅក្នុង​រយៈពេលបាតុកម្ម​ក្នុងឆ្នាំ២០១៩កន្លងទៅនេះ បានធ្វើឲ្យដែនដីនេះធ្លាក់ចំណាត់ថ្នាក់៧លេខដែរ មកជាប់លេខ៨០។

រីឯ​តំបន់អាស៊ីកណ្តាល តំបន់ដើមបូព៌ា និងតំបន់អាហ្វ្រិក នៅតែជាតំបន់ដ៏គ្រោះថ្នាក់ សម្រាប់ការងារអ្នកកាសែត និងការផ្សព្វផ្សាយព័ត៌មានដោយសេរី និងឯករាជ្យ។

វិបត្តិធំទាំង៥ គំរាមសេរីភាពសារព័ត៌មាន៖

អង្គការអ្នករាយការណ៍គ្មានព្រំដែន បានលើកឡើងនូវ​វិបត្តិធំៗ ចំនួន៥ ដែលគំរាម និង​បង្កឧបសគ្គដល់សេរីភាពសារព័ត៌មាន។

វិបត្តិភូមិសាស្ត្រនយោបាយ

ជានិច្ចជាកាល​ នៅតាមប្រទេសដែលមានរបបដឹកនាំផ្តាច់ការ អាជ្ញាធរប្រើគ្រប់មធ្យោបាយ សង្កត់សង្កិនវិស័យសារព័ត៌មាន និងតម្រូវឲ្យ​គេ ដើរតាមទស្សនវិស័យយល់ឃើញរបស់ខ្លួនតែមួយ។ ពោលគឺអាជ្ញាធរផ្តាច់ការ រារាំងភាពចម្រុះនៃព័ត៌មាន បំភ័យនិងធ្វើបាបសារព័ត៌មានឯករាជ្យ។

ជាក់ស្តែងប្រទេសចិន ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសអេហ្ស៊ីប ឬរុស្ស៊ីជាដើម ដែលបាន​ប្រើគ្រប់​មធ្យោបាយ​ តម្រូវឲ្យមានព័ត៌មាន​តែមួយ ដែលគឺជាព័ត៌មានរបស់របបខ្លួន។ ប្រជាជនមិនមានជម្រើស ក្នុងការបានទទួលព័ត៌មាន​ពីប្រភពឯករាជ្យផ្សេងឡើយ។ នេះគឺជារបៀបនៃការចិញ្ចឹម ការពារ​របបផ្តាច់ការឲ្យនៅគង់វង្ស។

វិបត្តិបច្ចេកវិទ្យា

ដូចយើងដឹងហើយ ក្នុងយុគសម័យជឿនលឿន មានអ៊ីនធ័រណិត មាន​បណ្តាញសង្គម ទូរស័ព្ទដៃទំនើបៗ ដែលវាធ្វើឲ្យមានភាពងាយស្រួលណាស់ ក្នុងការ​ចរាចរណ៍ដំណឹងនានា។ តែបញ្ហាចោទ គឺប្រភពជាក់ច្បាស់ នៃដំណឹងទាំងនោះ។ ព័ត៌មានមិនពិត ពាក្យចចាម​អារ៉ាម មនុស្សផ្អើលតៗគ្នា វាបានមកលាយឡំ ប្រណាំងប្រជែង ជាមួយនឹងព័ត៌មានច្បាស់ការណ៍ របស់អ្នកកាសែតដែលមានវិជ្ជាជីវៈ។ យូរៗទៅ ប្រជាជន​ លែងចេះបែងចែក ថាអ្វីជាដំណឹងពិត​ អ្វីជាដំណឹងមិនពិតទៀតហើយ។

បរិបទបែបនេះ ក៏វាញ៉ាំងឲ្យ​អាជ្ញាធរ ធ្វើច្បាប់​ថ្មីៗ ដើម្បី​គ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានមិនពិត។ តែទន្ទឹមនឹងនេះ វាក៏ជាលេសមួយដែរ របស់អាជ្ញាធរ ក្នុងការបំបិតមាត់ ព័ត៌មានរិះគន់ណាមួយទៅលើខ្លួន។ ជាងនេះទៀត នៅតាមប្រទេស ដឹកនាំដោយរបបផ្តាច់ការខ្លះ គេក៏បានប្រើបច្ចេកវិទ្យា ដើម្បីសាបព្រួសព័ត៌មានក្លែងក្លាយដែរ ដើម្បី​បំប៉ោងជាប្រយោជន៍ណាមួយដល់របបគេ។

វិបត្តិប្រជាធិបតេយ្យ

មេដឹកនាំប្រទេសខ្លះ ដូចជាលោកដូណាល់ ត្រាំ និងលោក បុលសូណារ៉ូ ធ្លាប់បាននិយាយ​ស្តីបន្ទោស និងចោទប្រកាន់បណ្តាញព័ត៌មាន ដោយចំៗតែម្តង។ គោលជំហរ យកអ្នកកាសែតជា​សត្រូវ របស់មេដឹកនាំប្រទេសមួយចំនួន ដូចជាលោកដូណាល់ ត្រាំ និងលោកបុលសូណារ៉ូ នេះ គឺជាគ្រោះថ្នាក់ខ្លាំងណាស់ ដល់សេរីភាព​សារព័ត៌មាន។ គោលជំហរបែបនេះ វាបានញ៉ាំងឲ្យមនុស្ស ពុះចែកមតិគ្នាខ្លាំងតែម្តង ដោយមានម្ខាង នាំគ្នាស្អប់អ្នកកាសែត។

ស្ថិតក្នុងបរិបទវិបត្តិនេះ អ្នកកាសែត បានក្លាយ​ជាគោលដៅ នៃការស្អប់គុំគួន ពីសំណាក់ ប្រជាជន ឬ​ក្រុម​ជ្រុលនិយម ដែលគាំទ្រគោលនយោបាយ​ ឬទ្រឹស្តី​ណាមួយដោយ​ផ្កាប់មុខ។ កំហឹងរបស់ប្រជាជន​​ទៅ​លើអ្នកកាសែត ឬបណ្តាញសារព័ត៌មានរិះគន់ណាមួយ គឺវាត្រូវបានចិញ្ចឹមដោយក្រុមអ្នក​នយោបាយ ឬមេដឹកនាំ ដែលប្រើយុទ្ធសាស្ត្រ ធ្វើសង្រ្គាមជាមួយអ្នកកាសែតប្រឆាំង។ តួយ៉ាងដូចលោកដូណាល់ ត្រាំ ឬ លោកបុលសូណារូនេះតែម្តង។​ មួយរយៈចុងក្រោយនេះ សន្ទុះកំហឹង បានក្លាយទៅជាទង្វើជាក់ស្តែង ក្រោមរូបភាព​ព្រួតគ្នាវាយអ្នកកាសែត គំរាមសម្លាប់ ឬជេរប្រមាថអ្នកកាសែតជាដើម។

វិបត្តិបាត់បង់ទំនុកចិត្ត

យោងតាមអង្គការអ្នករាយការណ៍គ្មានព្រំដែន គឺវិស័យសារព័ត៌មានពិភពលោកយើងរាល់ថ្ងៃនេះ ស្ថិតក្នុង​បរិយាកាសអួរអាប់ខ្លាំងណាស់។ បរិយាកាសនេះ បានញ៉ាំងឲ្យ​មនុស្សទូទៅ បាត់បង់ទំនុកចិត្ត​លើបណ្តាញសារព័ត៌មាន បើទោះបីជាបណ្តាញព័ត៌មានធំៗផ្លូវការក៏ដោយ។ ការអង្កេតរបស់ Trust Barometer Edelman បានបង្ហាញថា ក្នុងចំណោម​មនុស្សដែលគេចោទសួរ គឺមាន​៥៧% ឆ្លើយថា បណ្តាញព័ត៌មានផ្លូវការ ក៏អាចភ័ន្តច្រឡំ ផ្សាយព័ត៌មានមិនពិតដែរ។​

វិបត្តិសេដ្ឋកិច្ច

បញ្ហាសេដ្ឋកិច្ច ក៏ជាវិបត្តិប្រឈមមួយដ៏ធំផងដែរ សម្រាប់សេរីភាពសារព័ត៌មាន។ សារព័ត៌មាន​ត្រូវភាពឯករាជ្យ ដើម្បីធ្វើការ តែក៏ត្រូវការប្រភពថវិកា ដើម្បីរស់ដែរ។ វាជាអម្រែកមួយដ៏សែនធ្ងន់ សម្រាប់អ្នកកាសែត។ ពីមួយថ្ងៃទៅមួយថ្ងៃ បណ្តាញសារព័ត៌មានឯករាជ្យ ត្រូវបិទទ្វារ ព្រោះលែងមានចំណូល។ អ្នកកាសែតមិនទទួលបាន​ប្រាក់បៀវត្ស៍ ឲ្យសមរម្យទៅនឹងតម្លៃការងារ។ បណ្តាញសារព័ត៌មានខ្លះ ត្រូវ​ក្រុមហ៊ុនធំៗ ប្រមូលទិញ ហើយតម្រូវឲ្យសរសេរចុះផ្សាយ ទៅតាមគោល​នយោបាយ​​របស់ម្ចាស់ភាគហ៊ុន​ ជាដើម។ល។ ទាំងអស់នេះ គឺសុទ្ធតែជាដំបៅ ដែលរុកគួន​សេរីភាព​សារព័ត៌មាន។

កូវីដ១៩ បន្ថែមឧបសគ្គ

ក្នុងបរិបទជំងឺឆ្លងរាតត្បាតកូវីដ១៩ នាពេលបច្ចុប្បន្ននេះ វិស័យសេរី​សារព័ត៌មាន​ ត្រូវប្រឈមនូវឧបសគ្គបន្ថែមទៀត ដោយសារតែវិធានការ រិតបន្តិងការផ្សព្វផ្សាយព័ត៌មាននានា ជុំវិញការឆ្លងមេរោគនេះ។ លោក Christophe Deloire អគ្គនាយក​ អង្គការអ្នករាយការណ៍​គ្មានព្រំដែន បានលើកឡើងថា វិបត្តិកូវីដនេះ បានបើកផ្លូវ ឲ្យ​របបផ្តាច់ការខ្លះឆក់ឱកាស​ ខណៈដែលប្រជាពលរដ្ឋមានការភ័យខ្លាច មិនអាចធ្វើសកម្មភាពតវ៉ាបាន ដើម្បីឈានទៅដាក់ចុះនូវវិធានការរិតបន្តឹងសិទ្ធសេរីភាព។ សម្រាប់១០ឆ្នាំទៅមុខនេះ ការងារអ្នកកាសែតនឹងជួបការលំបាកខ្លាំងណាស់។ អ្វីៗគឺវាអាស្រ័យលើសុចន្ទៈរបស់មនុស្សម្នាក់ៗក្នុងសង្គម ដើម្បីពង្រឹងសិទ្ធិសេរី​ភាព​សារព័ត៌មាន ព្រោះថាសិទ្ធិសេីភាពនេះ មានចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមជាតិ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ