អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​អាមេរិក និង​កូរ៉េខាងជើង​បង្កើន​កិច្ចចរចា​ទ្វេភាគី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ខែ​កក្កដា ឆ្នំា ២០១១ កូរ៉េខាងជើង និង​អាមេរិក​បាន​បើក​កិច្ចចរចា​ទ្វេភាគី​លើក​ទីមួយ​ក្នុង​ទីក្រុង​ញូវយ៉ក។ នៅ​ថ្ងៃទី ២៦ តុលា​ខាង​មុខ ភាគី​ទំាង​ពីរ​គ្រោង​នឹង​ជួប​គ្នា​ជា​ថ្មី នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ ក៏​ដូច​ជា​ជំនួប​លើក​មុន​ដែរ អាមេរិក​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឲ្យ​វិល​ទៅ​កាន់​តុចរចា ៦ភាគី​ជា​ថ្មី​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ប៉ុន្តែ នេះ​ក៏​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា អាមេរិក​កំពុង​ផ្តើម​អនុវត្ត​នយោបាយ​ហុច​ដៃ​ទៅ​រក​កូរ៉េខាងជើង និង​នៅ​អាស៊ី ប្រឈម​នឹង​ឥទ្ធិពល​របស់​ចិន។

លោក Stephen Bosworth បេសជន​អាមេរិក​ទទួល​បន្ទុក​កិច្ចចរចា​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង
លោក Stephen Bosworth បេសជន​អាមេរិក​ទទួល​បន្ទុក​កិច្ចចរចា​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ©Reuters/kyodo
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​សំខាន់​នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​អាមេរិក និង​កូរ៉េខាងជើង​នា​ពេល​កន្លង​មក ក៏​ដូច​ជា​នៅ​ថ្ងៃ​ខាង​មុខ គឺ​ក្នុង​គោលដៅ​ផ្តល់​សន្ទុះ​ថ្មី​ឲ្យ​កិច្ចចរចា ៦ភាគី ( កូរ៉េខាងជើង កូរ៉េខាងត្បូង អាមេរិក ជប៉ុន ចិន និង​ប្រទេស​រុស្ស៊ី )ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ សូម​ជម្រាប​ជូន​ថា កិច្ចចរចា ៦ភាគី​ស្តីពី​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​ចាប់ផ្តើម​ដំបូង​ក្នុង​ឆ្នំា ២០០៣ តែ​ត្រូវ​បាន​ជាប់​គំាង​តំាង​ពី​ខែ​មេសា ឆ្នំា ២០០៩ ក្រោយ​ពី​​កូរ៉េខាងជើង​បាន​ធ្វើ​ការ​បាញ់​សាកល្បង​កំាជ្រួច​មីស្ស៊ីល និង​អាវុធ​នុយក្លេអ៊ែរ។ នៅ​ពេល​នោះ របប​ក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ដើរ​ចេញ​ពី​តុចរចា ៦ភាគី។

បន្ទាប់​មក ក្នុង​ឆ្នំា ២០១០ ភាព​តានតឹង​រវាង​បងប្អូនបង្កើត​ជា​គូសត្រូវ​ទំាង​ពីរ​បាន​ឡើង​ដល់​កម្រិត​ខ្លំាង​បំផុត រហូត​ដល់​មាន​ការ​គំរាមកំហែង និង​បង្ហាញ​សាច់ដុំ​ដាក់​គ្នា ក្រោយ​ពី​កូរ៉េខាងជើង​បាន​បាញ់​ពន្លិច​នាវា​ចម្បំាង​កូរ៉េខាងត្បូង​ក្នុង​ខែ​មីនា​ដែល​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​កូរ៉េខាងត្បូង​ចំនួន ៤៦នាក់ និង​ការ​ដែល​ទាហាន​កូរ៉េខាងជើង​បាន​បាញ់​ផ្លោង​លើ​កោះ Yeonpyeong របស់​កូរ៉េខាងត្បូង​ក្នុង​ខែ​វិច្ឆិកា។

គឺ​ទើប​តែ​នៅ​ថ្ងៃទី៣១ ធ្នូ ចំ​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នំា ២០១០ ដែល​កូរ៉េខាងជើង​បាន​អំពាវនាវ​ឲ្យ​បង្កើន​ទំនាក់ទំនង​រវាង​កូរ៉េ​ទំាង​ពីរ​ឡើង​វិញ។ ជា​ចម្លើយ​តប​វិញ​កាល​ណោះ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ម្យ៉ុងបាក់​ដែល​គេ​ស្គាល់​ថា អនុវត្ត​​នយោបាយ​តឹងរ៉ឹង​ចំពោះ​កូរ៉េខាងជើង បាន​ប្រកាស​ទទួល​ស្វាគមន៍​ដោយ​អះអាង​ថា ទ្វារ​នៃ​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង នៅ​តែ​បើក​ចំហ​ជានិច្ច។

គ្មាន​ផ្លូវ​ណា​ផ្សេង ក្រៅ​ពី​ផ្លូវចរចា​ទេ

ដំណោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ត្រូវ​បាន​គ្រប់​ភាគី​ពាក់ព័ន្ធ​មើល​ឃើញ​ថា មិន​អាច​ធ្វើ​ឡើង ក្រៅ​ពី​ផ្លូវចរចា​ទេ។ កន្លង​មក ពិសេស​តំាង​ពី​កូរ៉េខាងជើង​បាន​ដើរ​ចេញ​ពី​តុចរចា ៦ភាគី​ក្នុង​ខែ​មេសា ឆ្នំា ២០០៩ មក គ្រប់​គ្នា ពិសេស​កូរ៉េខាងត្បូង និង​អាមេរិក​បាន​ព្យាយាម​តាម​គ្រប់​មធ្យោបាយ​ ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ។ តែ​នៅ​ទីបំផុត គេ​នៅ​តែ​មិន​អាច​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ​នៃ​​របប​ក្រុងព្យុងយ៉ាង​បាន​ឡើយ។ ម្យ៉ាង​ទៀត នា​ចុង​ឆ្នំា ២០១០ កន្លង​ទៅ មាន​លេច​ចេញ​នូវ​របាយការណ៍​មួយ​ដែល​ថា កូរ៉េខាងជើង​មាន​គោលដៅ​ប្រើប្រាស់​កម្មវិធី​នុយក្លេអ៊ែរ ដើម្បី​ក្លាយ​ជា​ប្រទេស​មហាអំណាច​នៅ​ឆ្នំា ២០១២។ ដូច្នេះ​ឃើញ​ថា ការ​ព្យាយាម​ដាក់​គំនាប​លើ​កូរ៉េខាងជើង វា​មិន​ខុស​អ្វី ពី​ការ​ទុក​ឱកាស​ឲ្យ​កូរ៉េខាងជើង​បន្ត​អនុវត្ត​កម្មវិធី​នុយក្លេអ៊ែរ​នោះ​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា​កាល​ពី​ថ្ងៃទី ២៩ ធ្នូ ឆ្នំា ២០១០ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ម្យ៉ុងបាក់​សម្រេចចិត្ត​ហុច​ដៃ​ទៅ​រក​កូរ៉េខាងជើង​ជា​ថ្មី​ដោយ​ថ្លែង​ថា " យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​ការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង តាម​រយៈ​ការចរចា ៦ភាគី​ទេ "។

និយាយ​ពី​ការ​ខិត​ចូល​ជិត​គ្នា​រវាង​អាមេរិក និង​កូរ៉រខាងជើង​វិញ វា​ហាក់​ដូច​ជា​បាន​បង្កប់​នូវ​អត្ថន័យ​នយោបាយ​បន្ធូរបន្ថយ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី ច្រើន​ជាង​បំណង​របស់​អាមេរិក​ដែល​ចង់​ឃើញ​កូរ៉េខាងជើង​វិល​ទៅ​កាន់​តុចរចា ៦ភាគី​ជាថ្មី ស្តីពី​បញ្ហា​នុយក្លេអ៊ែរ។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្រៅ​ពី​ហុច​ដៃ​ទៅ​រក​កូរ៉េខាងជើង អាមេរិក​ក៏​បាន​ហុច​ដៃ​ទៅ​រក​ប្រទេស​ភូមា​ដែរ។ សូម​ជម្រាប​ជូន​ថា អាមេរិក​មិន​ដែល​ចង់​ចរចា​ដោយ​ផ្ទាល់​ជាមួយ​កូរ៉េខាងជើង និង​ភូមា​ទេ។ ដូច្នេះ​ឃើញ​ថា ទំាង​នេះ​សុទ្ធសឹង​ជា​ទង្វើ​មួយ​ដែល​អាមេរិក​ចង់​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​អាស៊ី ប្រឈម​មុខ​នឹង​ប្រទេស​ចិន។
 
ការ​មិន​ទុកចិត្ត​គ្នា​នៅ​ក្នុង​ដំណោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង

ការ​ដែល​អាមេរិក និង​កូរ៉េខាងជើង​បាន​បន្ត​ជួប​គ្នា​ជា​លក្ខណៈ​ទ្វេភាគី​នា​ពេល​នេះ អាច​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​នំា​ទៅ​រក​ការ​ផ្តើម​ជា​ថ្មី​នូវ​កិច្ចចរចា ៦ភាគី ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ នេះ​ហើយ ជា​អ្វី​ដែល​គ្រប់​គ្នា​ចង់​បាន និង​សង្ឃឹម​ថា កិច្ចចរចា ៦ភាគី​អាច​នឹង​ចាប់​ផ្តើម​ជាថ្មី​ នៅ​ឆ្នំា ២០១២ ខាង​មុខ។ នៅ​ត្រង់​ថា តើ​កូរ៉េខាងជើង​យល់ព្រម​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ ឬ​អត់​នោះ គេ​នៅ​មិន​អាច​និយាយ​បាន​ទេ ព្រោះថា គេ​ពិបាក​នឹង​ទុកចិត្ត​លើ​កូរ៉េខាងជើង។ ជាក់ស្តែង​កាលពី​ឆ្នំា ២០០៥ ទីក្រុង​ព្យុងយ៉ាង​បាន​យល់ព្រម​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ជំនួយ​សេដ្ឋកិច្ច។ តែ​នៅ​ទីបំផុត កូរ៉េខាងជើង​បែរ​ជា​បាន​ធ្វើ​ការ​បាញ់​សាកល្បង​កំាជ្រួច​​មីស្ស៊ីល និង​អាវុធ​នុយក្លេអ៊ែរ។ នៅ​លើក​​នេះ តាម​រយៈកិច្ចចរចា​ដែល​គ្រប់​គ្នា​សង្ឃឹម​ថា នឹង​មាន​ឡើង​វិញ នា​ថ្ងៃ​ខាង​មុខ សហគមន៍​អន្តរជាតិ​ក៏​នឹង​ព្យាយាម​ជំនះ​កូរ៉េខាងជើង ឲ្យ​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ជំនួយ​សេដ្ឋកិច្ច និង​ថាមពល​ដែល​របប​ក្រុងព្យុងយ៉ាង​ត្រូវ​ការ​ជា​បន្ទាន់។

ជា​រួម​ទៅ ឧបសគ្គ​ចម្បង​ដែល​នំា​ឲ្យ​ដំណើរ​ស្វែង​រក​ដំណោះស្រាយ​វិបត្តិនុយក្លេអ៊ែរ​កូរ៉េខាងជើង​ជាប់គំាង​មក​ទល់​ពេល​នេះ គឺ​ការ​មិន​ទុក​ចិត្ត​គ្នា។ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​តែ​មិន​អាច​ដឹង​ជម្រៅចិត្ត​របស់​កូរ៉េខាងជើង​បាន​ថា តើ​គេ​មាន​ឆន្ទៈ​ពិតប្រាកដ​ចង់​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ ឬ​ទេ ?។ កន្លង​មក សហគមន៍​អន្តរជាតិ​នៅ​តែ​មន្ទិលសង្ស័យ​ថា ការ​ដែល​កូរ៉េខាងជើង​បន្ត​ប្រើ​ធម៌ក្តៅ​ផង ត្រជាក់​ផង នៅ​ក្នុង​បញ្ហា​នេះ គឺ​គ្រាន់​តែ​ចង់​អូស​បន្លាយ​ពេល និង​ចង់​បាន​ជំនួយ​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ។ ចូរ​កុំ​ភ្លេច​ថា សម្រាប់​របប​ក្រុង​ព្យុងយ៉ាង នុយក្លេអ៊ែរ​គឺ​ជា​ប្រភព​ដង្ហើម​សេដ្ឋកិច្ច​ចម្បង។ បើ​អត់​ពី​នុយក្លេអ៊ែរ កូរ៉េខាងជើង​មិន​ដឹង​យក​អ្វី ទៅ​កំញើញ​ពិភពលោក​ដើម្បី​ទារ​ជំនួយ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ