អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភាអាមេរិក​រៀបចំ​ច្បាប់ប្រឆាំង​ចិន​ដែលមិនព្រម​ដំឡើង​ថ្លៃលុយយ័ន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣​តុលា​ម្សិលមិញ ​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​អនុញ្ញាត​ឲ្យ​ចាប់​ផ្តើម​ជជែក​វែកញែក​លើ​ សេចក្តីព្រាង​ច្បាប់​ស្តី​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ចិន​ ពីព្រោះ​ប្រទេស​នេះ​នៅ​តែ​បន្ត​នយោបាយ​រក្សា​លុយ​យ័ន​ឲ្យ​នៅ​ទាប​ជាង​តម្លៃ​ ពិត នៅ​លើ​ទី​ផ្សារ។នៅ​ថ្ងៃ​អង្គារ​ទី​៤​តុលា​នេះ ក្រសួង​ការបរទេស​របស់​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លា បាន​អះអាង​ថា សេចក្តីព្រាង​ច្បាប់​នេះ​រំលោភ​បំពាន​វិធាន​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក OMC។

លោក​អូបាម៉ា​​ដែល​មិន​គាំទ្រ​​​ច្បាប់តម្រូវ​​​ឲ្យ​​រដ្ឋាភិបាល​​​​ដាក់​​ទណ្ឌកម្ម​​​​លើ​ចិន​​​បង្ខំ​​ចិន​​​ឲ្យ​​ដំឡើង​​​​តម្លៃ​​លុយ​យ័ន​​​ក៏​​នឹង​​​​អាច​ប្រើ​​វេតូ​​​(Véto)​
លោក​អូបាម៉ា​​ដែល​មិន​គាំទ្រ​​​ច្បាប់តម្រូវ​​​ឲ្យ​​រដ្ឋាភិបាល​​​​ដាក់​​ទណ្ឌកម្ម​​​​លើ​ចិន​​​បង្ខំ​​ចិន​​​ឲ្យ​​ដំឡើង​​​​តម្លៃ​​លុយ​យ័ន​​​ក៏​​នឹង​​​​អាច​ប្រើ​​វេតូ​​​(Véto)​ REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

ការ​ពិត ទំនាស់​រវាង​ចិន​និង​អាមេរិក​ជុំ​វិញ​តម្លៃ​លុយ​យ័ន មិនមែន​ជា​រឿង​ថ្មី​ទេ។ ទាំង​សហរដ្ឋ​អាមេរិក ទាំង​សហភាព​អឺរ៉ុប​ចោទ​ចិន​ម្តង​ហើយ​ម្តង​ទៀត​ថា​មិន​ព្រម​បណ្តោយ​ឲ្យ​តម្លៃ​ប្រាក់​យ័ន​អណ្តែត​ចុះ​ឡើង ទៅ​តាម​ហាងឆេង​នៃ​ទីផ្សារ​រូបិយវត្ថុ​អន្តរជាតិ។ ទីក្រុង​វ៉ា​ស៊ីនតោន​ថែម​ទាំង​បាន​រហូត​ដល់​ទៅ​ចោទ​ទីក្រុង​ប៉េកាំង​ថា​ចេះ​តែ​ទប់​លុយ​យ័ន​ឲ្យ​នៅ​ទាប​ថេរ​ជាប់​ជានិច្ច​ជាង​លុយ​ដុល្លារ ដើម្បី​អាច​បន្ត​លក់​ផលិតផល​ចិន​ក្នុង​តម្លៃ​ថោក​ជាង​ផលិតផល​របស់​ប្រទេស​គូប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ រឿង​នេះ​ជា​រឿង​ចាស់ មាន​មក​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ជា​បញ្ហា​រវាង​រដ្ឋាភិបាល​អាមេរិក​និង​រដ្ឋាភិបាល​ចិន។ ប៉ុន្តែ​អ្វី​ដែល​ថ្មី​លើក​នេះ គឺ​អន្តរាគមន៍​នៃ​អំណាច​នីតិបញ្ញត​អាមេរិក បាន​ន័យ​ថា សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​ទាក់ទង​នឹង​លុយ​យ័ន​ចិន បាន​ទៅ​ដល់​ព្រឹទ្ធសភា​អាមេរិក។ សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង តាំង​ពី​ខែ​មីនា​ឆ្នាំ​២០១០ គ្រោង​ថា​នឹង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ចិន ប្រសិន​បើ​ប្រទេស​នេះ​នៅ​តែ​រឹងទទឹង​មិន​ព្រម​ដំឡើង​តម្លៃ​ប្រាក់​យ័ន​ទេ​នោះ។ ក្នុង​ចំណោម​ទណ្ឌកម្ម​ដែល​សេចក្តី​ព្រាង​ច្បាប់​បានគ្រោង រួម​មាន​ជាអាទិ៍​ការ​បង្កើន​អត្រា​ពន្ធ​គយ​លើ​ផលិតផល​ចិន ដែល​នាំ​ចូល​មក​សហរដ្ឋ​អាមេរិក។ អ៊ីចឹង​ហើយ​បាន​ជា​ចិន​ខឹង​សម្បា បញ្ចេញ​ប្រតិកម្ម​ខ្លាំង​លើស​សព្វ​ដង។

 
ការ​ពិត​រដ្ឋាភិបាល​លោក​អូប៉ាម៉ា ក៏​ដូច​បណ្តា​រដ្ឋាភិបាល​នៅ​អឺរ៉ុប​ដែរ មិន​គាំទ្រ​ឲ្យ​មាន​ច្បាប់​ប្រភេទ​នេះ​ទេ។ ទោះ​បី​ជា​មិន​សប្បាយ​ចិត្ត​នឹង​នយោបាយ​រូបិយវត្ថុ​របស់​ចិន​ក៏​ដោយ ក៏​រដ្ឋាភិបាល​អាមេរិក​របស់​លោក​អូបាម៉ា ចង់​ចរចា​ជាមួយ​ចិន ចង់​ដោះស្រាយ​បញ្ហា​ជាមួយ​ចិន​ដោយ​សន្តិវិធី ជាជាង​ដាក់​សម្ពាធ​ឬ​ទណ្ឌកម្ម​ផ្លូវការ។ ម្យ៉ាង​ចង់​ឬ​មិន​ចង់ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក។ ម្យ៉ាង​ទៀត ទណ្ឌកម្ម​នានា ឧទាហរណ៍​តាម​រយៈ​ការ​បង្កើន​ពន្ធគយ​ទៅ​លើ​ផលិតផល​ចិន​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក គឺ​ជា​ការ​ផ្តើម​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​គឺ​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​វិធាន​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​OMC។

ចិន​មិន​ចុះ​ញ៉ម​សម្ពាធ​អាមេរិក​ងាយៗ​នោះ​ទេ
 
នៅ​ថ្ងៃ​អង្គារ​ទី​៤​តុលា​នេះ ក្រសួង​ការបរទេស​ចិន បាន​អះអាង​ថា តម្លៃ​ប្រាក់​យ័ន​មិនមែន​ជា​បុព្វហេតុ​សំខាន់​ជាង​គេ​និង​មិនមែន​ជា​បុព្វហេតុ​តែ​មួយ​គត់​នៃ​ឧុនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ទេ។ ការ​ពិត​វា​អ៊ីចឹង​មែន ក៏​ប៉ុន្តែ​ទន្ទឹម​នេះ វា​ជា​ការ​ពិត​មួយ​ប្រកែក​មិន​បាន​ដែរ​ដែល​ថា ការ​ខ្ទប់​លុយ​យ័ន​ឲ្យ​នៅ​ថោក​ប្រៀប​នឹង​លុយ​ដុល្លារ​ពី​សំណាក់​រដ្ឋាភិបាល​ចិន គឺ​ជា​នយោបាយ​រូបិយវត្ថុ​ដោយ​ចេតនា​មួយ ដើម្បី​ប្រយោជន៍​ពាណិជ្ជកម្ម។ ដោយ​ចេតនា ពីព្រោះ​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០០៨​មក រដ្ឋាភិបាល​ចិន​បាន​ទិញ​លុយ​ដុល្លារ គិត​ជា​មធ្យម​ប្រមាណ​១ ០០០​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដើម្បី​រក្សា​លុយ​យ័ន​ឲ្យ​នៅ​ទាប​ជាង​លុយ​ដុល្លារ​ជាប់​ជានិច្ច។ គឺ​ជា​នយោបាយ​រូបិយវត្ថុ​ដើម្បី​ប្រយោជន៍​ពាណិជ្ជកម្ម ពីព្រោះ​ធ្វើ​បែប​នេះ រដ្ឋ​ចិន​ចំណេញ​រហូត​ដ្បិត​នៅ​ក្នុង​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ចិន​មិន​ធ្លាប់​ស្គាល់​សោះ​ឡើយ​នូវ​អ្វី​ដែល​គេ​ហៅ​ថា​ឧុនភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម បាន​ន័យ​ថា​ផលិតផល​ចិន​ដែល​ថោក​នៅ​តែ​ហូរ​ចូល​ទៅ​ក្នុង​សហរដ្ឋអាមេរិក​ខ្លាំង ទន្ទឹម​នេះ ផលិតផល​អាមេរិក​ដែល​ថ្លៃ​នៅ​តែ​ហូរ​ចូល​មក ក្នុង​ប្រទេស​ចិន​មិន​រួច។

សេចក្តី​ព្រាង​ច្បាប់​នេះ ប្រហែល​ជា​នឹង​ចេញ​រួច​ពី​ព្រឹទ្ធសភា​អាមេរិក ពីព្រោះ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​អូបាម៉ា​​ដែល​មាន​សំឡេង​ច្រើន​លើសលុប​នៅ​ក្នុង​ព្រឹទ្ធសភា គាំទ្រ​ច្បាប់​​នេះ។ ម្យ៉ាង​ទៀត គួរ​គូស​បញ្ជាក់​ថា ក៏​មាន​ច្រើន​ដែរ​ព្រឹទ្ធ​សមាជិក​និង​សមាជិក​សភា​អ្នក​តំណាង​នៃ​បក្ស​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា ដែល​ចង់​បង្ខំ​ចិន​ឲ្យ​ដំឡើង​តម្លៃ​លុយ​យ័ន។ ក៏​​ប៉ុន្តែ ​លោក​អូបាម៉ា ដែល​​មិន​គាំ​ទ្រ​ច្បាប់​​នេះ​ ​ក៏​នឹង​អាច​ប្រើ​វេតូ​(Véto) ប្រឆាំង​ដែរ។ យ៉ាង​ណា​ក៏​ដោយ គេ​មើល​មិន​ទាន់​ធ្លុះ​ទេ ថា​តើ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ចេញ​ឬ​ មិន​ចេញ​ជា​ច្បាប់​នៅ​ទី​បំផុត?

យ៉ាង​ណា​ក៏​ដោយ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​សភា​នៃ​ប្រទេស​មួយ នៅ​លោក​ខាង​លិច​ផ្តួចផ្តើម​គំនិត​រៀបចំ​ច្បាប់​មួយ ដើម្បី​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ដាក់​ទណ្ឌកម្ម​លើ​ចិន បង្ខំ​ចិន​ឲ្យ​ដំឡើង​តម្លៃ​លុយ​យ័ន។ គំនិត​នេះ​នឹង​អាច​រីករាលដាល​មក​ដល់​ទ្វីប​អឺរ៉ុប។ ក៏​ប៉ុន្តែ ចិន​ដែល​មាន​មោទនភាព​លើ​ខ្លួន​ឯង​យ៉ាង​ខ្លាំង​នោះ និង​ដែល​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​តាម​ការ​ទាមទារ​របស់​បរទេស​នោះ​ទេ នឹង​មិន​ងាយ​ចុះ​ញ៉ម​ស្រួលៗ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ