អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភាក្រិក​បានអនុម័ត​ផែនការត្បិតត្បៀត ​ ទោះបីជា​បាតុករ​ធ្វើការ​ប្រឆាំង​យ៉ាងខ្លាំងក្លា​ក៏ដោយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផែនការ​ត្បិតត្បៀត​ដ៏​ចាំបាច់​សម្រាប់​ប្រទេសក្រិក​ក្នុងការ​ផ្តល់​ ទំនុកចិត្ត​កក់ក្តៅ​និង​ដើម្បី​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ថ្មី​ទៀត​ពី​ម្ចាស់​ បំណុល​ ​ បាន​ត្រូវ​អនុម័ត​ដោយ​សភាក្រិក​នៅថ្ងៃ​ទី២៩​មិថុនា​ឆ្នាំ២០១១។​ ទោះបីជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​បាតុករ​ក្រិក​យ៉ាងណាក៏​ ដោយ។

មាន​ការ​​ប្រឆាំង​​​យ៉ាង​ខ្លាំងក្លា​​​ពី​​បាតុករ​​ក្រិក​​​យ៉ាងណា​​ក៏​ដោយ​​ ក៏ផែនការ​​ត្បិតត្បៀត​ទី២​​បាន​ត្រូវ​​​អនុម័ត​​​ដោយ​សភាក្រិក​​នៅថ្ងៃទី២៩​​​ មិថុនា​​ឆ្នាំ២០១១​
មាន​ការ​​ប្រឆាំង​​​យ៉ាង​ខ្លាំងក្លា​​​ពី​​បាតុករ​​ក្រិក​​​យ៉ាងណា​​ក៏​ដោយ​​ ក៏ផែនការ​​ត្បិតត្បៀត​ទី២​​បាន​ត្រូវ​​​អនុម័ត​​​ដោយ​សភាក្រិក​​នៅថ្ងៃទី២៩​​​ មិថុនា​​ឆ្នាំ២០១១​ ©​ REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

ផែនការ​ត្បិតត្បៀត​ក្រិក​ថ្មីនេះ​បាន​ត្រូវ​អនុម័ត​ដោយ​សភាក្រិក​កាលពី​ថ្ងៃពុធ​ទី២៩​មិថុនា​ឆ្នាំ២០១១​ម្សិលមិញ​ ​ ដោយបាន​ទទួល​ការ​គាំទ្រ​ពីសំណាក់​សមាជិក​សភាក្រិក​១៥៥សំឡេង​លើ៣០០​ ​ ទោះបីជា​មាន​ប្រជាជន​ក្រិក​មួយចំនួន​បាន​ធ្វើការ​ប្រឆាំង​យ៉ាងណាក៏​ដោយ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ប្រជាជន​ក្រិក​មួយ​ចំនួន​ពុំ​គាំទ្រ​ផែនការ​ត្បិតត្បៀត​ក្រិក​ថ្មីនេះ​ ​ គឺមក​ពី​គេ​យល់​ឃើញថា​គ្មាន​យុត្តិធម៌​ក្នុង​ការ​ចែក​រំលែក​ទម្ងន់​និង​ចំណែក​នៃ​ការ​រួម​ធ្វើ​ពលិកម្ម​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក។ ​ទាំងនេះ​ ​ បាន​បង្ក​ឲ្យ​កើតមាន​អយុត្តិធម៌​សង្គម។​ ឧទាហរណ៍​ដូចជា​៖

 
-​ ការកាត់​បន្ថយ​ប្រាក់​ជំនួយ​សម្រាប់​អ្នក​ឥតការងារ​ធ្វើ។

-​ ការកាត់​បន្ថយ​ប្រាក់​សោធននិវត្តន៍។

-​ ការដំឡើង​អត្រា​ពន្ធលើ​តម្លៃ​បន្ថែម​ពី​១៣%​ទៅ​២៣%​ដែល​ជាមូលហេតុ​បង្ក​ឲ្យ​កើតមាន​បញ្ហា​ទំនិញ​ឡើងថ្លៃ​ ​ ជាពិសេស​នៅក្នុង​ខណៈពេល​ដែល​ប្រជាជន​ក្រិក​ក្រីក្រ​កំពុង​មាន​បញ្ហា​ប្រាក់កាស​គ្មាន​ប្រាក់ចំណូល​ឬ​បរិមាណ​នៃ​ប្រាក់ចំណូល​បានត្រូវ​គេ​កាត់បន្ថយ។

ម្យ៉ាងទៀត​ ​ ពួក​គេ​យល់​ឃើញថា​ ​ អ្នកដែល​បាន​បង្ក​បង្កើត​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ ​ គឺ​ក្រុម​ធនាគារ​ ​ ក្រុមអ្នក​កេងទិញលក់​យកចំណេញ​ ​ ក្រុម​អ្នក​ដឹកនាំ​ប្រទេស​ ​ ដែល​បាន​បណ្តែត​បណ្តោយ​ធ្វេស​ប្រហែស​ ​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក​នេះ​ ​ ដូច្នេះ​ពុំ​ត្រូវ​កម្មករ​ក្រិក​ឬ​ប្រជាជន​ក្រិក​ក្រីក្រ​ស្លូតត្រង់​ឡើយ​ជាអ្នក​ត្រូវ​ធ្វើ​ពលិកម្ម​ក្នុង​ការ​រិះរក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជំនួស​ក្រុម​ធនាគារ​ ​ ក្រុមអ្នក​កេងទិញលក់​យកចំណេញ​ ​ឬ​ ក្រុម​អ្នក​ដឹកនាំ​ប្រទេស​ក្រិក។

ចំណែកឯ​លោក​ស្រី​Christine Lagarde អគ្គនាយក​ថ្មី​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ក្រិក​ទាំងអស់​រួបរួម​សាមគ្គីគ្នា​ជួយ​ដោះស្រាយ​អនាគត​របស់​ប្រទេស​ជាតិ។​ ការ​អំពាវនាវ​របស់​ លោក​ស្រី​អគ្គនាយក​ថ្មី​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ទទួល​ការគាំទ្រ​ពីសំណាក់​សភាក្រិក​ ​ ក៏​ប៉ុន្តែ​ប្រជាជន​ក្រិក​ក្រីក្រ​និង​បាតុករ​ក្រិក​ពុំ​ទទួល​យក​ការ​អំពាវនាវ​របស់​ លោក​ស្រី​Christine Lagarde ​ឡើយ។​ ពួកគេ​នៅ​តែ​បន្ត​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ទល់នឹង​ផែនការ​ត្បិតត្បៀត​ក្រិក​ថ្មីនេះ។

ការបារម្ភ​របស់​ប្រជាជន​ក្រិក

សូមបញ្ជាក់ថា​ ​ ផែនការ​ត្បិតត្បៀត​ក្រិក​ទី១​ ធ្លាប់បាន​ធ្វើឲ្យ​ប្រទេស​ក្រិក​ធ្លាក់​ទៅក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដើរថយក្រោយ​ដ៏​គួរឲ្យ​បារម្ភ​ម្តង​រួចទៅហើយ។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ផែនការ​ត្បិតត្បៀត​ក្រិក​ថ្មីនេះ​ ធ្វើឲ្យ​ប្រជាជន​ក្រិក​ក្រីក្រ​និង​បាតុករ​ក្រិក​រឹងរឹត​តែ​កើតមាន​ក្តីបារម្ភ​កាន់តែ​ខ្លាំងឡើង​បន្ថែមទៀត។

សម្រាប់​ប្រទេស​ដទៃទៀត​នៃ​សហភាព​អឺរ៉ុប​ ​ ការអនុម័ត​ដោយ​សភាក្រិក​ទទួល​យក​ផែនការ​ត្បិតត្បៀត​ក្រិក​ថ្មីនេះ​ ​ នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ក្រិក​បន្ត​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​ម្ចាស់​បំណុល​របស់​ខ្លួន​ ​ ហើយនិង​ជួយ​បញ្ចៀស​ប្រទេស​ក្រិក​ឲ្យ​គេចផុត​ពី​សភាព​ធនក្ស័យ។​ បើប្រទេស​ក្រិក​ស្គាល់​ធនក្ស័យ​ ​ នោះ​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អឺរ៉ូ​ ក៏​អាច​ជួបនឹង​គ្រោះថ្នាក់​ផងដែរ។

ក្រោយពីបាន​ឃើញ​សភាក្រិក​អនុម័ត​ផែនការ​ត្បិតត្បៀត​ក្រិក​ថ្មីនេះ​ ​ លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel​ បាន​ថ្លែងថា​ «​នេះ​ពិតជា​ដំណឹង​មួយ​ដ៏​ល្អ​”​។​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​របស់​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ José-Manuel Barroso ​និង​លោក​ប្រធាន​សហភាព​អឺរ៉ុប​ Hereman van Rompuy បាន​ថ្លែង​ឲ្យដឹថា​ “​ទាំងនេះ​ជាជំហាន​មួយ​ដ៏​សំខាន់​ ​ សម្រាប់​ជួយ​បញ្ចៀស​ប្រទេស​ក្រិក​ឲ្យ​គេចផុត​ពី​សភាព​ធនក្ស័យ។​ ដូច្នេះ​ ចាប់ពី​ពេលនេះ​តទៅ​ ​ គេនាំគ្នា​ចាប់អារម្មណ៍​ទៅលើ​​ការបោះឆ្នោត​វគ្គទីពីរ​នៅសភាក្រិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៣០​មិថុនា​ឆ្នាំ២០១១​នេះ​ពាក់ព័ន្ធ​នឹង​បែបបទ​នៃ​ការអនុវត្តន៍​ ផែនការ​ត្បិតត្បៀត​ក្រិក​ទីពីរ។

ក្រោយពី​សភាក្រិក​បាន​អនុម័ត​ផែនការ​ត្បិតត្បៀត​ក្រិក​ថ្មី​​ ​ ទីផ្សារ​ភាគហ៊ុន​នៅអឺរ៉ុប​ឯណេះ​ ​ គេ​កត់​សម្គាល់​ឃើញ​ តួលេខ​CAC 40 ​នៅទីក្រុង​ប៉ារីស​បាន​កើនឡើង​១,៨៨%​ ​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​Francfort បាន​កើនឡើង​១,៧០%​ ​ នៅទីក្រុង​ឡុងដ្រឹ៍​១,៥៤%​ ហើយនិង​នៅ​ទីក្រុង​ញីវ​យ៉ក​បាន​កើនឡើង​០,៦០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ