អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិកចង់ធ្វើអន្តរាគមន៍យោធាដើម្បីបិទបញ្ចប់របបផ្តាច់ការកាដាហ្វី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ងើប​បះបោរ​នៃ​ប្រជាជន​លីប៊ី​ប្រឆាំង​នឹង​របបផ្តាច់ការ​របស់​ មូអាម៉ារ​កាដាហ្វី​បាន​ឈាន​មកដល់​ថ្ងៃទី១៤​ហើយ​ ​ បច្ចុប្បន្ន​នេះ​កងកម្លាំង​របស់​កាដាហ្វី​ក្តោប​ត្រួត​ត្រា​បាន​តែ​នៅ​ ទីក្រុង​ទ្រីប៉ូលី​ប៉ុណ្ណោះ។​ សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​គេ​គិត​ដាក់​សម្ពាធ​យោធា​ឲ្យ ​យ៉ាង​ខ្លាំងក្លា​ដើម្បី​ធ្វើការ​ទម្លាក់​របបផ្តាច់ការ​កាដាហ្វី។​ 

នាវាផ្ទុកយន្តហោះ​អាមេរិក​ឈ្មោះ Enterprise.
នាវាផ្ទុកយន្តហោះ​អាមេរិក​ឈ្មោះ Enterprise. © AFP/JOSE JORDAN
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​ចង់ទម្លាក់​របប​ផ្តាច់ការ​កាដាហ្វី​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន​ ​ ដែលក្នុង​នោះ​មាន​ជាអាទិ៍៖

 
-ការ​បង្កើត​ឲ្យ​មាន​តំបន់​មួយ​ដែល​ហាមឃាត់​ពុំ​ឲ្យ​មាន​យន្តហោះ​ហោះហើរ​ឆ្លងកាត់។​ ទាំងនេះ​ដើម្បី​ខាឃាំង​កុំ​ឲ្យ​កង​កម្លាំង​អាកាស​របស់​កាដាហ្វី​អាច​មាន​លទ្ធភាព​ប្រើ​យន្តហោះ​របស់​ខ្លួន​ទៅ​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​ឬ​បាញ់​សម្លាប់​ប្រជាជន​លីប៊ី​ស្លូតត្រង់។​ នេះ​ជា​សារ​ដែល​បាន​ប្រ​កាស​​ឲ្យ​សហគមន៍​អន្តរជាតិ​ដឹង​កាលពី​ម្សិលមិញ​ដោយ​លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ហ៊ីឡារី​គ្លីនតុន​នៅ​ទីក្រុង​ហ្សឺណែវ។

-សហរដ្ឋ​អាមេរិក​ក៏​ត្រូវ​ពិភាក្សា​រិះរក​ជា​បន្ទាន់​ជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ អារ៉ាប់​ និង​អាហ្វ្រិក​របស់​ខ្លួន​នូវ​ “យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​”​ មួយ​សម្រាប់​ជួយ​ការពារ​ប្រជាជន​ស្លូតត្រង់​លីប៊ី​ឲ្យ​គេច​​ផុត​ពី​ការ​សម្លាប់​រង្គាល​យ៉ាង​លីលា​របស់​មូអាម៉ារ​កាដាហ្វី។

-លោក​ស្រី​គ្លីនតុន​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ផងដែរ​ថា​ សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជំនួយ​សព្វបែប​យ៉ាង​ឲ្យ​ដល់​បក្ស​ប្រឆាំង​លីប៊ី​ដែល​កំពុង​វាយ​ប្រយុទ្ធ​ផ្តួលរំលំ​របបផ្តាច់ការ​កាដាហ្វី។
 
-លោក​ស្រី​គ្លីនតុន​បាន​ថ្លែង​បរិហារ​ផងទៀត​នៅ​មុខ​ក្រុម​ប្រឹក្សា​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​​ថា​ ​ មូអាម៉ារ​កាដាហ្វី​បាន​ជួល​អ្នក​ស៊ីឈ្នួល​ធ្វើ​សង្គ្រាម​និង​ក្រុម​យូកូម​​មក​វាយ​ប្រហារ​យ៉ាង​សែន​សាហាវ​ទៅលើ​ប្រជាជន​លីប៊ី​ស្លូតត្រង់។​ ហើយ​លោក​ស្រី​គ្លីនតុន​បាន​ប្រកាស​អំពាវនាវ​ឲ្យ​បញ្ឈប់​ទង្វើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ជា​បន្ទាន់។​ មេដឹកនាំ​របបផ្តាច់ការ​លីប៊ី​មូអាម៉ារ​កាដាហ្វី​និង​បរិវារ​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​នៅ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

សហរដ្ឋ​អាមេរិក​បាន​បន្ថែម​សម្ពាធ​របស់ខ្លួន​ទៅលើ​កាដាហ្វី​ ដោយបាន​បញ្ជូន​នាវា​ចម្បាំង​ពីរគ្រឿង​ទៅ​កាន់​ដែន​សមុទ្រ​នៃ​ប្រទេស​លីប៊ី។​ ជាផ្លូវការ​នាវា​ពីរគ្រឿងនេះ​មាន​បេសកកម្ម​ជំនួយ​មនុស្សធម៌។​ ក៏​ប៉ុន្តែ​នៅ​ទីក្រុង​ហ្សឺណែវ​ លោកស្រី​គ្លីនតុន​បាន​ថ្លែង​ឲ្យ​ដឹងថា​ នាវា​អាមេរិក​នេះ​អាច​មាន​លទ្ធភាព​នឹង​ធ្វើ​អន្តរាគមន៍​យោធា។

ក្រោយពី​បាន​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ ​ នៅ​ថ្ងៃចន្ទ​ទី២៨​កុម្ភៈ​ឆ្នាំ២០១១​ រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចាប់​ធ្វើការ​អង្កេត​ទៅលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ដែល​បាន​ប្រព្រឹត្ត​ដោយ​មូអាម៉ារ​កាដាហ្វី​នៅ​ប្រទេស​លីប៊ី។​ អ ស ប ​បាន​ទាមទារ​ឲ្យ​មាន​ការ​ប្តឹង​ចាប់ខ្លួន​អ្នក​ទទួល​ខុស​​ត្រូវ​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ដែល​បាន​ប្រព្រឹត្ត​ចាប់តាំង​ពី​ថ្ងៃ​ទី១៥​កុម្ភៈ​ឆ្នាំ២០១១​ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​មាន​ការ​បះបោរ​របស់​ប្រជាជន​លីប៊ី​ប្រឆាំង​ផ្តួល​រំលំ​របបផ្តាច់ការ​របស់​មូអាម៉ារ​កាដាហ្វី។

សូមបញ្ជាក់ថា​ ​ នៅក្នុង​សេចក្តី​សម្រេចចិត្ត​មួយ​ដែល​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នៅ​ថ្ងៃទី​២៦​កុម្ភៈ​ឆ្នាំ២០១១​ ​ ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ ស ប ​បាន​ទាមទារ​ឲ្យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ធ្វើការ​អង្កេត​ទៅលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​លីប៊ី។

លោក​ស្រី​គ្លីនតុន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​វិធានការ​បន្ថែម​ទៅលើ​ទណ្ឌកម្ម​ដែល​បាន​អនុម័ត​ដោយ​អ ស ប ​ មាន​ជាអាទិ៍៖
-ការ​ហាមឃាត់​ពុំ​លក់​សព្វាវុធ​ឲ្យ​ប្រទេស​លីប៊ី។
-ការ​ឃាត់​ផ្អាប់​ទុក​ប្រាក់​របស់​អ្នកដឹកនាំ​លីប៊ី។
-ការ​ហាមឃាត់​ពុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស​ដោយពុំ​ផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នកដឹកនាំ​លីប៊ី។​ ជាពិសេស​មួអាម៉ារ​កាដាហ្វី​និង​ក្រុម​គ្រួសារ។
-ចំណែកឯ​ធនាគារ​អាមេរិក​ឯណោះ​វិញ​ គេបាន​ឃាត់ផ្អាប់​ទុក​នូវ​ប្រាក់​ប្រមាណ​៣០ពាន់លាន​ដុល្លារ​របស់​មូអាម៉ារ​កាដាហ្វី​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅនេះ។

បើ​កាដាហ្វី​ពុំចង់​ស្លាប់​តាយហោង​ទេ​ត្រូវតែ​សុខចិត្ត​និរទេស​ខ្លួន​ទៅនៅ​ឯបរទេស។​ ក៏​ប៉ុន្តែ​ បញ្ហា​នៅ​ត្រង់ថា​តើ​មាន​ប្រទេស​ណាទៅ​ដែល​យល់ព្រម​ទទួល​យក​​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​ឲ្យ​ជ្រកនៅ។​ ហើយ​បើ​ទុក​ជា​និរទេស​ខ្លួន​ទៅ​ជ្រក​នៅ​ឯ​បរទេស​ក៏​គង់តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​តាម​ចាប់ខ្លួន​យក​មក​ជម្រះ​ក្តី​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​លីប៊ី​ដដែល​ជា​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ