ស្ថានភាពនយោបាយអេហ្ស៊ីព្ទនៅថ្ងៃទី១៣នៃមហាបាតុកម្ម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៨
នៅទីក្រុងគែរនៃប្រទេសអេហ្ស៊ីព្ទ នៅថ្ងៃទី១៣នៃមហាបាតុកម្មមនុស្សរាប់ម៉ឺននាក់នៅតែបន្តធ្វើបាតុកម្ម នៅទីលានTahrirដើម្បីទាមទារឲ្យលោកប្រធានាធិបតីហូស្នីមូបារ៉ាក់ ចាកចេញពីមុខតំណែង។ ក៏ប៉ុន្តែរដ្ឋអំណាចមានជំនឿទៅលើស្ថានភាពនយោបាយដែលអាចវិវឌ្ឍន៍ទៅរក សភាពល្អប្រសើរ ហើយសង្ឃឹមថាកម្លាំងនៃចលនាបាតុកម្មអាចធ្លាក់ចុះទន់ខ្សោយ។
នៅថ្ងៃអាទិត្យទី៦កុម្ភៈនេះ កងកម្លាំងយោធាអេហ្ស៊ីព្ទបានមកពង្រឹងវត្តមានរបស់គេនៅទីលានTahrir ដែលជាទីកន្លែងប្រជុំនៃចលនាបាតុកម្មប្រឆាំងនឹងប្រធានាធិបតីហូស្នីមូបារ៉ាក់។
សម្រាប់ប្រជាជនអេហ្ស៊ីព្ទរាប់លាននាក់ អ្នកធ្វើការក៏ដូចជាអ្នកចូលនិវត្តន៍ ពាក្យថា” ថ្ងៃអាទិត្យ” គឺមានន័យស្មើនឹង” ប្រាក់ចំណូល”។ ដោយហេតុតែធនាគារបានបិទទ្វារអស់រយៈពេល១០ថ្ងៃមកហើយ ដោយខ្លាចកើតមានការឆក់លួចប្លន់ ហើយម្យ៉ាងទៀតក៏អស់រយៈពេល១០ថ្ងៃមកហើយដែរដែលពួកគេពុំបានទទួលប្រាក់ចំណូល។
ថ្ងៃអាទិត្យជាថ្ងៃទីមួយប្រចាំសប្តាហ៍ ហើយក៏ជាថ្ងៃដែលគេត្រូវចាប់ផ្តើមធ្វើការឡើងវិញនៅតាមការិយាល័យរដ្ឋបាល នៅតាមក្រុមហ៊ុនឯកជននិងរោងចក្រនានា ដោយសារតែមានការបន្ធូរសម្រួលពេលវេលាដែលដាក់ទៅលើបំរ៉ាមគោចរនៅទីក្រុងគែរ នៅទីក្រុងអាឡិចសង់ឌ្រី និងនៅទីក្រុងស៊ុយអេ។
ហើយថ្ងៃអាទិត្យទី៦កុម្ភៈនេះក៏ជាឱកាសមួយសម្រាប់មេគ្រួសារធ្វើការទិញដូរម្ហូបចំណីអាហារសព្វបែបយ៉ាងដែលពួកគេបានស្គាល់ការខ្វះខាតកាលពីប៉ុន្មានថ្ងៃមុន ដោយហេតុតែមានកង្វះម្ហូបចំណីអាហារហើយនិងដោយហេតុតែចំណីអាហារមានតម្លៃខ្ពស់ពេក។
ចលនាភាតរបុត្រអ៊ីស្លាមLes Frères Musulmans ធ្វើការប្រកាសឲ្យដឹងថា មានកិច្ចចរចារវាង Les Frères Musulmansនិងរដ្ឋអំណាចអេហ្ស៊ីព្ទ មកពីចលនាភាតរបុត្រអ៊ីស្លាមLes Frères Musulmansចង់បង្ហាញឲ្យសាធារណមតិអេហ្ស៊ីព្ទដឹងថា ពួកគេពុំមែនជាដើមហេតុនៃវិបត្តិនយោបាយអាហ្ស៊ីព្ទបច្ចុប្បន្ននេះឡើយ។ ហើយម្យ៉ាងទៀត បើប្រសិនជា ចលនាភាតរបុត្រអ៊ីស្លាមLes Frères Musulmansធ្វើការចរចាជាមួយរដ្ឋអំណាចអេហ្ស៊ីព្ទ ក៏ពួកគេបានដាក់លក្ខខណ្ឌរួចជាស្រេចហើយពោលគឺ៖
ទី១-លោកប្រធានាធិបតីហូស្នីមូបារ៉ាក់ត្រូវចាកចេញពីមុខតំណែង។
ទី២-ត្រូវលុបចេញរដ្ឋធម្មនុញ្ញអេហ្ស៊ីព្ទបច្ចុប្បន្ន។
ទី៣-ត្រូវរំលាយរដ្ឋសភាអេហ្ស៊ីព្ទបច្ចុប្បន្ន។
ទី៤-ត្រូវបង្កើតឲ្យមានរដ្ឋាភិបាលរួបរួមជាតិមួយ។
ដូច្នេះឃើញថា ការដែលចលនាភាតរបុត្រអ៊ីស្លាមLes Frères Musulmansយល់ព្រមធ្វើការចរចាជាមួយរដ្ឋអំណាចអេហ្ស៊ីព្ទគឺពិតជាជំហានមួយដ៏វិជ្ជមាន។ ហើយតាមពិតគឺចលនាភាតរបុត្រអ៊ីស្លាមLes Frères Musulmansកំពុងតែដាក់សម្ពាធទៅលើរដ្ឋអំណាចអេហ្ស៊ីព្ទ។ ហើយពួកគេកំពុងតែថ្លឹងថ្លែងនិងវាស់វែងឲ្យដឹងពីទំហំនិងទម្ងន់នៃការកេណ្ឌប្រមូលគ្នីគ្នារបស់ពួកគេ។
បើការកេណ្ឌប្រមូលគ្នីគ្នារបស់ចលនាភាតរបុត្រអ៊ីស្លាមLes Frères Musulmansនៅតែមានទំហំធំធេង នោះពួកគេនឹងបន្តធ្វើបាតុកម្មហើយនិងពង្រឹងជំហរនៃការទាមទាររបស់គេ។ ដូច្នេះ ការកេណ្ឌប្រមូលគ្នីគ្នាឲ្យបាន១លាននាក់ដើម្បីធ្វើបាតុកម្មនៅប្រទេសអេហ្ស៊ីព្ទនៅថ្ងៃអាទិត្យនេះគឺពិតជាTest សាកល្បងមួយដ៏ជាក់ស្ដែង។
ការលាឈប់កាលពីម្សិលមិញនៃការិយាល័យប្រតិបត្តិនៃបក្សPND របស់ប្រធានាធិបតីហូស្នីមូបារ៉ាក់គឺពិតជាជំហានមួយដ៏សំខាន់ឈានទៅរកការដោះស្រាយដោយវិធីប្រជាធិបតេយ្យមែន។ សម្រាប់ទីក្រុងវ៉ាស៊ីនតោនក៏យល់ឃើញដូចគ្នាអ៊ីចឹងដែរ។
ចំណែកឯកូនប្រុសរបស់ប្រធានាធិបតីអេហ្ស៊ីព្ទហូស្នីមូបារ៉ាក់ពោលគឺGamal Moubarakវិញបានត្រូវគេដកហូតចេញពីមុខតំណែងជាប្រធាននៃគណៈកម្មាធិការនយោបាយនៃបក្សPNDដែលជាបក្សកាន់អំណាចបច្ចុប្បន្ន ហើយមុខតំណែងនេះបានធ្លាក់ទៅលើលោកBadrawiដែលជាអ្នកនយោបាយមានទំនាក់ទំនងល្អជាមួយបក្សប្រឆាំងអេហ្ស៊ីព្ទ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ