អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយក​រដ្ឋមន្រ្តី​អ៊ីតាលី​ប្រឈមមុខ​នឹង​ការ​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​ពី​សភា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អង្គារ ទី១៤ ធ្នូ ២០១០​នេះ លោក​ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) នាយក​រដ្ឋមន្រ្តី​អ៊ីតាលី ត្រូវ​ប្រឈមមុខ​នឹង​ការ​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​ពី​សភា។ ព្រឹទ្ធសភា​ទើប​នឹង​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​​ នាយករដ្ឋមន្រ្តី។ ក៏ប៉ុន្តែ នៅ​សល់​​រដ្ឋសភា​មួយ​ទៀត ដែល​មាន​អំណាច​ជាង​ព្រឹទ្ធសភា ហើយ​ដែល​​ការ​បោះឆ្នោត​នឹង​ភាព​ប្រកៀកប្រកិត​​ជាង។

លោក​ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) នាយករដ្ឋមន្រ្តី​អ៊ីតាលី
លោក​ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) នាយករដ្ឋមន្រ្តី​អ៊ីតាលី ©Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​ព្រឹទ្ធសភា​អ៊ីតាលី​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​លោក​ប៊ែរលូស្កូនី គឺ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើលនោះទេ។ សមាជិក​ព្រឹទ្ធសភា​ភាគច្រើន គឺ​មក​ពី​គណបក្ស​កាន់អំណាច។ ផ្ទុយ​ទៅវិញ នៅ​ក្នុង​រដ្ឋសភា លោក​ប៊ែរលូស្កូនី​មិនប្រាកដ​ថា​អាច​ទទួល​បានការ​គាំទ្រ​ដូច​នៅ​ព្រឹទ្ធសភា​នោះទេ ពីព្រោះ គណបក្ស​​​​ជាដៃ​គូ​របស់​គាត់ បាន​ដកខ្លួន​ចេញ​ពី​​រដ្ឋាភិបាល​ចម្រុះ ហើយ​​គ្រោង​នឹង​បោះឆ្នោត​​ប្រឆាំង។

កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ លោក​ប៊ែរលូស្កូនី​បាន​អំពាវនាវ​ឲ្យ​អ្នកតំណាងរាស្រ្ត​បោះឆ្នោត​គាំទ្រ​គាត់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ ដោយ​បាន​លើកឡើង​ថា គណបក្ស​ប្រឆាំង​មិនមាន​លទ្ធភាព​ដឹកនាំ​រដ្ឋាភិបាល​នោះទេ។ ក្នុង​ពេល​ជាមួយ​គ្នា លោក​ប៊ែរលូស្កូនី​បាន​ប្រកាស​ថា ប្រសិន​បើ​សភា​​ពិត​ជា​បោះឆ្នោត​ដកសេចក្តី​ទុកចិត្ត​ពី​គាត់មែន គាត់​នឹង​ប្រកាស​រៀបចំ​ការបោះឆ្នោត​សភា​មុនកាលកំណត់។

គួរ​បញ្ជាក់ថា ប្រជាប្រិយភាព​របស់​លោក​ប៊ែរលូស្កូនី​បាន​​ធ្លាក់ចុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោយ​ពី​មាន​រឿងរ៉ាវអាស្រូវ​ជា​បន្តបន្ទាប់ ទាក់ទង​នឹង​រឿងស្រីញី។ កាល​ពី​ឆ្នាំ​ទៅមិញ ភរិយា​របស់​គាត់​បាន​ប្រកាស​សុំលែងលះ ដោយ​លើក​ហេតុផល​ថា គាត់​ចូលចិត្ត​​ទៅ​ទាក់ទង​ជាមួយ​ស្រីក្មេងៗ។ ក្រៅ​ពីរឿង​ស្រីញី លោក​ប៊ែរលូស្កូនី​ក៏​ទទួលរងនូវការ​រិះគន់​​ផងដែរ​​ថា គ្មាន​សមត្ថភាព​​ក្នុង​ការ​ដឹកនាំ​ប្រទេស។

នៅថ្ងៃ​នេះ ពេល​ដែល​សភា​កំពុង​បោះឆ្នោត​​សម្រេច​ជោគវាសនា​របស់​លោក​ប៊ែរលូស្កូនី បាតុករ​ប្រឆាំង​​រាប់សិបម៉ឺន​នាក់​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​​ នៅទូទាំង​ប្រទេស​អ៊ីតាលី ទាមទារ​ឲ្យ​​សភា​ទម្លាក់​រដ្ឋាភិបាល។ ក៏ប៉ុន្តែ ការ​ស្ទាបស្ទង់មតិ​ថ្មីៗនេះ​បង្ហាញ​ថា ប្រជាជន​អ៊ីតាលី​ថ្នាក់​កណ្តាល នៅតែ​គាំទ្រ​លោក​ប៊ែរលូស្កូនី។

ប្រសិន​បើ​រដ្ឋសភា​បោះឆ្នោត​ដកសេចក្តីទុកចិត្ត​មែន លោក​ប៊ែរលូស្កូនី​​ត្រូវ​តែ​លាឈប់​ពី​តំណែង។ ប្រធានាធិបតី​អ៊ីតាលី​នឹង​សម្រេច​ថា​ តើ​ត្រូវ​តែងតាំង​ឥស្សរជន​ណាមួយ​ផ្សេង​ឲ្យ​ធ្វើ​នាយករដ្ឋមន្រ្តី​ ឬ​ត្រូវ​ប្រកាស​រំលាយសភា​ចោល ហើយ​រៀបចំ​បោះឆ្នោត​ជាតិ​ឡើងវិញ​ មុនកាលកំណត់។ ក្នុងករណីមាន​ការ​បោះឆ្នោត​ឡើងវិញ លោក​ប៊ែរលូស្កូនី​អាច​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​ ហើយ​អាច​ត្រឡប់​មក​កាន់​អំណាច​វិញ ប្រសិន​បើ​គណបក្ស​របស់​គាត់​ឈ្នះ​ឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ