អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អនាគត​ប្រាក់អឺរ៉ូនឹង​ទៅ​ជា​យ៉ាង​ណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តំាង​ពី​សហភាព​អឺរ៉ុប​បាន​ពើប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​មក មាន​ប្រទេស​អឺរ៉ុប​ជា​ច្រើន​ដែល​ចាយ​ប្រាក់​អឺរ៉ូ​បាន​ផ្តើម​អនុម័ត​នូវ​ ផែការ​ ត្បិតត្បៀត សន្សំសំចៃ​របស់​ខ្លួន​ក្នុង​គោលដៅ​ព្យាយាម​កាត់​បន្ថយ​ឱនភាព​ថវិកា និង​បំណុល​សាធារណៈ​ដ៏​ច្រើន​សម្បើម។ តែ​យ៉ាង​ណា​ក៏​ដោយ វិធានការ​ទំាង​អស់​នេះ​នៅ​តែ​មិន​បាន​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​ក្រុម​ អ្នកវិនិយោគ​ទេ។ បន្ទាប់​ពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​ក្រិក និង​អៀរឡង់​មក ប្រទេស​ព័រទុយហ្កាល និង​អេស្បាញ​ក៏​ប្រហែល​ជា​មិន​អាច​ចៀស​រួច​ដែរ។

តារាង​ហាងឆេង​ភាគហ៊ុន​នៅ​ក្នុង​ប្រទេស​អេស្បាញ
តារាង​ហាងឆេង​ភាគហ៊ុន​នៅ​ក្នុង​ប្រទេស​អេស្បាញ ©AFP
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​វិបត្តិ​សេដ្ឋកិច្ច​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ក្រិក​ដែល​នំា​ឲ្យ​តម្លៃ​ប្រាក់អឺរ៉ូ​ធ្លាក់​ចុះ​នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិក​មក សហភាព​អឺរ៉ុប​បាន​បង្កើត​ឲ្យ​មាន​អភិបាលកិច្ច​សេដ្ឋកិច្ច​រួម និង​មូលនិធិ​រួម​ទុក​សម្រាប់​ជួយ​សង្គ្រោះ​ប្រទេស​សមាជិក​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច។ ក៏​ប៉ុន្តែ វិធានការ​ទំាង​នេះ​ហាក់​ដូច​ជា​មិន​បាន​រំងាប់​ភាព​ជ្រួលច្របល់​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ទេ ពិសេស មិន​បាន​ផ្តល់​សេចក្តីទុក​ចិត្ត​ដល់​ក្រុម​អ្នក​វិនិយោគ​ទេ។ ក្រុម​អ្នក​វិនិយោគ​ដែល​ហាក់​ដូច​ជា​គ្មាន​ជំនឿ​លើ​ផែនការ​ត្បិតត្បៀត សន្សំសំចៃ​ដែល​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​អនុម័ត​កន្លង​មក។

ម្យ៉ាង​ទៀត ក្រុម​អ្នក​វិនិយោគ​កំពុង​រង់ចំា​មើល​អំពី​សមត្ថភាព​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​មូលនិធិ​រួម​របស់​ខ្លួន​ដែល​បាន​អនុម័ត​កន្លង​មក។ មូលនិធិ​​ជួយ​សង្រ្គោះ​ដែល​ទើប​តែ​ផ្តើម​អនុវត្ត​ជា​លើក​ដំបូង​ក្នុង​ការ​ជួយ​ស្រោចស្រង់​ប្រទេស​អៀរឡង់​នា​ពេល​នេះ។ អៀរឡង់​ដែល​ទើប​ទទួល​បាន​ការ​​ជួយ​ជ្រោមជ្រែង​ពី​សហភាព​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា ៨ម៉ឺន ៥ពាន់លានអឺរ៉ូ។

អ្វី​ទៅ ជា​ដំណោះស្រាយ​ដើម្បី​ស្រោចស្រង់​ប្រាក់​អឺរ៉ូ ?

រហូត​មក​ដល់​ពេល​នេះ សឹង​តែ​គ្រប់​ប្រទេស​ទំាង​អស់​ដែល​ចាយ​ប្រាក់​អឺរ៉ូ ឬ​ហៅ​ថា​ប្រទេស​ស្ថិត​ក្នុង​តំបន់​អឺរ៉ូ បាន​ផ្តើម​អនុម័ត​ម្តង​មួយៗ នូវ​ផែការ​ត្បិតត្បៀត សន្សំសំចៃ​របស់​ខ្លួន។ ការ​ធ្វើ​យ៉ាង​នេះ​ដោយ​ពួក​គេ​គិត​ថា គឺ​ជា​វិធានការ​តែ​មួយ​គត់​ដើម្បី​កាត់​បន្ថយ​ឱនភាព​ថវិកាជាតិ និង​បំណុល​សាធារណៈ​ដ៏​ច្រើន​សម្បើម ពិសេស ផ្តល់​ជំនឿ​ទុក​ចិត្ត​ឡើង​វិញ​ដល់​ក្រុម​អ្នក​វិនិយោគ។

តែ​បើ​និយាយ​តាម​ទ្រឹស្តី​សេដ្ឋកិច្ច ប្រទេស​មួយ​មាន​សុខភាព​សេដ្ឋកិច្ច​ល្អ លុះ​ត្រា​ណា​តែ​ប្រទេស​នោះ​មាន​កំណើន​សេដ្ឋកិច្ច។ ដើម្បី​អាច​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​បាន លុះត្រា​តែ​មាន​សកម្មភាព​ចាយវាយ​របស់​ពលរដ្ឋ មាន​ន័យ​ថា រដ្ឋ​ត្រូវ​តែ​បង្កើន​អំណាច​ទិញ​របស់​ពលរដ្ឋ។ ដើម្បី​អាច​បង្កើន​ការ​ចាយវាយ​របស់​ពលរដ្ឋ​បាន លុះត្រា​តែ​គេ​មាន​លុយ​ចាយ​ដែរ។

សំណួរ​ដែល​ចោទ​នោះ​គឺ​ថា តើ​ផែនការ​ត្បិតត្បៀត សន្សំសំចៃ​របស់​រដ្ឋាភិបាល​ខ្លះ​នៅ​ពេល​នេះ នឹង​នំា​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ឬ​ទេ ?

ជា​រួម​ទៅ គឺ​អត់​ទេ។ ផ្ទុយ​ទៅ​វិញ វា​ថែម​ទំាង​ទាញ​ទម្លាក់​អំណាច​ទិញ​របស់​ប្រជាជន​បន្ថែម​ទៀត ព្រោះ​ថា ផែនការ​ត្បិតត្បៀត សន្សំសំចៃ​របស់​រដ្ឋ តាម​រយៈ​ការ​ដំឡើង​ពន្ធដារ​ក្តី ការ​កាត់​បន្ថយ​ប្រាក់​បៀវត្ស​របស់​បុគ្គលិក មន្រ្តី​រាជការ​ក្តី គឺ​នំា​ឲ្យ​កាត់​បន្ថយ​ការ​ចំណាយ​ប្រចំា​ថ្ងៃ​របស់​ប្រជាជន​ទៅ​វិញ។

យោង​តាម​ក្រុម​អ្នក​សេដ្ឋកិច្ច ដំណោះស្រាយ​ដែល​ល្អ​បំផុត​បើ​អាច​ធ្វើ​បាន​នោះ គឺ​រដ្ឋាភិបាល​នីមួយៗ​ត្រូវ​តែ​ចេះ​ច្របាច់​បញ្ចូល​គ្នា រវាង​ផែនការ​ត្បិតត្បៀត និង​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ។ តែ​យ៉ាង​ណា​ក៏​ដោយ​ក្នុង​រយៈពេល​ខ្លី ប្រទេស​នីមួយៗ​ដែល​កំពុង​ជួប​វិបត្តិ​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​អនុវត្ត​ផែនការ​ត្បិតត្បៀត សន្សំសំចៃ​របស់​ខ្លួន​ទេ។

ប្រទេស​ខ្លះ​គំរាម​ចង់​ចេញ​ពី​តំបន់​អឺរ៉ូ ?

មាន​ការ​លើក​ឡើង​ថា បើ​វិបត្តិ​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់​អឺរ៉ូ​យ៉ាង​ដូច្នេះ អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​ខ្លះ​ផ្តាច់​ខ្លួន​ចេញ​ពី​តំបន់​អឺរ៉ូ​ដែល​ចាយ​ប្រាក់​អឺរ៉ូ។

សំណួរ​ដែល​ចោទ​គឺ​ថា តើ​អាច​ទៅ​រួច ឬ​ទេ ?

នេះ​ជា​សំណួរ​មួយ​ដែល​បាន​ចោទ និង​កំពុង​បន្ត​ចោទ។ ពិត​ណាស់​ថា វិបត្តិ​ដែល​បាន​នឹង​កំពុង​បន្ត​ឆ្លង​រាលដាល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​អឺរ៉ូ​ពេល​នេះ បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ខ្លះ​ឈឺ​ក្បាល​យ៉ាង​ខ្លំាង ពិសេស​ប្រទេស​ដែល​គ្មាន​វិបត្តិ និង​ដែល​អង្គុយ​ចំា​តែ​ជួយ​អ្នក​ដទៃ។

ម្យ៉ាង​ទៀត ការ​ត្រលប់​ពី​ចាយ​ប្រាក់អឺរ៉ូ មក​ចាយ​ប្រាក់ជាតិ​របស់​ខ្លួន​វិញ វា​ក៏​មិន​បាន​ផ្តល់​ផលចំណេញ​ឲ្យ​គ្រប់​ប្រទេស​ដែល​ពាក់ព័ន្ធ​នោះ​ទេ ពោល​គឺ​វា​អាស្រ័យ​នឹង​អត្រា​ប្តូរ​ប្រាក់ជាតិ​របស់​ប្រទេស​នោះ ធៀប​នឹង​ប្រាក់​អឺរ៉ូ។

ជាក់ស្តែង បើ​ប្រទេស​អាល្លឺម៉ង់​ត្រលប់​មក​ចាយ​ប្រាក់​ម៉ាក់​របស់​ខ្លួន​វិញ អត្រា​ប្តូរ​ប្រាក់​ម៉ាក់​ធៀប​នឹង​ប្រាក់​អឺរ៉ូ​ត្រូវ​មាន​តម្លៃ​ថ្លៃ​ជាង។ តម្លៃ​ប្រាក់ម៉ាក់​ថ្លៃ​នឹង​នំា​ឲ្យ​វិស័យ​នំា​ចេញ​អាល្លឺម៉ង់​បាត់បង់​ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អឺរ៉ុប។ ចំណែក​ឯ​ប្រទេស​ព័រទុយហ្កាល និង​ក្រិក​ដែល​មិន​សូវ​មាន​ទំនិញ​នំា​ចេញ​នោះ នឹង​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​នំា​ចូល​មាន​តម្លៃ​ខ្ពស់ បើ​គិត​ជា​តម្លៃ​ប្រាក់ជាតិ​របស់​គេ។

ងាក​ទៅ​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​ជួប​វិបត្តិ​នា​ពេល​នេះ​វិញ ការ​ដែល​ត្រលប់​មក​ប្រើ​ប្រាក់ជាតិ​របស់​ខ្លួន​វិញ វា​នឹង​អាច​ធ្វើ​ឲ្យ​គេ​ផ្តើម​រក​ឃើញ​ឡើង​វិញ​នូវ​ការ​ប្រកួតប្រជែង​លើ​វិស័យ​នំា​ចេញ ពិសេស តម្លៃ​ទំនិញ​ដែល​គិត​ជា​ប្រាក់ជាតិ មាន​តម្លៃ​ថោកជាង​តម្លៃ​ទំនិញ​ដែល​គិត​ជា​ប្រាក់​អឺរ៉ូ។ប៉ុន្តែ ប្រាក់​បំណុល​ជា​អឺរ៉ូ​ដែល​ប្រទេស​ទំាង​នោះ​ជំពាក់​សហភាព​អឺរ៉ុប នឹង​រឹត​តែ​ធ្វើ​ឲ្យ​ពួក​គេ​វ័នក​បន្ថែម​ទៀត។

ដូច្នេះ​ឃើញ​ថា មាន​វត្តមាន​ជាង ១០ឆ្នំា​កន្លង​ទៅ​នេះ ប្រាក់​អឺរ៉ូ​ពិត​ជា​ពិបាក​នឹង​ដក​ខ្លួន​ចេញ​វិញ​ណាស់ តែ​ទន្ទឹម​គ្នា​នេះ អនាគត​នៃ​ប្រាក់​អឺរ៉ូ​ក៏​កំពុង​បន្ត​ចោទ​ជា​បញ្ហា​ដែរ។

តែ​យ៉ាង​ណា​ក៏​ដោយ សហភាព​អឺរ៉ុប​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បន្ត​ជម្រុញ​ឲ្យ​សមាជិក​ម្នាក់ៗ​របស់​ខ្លួន​ត្រូវ​គោរព​តាម​សន្ធិសញ្ញា​រួម នោះ​គឺ មិន​ត្រូវ​មាន​ឱនភាព​ថវិកាជាតិ​លើស​ពី ៣% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក និង​មិន​ឲ្យ​ប្រាក់​បំណុល​លើស​ពី ៦០% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ មួយ​វិញ​ទៀត នៅ​ចំពោះ​មុខ សហភាព​អឺរ៉ុប​ក៏​ត្រូវ​បន្ត​ប្រឹងប្រែង​ជួយ​ស្រោចស្រង់​សមាជិក​របស់​ខ្លួន​ដោយ​ធ្វើ​យ៉ាង ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​ក្រុម​អ្នក​វិនិយោគ​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ