អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​កំពូល​សហរដ្ឋ​អាមេរិក​-សហភាព​អឺរ៉ុប​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​និង​ប្រមុខ​ដឹកនាំ​នៃ​ ប្រទេស​សមាជិក​នៃ​សហភាព​អឺរ៉ុប​ឆ្លៀតមាន​ជំនួប​ប្រជុំ​កំពូល​កាលពី​ថ្ងៃសៅរ៍​ ម្សិលមិញ​ នាឱកាស​ជំនួប​កំពូល​អូតង់​នៅ​ទីក្រុង​លីសបូន។ ​ជំនួប​កំពូល​សហរដ្ឋ​អាមេរិក-សហភាព​អឺរ៉ុប​នេះ​មាន​គោលបំណង​ចង់​រំងាប់​ភាព​ តានតឹង​និង​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ ហិរញ្ញវត្ថុ។ 

លោក​​ប្រធានាធិបតី​​អាមេរិក​​បារ៉ាក់​​អូបាម៉ា​នៅ​ទីក្រុង​​លីសបូន​
លោក​​ប្រធានាធិបតី​​អាមេរិក​​បារ៉ាក់​​អូបាម៉ា​នៅ​ទីក្រុង​​លីសបូន​ © Reuters/Jose Manuel Ribeiro
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​សហរដ្ឋ​អាមេរិក-សហភាព​អឺរ៉ុប​កាលពី​ថ្ងៃសៅរ៍​ម្សិលមិញ​នាឱកាស​ជំនួប​កំពូល​អូតង់​នៅ​ទីក្រុង​លីសបូន​នេះ​មាន​គោល​បំណង​ចង់​រំងាប់​ភាព​តានតឹង​និង​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កើតមាន​នៅ​សហរដ្ឋ​អាមេរិក​ ​ នៅ​សហភាព​អឺរ៉ុប​ ​ និង​នៅលើ​ពិភពលោក​ទាំងមូល។

 
ទាំងនេះ​ក្នុង​ខណៈពេល​ដែល​អ្នក​ជំនាញការ​អឺរ៉ុប​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​កំពុង​ស្វះស្វែង​រិះរក​ដំណោះ​ស្រាយ​នៅ​ទីក្រុង​ឌូប្លាំង​នៃ​ប្រទេស​អៀរឡង់​អស់រយៈ​ជា​ច្រើន​ថ្ងៃ​មកហើយ​ដើម្បី​បង្កើត​ឲ្យ​មាន​ផែនការ​មួយ​សម្រាប់​ជួយ​ដល់​ធនាគារ​អៀរឡង់​ ​ ហើយ​ដែល​អ្នកដឹកនាំ​អាមេរិកាំង​បាន​ទាមទារ​ឲ្យ​អឺរ៉ុប​មាន​ប្រតិកម្ម​ឆាប់រហ័ស​ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​អៀរឡង់។

ប្រធាន​នៃ​សហភាព​អឺរ៉ុប​លោក​Herman Van Rompuy បាន​គូស​បញ្ជាក់​ប្រាប់​សហរដ្ឋ​អាមេរិក​ថា​ ​ បច្ចុប្បន្ន​នេះ​”​មូលដ្ឋាន​នៃ​សេដ្ឋកិច្ច​អឺរ៉ុប​មាន​សភាព​រឹងមាំ​”​ពាក់ព័ន្ធ​នឹង​កំណើន​សេដ្ឋកិច្ច​ក៏​ដូចជា​បញ្ហា​អតិផរណា​ដែល​មាន​កម្រិត​ទាប។​ ហើយ​សហភាព​អឺរ៉ុប​ក៏​បាន​ចាត់តាំង​ឲ្យ​មាន​រួច​ទៅហើយ​នូវ​ឧបករណ៍​ចាំបាច់​សម្រាប់​គាំទ្រ​វិស័យ​ហិរញ្ញវត្ថុ​ដល់ប្រទេស​អឺរ៉ុប​ដែល​ជួប​នឹង​វិបត្តិ។

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ថ្លែង​បញ្ជាក់​ប្រាប់ថា​ ​ ក្នុង​ឋានៈ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ ​ អ្វីៗ​ដែល​កើតមាន​នៅ​សហរដ្ឋ​អាមេរិក​អាច​ជះ​ចេញ​ជា​ផលវិបាក​យ៉ាង​ធំធេង​ដល់​ប្រទេស​នៅ​អឺរ៉ុប​ ​ ហើយ​ផ្ទុយ​ទៅវិញ​ក៏​ដូចគ្នា​អ៊ីចឹងដែរ​ចំពោះ​វិបត្តិ​ដែល​កើតមាន​នៅ​អឺរ៉ុប​ក៏​អាច​ជះ​ផលវិបាក​ដ៏​ធ្ងន់​ធ្ងរ​ដល់​សហរដ្ឋ​អាមេរិក​ផងដែរ។​ លោក​អូបាម៉ា​ក៏​ពុំភ្លេច​រំលឹក​ពី​វិបត្តិ​ហិរញ្ញវត្ថុ​និង​បរិមាណ​នៃ​ប្រាក់​បំណុល​សាធារណៈ​ដ៏​សែន​ច្រើន​មហិមា​នៃ​ប្រទេស​ក្រិក​ដែល​បាន​ធ្វើ​ឲ្យ​រញ្ជួយ​ទូទាំង​អឺរ៉ុប​កាលពី​និទាឃៈរដូវ​កន្លង​ទៅនេះ។

លោក​អូបាម៉ា​បាន​ថ្លែង​ប្រាប់​ទៀតថា​ ​ “​ទង្វើ​ដែល​សំខាន់​ដែល​ខ្ញុំ​អាច​ធ្វើ​ជូន​អឺរ៉ុប​ក៏​ជា​ទង្វើ​ដូចគ្នា​អ៊ីចឹង​ដែរ​ដែល​ខ្ញុំ​អាច​ធ្វើ​ជូន​សហរដ្ឋ​អាមេរិក​គឺ​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​និង​ជួយ​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​ជូន​ប្រជាជន​ដែល​គ្មាន​ការងារ​ធ្វើ​"។

គួរកត់​សម្គាល់ថា​ ​ នៅក្នុង​សេចក្តី​ថ្លែងការណ៍រួម​ ​ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​ថ្លែង​អំពាវនាវ​នៅ​ថ្ងៃសៅរ៍​ម្សិលមិញ​ ឲ្យ​ដៃគូ​នៃ​ក្រុម​ប្រទេស​G20​ចៀសវាង​”​នយោបាយ​បញ្ចុះ​តម្លៃ​រូបិយវត្ថុ​”​របស់​ខ្លួន​ដើម្បី​ទាញ​យក​ចំណេញ​ក្នុង​ការ​ប្រកួត​ប្រជែង​នាំ​ទំនិញ​ចេញ​ទៅលក់​ក្រៅ​ប្រទេស។

ទាំងនេះ​ ​ ពួកគេ​ចង់​និយាយ​ពី​”​នយោបាយ​រូបិយវត្ថុ​នៃ​ប្រទេសចិន​”​ដែល​គេ​បាន​បន្ទោស​ថា​ បាន​រក្សា​តម្លៃ​ប្រាក់យ័ន​ចិន​ឲ្យ​ឋិត​នៅ​ក្នុង​កម្រិត​មួយ​ទាប​ជ្រុល​ហួសហេតុ។​ ហើយ​ប្រទេស​អឺរ៉ុប​ក៏​ទិតៀន​នយោបាយ​របស់​ធនាគារ​កណ្តាល​អាមេរិកាំង​ផងដែរ​ដែលបាន​ចាក់​បញ្ចូល​សាច់​ប្រាក់​ប្រមាណ​៦០០ពាន់លាន​ដុល្លារ​ទៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​អាមេរិកាំង។ ​ដោយ​ហេតុ​ថា​ ​ ការ​ចាក់បញ្ចូល​សាច់​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​អាមេរិកាំង​នេះ​ហើយ​ដែល​ជា​មូលហេតុ​នាំឲ្យ​ប្រាក់​ដុល្លារ​អាមេរិក​ធ្លាក់​ស្រុត​ចុះ​ថ្លៃ​ ​ ហើយ​តាម​រយៈ​កលល្បិច​នេះ​ទីក្រុង​វ៉ាស៊ីនតោន​សង្ឃឹមថា​ ​ នឹង​អាច​ធ្វើការ​ប្រកួត​ប្រជែង​បាន​ងាយ​ស្រួល​ក្នុង​ការ​នាំ​ទំនិញ​ចេញ​ទៅលក់​ក្រៅ​ប្រទេស។

ប៉ុន្តែ​លោក​អូបាម៉ា​ក៏​ពុំ​ភ្លេច​ថ្លែង​គូស​បញ្ជាក់​ឡើយថា​ ​ ទំនាក់​ទំនង​អាមេរិក-អឺរ៉ុប​គឺ​ជា​ទំនាក់​ទំនង​ដ៏​សែន​សំខាន់​ក្នុង​ការ​​ជួយ​រិះរក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ