អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សាកូហ្ស៊ី​រុះរើ​គណៈរដ្ឋមន្រ្តី៖ ឡានថ្មី ប៉ុន្តែ​ម៉ាស៊ីន​ចាស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​១៤ វិច្ឆិកា ២០១០​នេះ លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) បាន​ធ្វើ​ការ​រុះរើ​គណៈរដ្ឋមន្រ្តី​ ហើយ​រៀបចំ​រដ្ឋាភិបាល​ថ្មី។ អស់រយៈពេល ៦ខែ​មក​ហើយ ដែល​ប្រជាជន​បារាំង​​រង់ចាំមើល​​​រូបរាង​រដ្ឋាភិបាល​ថ្មី ដែល​លោកសាកូហ្ស៊ី​បាន​សន្យា។ ក៏ប៉ុន្តែ នៅ​ទីបំផុត រដ្ឋាភិបាល​ដែល​លោកសាកូហ្ស៊ី​តែងតាំង​ កាល​ពី​យប់មិញ​នេះ ថ្មី​តែ​ឈ្មោះ​ប៉ុណ្ណោះ។ ចំណែក​​សមាសភាព​វិញ​ គឺ​នៅ​ដដែល​ស្ទើរតែ​ទាំងអស់។

លោក​សាកូហ្ស៊ី​តែងតាំង​លោក​ហ្វ៊ីយ៉ុង​ជា​នាយករដ្ឋមន្រ្តី​បន្តទៀត
លោក​សាកូហ្ស៊ី​តែងតាំង​លោក​ហ្វ៊ីយ៉ុង​ជា​នាយករដ្ឋមន្រ្តី​បន្តទៀត ©Reuters
ផ្សាយពាណិជ្ជកម្ម

 

កាល​ពី​យប់​ថ្ងៃ​សៅរ៍ លោក​ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង (François Fillon) នាយករដ្ឋមន្រ្តី និង​សមាជិក​រដ្ឋាភិបាល​បារាំង​ទាំងមូល​បាន​លាឈប់​ពី​តំណែង។ មួយ​ថ្ងៃ​ឡើង​ទៀត លោក​នីកូឡា សាកូហ្ស៊ី ​បាន​ប្រកាស​តែងតាំង​នាយករដ្ឋមន្រ្តី សម្រាប់​រដ្ឋាភិបាល​ថ្មី។ ក៏ប៉ុន្តែ នាយករដ្ឋមន្រ្តី​ថ្មី​នេះ គឺ​គ្មាន​អ្នកណា​ក្រៅ​ពី​លោក​ហ្វ៊ីយ៉ុង​នោះឡើយ។ រដ្ឋមន្រ្តី និង​រដ្ឋលេខាធិការ​ផ្សេង​ទៀត​ក៏ភាគច្រើន​ជា​មនុស្ស​ដដែល​ដែរ។

បើ​យើង​មើល​ទៅលើ​ក្រសួង​​សំខាន់ៗ ក្នុង​រដ្ឋាភិបាល​ថ្មីនេះ យើង​ឃើញ​ថា រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​មហាផ្ទៃ​ គឺ​នៅ​ដដែល។ មុខថ្មី គឺ​លោក​អាឡាំង ហ្ស៊ុបប៉េ (Alain Juppé) ដែល​ឡើង​មក​ធ្វើ​ជា​​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ។ ចំណែក​ក្រសួង​ការបរទេស​វិញ ត្រូវ​បាន​ទៅ​លោកស្រីមីស្ហ៊ែល-អាលីយ៉ូ ម៉ារី (Michèle Alliot-Marie) ដែល​​ប្តូរ​មក​ពី​ក្រសួង​យុត្តិធម៌។ ក្រៅ​ពីនេះ ក្រសួង​ភាគច្រើន ត្រូវ​កាន់កាប់​ដោយ​រដ្ឋមន្រ្តី​ដដែល។

អ្វី​ដែល​ផ្លាស់ប្តូរ នៅ​ក្នុង​រដ្ឋាភិបាល​ថ្មីនេះ គឺ​សមាជិក​មាន​ចំនួន​តិច​ជាងមុន។ កាល​ពី​រដ្ឋាភិបាល​ចាស់ ទាំង​​រដ្ឋមន្រ្តី និង​រដ្ឋលេខាធិការ មាន​សរុបទាំងអស់ ៣៧រូប។ ចំណែក​រដ្ឋាភិបាល​ថ្មីវិញ គឺ​មាន​សមាជិក តែ ៣០​រូបប៉ុណ្ណោះ។ ក្រសួង​ខ្លះ​ត្រូវ​គេ​ច្របាច់បញ្ចូល​គ្នា ដូចជា ករណី​ក្រសួង​អន្តោប្រវេសន៍​ ត្រូវ​ដាក់​បញ្ចូល​ជាមួយ​ក្រសួង​មហាផ្ទៃ ហើយ​ក្រសួង​សុខាភិបាល ត្រូវ​ដាក់​បញ្ចូល​ជាមួយ​ក្រសួង​ការងារ។

ម្យ៉ាងទៀត គេ​សង្កេត​ឃើញ​​ថា នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ លែងមាន​សមាជិក​មក​ពី​គណបក្ស​ផ្សេងៗ​ចម្រុះ​គ្នា​ដូចមុន​ទៀតហើយ។ គួរ​បញ្ជាក់​ថា កាល​ពី​ក្នុង​រដ្ឋាភិបាល​ចាស់ សមាសភាព​​មាន​ចម្រុះ​បក្ស រហូត​ដល់​​មាន​​រដ្ឋមន្រ្តី និង​រដ្ឋលេខាធិការ​​ខ្លះ​មក​ពី​គណបក្ស​ប្រឆាំង​ក៏មាន។ ចំណែក​រដ្ឋាភិបាល​ថ្មីវិញ គេមិន​ឃើញ​មាន​​​សមាជិក​ពី​គណបក្ស​ប្រឆាំង​ទៀត​ទេ។ សូម្បី​តែ​អ្នកនយោបាយ​មក​ពី​គណបក្ស​កណ្តាល​និយម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​ UMP ក៏​ចេញ​ពី​រដ្ឋាភិបាល​ស្ទើរតែ​អស់​ដែរ។

អ្នក​វិភាគ​ជាច្រើន​យល់ថា ការ​រៀបចំ​រដ្ឋាភិបាល​បែបនេះ បង្ហាញ​ថា លោក​សាកូហ្ស៊ី កំពុង​តែ​រៀបចំ​យុទ្ធសាស្រ្ត សម្រាប់​​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី នៅ​ឆ្នាំ​២០១២​ខាងមុខ។ ប្រជាប្រិយភាព​របស់​លោក​សាកូហ្ស៊ី​នៅពេលនេះ គឺ​ធ្លាក់​ដល់​កម្រិត​មួយ​ទាបបំផុត។ លោក​មាន​ពេល​​តែ​ជាង ១ឆ្នាំ​ប៉ុណ្ណោះ ដើម្បី​ស្តារប្រជាប្រិយភាព​នេះ​ឡើង​វិញ។ យប់ថ្ងៃ​អង្គារ​ស្អែក​នេះ លោក​សាកូហ្ស៊ី​នឹង​ផ្តល់​បទសម្ភាសន៍​តាម​ទូរទស្សន៍ ដើម្បី​បង្ហាញ​អំពី​គោលនយោបាយ​របស់​គាត់ សម្រាប់​រយៈពេល​ជាង ១ឆ្នាំ​ចុងក្រោយ​នេះ។

លោក​ហ្វ៊ីយ៉ុង ដែល​ទើប​នឹង​​បាន​បន្ត​តំណែង​ជា​នាយករដ្ឋមន្រ្តី ធ្លាប់​បាន​បញ្ជាក់​រួចហើយ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​អាទិត្យ ថា នយោបាយ​ជា​អាទិភាព​របស់​លោក គឺ​មាន​បី​ចំណុច​សំខាន់៖ កំណើន​សេដ្ឋកិច្ច, វិស័យ​សង្គមកិច្ច និង​សន្តិសុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ