អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដវេដេវ​ទៅ​ចិន ដើម្បី​លក់​ថាមពល ដើម្បី​ពង្រឹង​មិត្តភាព​រុស្ស៊ី-ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​រុស្ស៊ី​មេដវេដេវ(Medvedev) កំពុង​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ចិន ជាទី​ដែល​លោក​បាន​ទៅ​ដល់ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៦​កញ្ញា​ម្សិលមិញ។ កាល​ពី​ម្សិលមិញ លោក​ប្រមុខរដ្ឋ​រុស្ស៊ី​បាន​ឋិត​នៅ​ដាល្យ៉ង់(Dalian) ដែល​ជា​ទីក្រុង​កំពង់ផែ​មួយ​នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​ចិន។ នៅ​ថ្ងៃ​ចន្ទ​ទី​២៧​កញ្ញា​នេះ លោក​មេដវេដេវ បាន​ជួប​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជីនតៅ នៅ​ទីក្រុង​ប៉េកាំង។ ហើយ​នៅ​ថ្ងៃ​ស្អែក​ទី​២៨​កញ្ញា លោក​ប្រធានាធិបតី​រុស្ស៊ី​នឹង​ត្រូវ​ទៅ​ទស្សនា​ការ​តាំង​ពិព័រណ៍​សកល នៅ​ទីក្រុង​សៀងហៃ។

ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev (ឆ្វេង) និង​ប្រធានាធិបតី​ចិន Hu Jintao នៅទី​ក្រុង​ប៉េកាំង ថ្ងៃ​ទី ២៧​កញ្ញា ២០១០
ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev (ឆ្វេង) និង​ប្រធានាធិបតី​ចិន Hu Jintao នៅទី​ក្រុង​ប៉េកាំង ថ្ងៃ​ទី ២៧​កញ្ញា ២០១០ Reuters/Kota Kyogooku/Pool
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់​លោក​មេដវេដេវ នៅ​ដាល្យ៉ង់ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៦​កញ្ញា​ម្សិលមិញ មាន​លក្ខណៈ​ជា​និមិត្តរូប​និង​ជា​ប្រវត្តិសាស្រ្ត ពីព្រោះ​នៅ​ចុង​សវត្សរ៍​ទី​១៩ កំពង់ផែ​ដាល្យ៉ង់​នេះ​ដែល​ជា​របស់​ចិន ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី។ គឺ នៅ​ទី​នោះ​ហើយ​ដែល​កងទ័ព​ជប៉ុន និង​កងទ័ព​រុស្ស៊ី​បាន​ប្រយុទ្ធ​គ្នា​ស្លាប់​រស់ ក្នុង​សង្គ្រាម​ជប៉ុន-រុស្ស៊ី​នៅ​ឆ្នាំ​១៩០៤-១៩០៥។ កាល​ណោះ ជប៉ុន​ដែល​បាន​ឈ្នះ​សង្គ្រាម ក៏​បាន​យក​ទីក្រុង​កំពង់ផែ​ដាល្យ៉ង់​នេះ មក​កាន់​កាប់។ បន្ទាប់​មក នៅ​ឆ្នាំ​១៩៤៥ នៅ​ពេល​ដែល​សង្គ្រាម​លោក​លើក​ទី​២​ជិត​ចប់ សហភាពសូវៀត បាន​វាយ​យក​ដែនដី​នេះ​ពី​ជប៉ុន​មក​វិញ រួច​ហើយ​១០​ឆ្នាំ​ក្រោយ​មក បាន​ប្រគល់​វា​ទៅ​ឲ្យ​ចិន​វិញ នៅ​ទី​បំផុត។

ម្ល៉ោះ​ហើយ​បាន​ជា កាល​ពី​ម្សិលមិញ នៅ​ទីក្រុង​ដាល្យ៉ង់​នេះ លោក​មេដវេដេវ​បាន​ទៅ​ដាក់​កម្រង​ផ្កា និង​បាន​ទៅ​សម្តែង​គារវកិច្ច នៅ​ពី​មុខ​ស្តូប​តំណាង​ទាហាន​រុស្ស៊ី​ដែល​បាន​ស្លាប់​កាល​សម័យ​សង្គ្រាម​ ជប៉ុន-រុស្ស៊ី ឆ្នាំ​១៩០៤-១៩០៥។ ដោយ​សំអាង​ទៅ​លើ​ប្រវត្តិសាស្រ្ត​នៃ​កំពង់ផែ​ដាល្យ៉ង់​នេះ លោក​មេដវេដេវ​ក៏​បាន​ឆ្លៀត​រំឭក កាល​ពី​ម្សិលមិញ​ថា«មិត្តភាព​រវាង​ចិន​និង​រុស្ស៊ី​ត្រូវ​បាន​កសាង​ឡើង​ដោយ​ ចំណង​លោហិត» ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ។

ជា​ការ​ពិត​ណាស់​ដែល​ថា គោលដៅ​នៃ​ទស្សនកិច្ច​លើក​ទី​ពីរ​នេះ​របស់​លោក​មេដវេដេវ នៅ​ប្រទេស​ចិន (លើក​ទី​មួយ​នៅ​ឆ្នាំ​២០០៨) គឺ​ពង្រឹង​មិត្តភាព​ចិន-រុស្ស៊ី ក៏​ប៉ុន្តែ​សំណុំ​រឿង​ធំ​គឺ​ថាមពល​ទៅ​វិញ​ទេ។
ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​រុស្សី​លក់​ប្រេងកាត​ ទៅ​ឲ្យ​ចិន។ ហើយ​មក​ទល់​ពេល​នេះ ប្រេងកាត​ត្រូវ​ដឹក​ពី​រុស្ស៊ី​ទៅ​ចិន​តាម​រទេះភ្លើង។ ចាប់​ពី​ថ្ងៃ​ទី​១​មករា​ឆ្នាំ​២០១១​ទៅ ប្រេងកាត​នឹង​ត្រូវ​បង្ហូរ​វិញ​ម្តង តាម​បំពង់​ទើប​តែ​សង់​ហើយ​ថ្មីៗ ដែល​លូន​ចេញ​ពី​ដី​រុស្ស៊ី​ទៅ​ដល់​តំបន់​Daqing នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​ចិន។ មិន​តែ​ប៉ុណ្ណោះ រុស្ស៊ី​និង​ចិន​នឹង​ចូល​ហ៊ុន​គ្នា សង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​៥​ពាន់​លាន​ដុល្លារ​នៅ​កំពង់ផែ Tianjin ប៉ែក​ឦសាន​នៃ​ប្រទេស​ចិន​ដែរ។

ទន្ទឹម​នឹង​នេះ រុស្ស៊ី​ក៏​បាន​និង​កំពុង​បន្ត​បញ្ចុះបញ្ចូល​ចិន​ឲ្យ​ទិញ​ឧស្ម័ន​ធម្មជាតិ​ ពី​ខ្លួន​ដែរ។ នៅ​ឆ្នាំ​២០០៩ នា​ឱកាស​ទស្សនកិច្ច​របស់​គាត់​នៅ​ប្រទេសចិន លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី ពូទីន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​គោលការណ៍​មួយ ថា​នឹង​លក់​ឧស្ម័ន​ធម្មជាតិ​រហូត​ដល់​ទៅ​៧​ម៉ឺន​លាន​ម៉ែត្រគូប​ទៅ​ឲ្យ​ចិន ក្នុង​មួយ​ឆ្នាំៗ។ តែ​បញ្ហា​ដែល​ចោទ​ឡើង គឺ​តម្លៃ​ឧស្ម័ន។ ភាគី​ទាំង​ពីរ​និយាយ​មិន​ត្រូវ​ថ្លៃ​គ្នា​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ។

មិត្តភាព​រុស្ស៊ី-ចិន ជា​មិត្តភាព​លាក់ពុត​

សព្វ​ថ្ងៃ​ ​ចិន​និង​រុស្ស៊ី​ដែល​ជា​សត្រូវ​សួពូជ​នឹង​គ្នា​កាល​សម័យ​សង្គ្រាម​ត្រជាក់​ បាន​ខិត​ចូល​ជិត​គ្នា​ក្នុង​នាម​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​ តាំង​ពី​ឆ្នាំ​១៩៩៦​មក​ម៉្លេះ​ ដោយ​សារ​តែ​មូលហេតុ​ច្រើន​យ៉ាង។ ម្យ៉ាង គឺដើម្បី​ប្រឆាំង​នឹង​ឯកតោ​ភាគី​និយម​របស់​អាមេរិក​នៅ​លើ​ឆាក​អន្តរជាតិ​ ដើម្បី​ប្រឆាំង​នឹង​អ៊ីស្លាម​ជ្រុលនិយម ​និង​ដើម្បី​ប្រឆាំង​នឹង​ការ​ផ្តាច់ទឹកដី​និយម​នៅ​ឆេឆេនី(Tchétchénie) សំរាប់​ប្រទេស​រុស្សី​ នៅ​ស៊ីងជាំង​(Xingjiang) និង​នៅ​ទីបេ​សំរាប់​ប្រទេស​ចិន។

ម្យ៉ាង​ទៀត តាំង​ពី​ដើម​ទសវត្សរ៍​ទី​៩០​មក ប្រទេស​ទាំង​ពីរ​មាន​ឆន្ទៈ​មុតមាំ ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​ព្រំដែន​រវាង​គ្នា ព្រំដែន​ដែល​មាន​ប្រវែង​រហូត​ដល់ទៅ​ ៤២៥០គ.ម។ និង​ម្យ៉ាង​ចុង​ក្រោយ​ គឺមកអំពីប្រទេស​ទាំង​ពីរ​មាន​ជំហរ​ដូច​គ្នា​សឹង​បេះ​បិទ​ នៅ​ចំពោះ​មុខ​បញ្ហា​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ ដូចយ៉ាង​វិបត្តិ​នៅ​ភូមិភាគ​ដើមបូព៌ា​ នៅ​ស៊ូដង់(Soudan) កំណែ​ទម្រង់​ជា​ចាំបាច់​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ និង​ជា​ពិសេស​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និងអៀរ៉ង់​ ដែល​ចិន​និង​រុស៊្សី​ចង់​ឲ្យ​ចរចា​រក​ដំណោះ​ស្រាយ​ជាជាង​ប្រើ​ទណ្ឌកម្ម​ សង្កត់​សង្កិន ទោះ​បី​ជាថ្មីៗ​កន្លង​ទៅ​នេះ រុស្ស៊ី​ហាក់​ដូច​ជា​បាន​និង​កំពុង​បន្ត​ងាក​ទៅ​គាំទ្រ​ជំហរ​របស់​បណ្តា​ បស្ចិម​ប្រទេស នៅ​ក្នុង​សំណុំ​នុយក្លេអ៊ែរ​អៀរ៉ង់​ក៏​ដោយ។

ក្រៅ​ពី​នេះ​ អ្វី​ដែល​សំខាន់​បំផុត ដូច​បាន​លើក​ឡើង​ខាង​ដើម​អ៊ីចឹង គឺ​រុស្ស៊ី​លក់​ទៅ​ឲ្យ​ចិន ប្រេងកាត​និង​នា​ពេល​ខាង​មុខ​ឧស្ម័ន​ធម្មជាតិ ព្រម​ទាំង​អាវុធ នៅ​ពេល​ដែល​អាមេរិក​និង​សហភាព​អឺរ៉ុប​បន្ត​ដាក់​ទណ្ឌកម្ម​មិន​លក់​អាវុធ​ទៅ​ ឲ្យ​មហាយក្ស​អាស៊ី​មួយ​នេះ តាំង​ពី​ឆ្នាំ​១៩៩៨​មក​ម្ល៉េះ។

គួរ​និយាយ​ថា រុស្ស៊ី​ខិតខំ​បញ្ចុះបញ្ចូល​ចិន​ឲ្យ​មក​ដាក់​ទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​ ខ្លួន ឲ្យ​ជួយ​ចែក​រំលែក​បច្ចេកវិជ្ជា​មក​ឲ្យ​ខ្លួន។ ក៏ប៉ុន្តែ មក​ទល់​ពេល​នេះ ចិន​ដូច​ជា​មិន​ចង់​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី នៅ​លើ​វិស័យ​ណា​ផ្សេង ក្រៅ​តែ​ពី​ការ​ទិញ​ថាមពល។

សម្រាប់​ក្រុម​អ្នក​វិភាគ ចិន​និង​រុស្ស៊ី​នៅ​តែ​មិន​ទុក​ចិត្ត​គ្នា បន្ត​សម្លឹង​មើល​គ្នា​យ៉ាង​ប្រុង​ប្រយ័ត្ន។ មូលហេតុ​ទី​មួយ គឺ​មក​អំពី ដូច​បាន​លើក​ឡើង​ខាង​ដើម​អ៊ីចឹង មហាយក្ស​ទាំង​ពីរ ជា​សត្រូវ​សួពូជ​នឹង​គ្នា​ កាល​សម័យ​សង្គ្រាម​ត្រជាក់​ ដោយហេតុ​តែ​ប្រទេស​ទាំង​ពីរ​មាន​អធិករណ៍​មនោគមវិជ្ជា​ និង​ប្រជែង​ឥទ្ធិពល​គ្នា​ ជា​ពិសេស​នៅ​ឥណ្ឌូចិន​ ក្នុង​ទសវត្សរ៍​ទី​៧០​និង​ទី​៨០​ នា​ពេល​ដែល​វៀតណាម​និង​ឡាវ​ជា​ប្រទេស​រណប​សូវៀត​ រីឯ​កម្ពុជា​របស់​ប៉ុលពត​ជា​ប្រទេស​រណប​ចិន។ មូលហេតុ​ទី​ពីរ គឺ​មក​អំពី​រុស្ស៊ី​យល់​ថា​ចិន​ចង់​ក្លាយ​ជា​មហា​អំណាច​កំពូល រីឯ​ចិន​វិញ​យល់​ថា រុស៊្សី​កំពុង​បន្ត​រក​ផ្លូវ​ចង់​មាន​មុខមាត់​និង​មាន​អំណាចខ្លាំង ​ដូច​សម័យ​សហភាព​សូវៀត។

ទន្ទឹមជាមួយគ្នានេះ រុស្ស៊ីចៀសមិនរួចពី​បន្ត​លក់​ប្រេងកាត​ ឧស្ម័ន​និង​អាវុធ​ទៅ​ឲ្យ​ចិនដើម្បី​ចិញ្ចឹម​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន ទោះបីជាដឹងថា​ ថាមពល​និង​សព្វាវុធ​ទាំង​នេះ​ជួយ​ចិន​ឲ្យ​ក្លាយ​កាន់​តែ​លឿន​រហ័ស​ទៅ​ជា​ កំពូល​មហា​អំណាច​ពិភពលោក។ គេ​ក៏​មិន​អាច​បំភ្លេច​បាន​ដែរ​ថា​ ចិន​និង​រុស៊្សី​ប្រជែង​ជើង​គ្នា​ នៅ​អាស៊ី​កណ្តាល​ ក្នុង​គ្រា​បច្ចុប្បន្ន។ ចិន​សម្លឹង​ឃើញ​ប្រេងកាត​នៃ​បណ្តា​ប្រទេស អាស៊ី​កណ្តាល​អស់​ទាំង​នេះ​ដែល​​បាន​ឋិត នៅ​ក្រោម​ការ​កាន់ កាប់​របស់​សូវៀត​ជា​ច្រើន​ទសវត្សរ៍។ ម៉្លោះ​ហើយ​ រុស៊្សី​មិន​ពេញ​ចិត្ត​ទេ​ ពេល​ដែល​ឃើញ​ចិន​រឹត​ចំណង​សេដ្ឋកិច្ច​ និង​ការទូត​ ជាមួយ​បណ្តា​ប្រទេស​អាស៊ី​កណ្តាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ