អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បក្សកុម្មុយនិស្ត​កូរ៉េខាងជើង​នឹងប្រជុំ​វិសាមញ្ញ​ដើម្បី​រៀបចំ​ការស្នង​តំណែង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​កូរ៉េ​ខាងជើង​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា គណបក្ស​កុម្មុយនិស្ត​នៃ​របប​Pyongyang នឹង​បើក​អង្គ​ប្រជុំ​ជា​វិសាមញ្ញ​មួយ​នៅ​ថ្ងៃ​ទី២៨​កញ្ញា​ខាង​មុខ​នេះ។ គោលដៅ​នៃ​អង្គប្រជុំ​ដ៏​វិសេសវិសាល​និង​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្រ្ត​នេះ គឺ​រៀបចំ​ការ​ស្នង​តំណែង​ពី​អគ្គមគ្គទេសក៍​Kim Jong-Il ទៅ​កូន​ប្រុស Kim Jong-Un។

លោក​  Kim Jong-Il ​ប្រមុខ​ដឹកនាំ​របប​កុម្មុយនិស្ត​កូរ៉េខាងជើង
លោក​ Kim Jong-Il ​ប្រមុខ​ដឹកនាំ​របប​កុម្មុយនិស្ត​កូរ៉េខាងជើង © Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​លើក​ទី​មួយ​ហើយ​តាំង​ពី​ឆ្នាំ​១៩៦៦​មក ដែល​បក្ស​ពលករ​ដែល​ជា​បក្ស​តែ​មួយ​គត់​របស់​កូរ៉េ​ខាងជើង នឹង​ត្រូវ​រួមប្រជុំ​គ្នា​ជា​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​២៨​កញ្ញា​ខាង​មុខ​នេះ។ តាម​ការ​គ្រោង​ទុក អង្គ​ប្រជុំ​វិសាមញ្ញ​នេះ ត្រូវ​ប្រព្រឹត្ត​ទៅ​កាល​ពី​សប្តាហ៍​មុន តែ​ត្រូវ​បាន​ពន្យារ​ពេល​មិន​ដឹង​មក​ពី​មូល​ហេតុ​អ្វី។ បើ​យោង​ទៅ​តាម​ក្រុម​អ្នកវិភាគ មូលហេតុ​គឺ​មក​ពី​សុខភាព​ធ្លាក់​ទ្រុឌទ្រោម​ខ្លាំង​របស់​អគ្គមគ្គទេសក៍​Kim Jong-Il ដែល​គេ​ដឹង​ថា​មាន​ជម្ងឺ​ប្រចាំ​កាយ។ Kim Jong-Il មាន​ជម្ងឺ​ដាច់​សរសៃ​ខួរ​កាល​ពី​ពីរ​ឆ្នាំ​មុន ហើយ​បន្ថែម​ពី​លើ​នេះ មាន​ជម្ងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​តម្រង​ទឹក​នោម។

 
អង្គប្រជុំ​វិសាមញ្ញ​របស់​គណបក្ស​នៅ​ចុង​ខែ​នេះ ជា​ព្រឹត្តិការណ៍​វិសេសវិសាល​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្រ្ត ពីព្រោះ​វា​មាន​គោលដៅ«តែងតាំង​ថ្នាក់​ដឹក​នាំ​កំពូល​របស់​បក្ស» នេះ​បើ​យោង​ទៅ​តាម​ទីភ្នាក់ងារ​ផ្លូវការ​របស់​កូរ៉េ​ខាងជើង។ និយាយ​បែប​ផ្សេង គឺ​ជា​ការ​រៀប​ចំ​ស្នង​តំណែង​ពី​អគ្គមគ្គទេសក៍​Kim Jong-Il ទៅ​កូន​ប្រុស​Kim Jong-Un តែ​មិន​ទាន់​ជា​ការ​ផ្ទេរ​អំណាច​នៅ​ឡើយ​ទេ។ បាន​ន័យ​ថា នៅ​ថ្ងៃ​ទី​២៨​កញ្ញា​ខាង​មុខ​នេះ បណ្តា​ប្រតិភូ​របស់​បក្ស​ត្រូវ​តែងតាំង​ថ្នាក់ដឹកនាំ​ថ្មី​ដែល​ជា​អ្នក​គាំទ្រ​ឲ្យ​Kim Jong-Un ស្នង​តំណែង​ពី​Kim Jong-Il នា​ពេល​ខាង​មុខ។ ដើម្បី​សម្រេច​គោលដៅ​នេះ​បាន​នៅ​ទី​បំផុត បណ្តា​ប្រតិភូ​របស់​បក្ស​នឹង​ត្រូវ​តែងតាំង​ជា​បឋម សមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម។ បន្ទាប់​មក​ទៀត គណៈ​កម្មាធិការ​មជ្ឈិម​នេះ នឹង​ត្រូវ​តែង​តាំង​សមាជិក​ការិយាល័យ​នយោបាយ សមាជិក​អគ្គលេខាធិការដ្ឋាន និង​សមាជិក​គណៈ​កម្មា​ធិការ​យោធា។

របប​កុម្មុយនិស្ត​កូរ៉េ​ខាង​ជើង ជា​របប​កុម្មុយនិស្ត​បន្ត​ពូជ

តាម​មើល​ទៅ ក្នុង​ចំណោម​អ្នក​ដែល​នឹង​ត្រូវ​តែងតាំង​ជា​សមាជិក​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស នឹង​ច្បាស់​ជា​មាន​Kim Jong-Un ផ្ទាល់​តែ​ម្តង ពោល​គឺ​បុត្រ​សម្លាញ់​ដែល​នឹង​ត្រូវ​ស្នង​តំណែង​ពី​Kim Jong-Il និង​Jang Song-Thaek ប្អូនថ្លៃ​របស់​Kim Jong-Il ដែល​គេ​ចាត់​ទុក​ថា ជា​ឱពុកធម៌​របស់ Kim Jong-Un។ គឺ​Jang Song-Thaek នេះ​ហើយ​ដែល​ជា​ឥស្សរជន​គន្លឹះ​នៃ​ការ​ស្នង​តំណែង​និង​ការ​ផ្ទេរអំណាច នា​ពេល​ខាង​មុខ ពី Kim Jong-Il ទៅ​Kim-Jong Un។ ពីព្រោះ​ថ្មីៗ​កន្លង​ទៅ​នេះ គាត់​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នៃ​គណៈ​កម្មាធិការ​យោធា​ដែល​មាន​Kim Jong-Il ជា​ប្រធាន ហើយ​បើ​យោង​ទៅ​តាម​ក្រុម​អ្នក​សង្កេត​ការណ៍ នៅ​ពេល​ណា​ដែល​Kim Jong-Il លាលែង​ពី​តំណែង​ឬ​ស្លាប់ នៅ​ពេល​នោះ កូន​ប្រុស គឺ​Kim Jong-Un នឹង​ក្លាយ​ជា​ស្វ័យប្រវត្ត ទៅ​ជា​ប្រធាន​គណៈ​កម្មាធិការ​យោធា ពោល​គឺ​ក្លាយ​ជា​បុរស​ខ្លាំង​នៃ​ប្រទេស​កូរ៉េ​ខាងជើង។ ត្រង់នេះ គួរ​គូស​បញ្ជាក់​ថា នៅ​ក្នុង​របប​កុម្មុយនិស្ត ពិសេស​របប​កុម្មយនិស្ត​កូរ៉េ​ខាងជើង អ្នក​មាន​អំណាច​ធំ​ជាង​គេ គឺ​មិនមែន​នាយករដ្ឋមន្ត្រី​ទេ។ អ្នក​មាន​អំណាច​ធំ​ជាង​គេ គឺ​ប្រធាន​គណៈ​កម្មាធិការ​យោធា។

របប​Pyongyang គឺ​ជា​របប​កុម្មុយនិស្ត​បន្ត​ពូជ។ គួរ​រំឭក​ថា ពី​ឆ្នាំ​១៩១០ ដល់​ចប់​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឆ្នាំ​១៩៤៥ កូរ៉េ​ដែល​កាល​សម័យ​នោះ​ជា​ប្រទេស​រួម​គ្នា​តែ​មួយ ត្រូវ​ប្រទេស​ជប៉ុន​កាន់កាប់។ នៅ​ឆ្នាំ​១៩៤៥ ជប៉ុន​ចាញ់​សង្គ្រាម ជាហេតុ​ជម្រុញ​ឲ្យ​សហភាព​សូវៀត និង​សហរដ្ឋអាមេរិក​ដែល​ឈ្នះ​សង្គ្រាម​ពុះ​ចែក​កូរ៉េ​ជា​ពីរ។ កូរ៉េ​ខាងត្បូង​ក្លាយ​ជា​របប​យោធា មាន​និន្នាការ​ទៅ​ខាង​សហរដ្ឋអាមេរិក រីឯ​កូរ៉េ​ខាងជើង​ក្លាយ​ជា​របប​កុម្មុយនិស្ត នៅ​ក្រោម​ឥទ្ធិពល​របស់​សូវៀត និង​ដឹកនាំ​ដោយ​Kim Il-Sung។ នៅ​ឆ្នាំ​១៩៩៤ Kim Il-Sung ទទួល​មរណភាព ហើយ​អំណាច​ក៏​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​Kim Jong-Il ដែល​ជា​កូន។ កាលណោះ​នៅ​ឆ្នាំ​១៩៩៤ ក្រុម​អ្នក​សង្កេតការណ៍​បាន​នាំ​គ្នា​ហៅ​របប​កុម្មុយនិស្ត​Pyongyang ថា ជា​របប​កុម្មុយនិស្ត​បន្ត​ពូជ​រួចស្រេច​បាត់​ទៅ​ហើយ។ ម្ល៉ោះ​ហើយ នា​ពេល​ខាង​មុខ បើ​សិន​ជា​ការស្នងតំណែង​ពី​Kim Jong-Il ទៅ​កូន​ប្រុស​Kim Jong-Un ប្រព្រឹត្ត​ទៅ​បាន​ដូច​ការ​គ្រោង​ទុក​មែន នោះ​គេ​នឹង​អាច​អះអាង​បាន​ថា របប​កូរ៉េ​ខាង​ជើង​ដែល​ត​ពី​ជីតា​ដល់​ចៅ ពិត​ជា​របប​កុម្មុយនិស្ត​បន្ត​ពូជ​មែន៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ