ចិន និងជប៉ុនបន្តមើលមុខគ្នាមិនចំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១០
មួយសប្តាហ៍កន្លងមកហើយ ដែលចិននិងជប៉ុនមើលមុខគ្នាមិនចំ។ មូលហេតុធំ ដូចដែលយើងបានជូនព័ត៌មានជាហូរហែរួចមកហើយ គឺមកអំពីកាលពីថ្ងៃអង្គារទី៧កញ្ញាកន្លងទៅនេះ ទូកនេសាទមួយរបស់ចិនដែលមានដឹកមនុស្ស១៥នាក់បានប៉ះទង្គិចជាមួយ នាវាល្បាតរបស់ជប៉ុន ហើយកងល្បាតជប៉ុនក៏បានស្ទាក់ចាប់នាវានេះ។ កាល ពីម្សិលមិញ ជប៉ុនបានសម្រេចដោះលែងអ្នកនេសាទចិនចំនួន១៤នាក់ តែបន្តឃុំខ្លួនមេទទួលខុសត្រូវនៃទូកនេសាទ។ នៅថ្ងៃអង្គារទី១៤កញ្ញានេះ ទីក្រុងPékinបញ្ចេញប្រតិកម្មជាថ្មី និងទាមទារឲ្យទីក្រុងTokyo ដោះលែងជនជាតិចិនចុងក្រោយមួយរូបនេះ។
ឧប្បត្តិហេតុដែលបានកើតឡើងកាលពីថ្ងៃអង្គារទី៧កញ្ញាសប្តាហ៍មុន នៅប៉ែកអាគ្នេយ៍នៃសមុទ្រចិនជារឿងរ៉ាវមួយរសើប។ មូលហេតុគឺមកអំពីការប៉ះទង្គិចគ្នានេះរវាងទូកនេសាទចិននិងនាវា ល្បាតជប៉ុនបានកើតឡើង នៅត្រង់ទីប្រជុំកោះមួយដែលសព្វថ្ងៃឋិតនៅក្រោមការគ្រប់គ្រងរបស់ ជប៉ុន តែដែលចិននិងតៃវ៉ាន់ទាមទារចង់បានដែរ។
ទីប្រជុំកោះនោះដែលជប៉ុនហៅថាSenkaku និងដែលចិនហៅថា Diaoyutai ឋិតនៅចន្លោះតៃវ៉ាន់និងកោះ Okinawa របស់ជប៉ុន។ ម្ល៉ោះហើយរៀងរាល់ឆ្នាំ ក្រុមអ្នកជាតិនិយមចិនដីគោក ក៏ដូចក្រុមអ្នកជាតិនិយមចិនតៃវ៉ាន់តែងតែនាំគ្នាជិះកប៉ាល់ទៅបង្ក សកម្មភាពផ្សេងៗ នៅក្បែរទីប្រជុំកោះនោះ។ ហើយជាញឹកញយ កងល្បាតជប៉ុនតែងតែចាប់ខ្លួនពួកអ្នកជាតិនិយមចិនទាំងនោះ រួចហើយដោះលែងមកវិញ នៅទីបំផុត។
នៅក្នុងបរិបទបែបនេះ ការប៉ះគ្នារវាងទូកនេសាទចិននិងនាវាយាមល្បាតជប៉ុន កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅក្បែរទីប្រជុំកោះSenkaku មិនអាចជាឧប្បត្តិហេតុមួយធម្មតាសម្រាប់ជប៉ុននិងសម្រាប់ចិនទេ។ នៅខាងជប៉ុន គេត្រូវតែម៉ឺងម៉ាត់ ពីព្រោះបើធូរលុង តទៅថ្ងៃមុខ នឹងច្បាស់ជាមានឧប្បត្តិហេតុបែបនេះកើតឡើងទៀត នៅក្បែរទីប្រជុំកោះ Senkaku តាមរយៈការបង្ករឿងពីសំណាក់កប៉ាល់អ្នកជាតិនិយមចិនឬពីសំណាក់ទូក នេសាទចិន។ នៅខាងចិនវិញដែលចាត់ទុកទីប្រជុំកោះនេះថាជាកម្មសិទ្ធិរបស់ខ្លួន គេចាំបាច់ត្រូវតែធ្វើឲ្យរឿងរ៉ាវនេះក្លាយជាបុព្វហេតុជាតិ។ អ៊ីចឹងហើយបានជា ថ្នាក់ដឹកនាំចិនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងPékin ឲ្យមកជួបខ្លួនចំនួនបួនលើករួចមកហើយ ដើម្បីតវ៉ា ចំពោះការចាប់ខ្លួនអ្នកនេសាទចិនទាំង១៥រូប។ អ៊ីចឹងហើយដែរបានជា ថ្នាក់ដឹកនាំចិនបានបើកដៃឲ្យជនជាតិចិនមួយក្រុមធ្វើបាតុកម្ម នៅពីមុខស្ថានទូតជប៉ុននៅទីក្រុងPékin កាលពីសប្តាហ៍មុន។ ហើយនៅថ្ងៃនេះទៀត ថ្នាក់ដឹកនាំចិន នៅតែមិនសុខចិត្ត និងទាមទារឲ្យជប៉ុនដោះលែងជនជាតិចិនចុងក្រោយ គឺអ្នកទទួលខុសត្រូវនៃទូកនេសាទដែលអាជ្ញាធរជប៉ុនមិនបានដោះលែង ដំណាលគ្នាជាមួយអ្នកនេសាទទាំង១៤នាក់កាលពីម្សិលមិញ។
ទីប្រជុំកោះSenkaku ត្រូវបានជប៉ុនឈ្លានពានយកពីចិននៅឆ្នាំ១៨៩៥
Senkaku គ្មានមនុស្សរស់នៅទេ ពីព្រោះគ្មានព្រៃឈើ មានតែដុំថ្មនិងផ្ទាំងថ្ម។ ក៏ប៉ុន្តែ បើយោងទៅតាមការសិក្សាស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិក ដីបាតសមុទ្រនៅជុំវិញទីប្រជុំកោះនេះ អាចមានផ្ទុកទៅដោយប្រេងកាតនិងឧស្ម័នធម្មជាតិ។ មិនតែប៉ុណ្ណោះ ទឹកសមុទ្រនៅទីនោះសម្បូណ៌ទៅដោយត្រី។
ដោយឡែកទីប្រជុំកោះSenkaku នេះដែលចិនហៅថា Diaoyutai ត្រូវបានជប៉ុនឈ្លានពានយកពីចិននៅឆ្នាំ១៨៩៥ ពោលគឺនៅក្រោយសង្គ្រាមលើកទី១រវាងជប៉ុននិងចិន។ បន្ទាប់មក នៅក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកបានកាន់កាប់កោះOkinawa របស់ជប៉ុននិងទីប្រជុំកោះSenkaku នេះ មុននឹងប្រគល់ទាំងOkinawa ទាំងSenkaku ទៅឲ្យជប៉ុនវិញ នៅឆ្នាំ១៩៧២។ តាំងពីពេលនោះមក ទាំងចិនដីគោក ទាំងចិនតៃវ៉ាន់បាននិងកំពុងបន្តទាមទារចង់បានទីប្រជុំកោះនេះ ក៏ប៉ុន្តែជប៉ុនមិនដែលព្រមចង់ដោះស្រាយបញ្ហានេះឡើយ ពីព្រោះ ទីប្រជុំកោះSenkaku ជាសម្បុកត្រី អាចជាជង្រុកប្រេងកាតនិងឧស្ម័នធម្មជាតិ។
ក្រៅពីមានទំនាស់ជាមួយជប៉ុនជុំវិញទីប្រជុំកោះSenkaku ចិនក៏មានជម្លោះជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែរ ជុំវិញទីប្រជុំកោះParacel និងSpratley នៅប៉ែកខាងត្បូងនៃសមុទ្រចិន។
មិនតែប៉ុណ្ណោះ ចិនបាននិងកំពុងបន្តចាយប្រាក់ជាច្រើនម៉ឺនលានដុល្លារ ដើម្បីធ្វើនវូបនីយកម្មទៅលើកងទ័ពជើងទឹករបស់ខ្លួន ពីព្រោះមហិច្ឆតារបស់ចិនគឺពង្រីកដែនអំណាចរបស់ខ្លួន ទៅឲ្យកាន់តែឆ្ងាយ ក្នុងផ្ទៃសមុទ្រទាំងប៉ុន្មាននៅប៉ែកខាងត្បូង នៅប៉ែកអាគ្នេយ៍ និងនៅប៉ែកខាងកើតនៃប្រទេស។ អ៊ីចឹងហើយបានជា កាលពីសប្តាហ៍មុន ក្រសួងការពារជាតិជប៉ុនបានផ្សព្វផ្សាយរបាយការណ៍មួយសម្តែងនូវការ ព្រួយបារម្ភរបស់ខ្លួនចំពោះសកម្មភាពយោធារបស់ចិន និងចំពោះកង្វះតម្លាភាពនៃនយោបាយការពារជាតិរបស់ចិន។
ដើម្បីទប់ទល់នឹងការគំរាមជាយថាហេតុពីសំណាក់ប្រទេសចិន ប្រទេសជប៉ុនគ្រោងនឹងបង្កើតកងកម្លាំងពិសេសមួយ នៅពេលឆាប់ៗខាងមុខ។ បេសកកម្មនៃកងកម្លាំងពិសេសនេះ គឺពង្រឹងការការពារបណ្តាកោះនានារបស់ជប៉ុន នៅប៉ែកនិរតីនៃប្រទេស និងបេសកកម្មមួយទៀត គឺវាយរំដោះមកវិញ កោះណាដែលអាចនឹងត្រូវខ្មាំងឈ្លានពានយក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ