អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ខួបឆ្នាំ​ទី៩​នៃថ្ងៃទី​១១កញ្ញា​ឆ្នាំ២០០១​នៅ​សហរដ្ឋ​អាមេរិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃសៅរ៍​ទី១១​កញ្ញា​ឆ្នាំ២០១០​នេះ​ សហរដ្ឋ​អាមេរិក​ប្រារព្ធ​ខួបឆ្នាំ​ទី៩​នៃ​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ២០០១​ នៅក្នុង​បរិយាកាស​មួយ​ដ៏​តឹងតែង​ ​ ក្រោយ​ពី​មាន​ការ​គំរាម​ពី​សំណាក់​គ្រូ​គង្វាល​អាមេរិក​ម្នាក់​ឈ្មោះ​Terry Jones ថា​ចង់​ដុត​គម្ពីរ​អ៊ីស្លាម​ហើយនិង​ទាមទារ​ឲ្យ​គេ​ប្តូរ​ទីកន្លែង​សម្រាប់​ សាងសង់​វិហារ​អ៊ីស្លាម​ដែល​គ្រោង​ធ្វើ​នៅ​ទី​កន្លែង​មួយ​ដែល​ឋិត​នៅ​ជិត​ Ground Zero នៃ​អតីត​អគារ​World Trade Center ​នៅ​ទីក្រុង​ញីវ​យ៉ក។​ ក៏​ប៉ុន្តែ​នៅ​ថ្ងៃសៅរ៍​នេះ​ អ្នក​ជំនិត​ម្នាក់​របស់​គ្រូ​គង្វាល​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ គេ​នឹង​ពុំ​ដុត​គម្ពីរ​អ៊ីស្លាម​ទាំងនោះ​វិញ​ឡើយ។  

គ្រួសារ​អ្នករងគ្រោះនៃថ្ងៃទី១១​កញ្ញាឈរគោរពវិញ្ញាណក្ខន្ធ​នៅ​ Ground Zero.នៅ​ទីក្រុង​ញីវ​យ៉ក
គ្រួសារ​អ្នករងគ្រោះនៃថ្ងៃទី១១​កញ្ញាឈរគោរពវិញ្ញាណក្ខន្ធ​នៅ​ Ground Zero.នៅ​ទីក្រុង​ញីវ​យ៉ក © Reuters
ផ្សាយពាណិជ្ជកម្ម

លោក​គ្រូ​គង្វាល​អាមេរិក​ឈ្មោះ​Terry Jones ​ពុំ​ដុត​គម្ពីរ​អ៊ីស្លាម​ នៅ​ថ្ងៃសៅរ៍​ទី១១​កញ្ញា​ឆ្នាំ២០១០​នេះ​ដូច​ការ​គំរាម​វិញ​ គឺ​បណ្តាល​មក​ពី​បញ្ហា​កាលៈទេសៈ​ពុំ​មែន​បណ្តាល​មកពី​បញ្ហា​មនសិការ​ឡើយ។​ បាន​សេចក្តីថា​ លោក​គ្រូ​គង្វាល​Terry Jones​បាន​ទទួល​រង​សម្ពាធ​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​គ្រិស្តសាសនិក​អាមេរិកាំង។​ ​ ពី​សំណាក់​លោក​David Petraeus​ដែល​ជា​អគ្គ​មេបញ្ជាការ​នៃ​កង​កម្លាំង​យោធា​នៃ​ប្រទេស​លោក​ខាងលិច​នៅ​អាហ្វហ្កានិស្តង់​ដែល​បារម្ភ​ពី​ប្រតិកម្ម​ហិង្សា​នៃ​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម​នៅ​ក្នុង​តំបន់។​ ហើយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ក៏​បាន​ដាក់​សម្ពាធ​យ៉ាង​ចាស់ដៃ​ដែរ​ទៅលើ​លោក​គ្រូ​គង្វាល​Terry Jones ​ ​ដោយ​បាន​ថ្លែង​បញ្ជាក់​ថា​ “​ទាំងនេះ​ខុស​ផ្ទុយពី​សីលធម៌​របស់​អាមេរិក​”​។

 
គួរ​បញ្ជាក់​ថា​ លោក​ប្រធានា​ធិបតី​អៀរ៉ង់​ ​ ពួក​តាលីបង់​ ឬ​ពួក​ប៉ាលេស្ទីន​ហាម៉ាស់​បាន​នាំ​គ្នា​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ ​ ដោយ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ឥត​សំចៃ​ដៃ​ទៅលើ​គ្រូ​គង្វាល​អាមេរិក​ឈ្មោះ​Terry Jones ​។​ នៅឯ​ប្រទេស​អៀរ៉ាក់​ឯណោះ​ ​ ayatollah Ali Sistani ដែល​ជា​មេដឹកនាំ​អ្នក​កាន់​សាសនា​អ៊ីស្លាម​Chiite ដ៏​សំខាន់​បាន​ធ្វើ​ការ​ព្រមាន​ថា​ បើ​គ្រូ​គង្វាល​អាមេរិក​ឈ្មោះ​Terry Jones ​ហ៊ាន​ដុត​គម្ពីរ​មែន​ នោះ​សហរដ្ឋ​អាមេរិក​ច្បាស់ជា​នឹង​ទទួល​រង​ផលវិបាក​មួយ​ដ៏​សែន​ធ្ងន់ធ្ងរ។

សម្រាប់​គ្រូ​គង្វាល​អាមេរិក​ឈ្មោះ​Terry Jones​ ​ ការ​ឈប់​ដុត​គម្ពីរ​អ៊ីស្លាម​នៅ​ថ្ងៃសៅរ៍​ទី១១​កញ្ញា​ឆ្នាំ២០១០​នេះ​ ​ ពុំ​មែន​បណ្តាល​មក​ពី​មាន​សម្ពាធ​ខ្លាំង​មក​ពី​ខាងក្រៅ​ឡើយ​ ​ មូលហេតុ​ពិត​សម្រាប់​ Terry Jones​គឺ​គេ​សម្រេច​បាន​ដូច​បំណង​ក្នុង​ការ​បញ្ឈប់​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​សាងសង់​វិហារ​នៅ​ជិត​ Ground Zero ​នៃ​អតីត​អគារ​World Trade Center ​នៅ​ទីក្រុង​ញីវ​យ៉ក​ ​ ធ្វើជា​ថ្នូរ​ប្តូរ​នឹង​ការ​ដុត​គម្ពីរ​អ៊ីស្លាម​នៅ​ថ្ងៃ​ខួបឆ្នាំ​ទី៩​នៃ​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ២០០១។

នៅ​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ​ មាន​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម​ប្រមាណ​២លាន​៥សែន​នាក់​ ​ ហើយ​គេ​កត់​សម្គាល់​ឃើញ​មាន​វិហារ​អ៊ីស្លាម​១៣១​នៅ​ឆ្នាំ២០០៨​នៅ​ទីក្រុង​ញីវយ៉ក​ដែល​មាន​ប្រជាជន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ប្រមាណ​១%។

ក្រោយ​ពី​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ២០០១​ គេ​កត់​សម្គាល់​ឃើញ​សហរដ្ឋ​អាមេរិក​មាន​ទំនុក​ចិត្ត​ទៅលើ​ខ្លួនឯង​កាន់តែ​តិចទៅៗ។​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចម្លែក​គឺ​ប្រតិកម្ម​ប្រឆាំង​នឹង​អ៊ីស្លាម​នៅ​ពេល​នេះ​មាន​លក្ខណៈ​ខ្លាំងក្លា​ណាស់​ ​ បើ​ប្រៀប​ផ្ទឹម​ទៅនឹង​សម័យ​រយៈកាល​ភ្លាមៗ​បន្ទាប់​ពី​មហា​ភេរវកម្ម​ពោលគឺ​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ២០០១។

ក្រោយ​ពី​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ២០០១​ ​ សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជា​ងាក​ទៅ​រក​ស្មារតី​”​Isolationisme​"​ឬ​​”​ឯកានិយម​”។​ ហើយ​មាន​​អារម្មណ៍​ភ័យ​ខ្លាច​នឹង​ធ្វើ​ការ​ប្រឈម​មុខ​ទល់​នឹង​បញ្ហា​អន្តោប្រវេសន៍។​ ទាំងនេះ​ ប្រហែល​ជា​បណ្តាល​មក​ពី​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ​មាន​អានុភាព​តិចជាង​កាល​នៅ​ឆ្នាំ២០០១។

បើ​យោងតាម​ការ​ស្ទាបស្ទង់​មតិ​នៅ​ពេល​ថ្មីៗ​នេះ​ដោយ​ABC/washington Post មាន​ប្រជាជន​អាមេរិក​ប្រមាណ​៤៩%​មាន​ទស្សនៈ​អវិជ្ជមាន​នៅ​ចំពោះមុខ​សាសនា​អ៊ីស្លាម​ ​ ដូច្នេះ​បាន​សេច​ក្តីថា​មាន​ចំនួន​១០​ពិន្ទុ​លើស​ពី​ឆ្នាំ២០០២។

ប៉ុន្តែ​គេ​ក៏​ពុំ​ត្រូវ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នៃ​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ២០០១​នៅ​សហរដ្ឋ​អាមេរិក ​ទៅលើ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំង​ដុល​រួម​គ្នា​ដូច្នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ