បាតុកម្មនៅបារាំងនិងអឺរ៉ុបប្រឆាំងនឹងវិធានការសន្តិសុខរបស់សាកូហ្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៥
នៅថ្ងៃសៅរ៍ទី៤កញ្ញាឆ្នាំ២០១០ មានបាតុកររាប់ម៉ឺនរាប់សែននាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្ម នៅតាមទីក្រុងធំៗនៃប្រទេសបារាំងនិងប្រទេសអឺរ៉ុបសំខាន់ៗដើម្បី ប្រឆាំងនឹងវិធានការសន្តិសុខរបស់រដ្ឋាភិបាលសាកូហ្ស៊ី។ បាតុកររាប់ម៉ឺននាក់រាប់សែននាក់ទាំងនោះបានធ្វើការឆ្លើយតបទៅនឹង ការអំពាវនាវរបស់គណបក្សសង្គមនិយមបារាំង គណបក្សបរិស្ថាន គណបក្សឆ្វេងនិយមដទៃទៀត ហើយនិងក្រុមសហជីព។
បើយោងតាមអង្គការការពារសិទ្ធិមនុស្ស Ligue des droits de l’homme(LDH) នៅថ្ងៃសៅរ៍ទី៤កញ្ញាម្សិលមិញ មានបាតុកម្មប្រមាណ១៤០បានត្រូវគេរៀបចំឲ្យមាននៅតាមទីក្រុងធំៗរាប់រយនៅក្នុងប្រទេសបារាំង ដែលក្នុងនោះមានទីក្រុង Marseille Lyon Toulouse Montpellier MetzBordeaux Strasbourg ។ល។ បាតុកម្មប្រឆាំងនឹងវិធានការសន្តិសុខរបស់រដ្ឋាភិបាលសាកូហ្ស៊ីប្រមូលប្រជុំបាតុករបានរាប់ម៉ឺនរាប់សែននាក់។ ពួកគេប្រឆាំងនឹងវិធានការសន្តិសុខរបស់រដ្ឋាភិបាលសាកូហ្ស៊ី ដោយហេតុតែគេយល់ថា នយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលបារាំងបច្ចុប្បន្នគឺជានយោបាយស្អប់ខ្ពើមបរទេស ជានយោបាយអមនុស្សធម៌។ បាតុកររាប់ម៉ឺននាក់រាប់សែននាក់ទាំងនោះបានធ្វើការឆ្លើយតបទៅនឹងការអំពាវនាវរបស់គណបក្សសង្គមនិយមបារាំង គណបក្សបរិស្ថាន គណបក្សឆ្វេងនិយមដទៃទៀត ហើយនិងក្រុមសហជីព។
ពួកគេជ្រើសយកថ្ងៃទី៤កញ្ញាមកធ្វើបាតុកម្មដោយហេតុថា ថ្ងៃទី៤កញ្ញាជានិមិត្តរូបនៃការប្រកាសបង្កើតសាធារណរដ្ឋបារាំងទី៣ដែលបានបិទបញ្ចប់សម័យចក្រភពបារាំងនៅថ្ងៃទី៤កញ្ញាឆ្នាំ១៨៧០។ ម្យ៉ាងទៀតពួកគេចង់រក្សាការពារបាវចនាដ៏សែនថ្លៃថ្លានៃសាធារណរដ្ឋបារាំងដែលបានចារនៅលើរាល់អាគារសំខាន់ៗរបស់រដ្ឋថា”សិទ្ធិសេរីភាព សមភាព ភាតរភាព” កុំឲ្យគេយកមកប្រមាថជាន់ឈ្លី។
នៅក្នុងទីក្រុងសំខាន់ៗឯទៀតនៃប្រទេសអឺរ៉ុប មានបាតុកម្មយ៉ាងច្រើនកុះករបានមកចូលរួមប្រឆាំងនឹងវិធានការសន្តិសុខរបស់រដ្ឋាភិបាលសាកូហ្ស៊ី។ ពួកគេបានមកសម្ដែងបញ្ចេញការប្រឆាំងនៅមុខស្ថានទូតឬស្ថានកុងស៊ុលបារាំង។
នៅក្រុងBruxellesនៃប្រទេសបែលហ្ស៊ិក បាតុករបាននាំគ្នាស្រែកបរិហារថា”លើកនេះជាវេនពួកប្រជាជនRoms លើកក្រោយជាវេនជនអន្តោប្រវេសន៍ ហើយតើបន្ទាប់មកទៀតត្រូវដល់វេននរណា?”។
នៅទីក្រុងBarceloneនៃប្រទេសអេស្ប៉ាញវិញ គេឃើញបាតុករបាននាំគ្នាលើកបដារសរសេរបរិហារថា “ល្មមឈប់ចាប់បញ្ជូនមនុស្សហើយ” អមនុស្សធម៌ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ”។
ចំណែកឯបាតុករប្រឆាំងវិធានការសន្តិសុខរបស់រដ្ឋាភិបាលសាកូហ្ស៊ីដែលមានចំនួនច្រើនជាងគេគឺនៅទីក្រុងRomeនៃប្រទេសអ៊ីតាលី ដែលបានស្រែកបរិហារតាមរយៈបដារថា”ប្រឆាំងនឹងការប្រកាន់រើសអើងពូជសាសន៍”។ “គេពុំត្រូវធ្វើការថ្កោលទោសទៅលើប្រជាជនទាំងមូលឡើយ”។
សម្រាប់លោកឡឺប៉ែនដែលជាប្រធាននៃគណបក្សរណសិរ្យជាតិ ដែលពុំចូលចិត្តជនបរទេសវិញ បានថ្លែងបរិហារថា “វិធានការសន្តិសុខរបស់រដ្ឋាភិបាលសាកូហ្ស៊ីគឺគ្រាន់តែជាឡប់ឡែសម្រាប់បិទបាំងបញ្ហាអន្តោប្រវេសន៍ដ៏ធំធេងដែលបានចោទចេញពីសហគមន៍បរទេសដែលមកពីប្រទេសអាហ្វ្រិកឬអាហ្វ្រិកប៉ែកខាងជើងប៉ុណ្ណោះ។ ផ្ទុយទៅវិញ គេពុំត្រូវប្រកែប្រកាន់ប្រជាជនRoms ឬប្រជាជនអារ៉ាប់ឬប្រជាជនអាហ្វ្រិកឡើយ។ រដ្ឋាភិបាលបារាំងគួរតែគិតគូរពីបញ្ហាអន្តោប្រវេសន៍ឲ្យបានជ្រៅជ្រះជាងនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ