អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កំណើនសេដ្ឋកិច្ចបារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផលិតផល​ដុល​ក្នុង​ប្រទេស​បារាំង​បាន​កើនឡើង​០,៦%​នៅ​ត្រីមាស​ទីពីរ​ឆ្នាំ២០១០​ ពោលគឺ​មាន​បីដង​លើស​ពី​ត្រីមាស​ទីមួយ។​ ទាំងនេះ​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​បារាំង​បង្កើត​បាន​ប្រមាណ​៦ម៉ឺន​ការងារ​ បើ​គិត​តាំងពី​ដើម​ឆ្នាំ២០១០​មក។អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​បារាំង​នៅ​ត្រីមាស​ទី២​ឆ្នាំ២០១០​ដែល​មាន​០,៦%​ ពិត​ជា​សម​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​បារាំង​។ 

លោក​ស្រី​រដ្ឋ​មន្ត្រី​​ក្រសួង​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​បារាំង​​Christine Lagarde​​
លោក​ស្រី​រដ្ឋ​មន្ត្រី​​ក្រសួង​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​បារាំង​​Christine Lagarde​​ ©Reuters
ផ្សាយពាណិជ្ជកម្ម

កត្តា​វិជ្ជមាន​ពីរ​សំខាន់​ដែល​បាន​មក​ជួយ​អូស​ទាញ​សេដ្ឋកិច្ច​បារាំង​ឲ្យ​មាន​សន្ទុះ​លឿន​ទៅ​មុខ៖

-ទីមួយ​គឺ​សហគ្រាស​បារាំង​បាន​ចាប់​បោះទុន​វិនិយោគ​ឡើងវិញ​ ដោយ​បាន​បញ្ឈប់​ទង្វើ​déstockage​ពោលគឺ​ចាប់​ទិញដូរ​និង​បង្កើន​ផលិតផល​សម្រាប់​ស្តុក​ទុក​លក់។​ លែង​អនុវត្ត​នយោបាយ​”​គិត​តែ​ពី​លក់​ទំនិញ​ចាស់​ដែល​មាន​នៅ​ក្នុង​ស្តុក​ ហើយពុំ​ហ៊ាន​បោះទុន​ធ្វើ​វិនិយោគ​”។

-ទីពីរ​គឺ​ដោយ​សារ​តែ​មាន​សន្ទុះ​កើន​ឡើង​នៃ​ការ​ទិញ​គ្រឿង​ឧបភោគ​បរិភោគ​របស់​គ្រួសារ​បារាំង​នៅ​ក្នុង​ប្រទេស។

សកម្មភាព​សេដ្ឋកិច្ច​ដ៏​វិជ្ជមាន​ទាំងពីរ​ខាងលើ​នេះ​ហើយ​ដែល​បាន​អនុញ្ញាត​ឲ្យ​កំណើន​សេដ្ឋកិច្ច​បារាំង​នៅ​ត្រីមាស​ទី២​ឆ្នាំ២០១០​ស្ទុះ​ឡើង​០,៦%​ ពោលគឺ​មាន​បីដង​លើស​ពី​កំណើន​សេដ្ឋកិច្ច​បារាំង​នៅ​ត្រីមាស​ទី១​ដែល​មានតែ​០,២%។

ផ្ទុយទៅវិញ​ សកម្មភាព​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​បារាំង​ពុំ​បាន​មក​ជួយ​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​បារាំង​ឡើយ។​ ដោយ​ហតុ​ថា​ ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​បារាំង​បាន​ស្រុត​ធ្លាក់​ចុះ​អស់​០,៤ពិន្ទុ​ ក្រោយពី​បាន​កើនឡើង​+០,៥ពិន្ទុ​នៅ​ត្រីមាស​ទីមួយ។

ក្រោយពី​បាន​ឃើញ​តួលេខ​ដ៏​ល្អ​បង្គួរ​ទាំង​នេះ​ លោក​ស្រី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បារាំង​Christine Lagarde​បាន​ថ្លែង​ប្រកាស​ថា​ ប្រទេស​បារាំង​មាន​លទ្ធភាព​នឹង​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​១,៤%​ដូច​ការ​គ្រោង​ចង់បាន​របស់​ខ្លួន​សម្រាប់​រយៈកាល​ឆ្នាំ២០១០។

កំណើន​សេដ្ឋកិច្ច​បារាំង​ពិត​ជា​បាន​ស្ទុះ​កើនឡើង​ខ្លាំង​មែន​នៅ​ត្រីមាស​ទីពីរ​ឆ្នាំ២០១០​នេះ​ ដែល​បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បារាំង​មាន​មោទនភាព​និង​សង្ឃឹម​សម្រេច​បាន​ជោគជ័យ​នូវ​គោល​បំណង​របស់​គេ​ ពោលគឺ​កំណើន​១,៤%​សម្រាប់​ឆ្នាំ២០១០។​ ក៏​ប៉ុន្តែ​អ្នក​ឯកទេស​យល់ថា​ នៅ​ឆមាស​ទីពីរ​ឆ្នាំ២០១០​សេដ្ឋកិច្ច​បារាំង​អាច​ជួប​នឹង​បញ្ហា​មួយ​ចំនួន​ ដោយ​ហេតុ​តែ​ការ​បញ្ជា​ទិញ​នៅ​ក្រៅ​ប្រទេស​និង​នៅ​ក្នុង​ប្រទេស​អាច​ស្គាល់​ការ​ធ្លាក់​ស្រុត​ចុះ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ថវិកា​បារាំង​François Baroin​ក្រោយ​ពី​បាន​ឃើញ​តួលេខ​នៃ​កំណើន​សេដ្ឋកិច្ច​បារាំង​នៅ​ត្រីមាស​ទីពីរ​ឆ្នាំ២០១០​ បាន​សម្ដែង​ឲ្យដឹង​ពី​មោទនភាព​របសើ​ខ្លួន​ហើយ​យល់​ឃើញ​ថា​ ទាំងនេះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បារាំង​អាច​ធ្វើ​ការ​កាត់​បន្ថយ​ឧនភាព​ថវិកាជាតិ​ដូច​ពាក្យ​សន្យា​ដោយ​ពុំ​ចាំបាច់​ធ្វើការ​ដំឡើង​ពន្ធដារ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ រដ្ឋាភិបាល​បារាំង​បាន​ធ្វើការ​កត់​សម្គាល់​ថា​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​បារាំង​នៅ​ត្រីមាស​ទី២​ឆ្នាំ២០១០​ដែល​មាន​០,៦%​ពិត​ជា​សម​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​បារាំង​ដែល​គ្រោង​ធ្វើ​ការ​កាត់​បន្ថយ​ឧនភាព​ថវិកាជាតិ​ ដោយ​ពុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ឡើយ​ដល់​ឧបករណ៍​សម្រាប់​គាំទ្រ​និង​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច។

គួរកត់​សម្គាល់​ថា​ គោលបំណង​របស់​រដ្ឋាភិបាល​បារាំងគឺ​គ្រោង​ធ្វើការ​កាត់​បន្ថយ​ឧនភាព​ថវិកាជាតិ​បារាំង​ឲ្យ​ធ្លាក់​មក​នៅ​ត្រឹម​៣%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​នៅ​រវាង​ឆ្នាំ២០១១​ទល់​នឹង​៨%​ដែល​មាន​នៅ​ឆ្នាំ២០១០នេះ។

កំណើន​សេដ្ឋកិច្ច​ខ្លាំង​របស់​ប្រទេស​អាល្លឺម៉ង់​ពិត​ជា​អាច​មក​ជួយ​អូសទាញ​សេដ្ឋកិច្ច​បារាំង។​ ដោយ​ហេតុ​ថា​ប្រទេស​អាល្លឺម៉ង់​ជា​ដៃគូ​សេដ្ឋកិច្ច​ទីមួយ​របស់​ប្រទេស​បារាំង។​ ដំណើរ​សេដ្ឋកិច្ច​និង​ការ​ដោះដូរ​ដ៏​សែន​សកម្ម​រវាង​សេដ្ឋកិច្ច​អាល្លឺម៉ង់​និង​សេដ្ឋកិច្ច​បារាំង​ពិត​ជា​អាច​ទាញ​យក​ផល​ចំណេញ​ច្រើន​ពី​សន្ទុះ​កំណើន​សេដ្ឋកិច្ច​អាល្លឺម៉ង់​ដ៏​សែន​ខ្លាំងក្លា​ដែល​មាន​ដល់ទៅ​២,២%​នៅ​ត្រីមាស​ទីពីរ​ឆ្នាំ២០១០នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ